នគរបាលខេត្តក្រចេះស្វែងរកចាប់ខ្លួនជនសង្ស័យ៣នាក់ករណីវាយអ្នកកាសែត

មន្ត្រី​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២០។ (VOD)

នគរបាលក្នុងខេត្តក្រចេះ បាននិយាយថាពួកគេកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលបានវាយបុរសម្នាក់ជាអ្នកថតរូប និងវីដេអូនៅតំបន់នោះទោះបីជាពួកគេមិនបានបញ្ជាក់លម្អិតពីការស៊ើបអង្កេតក៏ដោយ។

លោក ចាន់ សុគីម អធិការនគរបាលស្រុកស្នួល ខេត្តក្រចេះ ឱ្យដឹងថា ក្នុងពេលដែលឈ្មោះ សាន ស៊ីម កំពុងថតវីដេអូនៅក្រោមម្លប់ស្វាយក្នុងឃុំក្រញូងសែនជ័យ កាលពីថ្ងៃច័ន្ទ ស្រាប់តែមានមនុស្ស៣នាក់បានជិះម៉ូតូមកវាយគាត់នឹងដំបងឈើ។

លោកបន្តថា សាន ស៊ីម គឺជាអ្នកកាសែតនិងបានហៅអ្នករាយការណ៍ព័ត៌មានម្នាក់ទៀតឱ្យមកជួយហើយគាត់អាចនឹងស្លាប់នៅកន្លែងកើតហេតុ ប្រសិនបើមិនមានអ្នករាយការណ៍ព័ត៌មានផ្សេងទៀតមកជួយ នោះទេ។

អធិការនគរបាលរូបនេះ បន្ថែម​ថាជន​សង្ស័យ​ទាំង​បី​នាក់​បាន​រត់​គេច​ខ្លួន​នៅ​ពេល​សមត្ថកិច្ច​ទៅ​ដល់។

លោក​ថា​«ឥឡូវ​នេះ​ខ្ញុំ​គ្រាន់​តែ​ចង់​ប្រាប់​​ថាអាជ្ញាធរ​របស់​យើង​កំពុង​ធ្វើ​ការ​លើ​ករណីនេះហើយ​ទាក់​ទង​នឹង​ព័ត៌មាន​លម្អិត​ផ្សេង​ទៀតយើង​មិន​អាច​ប្រាប់​​បាន​ទេព្រោះ​យើងកំពុង​ស៊ើប​អង្កេត។ យើង​បាន​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យរួចហើយ ព្រោះ​វា​ជា​បទ​ល្មើស​ជាក់ស្តែង ហើយ​ជន​រងគ្រោះ​ស្គាល់​ពួក​គេ​ច្បាស់។ មក​ទល់ពេល​នេះ យើង​គ្រាន់​តែ​ឮ​ចម្លើយ​ពី​ជន​រង​គ្រោះ​ថា ពួក​គេខឹង​នឹង​គាត់​ដែល​ថត​រូប»។

លោក ចាន់ សុគីម មិន​បាន​បញ្ជាក់​លម្អិត​អំពីអ្វីដែលអ្នកកាសែតឈ្មោះ សាន ស៊ីម បាតថតនោះឡើយ ឬ​ថាតើជនល្មើស ​និង​ជន​រងគ្រោះមានទំនាក់ទំនងអ្វីនឹងគ្នានោះដែរ។

លោក​បន្ថែមថា «ខ្ញុំ​មិន​អាច​និយាយ​ពី​រឿង​នេះ​បាន​ទេព្រោះ​វា​ជារឿងសម្ងាត់​របស់​ពួក​គេហើយ​យើង​មិន​អាច​និយាយ​បាន​ទេព្រោះ​គ្មាន​ភស្តុតាង»។

សារព័ត៌មានក្នុងស្រុកមួយឈ្មោះ ស៊ីអ៊ីអ៊ែន(CEN)បានលើកឡើងថាអ្នកកាសែតឈ្មោះ ស៊ីម បានថតវីដេអូអំពីការជួញដូរឈើ។

លោក លី សុខន មេប៉ុស្តិ៍​នគរបាលរដ្ឋបាល​ឃុំ​ក្រញូង​សែន​ជ័យបាន​មាន​ប្រសាសន៍​ថា«យើង​មិន​ដឹង​ថា​គេ​ធ្វើ​អាជីវកម្ម​ឈើ​ឬ​អត់​ទេ ព្រោះ​យើង​នៅ​តែ​ធ្វើ​ការលើរឿង​ហ្នឹង។ ខ្ញុំសូម​បញ្ចប់​ការងារបន្តិច រួចខ្ញុំនឹងប្រាប់រឿងនេះ»

បកប្រែ និងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Kratie Police Seek Three Suspects in Journalist’s Assault

បកប្រែដោយ៖ លោក លី សេងហន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ