ប្រតិកម្មរបស់កម្ពុជាលើ​ការ​អនុម័តសេចក្តីព្រាង​​​ច្បាប់​​​​សិទ្ធិ​​មនុស្ស​​និង​​ប្រជា​ធិប​តេយ្យ​កម្ពុជា​ដោយ​ព្រឹទ្ធ​​សភា​​អាមេរិក

មន្រ្តីរដ្ឋាភិបាលកម្ពុជា ប្រតិកម្មទៅ​នឹង​សេចក្តីព្រាង​​​ច្បាប់​ស្តី​ពី​​សិទ្ធិ​មនុស្ស និង​ប្រជាធិប​តេយ្យ​សម្រាប់​កម្ពុជា ដោយចាត់ទុកសេចក្តីព្រាងច្បាប់​នេះ ​ថា​កើត​​ចេ​​​ញ​​​​​​​​ពីក្រុមអ្នកនយោ​បាយ​មួយ​ក្រុម ដែលមានបំណង​​​​​​ចង់​ដាក់​កម្ពុជា​ឱ្យ​ក្លាយ​ជា​ឆ្អឹង​ទទឹង​ក ប្រឆាំង​នឹង​​​ម​​ហា​អំ​​​​ណា​​ច​​​​ផ្នែក​ប្រជា​ធិប​តេយ្យ​មួយ​នេះ ជា​​ជាង​​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ។

ការឆ្លើយតបរបស់​កម្ពុជា​​នៅពេលនេះ ធ្វើឡើងក្រោយពីសេចក្តីព្រាង​​ច្បាប់​​​ស្តី​​ពី​​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យសម្រាប់កម្ពុជា​​ ដែលហៅកាត់ថា S.3052 នេះ ត្រូវ​បាន​គណៈកម្មាធិការ​​ទំនាក់​​ទំ​ន​​ង​​កិច្ច​ការ​បរទេស​នៃព្រឹទ្ធសភាអាមេរិក បានអនុម័ត​រួចហើយ កាលពីថ្ងៃទី​១៩ ខែកក្កដា។ ​​ស្រប​​នឹង​​​ច្បាប់​​នេះ កំពុង​រុញ​ដល់​ដៃ​ព្រឹទ្ធ​សភា​ពេញអង្គ ដើម្បីគាំទ្របន្ត ទណ្ឌកម្មផ្សេងៗទៀត បូករួម​​​ទាំ​​ង​​​​​​​ការដាក់កម្ពុជា​ទៅក្នុងបញ្ជីខ្មៅ ទាក់ទងការជួញ​​ដូរ​មនុស្ស កាល​ពីថ្ងៃទី​២០ ខែកក្កដា​ផង ត្រូ​​វ​​បាន​មន្រ្តី​ជាន់​ខ្ពស់​ពីខាងរដ្ឋាភិបាលកម្ពុជា​​ ហៅថា វា​​គ្រាន់​​​​​តែជាលេស ដែលធ្វើឡើង​​ក្នុងឥទ្ធិពល​​ន​​យោ​​​​បា​យ​​​​ប៉ុណ្ណោះ។ បន្ថែមពីលើនេះទៀត ឥទ្ធិពលនេះ ក៏​មិន​ធ្វើ​ឱ្យ​មាន​ភាព​ល្អក់​កករ ទៅដល់​កិច្ច​​សហ​​​ប្រត្តិ​​​​កា​រទ្វេភាគី រវាងកម្ពុជា និងអាមេរិកដែរ។

ប្រធានអង្គភាព​អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា​​លោក ផៃ ស៊ីផាន ប្រាប់​វីអូឌី​នៅថ្ងៃព្រហស្បតិ៍​នេះ​ថា បើ​​​ពិ​​​និត្យ​​​ទៅលើ​ច្បាប់នេះ កើតឡើងពីក្រុមអ្នកនយោបាយមួយក្រុម ហើយចេតនានៃការធ្វើ​សេចក្តីព្រាង​ច្បាប់​​នេះទៀតសោត ក៏មិនមានហេតុផលណាមួយផ្សេង ក្រៅតែពីរឿងនយោបាយ​​នោះដែរ​​​។ ក្នុង​​ន័យ​​​នេះ បើទោះជា​សេចក្តីព្រាង​ច្បាប់នេះ បានលេចចេញជារូបរាងមែន ក៏​មិន​អាច​ធ្វើ​ឱ្យទំ​នាក់​ទំនង រវា​​​ង​​​​កម្ពុជា និងអាមេរិក ឈានទៅរក​ភាពហ្មងសៅនឹង​គ្នានោះ​ដែរ។

លោកបន្តថា៖ «រឿង​ច្បាប់​របស់​សហរដ្ឋអាមេរិក​ដែល​ការ​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​នយោ​បាយ  បាន​សេចក្តី​ថា​ទាំង​សមាជិកសភាព ទាំងសភាជាន់ទាប និងសភាជាន់ខ្ពស់។ នេះវាគឺជារឿងនយោ​​បា​យ​​​ ប៉ុន្តែទំនាក់ទំនងល្អ និងការថ្លឹងថ្លែងរវាងអំណាច​​​ប្រធានាធិបតី​ ដែលជា​​អំណាចនីតិប្រតិបត្តិ​​ ​ប្រ​​​ធា​​នាធិបតីត្រូវការមានឱកាសក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយសហរដ្ឋ​​អាមេ​​​រិក ឬសហរដ្ឋអាមេរិកជាមួយកម្ពុជា ដូច្នេះផលសង្ឃឹមទុករបស់យើង ដោយសារកម្ពុជា​​មិន​មែន​​​ជា​​​ឆ្អឹង​​ស្លាក់ករបស់សហរដ្ឋអាមេរិក ឬប្រឆាំង​នឹង​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ »។

សេចក្តីស្នើច្បាប់​ដែលមានទិសដៅចម្បង គឺដើម្បីដាក់ទណ្ឌកម្ម​ និងបង្កកទ្រព្យសម្បត្តិ​​មន្រ្តី​​ជា​ន់​​​​​​​ខ្ពស់​រដ្ឋាភិបាលកម្ពុជា​ ព្រមទាំ​ង​អ្នក​ដែល​​​រួម​​ចំណែករំលោភសិទ្ធិមនុស្ស និងគាស់​​រំលឹង​​ពន្លក​​ប្រ​​ជា​​ធិប​​តេយ្យនៅកម្ពុជា បានជាប់គាំងនៅត្រឹមសភាសហរដ្ឋអាមេរិក ប្រមាណ២ឆ្នាំមកហើយ។

សមាជិកព្រឹទ្ធ​សភា​អាមេរិក ៣​រូប ក្នុងចំណោម៦រូប ដែលបានចូល​រួមធ្វើ​សេចក្តី​ស្នើ​​ច្បាប់ ស្តីពី​​សិទ្ធិ​​មនុស្ស និងប្រជាធិបតេយ្យកម្ពុជា ២០២១ (S.3052) មាន​លោក អ៊ែដ ម៉ាករ៍ឃី (Ed Markey) លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) និងលោក ឌិដ ឌើប៊ីន (Dick Burbin)។

ក្រោយពី​ឆ្លងកាត់ការត្រួតពិនិត្យចំនួន ២ដងរួចមក តាំងពី​ក្នុង​អាណត្តិ​អតីតប្រធានាធិបតី ដូ​​ណា​​ល់​​ត្រាំ សេ​ច​​ក្តី​​​​ព្រាង​ច្បាប់នេះ ត្រូវបានសមាជិកព្រឹទ្ធសភាអាមេរិក ៦រូប បញ្ជូន​ទៅដល់ដៃ​គ​​ណៈ​​​​​​​​​​​កម្មា​​ធិកា​រទំ​​​​នាក់​​​ទំ​នង​​​កិច្ចការបរទេស​នៃព្រឹទ្ធសភាអាមេរិក កាលពីអំឡុងខែ​តុលា ឆ្នាំ​​២​​​០​​២​​១​។ ​​

ចំណែកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបែបចំអក​អំពីគំនិតផ្តួចផ្តើមបង្កើតច្បាប់​ប្រឆាំង​​​កម្ពុជា កាល​​​ពីចុងខែ​កក្កដា ឆ្នាំ២០១៩​ថា សេចក្តីព្រាង​​ច្បាប់នេះ ដូច​កម្រ​ឃើញ​សហរដ្ឋអាមេរិក យក​​មក​​​ប្រើ​​​ដើម្បីដាក់ទណ្ឌកម្ម​ចំពោះរដ្ឋជាភាគីណាមួយ​នៅក្នុងតំបន់ រួមទាំងកម្ពុជា។ ម្យ៉ាង​វិញ​ទៀត លោកថា ប្រសិន​បើសេចក្តីព្រាង​ច្បាប់នេះ ពិតជាត្រូវបានដាក់ឱ្យអនុវត្តមែន ក្នុង​នាម​​​រដ្ឋា​​ភិ​បាល​​​កម្ពុជា លោក​នឹងមិនញញើតចំពោះទណ្ឌកម្ម​របស់សហរដ្ឋអាមេរិក អំពី​​ការបង្កកទ្រព្យ​​សម្បត្តិ​​​​នេះ​​​ទេ។ មិនតែប៉ុណ្ណោះលោកនាយរដ្ឋមន្រ្តី ថែមទាំងជំរុញឱ្យសេចក្តីព្រាងច្បាប់នេះ ចេញឱ្យ​​បាន​​​ឆាប់​​​​ផង ដើម្បីបានដឹងសខ្មៅថាយ៉ាងណាឱ្យប្រាកដ។

លោកបន្តថា៖ «អើ! បើដាក់ [ច្បាប់] ចំខ្ញុំអើដាក់មក ដាក់មកចុះ ហើយសូមរឹប​អូសទៅ ថាគ្រាន់តែ​​ទ្រព្យ​​​​សម្បត្តិពូជអម្បូរ​របស់ ហ៊ុន សែន ត្រកូល ហ៊ុននេះមានជាង ២ពាន់​​លានដុល្លារ​​។ ខ្ញុំអំពាវ​​នាវ​​ឱ្យ​​​អាមេរិកកុំចាំបាច់និយាយច្រើន កុំចាំបាច់ច្បាប់ចេញអីដកហូតពីឥឡូវទៅ»។

កន្លងទៅ សហរដ្ឋអាមេរិក បាន​ធ្វើ​សេចក្តី​ព្រាង​ច្បាប់ និង​សេចក្តី​ស្នើ​ច្បាប់​ចំនួន ២រួច​មក​​​ហើយ ក្នុង​​នោះ​មានច្បាប់សាកល​ស្តីពីមែគនីតស្គីអ៊ែក(Global Magnitsky Act) និង​ច្បាប់​ ស្តី​ពី​​​ប្រជា​​ធិប​តេយ្យកម្ពុជាឆ្នាំ២០២១ ឬដែលហៅថា ​HR.4686។

គេនៅចាំបានថា នៅក្រោមច្បាប់សាកលស្តីពី មែគនីតស្គី អ៊ែក (Global Magnitsky Act)នេះ មាន​​ឈ្មួញ និងក្រុមហ៊ុនមួយចំនួន ដែលរងការចោទប្រកាន់ចូលរួមប្រព្រឹត្តអំពើពុករលួយ ត្រូវទ​​​ទួ​​ល​​​​ទណ្ឌកម្មក្រោមច្បាប់នេះ​រួចមកហើយ ដូចជា មេបញ្ជាការ​​នៃ​បញ្ជាការ​ដ្ឋាន​​កង​អង្គ​រក្ស​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន គឺលោក ហ៊ីង ប៊ុន​ហៀង, អនុ​ប្រធាន​​ទី១​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​​គ្រោះ​​មហន្តរាយ លោក គន់ គីម និង​សមាជិកគ្រួសារ៣នាក់​ទៀត ដែលគេស្គាល់ថាជា​ឈ្មួញ​ឈើ​​ដ៏​ធំ​នៅ​ស្រុក​ខ្មែរ គឺ​លោក ទ្រី ភាព និង​ក្រុមហ៊ុន​របស់​លោក ព្រមទាំង​ក្រុម​ហ៊ុន​រដ្ឋ​ចិន យូឌីជី (UDG) ដែល​កំពុង​វិនិយោគ​នៅ​ខេត្ត​​​កោះកុង។

ក្រៅពីនេះ នៅមានមន្រ្តីយោធាជាន់​ខ្ពស់​របស់​កម្ពុជា ២​រូបទៀត កាលពីចុងឆ្នាំ២០២១ បានទ​​ទួ​ល​​​​រងនូវទណ្ឌកម្មរួចមកហើយដែរ ដូចជាលោក លោក ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភា​​រ​​​បច្ចេកទេស​នៃក្រសួងការពារជាតិ និងលោក ទៀ វិញ មេបញ្ជាការ​កងទ័ព​ជើងទឹក។ ការរង​​ទណ្ឌ​​កម្ម​​​​នេះ ដោយសហរដ្ឋអាមេរិក ចាត់ទុកថា មន្រ្តីយោធាជាន់ខ្ពស់​​ជើងទឹក​​ទាំងពីររូបនេះ ពាក់ព័ន្ធនឹង​​​​​ការប្រព្រឹត្តអំពើពុករលួយ និងមានជាប់ពាក់ព័ន្ធនឹងការបង្កើត​មូលដ្ឋានទ័ពជើងទឹកចិន នៅ​​​ស​​មុ​​​​​ទ្រ​​​រាម ខេត្តព្រះសីហនុ។

សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា ឱ្យដឹងថា សេចក្តី​​ព្រាង​​​​ច្បាប់​​​​​​ទាំងនេះ ជា​​​ការ​ជួយ​តម្រង់​ទិសឱ្យកម្ពុជា ដើរ​ក្នុង​គន្លង​ប្រជាធិបតេយ្យ ប៉ុន្តែ​ច្បាប់​នេះ នឹង​​កា្លយ​ជា​អន្ទាក់​សម្រាប់​មន្រ្តី​រដ្ឋាភិបាលកម្ពុជា​ ព្រោះក្នុ​ង​បញ្ញត្តិនៃច្បាប់នេះ សំដៅធ្វើយ៉ាងណា​​ឱ្យ​​កម្ពុ​​ជា ត្រូវ​ផ្តល់​ឡើង​វិញ​នូវ​បរិយាកាស​ប្រជាធិប​តេយ្យ និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​​​​ឱ្យ​បាន​​ពេញ​​​លេ​​ញ និង​សិទ្ធិ​​ចូល​រួម​​​ដោយ​​​​​មិនមានការភ័យខ្លាច ក្នុងសកម្មភាពនយោបាយជាដើម។

លោកបន្តថា៖ «តាមពិតច្បាប់ S.3052 ហ្នឹងវាមិនផ្តល់ផលលំបាកអីទៅដល់កម្ពុជាទេ​​។ វា​ជា​​អំណោ​​​យ​ផ​លទៅវិញ​​ទេសម្រាប់ពលរដ្ឋកម្ពុជា ពីព្រោះបើយើងមើលអំពីធិបតេយ្យភាព សិទ្ធិ​មនុស្ស និង​​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​តែធ្លាក់​ចុះ។ ប៉ុន្តែវា​អាច​ផលមាន​​រមាស់​ទៅ​ដល់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ដែល​តែង​តែលើ​ក​ឡើងថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា​​មាន​ភាព​ត្រឹម​ត្រូវ​តាម​​​ស្តង់​ដារ​​អន្តរជាតិ។ ប៉ុន្តែធាតុពិត​វាអត់ទាន់ដល់កម្រិតទេ។ វាអត់ស្រប​តាម​គោល​ការណ៍​ច្បាប់​ទេ ដូច្នេះហើយច្បាប់នេះចេញមក វាអាចផ្តល់ផលរមាស់ខ្លះៗ »។

អ្នកជំនាញផ្នែកគោលនយោបាយរូបនេះ​ នៅតែមើល​ឃើញ​ថា ទំនាក់ទំនងការទូតរវាងកម្ពុជា និង​សហ​រដ្ឋ​​​​​​​អាមេរិក ក្នុងដំណាក់កាលចុងក្រោយនេះ ហាក់មានភាពប្រេះស្រាំខ្លះៗ ​​តែភាគីទាំងពីរ​នៅ​តែ​​​​រក្សា​​​​ជំ​ហរ​ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​​នៅមានភាពល្អប្រសើរ។

​បើទោះជាបែបណា គេសង្កេតឃើញភាពរកាំរកូសនេះ បានរុញច្រានឱ្យសហរដ្ឋអាមេរិក ព្រមាន​​ពី​​ការ​ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ ផ្នែក​ពា​​​​ណិជ្ជកម្មតាមគោលការណ៍ GSP និង​​​​បាន​​សម្រេច​មិន​ផ្តល់​ទិដ្ឋា​ការ ទៅដល់មន្រ្តីក្រ​​សួង​​​​កា​​រ​​​បរទេសកម្ពុជាថែមទៀតផង។ ទណ្ឌកម្មទាំងនេះ នៅមិន​ទាន់​គិត​ដល់​ការ​ដាក់​កម្ពុជា​ចូល​​ទៅ​​ក្នុង​​​បញ្ជីខ្មៅ ដែលជាប់ចោទពីបទជួញ​ដូរ​មនុស្ស​នៅឡើយ​ទៀត។

ចំណាត់​ការ​ជា​បន្តបន្ទាប់មកនេះ កើតឡើងក្រោយពីតុលាការ​កម្ពុជា​ កាល​​ពី​ចុង​ឆ្នាំ២០១៧ បាន​​សម្រេ​​ច​​​​​​រំ​​លាយ​​គណបក្សសង្រ្គោះជាតិ ដែលជាគូប្រកួតនយោបាយ​​​ដ៏​​​​ធំជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​​ចេញ​​ពី​​សង្វៀន​​ន​​យោ​​បាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ