បុគ្គលបន្លំខ្លួនជាបុគ្គលិក​ NGO ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ឆបោកពលរដ្ឋ​ក្នុងខេត្ត​ក្រចេះ​ឱ្យ​វិនិយោគ

ផ្ទះ​មួយ​ខ្នង​ដែល​គេ​ចោទ​ថា​សាងសង់​ដោយ​ខុស​ច្បាប់ នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះក្នុង​រូបថត​ ថត​ដោយ​បណ្ដាញ​យុវជន​កម្ពុជា​ ក្នុង​ខែ​កញ្ញា ឆ្នាំ​២០២១។ (ផ្តល់​ឱ្យ)

ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះមួយចំនួនត្រូវបានបុរសម្នាក់ ដែលអះអាងថាខ្លួនមកពីអង្គការ អភិវឌ្ឍន៍មួយឆបោកឱ្យវិនិយោគធ្វើឱ្យខាតបង់ប្រាក់អស់រាប់ម៉ឺនដុល្លារ មុននឹងបុរសរូបនោះ ត្រូវបានពលរដ្ឋឃាត់ខ្លួនប្រគល់ទៅឱ្យនគរបាល។ 

មន្រ្តីមូលដ្ឋានម្នាក់បានប្រាប់វីអូឌីថា ប្រជាពលរដ្ឋបានលក់គោ និងខ្ចីប្រាក់គេយកមកវិនិយោគ តាមការបញ្ចុះបញ្ចូលរបស់បុរសរូបនោះដើម្បីឱ្យឆាប់ក្លាយជាអ្នកមាន។ បើតាមមន្រ្តីមូលដ្ឋានរូបនេះដដែលឱ្យដឹងថា បុរសម្នាក់​អាយុ៤៣ឆ្នាំ​ នៅខេត្តក្រចេះ​បាន​ឆបោក​ប្រជាពលរដ្ឋចំនួន១៤២គ្រួសារ​ក្នុង​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍ដោយ​ចាប់​ផ្ដើម​នៅ​មុន​ការ​បោះឆ្នោត​ឃុំ​ សង្កាត់​ នៅ​ថ្ងៃ​ទី០៥ ខែ​មិថុនា មុន​ពេល​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ដើម​ខែ​នេះ។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ក្រចេះអ្នកស្រី ចាន់ ស្រីមុំ បាន​ថ្លែង​ថាបុរសរូបនោះ​ឈ្មោះ សៅ ផល្លា ត្រូវ​បាន​សមត្ថកិច្ចចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១២ ខែ​កក្កដា ពី​បទ​ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស និងបាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្នរង់ចាំការជំនុំជម្រះ។

លោក ទីវ ផល្លឹក មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចង្រ្កង់ ស្រុកចិត្របុរី បន្ថែមថាបុគ្គលឈ្មោះផល្លា ត្រូវបានចោទប្រកាន់ថាបានឆបោកប្រជាពលរដ្ឋចំនួន ១៤២ គ្រួសារ គិតជាទឹកប្រាក់ ស្មើនឹង៣០០លានរៀល (ប្រហែលជា ៧៥.០០០ដុល្លារអាមេរិក) នៅក្នុងឃុំរបស់គាត់។

លោក ផល្លឹក ថ្លែង​ថា៖​«​ប្រជាពលរដ្ឋបានឃាត់ខ្លួនបុរសនោះប្រគល់ឱ្យយើង។គាត់បានព្រមព្រៀងថានៅថ្ងៃទី១០គាត់នឹងសងប្រាក់ប្រជាពលរដ្ឋវិញក៏ប៉ុន្តែប្រជាពលរដ្ឋមិនបានទទួលប្រាក់ឡើយដូច្នេះពួកគាត់ក៏ចាប់ខ្លួនបុរសនោះប្រគល់ឱ្យនគរបាលថ្នាក់ឃុំ»

អ្នកស្រី ពេញ ពៅ មេឃុំច​ង្រ្កង បានឱ្យដឹងថា នៅពេលដែលមានករណីឆបោកនោះកើតឡើង បុគ្គលឈ្មោះ ផល្លា បានចាប់ផ្តើមឃោសនាអំពីគម្រោងរបស់ខ្លួននៅឃុំជាច្រើនក្នុងស្រុក ចិត្របុរី ប្រហែលពីរសប្តាហ៍មុនការបោះឆ្នោត។ ប្រជាពលរដ្ឋម្នាក់​បានប្រាប់ថា ឈ្មោះ ផល្លា នេះបានអះអាងថា ខ្លួនមកពីអង្គការអភិវឌ្ឍន៍សហគមន៍កម្ពុជា ឬ ស៊ីស៊ីឌីអូ (CCDO) ហើយបានប្រាប់ប្រជាពលរដ្ឋថាពួកគាត់អាចទទួលបានការប្រាក់ខ្ពស់កប់ពពកក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីដាក់ប្រាក់តម្កល់។ គេមិនឃើញមានឯកសារយោងដែលបញ្ជាក់ ពីឈ្មោះ​អង្គការនោះឡើយ។វ

អ្នកស្រីបន្ថែមថា​«​ខ្ញុំមិនដឹងថាគេឃោសនាបែបណាដើម្បីបោកប្រាស់ប្រជាពលរដ្ឋឡើយព្រោះប្រជាពលរដ្ឋយើងក្រីក្រណាស់។ប៉ុន្តែគេបានផ្សព្វផ្សាយអ្វីមួយដែលធ្វើឱ្យប្រជាពលរដ្ឋជឿ។គេប្រាប់ថាក្នុងរយៈពេលបីឬបួនថ្ងៃពួកគាត់អាចដកប្រាក់៥០ម៉ឺនឬ៦០ម៉ឺនឬ១លានរៀល​»

អ្នកស្រីបន្តថាពលរដ្ឋ​ភ្លូកទឹកភ្លូកដីទៅ​វិនិយោគខណៈ​ដំណឹងអំពីគម្រោងនោះ​បានរីកសាយទូទាំង​ស្រុក។

អ្នកស្រីបន្ថែមទៀតថា«ពួកគាត់លក់គោខ្ចីប្រាក់ពីធនាគារនិងខ្ចីប្រាក់ពីគ្នាទៅវិញទៅមក។អ្នកខ្លះលក់គោពីរបីឬបួនក្បាល»

កាលពីពេលអ្នកស្រីធ្វើជាមេឃុំនៅពេលនោះ [អ្នកស្រីបានផ្ទេរតំណែងមេឃុំទៅឱ្យអ្នកផ្សេង​ក្រោយការបោះឆ្នោតថ្ងៃទី០៥ ខែមិថុនា] អ្នកស្រីបាននិយាយជាមួយមន្ត្រីថ្នាក់ភូមិដែលបានទទួលដំណឹងថា«អង្គការនេះÈ មានឯកសារស្របច្បាប់ មានអាជ្ញាប័ណ្ណ និងមានការិយាល័យនៅក្រុងក្រចេះ។ អ្នកស្រី​បាន​ប្រាប់​មន្ត្រី​ទាំងនោះថាពួកគេ​គួរតែ​ពិនិត្យ​ជាមួយ​អ្នកស្រីជាមុន​សិន​។ អ្នកស្រីមិន​បាន​បញ្ជាក់ថាតើអ្នកស្រី​បាន​ផ្ទៀងផ្ទាត់​អាជ្ញាប័ណ្ណ​​របស់​អង្គការ​នោះ ឬយ៉ាងណានោះទេ។

អ្នកស្រី​បន្ត​ថាគ្រួសារ​ក្នុង​ឃុំ​ចំនួន៧ក្នុង​ចំណោម១០ឃុំនៅស្រុកចិត្របុរី បានចាញ់បោកគេអស់ប្រាក់​រាប់​ម៉ឺន​ដុល្លារ។

អ្នកស្រីបន្ថែមទៀតថា «មានទាំងជនមានពិការភាពមនុស្សចាស់យុវជនដោយសារពួកគាត់ចង់បានប្រាក់។អ្នកខ្លះខាតប្រាក់តិចអ្នកខ្លះខាតច្រើន។អ្នកខ្លះលក់ក្រវិលចិញ្ចៀននិងខ្សែដៃ»

បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ ‘NGO’ Staffer Arrested for Defrauding Kratie Residents in Investment Scam

បកប្រែដោយ៖លោក លី សេងហន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ