យោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) នឹងទៅកាន់ប្រទេសចិនសម្រាប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែកក្កដា សប្ដាហ៍ក្រោយនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានលើកឡើងថា៖ «ដំណើរទស្សនកិច្ចរបស់លោក លោក ចូកូ វីដូដូ ត្រូវបានធ្វើឡើងតាមការអញ្ជើញដោយប្រធានាធិបតី លោកស៊ី ជីនពីង»។
ទាក់ទិននឹងករណីនេះ ប្រភពដដែលបន្តថា លោក ចូកូ វីដូដូ នឹងជួបប្រជុំដោយផ្ទាល់ជាមួយលោកស៊ី ជីនពីង រួមនឹងនាយករដ្ឋមន្រ្តីចិនលោក លី ឃឹឈាំង (Li Keqiang) ផងដែរ ដើម្បីផ្លាស់ប្តូរទស្សនៈស៊ីជម្រៅទាំងឡាយ។
ទោះយ៉ាងណា របៀបវារៈនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរូបនេះ ទៅកាន់ប្រទេសចិន មិនត្រូវបានបញ្ជាក់នៅឡើយ។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីបច្ចុប្បន្នគឺជាប្រធានវិលជុំ នៃក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20 ខណៈខ្លួនក៏នឹងត្រូវរៀបចំជំនួបកំពូល នៅកោះបាលី ក្នុងខែវិច្ឆិកាខាងមុខនេះផងដែរ៕









