ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២០ករណីបន្ថែមទៀត កាលពីថ្ងៃម្សិលមិញ ខណៈអ្នកជំងឺចំនួន ១៨នាក់ បានជាសះស្បើយ។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ថ្មី ដែលបានរកឃើញទាំង២០នាក់នោះ ជាការឆ្លងវីរុសប្រភេទអូមីក្រុង ក្នុងនោះមាន៧នាក់ ជាករណីដែលស្នើសុំវិញ្ញាបនប័ត្រចេញទៅក្រៅប្រទេស។
ចំណែកអ្នកជាសះស្បើយវិញ ក្រសួងថា មានចំនួន ១៨នាក់ ខណៈមិនមានករណីស្លាប់នោះទេ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦ ៥៣២នាក់ ក្នុងនោះជាសះស្បើយ ១៣៣ ៣៥២នាក់ និងស្លាប់ចំនួន ៣ ០៥៦នាក់៕









