ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃឌិន ឆ្លង​វីរុស​កូវីដ-១៩

លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន (Joe Biden) ធ្វើទស្សនកិច្ចនៅ Houston Food Bank ក្នុងទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។ (REUTERS/Jonathan Ernst)

សេតវិមានបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃឌិន បាន​ធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ តែស្ថិតក្នុងកម្រិតស្រាល និងអាចបន្តធ្វើការងារបានជាធម្មតាក្រោមការដាក់ឱ្យនៅដាច់ដោយឡែក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

យោងតាមវេជ្ជបណ្ឌិតមួយរូបប្រចាំសេតវិមាន លោក Kevin O’Connor បានបញ្ជាក់ថា ប្រធានាធិបតីរូប​នេះមានរោគសញ្ញា ដូចជា ហៀរសម្បោរ អស់​កម្លាំង និង​ក្អក​ស្ងួត​ម្ដង​ម្កាល ខណៈលោកចាប់ផ្ដើមមានអាការអស់​ទាំងនេះកាលពីល្ងាចថ្ងៃពុធ។

ប្រភពដដែលបន្តថា លោក ចូ បៃឌិន បច្ចុប្បន្នកំពុងតែស្ថិតនៅក្រោមការតាមដានសុខភាព និងដាក់ឱ្យនៅដាច់ដោយឡែករយៈពេល៥ថ្ងៃ មុនពេលធ្វើតេស្តម្ដងទៀត ខណៈលោកក៏ចាប់ផ្ដើមទទួលយកការព្យាបាលដោយប្រើប្រាស់ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ-១៩ របស់​មន្ទីរពិសោធន៍ Pifizer ឈ្មោះ «Paxlovid» ផងដែរ។

ថ្លែងតាមរយៈវីដេអូមួយដែលត្រូវបានបង្ហោះក្នុងបណ្ដាញសង្គម ធ្វីតធ័រ (Twitter) ប្រធានាធិបតីសហរដ្ឋអាមេរិកដែលមានវ័យ៧៩ឆ្នាំរូបនេះ​ បានលើកឡើង​ថា រូបលោកមានសុខភាពល្អធម្មតា ដោយអាចបំពេញការងារជាច្រើនបានជាធម្មតា [ពីការិយាល័យដែលលោកត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក]។

គួរបញ្ជាក់ថា អាមេរិក គិតរហូតមកដល់ពេលបច្ចុប្បន្នមានការឆ្លងវីរុសកូវីដ-១៩ សរុបនៅក្នុងប្រទេសជាង៩០​លានករណី និងអ្នកស្លាប់ជាង១លាននាក់ ខណៈ​ប្រជាជននៅក្នុង​​ប្រទេសនេះដែលទទួល​បានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួនជាង១០០លាននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ