ក្រុម​សង្គមស៊ីវិល​ជំរុញ​ទៅ​រដ្ឋាភិបាល​អនុវត្តកិច្ច​គាំពារ​សង្គម​សម្រាប់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានរៀបចំវេទិកាថ្នាក់ជាតិមួយស្តីពីកិច្ចគាំពារសង្គមសម្រាប់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ រូបភាព៖ ហ៊ាន រង្សី

ក្រុមអង្គការសង្គមស៊ីវិលជាតិ និង​អន្តរ​ជាតិ បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​អនុវត្តគោលនយោបាយជាតិគាំពារសង្គមសម្រាប់កម្មករ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោយ​រកឃើញថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលជិត៦ឆ្នាំមកនេះ កម្មករសេដ្ឋកិច្ច​ក្រៅប្រព័ន្ធជិត ៧លាននាក់ នៅ​មិនទាន់​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​មួយ​នេះនៅឡើយ។

រដ្ឋាភិបាលបានបង្កើតគោលនយោបាយជាតិគាំពារសង្គមឆ្នាំ​២០១៦ ដល់ឆ្នាំ​​២០២៥ ដែលផ្តោតសំខាន់លើសសរស្តម្ភ​​២ គឺប្រព័ន្ធ​ជំនួយ​សង្គម និងប្រព័ន្ធសន្តិសុខ​​​សង្គម។ ប្រព័ន្ធជំនួយសង្គម មានដូចជា ការឆ្លើយតបទៅនឹ​ង​គ្រោះអាសន្ន សុខុមាល​ភាព​​សម្រាប់​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ និងការអភិវឌ្ឍមូលធនមនុស្ស។ ចំណែកប្រព័ន្ធសន្តិសុខ​សង្គម មាន​ប្រាក់សោធន ការថែទាំសុខភាព ហានិភ័យការងារ និងពិការភាពជាដើម។

រដ្ឋាភិបាលបង្កើតគោលនយោបាយនេះឡើង ដើម្បី​ធានា​ឱ្យបាន​នូវ​សន្តិសុខ​ប្រាក់​ចំណូល កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះផ្នែក​សេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់សុខមាលភាព ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា ប៉ុន្តែ​ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ លើកឡើងថា រហូតមកដល់ពេលនេះ កម្មករ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ​នៅ​មិន​ទាន់ទទួល​បាន​កិច្ច​គាំពារទាំងនេះនៅ​ឡើយ។

ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិទាំងនោះ មានដូចជា អង្គការ​អុកស្វាម (OXFAM) អង្គការយូនីសេហ្វ (Unicef ) អង្គការ​ILO និង​អង្គ​ការ​អន្តរ​ជាតិ​​ផ្សេង​ទៀត បាន​បើក​វេទិកាថ្នាក់ជាតិមួយស្តីពីកិច្ចគាំពារសង្គមសម្រាប់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃទី២១ ខែកក្កដានេះ ដែល​មាន​កម្មករ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធប្រមាណ ២០០នាក់ ចូលរួម ដើម្បីប្រមូល​បញ្ហាប្រឈម កង្វល់ និងធាតុផ្សេងៗទៀត របស់ពួកគេដាក់ទៅរដ្ឋាភិបាលកម្ពុជា​ឱ្យអនុវត្តកិច្ចការពារសង្គមសម្រាប់ពួកគេ។

នាយិកា​​អង្គការអុកស្វាមនៅកម្ពុជា​លោកស្រី ភាណ សោភ័ណ ប្រាប់​អ្នកសារព័ត៌មានក្នុងវេទិកានេះថា អ្នក​ដែល​កំពុងប្រកប​របរ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ​មានរហូតទៅដល់ ៩៣ភាគរយ ដែលមានចំនួនជិត ៧លាននាក់។ លោកស្រីថា កម្មករសេដ្ឋកិច្ច​ក្រៅប្រព័ន្ធទាំង​នេះ មិន​ទាន់​ទទួល​បានកិច្ចគាំពារសង្គមពីរដ្ឋាភិបាលនៅឡើយទេ ខណៈ​ពួកគេកំពុងប្រឈមហានិភ័យខ្ពស់ ដូចជា អសន្តិសុខប្រាក់ចំណូល គ្រោះថ្នាក់ការងារ និងបញ្ហាសុខភាព​ជាដើម។

លោកស្រីបញ្ជាក់​ថា កិច្ចគាំពារចំនួន​៣​សំខាន់ ដែល​ក្រុម​អង្គការ​ជាតិ និងអន្តរជាតិ បានទាមទារជាចំបាច់សម្រាប់​ជួយ​ដល់​កម្មករ​សេដ្ឋកិច្ចក្រៅប្រ​ព័ន្ធនោះ រួម​មាន​សន្តិសុខ​ការងារ សុវត្ថិភាពការងារ និងបញ្ហាសុខុមាលភាព។

លោកស្រី ភាណ សោភ័ណ បន្ថែមថា៖ «គោលនយោបាយ​របស់​រដ្ឋាភិបាល​មិនទាន់​បាន​គ្រប​ដណ្តប់​ទៅ​ដល់​ពួក​គេ។ ហើយ​ពួក​គាត់​​ងាយ​ប្រឈមខ្លាំង ចំពោះហានិភ័យទាក់ទង​នឹងអសន្តិសុខ​ប្រាក់ចំណូល ដែលនេះពាក់ព័ន្ធធ្ងន់ធ្ងរទៅលើជីវភាព​រស់នៅ​របស់​ពួក​គាត់ ហើយពួកគាត់មិនត្រូវបានគាំពារផ្នែកសុខភាព បើសិនជាមានរបួសនៅកន្លែងធ្វើការ គឺអត់មាន​អ្នក​ណាជួ​យ​គាំទ្រ​គាត់ ដើម្បីឱ្យគាត់ឆ្លើយតបទៅនឹងតម្រូវការរបស់គាត់នៅពេលមានអាសន្នហ្នឹងទេ។ អីចឹង​បាន​ជាអង្គការ​អុក​ស្វាម និង​អង្គការដៃគូ​ខិតខំប្រឹងប្រែងនាំយកបញ្ហាប្រឈមរបស់ពួកគាត់ឱ្យរដ្ឋាបាលបានដឹង និង​ដោះស្រាយជូន​ពួក​គាត់»

ប្រធាន​សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ឱ្យដឹងថា សមាគមរបស់លោកមានកម្មករសេដ្ឋ​កិច្ចក្រៅប្រព័ន្ធប្រមាណ ១៥ ០០០នាក់ ក្នុងនោះមា​ន​អ្នករត់ម៉ូតូឌុប អ្នក​រ៉ឺម៉ក​ទេស​ចរណ៍ អ្នកលក់ដូរតាមដងផ្លូវ អ្នកបម្រើការងារតាមផ្ទះ អ្នករើសអេតចាយ និងកម្មករអូសរទេះតាម​ព្រំដែន។

លោក​បន្តថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំង​នេះ មិន​ទាន់​ទទួល​បាន​ប្រព័ន្ធ​ជំនួយ​សង្គម និងប្រព័ន្ធសន្តិសង្គមណាមួយពីរដ្ឋា​ភិបាល​នៅឡើយទេ ហើយ​ថា ភាព​អយុត្តិធម៌​មួយ​ទៀត​នោះ គឺ​អ្នកប្រកបរបរលក់ដូរតាមដងផ្លូវ​ រងការបណ្តេញចេញពីសំណាក់អាជ្ញាធរ​មិនឱ្យលក់ដូរជាដើម​។ ចំណែកអ្នករើសអេចចាយ និងអ្នកបម្រើការងារតាមផ្ទះ លោកថា ពួកគេក៏បានរងនូវ​ការបៀតបៀនគ្រប់រូបភាពផងដែរ។

លោកបន្ថែមថា៖ «ក្នុងនាមយើងជាអ្នកធ្វើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ យើងមិនអាចនៅស្ងៀមបានទេ យើងត្រូវតែទាមទារដើម្បីសំឡេងយើងលឺដល់អ្នកសម្រេចចិត្ត ក្នុងការយកចិត្តទុកដាក់ទៅលើអ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រោះគោលនយោ​បាយ​រដ្ឋ គឺធ្វើយ៉ាងណាអភិវឌ្ឍន៍ដោយបរិយាបន្ន កិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន មានន័យថា មិនទុកនរណាម្នាក់​ឱ្យ​នៅ​ក្រៅសំណាញ់​នៃកិច្ចគាំពារ​សង្គម​ឡើយ។ សរសេរ​ក្នុងគោលនយោបាយអីចឹង យើងត្រូវតែទាមទារស្របទៅតាមគោលនយោបាយដែលបានចែង។ ចែកជាគោលនយោ​បាយយ៉ាងម៉េចត្រូវអនុវត្តដូច្នេះ»

លោក ភី សំអុល អ្នក​រត់រ៉ឺកម៉កកង់បី​នៅ​រាជធានី​ភ្នំពេញ និយាយ​ថា លោក​ចង់​ឱ្យមាន​ការជួយ​លើកិ​ច្ចគាំពារសុខភាព គ្រោះថ្នាក់​ការ​ងារ និង​ប្រាក់សោធន ដូចកម្មករក្នុងប្រព័ន្ធដែរ ខណៈ​អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ​នៅតាមដងផ្លូវ​ប្រឈមគ្រោះ​ថ្នាក់​ខ្ពស់។

លោកបន្ថែមថា៖ «ព្រោះកម្មករក្រៅប្រព័ន្ធទាំងអស់គាត់ប្រឈមគ្រោះថ្នាក់ មិនថាពេលយប់ឬថ្ងៃទេ។ ពេលយើងគ្រោះថ្នាក់ទៅ​យើង​អត់មានលុយព្យាបាលខ្លួនទេ។ កម្មករក្រៅប្រព័ន្ធយើងរកបានចំណូលតិច ហើយពេលយើងមានបញ្ហាហ្នឹងកើតឡើង គឺយើងពិបាក។ ដូច្នេះហើយយើងក៏ចង់បានកិច្ចគាំពារសង្គម ក៏ដូចជា បសស [របបសន្តិសុខ​សង្គម] ហ្នឹង​សម្រាប់ព្យាបាល​ដែរ ហើយមួយទៀតយើងក៏ចង់ប្រាក់សោធននិវត្តន៍​ដូច​កម្មករសេដ្ឋកិច្ចក្នុងប្រព័ន្ធដែរ»

វីអូឌី មិនអាចសុំការឆ្លើយតបពីអគ្គនាយករង​នៃបេឡាជាតិ​របបសន្តិសុខ​សង្គម លោក ហេង សុផាន់ណារិទ្ធិ បានទេ​នៅថ្ងៃព្រហស្បតិ៍​នេះ។

ប៉ុន្តែនាយករងផ្នែកបម្រើ​សេវាអតិថិជន និង​ទំនាក់ទំនងសាធារណៈនៃ​បេឡា​ជាតិរបបសន្តិ​សុខ​សង្គម លោក ជ័យ សំណាង មាន​ប្រសាសន៍​ថា កម្មករ​សេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលបាន​កិច្ចគាំពារសង្គម​នេះ​បាន លុះត្រាតែពួក​គេបាន​ចុះបញ្ជី​បង់​វិភាគ​ទាន​ទៅ​ក្នុងបេឡារបបសន្តិសុខសង្គម។

លោកបន្ថែមថា៖ «ថ្មីត្បិតវាជាបង់ប្រាក់ ប៉ុន្តែបងប្អូននឹងទទួលបានអត្ថប្រយោជន៍មកវិញ​ នៅពេលដែលបងប្អូនចាស់ទៅបង​ប្អូនឈឺបងប្អូនបានលុយហ្នឹងយកទៅព្យាបាល»

រដ្ឋាភិបាលកម្ពុជា តាមរយៈអន្តរក្រសួងកាលពីពេលថ្មីៗនេះ ​បានសម្រេចជាផ្លូវការក្នុងការកំណត់ប្រាក់សោធន ឬ​​ប្រា​​ក់​​​​​ចូលនិវត្តន៍ ចាប់ពីដើមខែកក្កដា ឆ្នាំ២០២២នេះទៅ ហើយអ្នកដែលទទួលបាន​​ប្រាក់​​ចូល​​និវត្ត​​ន៍នេះ គឺ​​ទាំងអ្នកបម្រើការងារនៅក្នុងវិស័យឯកជននិងរដ្ឋ ដែលស្ថិតនៅក្រោម​បទប្បញ្ញត្តិនៃច្បាប់​ស្តីពី​ការងារ ក្រោយដល់អាយុកំណត់ដោយច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ