សង្គមស៊ីវិល​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ទប់ស្កាត់​អំពើ​ហិង្សា​លើ​កុមារ​កុំ​ឱ្យ​ប៉ះពាល់​ធនធាន​មនុស្ស​និង​សេដ្ឋកិច្ច

សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងៗ ចូលរួមក្នុងសិក្ខាសាលាស្ដីពី «តួនាទីរបស់អ្នកសារព័ត៌មានក្នុងការបង្ការ និងទប់ស្កាត់អំពើហិង្សាលើកុមារនៅកម្ពុជា» នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០២២។ (ហ៊ាន រង្សី)

អង្គការទស្សនៈពិភពលោក អំពាវនាវទៅរដ្ឋាភិបាលឱ្យជំរុញទៅស្ថាប័នពាក់ព័ន្ធ​រួម​គ្នាទ​ប់​ស្កាត់​អំពើ​ហិង្សា​លើកុមារ ខណៈអំពើហិង្សានៅតែបន្តកើតមាន ដែល​ធ្វើឱ្យប៉ះពាល់ដល់ធនធានមនុស្ស សេដ្ឋកិច្ច និងការអភិវឌ្ឍ​ជាតិ។

ក្នុង​សិក្ខាសាលាស្ដីពី «តួនាទីរបស់អ្នកសារព័ត៌មានក្នុងការបង្ការ និងទប់ស្កាត់អំពើហិង្សាលើកុមារនៅកម្ពុជា» នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០២២ ប្រធាន​ដឹកនាំ​កម្មវិធីកិច្ចការពារ​កុមារ និង​ការចូលរួម​នៃអង្គការទស្សនៈពិភពលោក លោក ឆាយ វាសនា បានថ្លែង​​ថា តាមរយៈ​ការសិក្សាស្រាវជ្រាវ និងស្ទង់មតិ​ប្រជាពលរដ្ឋ​​​នៅរាជធានី-ខេត្តចំនួន១០ របស់​អង្គការ​ទស្សនៈពិភពលោក ឃើញថា អំពើហិង្សា​លើ​កុមារ​មានការធ្លាក់ចុះ ក្នុងរយៈពេល​៤ឆ្នាំចុងក្រោយនេះ ពោលគឺចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។

លោក​បន្តថា តាមការស្ទង់មតិ ក្រុមគោលដៅបានសម្ភាសកុមាររងអំពើហិង្សាដែលមានអាយុចន្លោះពី១២ឆ្នាំ​ដល់​១៨ឆ្នាំ ចំនួនជាង១ ០០០នាក់ ក្នុង​នោះ អំពើហិង្សាលើកុមារមានការធ្លាក់ចុះពី​ ៤៩% (ទិន្នន័យឆ្នាំ២០១៨) សល់ត្រឹម ៣៧,៩% (ឆ្នាំ២០២១) និងការ​​សម្ភាសឪពុកម្តាយជាង២ ០០០នាក់ រក​ឃើញ​​ថា ការប្រើ​ប្រាស់​ហិង្សា​លើ​កុមារក៏មានការ​ធ្លាក់ចុះពី ៨៩% (ឆ្នាំ២០១៨) សល់ត្រឹម ៦៥% (ឆ្នាំ២០២១) ផងដែរ។

តែយ៉ាងណា លោក​​ថា ទោះ​បី​អំពើ​ហិង្សាលើកុមារបានថយចុះក៏ពិតមែន ប៉ុន្តែបញ្ហានេះនៅតែកើតមានឡើង ដែល​ករណី​នេះទាម​ទារឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលកម្ពុជា ទើប​អាចទប់ស្កាត់អំពើហិង្សា​កាន់តែទទួលបានផលវិជ្ជមានខ្ពស់។

លោកមានប្រសាសន៍ថា៖ «មានបញ្ហាប្រឈមមួយចំនួនដែលរាជរដ្ឋាភិបាលគួរយកចិត្តទុកដាក់ និងបន្តពង្រឹងជាមួយនឹងជាពិសេសអ្នកដែលធ្វើការងារផ្ទាល់នៅក្នុងសហគមន៍ អ្នកដែលផ្ដល់សេវាកម្មផ្ទាល់ ព្រោះយើងដឹងថា ពួកគាត់នៅជិតស្និទ្ធជាងគេជាមួយនឹងកុមារហើយនិងសហគមន៍។ អ្វីដែលយើងរកឃើញ ទី១ ទាក់ទងនឹងសមត្ថិភាពពួកគាត់ ការយល់ដឹងទៅលើអំពើហិង្សា ហើយការអប់រំផ្សព្វផ្សាយបន្ថែម […] ឬ​ក៏​មានអំពើ​ហិង្សា​កើតឡើង តើគាត់ត្រូវប្រើប្រាស់យន្តការបែបណា? គាត់ត្រូវឆ្លើយតបយ៉ាងម៉េច? គាត់ត្រូវដោះស្រាយយ៉ាងម៉េច? បញ្ជូនកុមារយ៉ាងម៉េចទៅដល់ការគាំទ្រ និងជួយឱ្យបានល្អប្រសើរ? បើគាត់រងអំពើហិង្សាទាក់ទងសុខភាព ត្រូវបញ្ជូនគាត់ទៅកន្លែងវិស័យសុខភាព បើប៉ះពាល់ដល់ផ្លូវចិត្ត ត្រូវបញ្ជូនទៅកន្លែងផ្លូវចិត្ត»។

បើតាមលោក ឆាយ វាសនា តំបន់គោលដៅទាំង១០​រាជធានី-ខេត្តនោះមាន​ដូចជា រាជធានីភ្នំពេញ ខេត្តកណ្ដាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងព្រះវិហារ។ លោក​បន្តថា ដើម​ចមដែល​នាំឱ្យអង្គការនេះជ្រើសរើសរាជធានី-ខេត្តទាំង១០នោះ ដោយផ្អែកទៅលើកត្តាមួយចំនួនដូចជា តំបន់គោលដៅដែលដាច់ស្រយាល តំបន់ដែលមានកុមារងាយរងគ្រោះរស់នៅច្រើន តំបន់ដែលមិនមានស្ថាប័នអង្គការក្រៅរដ្ឋាភិបាលដែលផ្ដោតលើវិស័យតែមួយជាមួយនឹងអង្គការទស្សនៈពិភពលោក ជាដើម។

លោកបញ្ជាក់ថា អំពើហិង្សាលើស្រ្តី​ និង​កុមារ ជា​ទម្រង់​នៃ​ការរំលោភ​បំពាន​លើផ្លូវកាយនិងផ្លូវចិត្ត ដែលធ្វើឱ្យ​ប៉ះ​​ពាល់​ដល់​សិទ្ធិ សុខ​ភាព​​ផ្លូវកាយ របួស​រាងកាយ វិបត្តិផ្លូវចិត្ត និងប្រាជ្ញា ជាដើម។

ប្រធាន​យុទ្ធនាការគំរូអហិង្សា​នៃអង្គការទស្សនៈពិភពលោក អ្នកស្រី ឈឹម រតនា បានលើកឡើង​បន្ថែម​​ថា បើ​ទោះបីជាអំពើហិង្សាលើកុមារមានការថយចុះក្នុងអំឡុងពេល៤ឆ្នាំជាប់គ្នាក៏ដោយ ប៉ុន្តែកុមារមួយចំនួននៅតែជួបបញ្ហាប្រឈមអំពើហិង្សា ដោយសារខ្វះការយល់ដឹងពីឪពុកម្ដាយ​​ក្នុងការចិញ្ចឹមកូនបែបអវិជ្ជ​មាន មិន​​ទាន់​​មាន​ច្បាប់​ស្តីពីកិច្ចការពារកុមារ ធនធានមនុស្សនិងថវិការបស់រដ្ឋាភិបាលនៅមានកម្រិតទាប ហើយ​សៀវភៅណែនាំស្តីពីកិច្ចការពារកុមារសម្រាប់ឃុំ-សង្កាត់ទើបតែសម្ពោធឱ្យប្រើប្រាស់ ការផ្សព្វផ្សាយមិនទាន់ទូលំទូលាយ ​ជាដើម។

ជាមួយគ្នានេះដែរ អ្នកស្រីក៏បាន​លើក​ឡើង​ពី​យុទ្ធនាការគំរូអហិង្សាជាសកល ដែលមាន៨៧ប្រទេសកំពុងចូលរួម​ក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារ​ ដែលក្នុងនោះ កម្ពុជាបានចាប់ផ្តើមយុទ្ធនាការនេះនៅឆ្នាំ២០១៧ផងដែរ។ អ្នកស្រីថា យុទ្ធនាការគំរូអហិង្សា មានទិសដៅចំនួន៥ រួមមាន ផ្លាស់ប្តូរអត្តចរិត និងអាកប្បកិរិយាឪពុកម្ដាយ អាណាព្យាបាល និងគ្រូ អំពីការដាក់ពិន័យលើរាងកាយ និងធ្វើឱ្យកុមារអាម៉ាស់, ការផ្ដល់ភាពអង់អាចដល់កុមារ មានភាពធន់ តស៊ូមតិ ការពង្រឹងយន្តការការពារកុមារនៅក្នុងមូលដ្ឋាន មានគណនេយ្យភាពចំពោះសហគមន៍ ផ្ដល់ភាពចូល​ក្នុង​ការ​ពង្រឹង​គោល​នយោបាយ​ជាតិ ដែល​ស៊ី​ចង្វាក់​គ្នា​ជាមួយ​ភាព​ជាដៃគូសកល​ ក្នុង​ការបញ្ឈប់​អំពើហិង្សាលើកុមារ ​ជា​ដើម។

គ្រូបង្គោល​តំណាង​សហគមន៍​រស់នៅសង្កាត់ឃ្មួញ ខណ្ឌ​សែន​សុខ អ្នក​ស្រី ហុង ស្រីពៅ ឱ្យ​ដឹងថា កុមារចំនួន២៤៩នាក់ បានស្ថិត​នៅក្នុងការទំនុកបម្រុងរបស់អ្នកស្រី ដោយក្នុងនោះ កុមារប្រហែលជា ២០% មាន​អាយុចន្លោះ​ពី​១២ឆ្នាំទៅ១៣ឆ្នាំ បានទទួល​រងនូ​វ​ការប្រើប្រាស់អំពើហិង្សាផ្លូវកាយ តាមរយៈការកេងប្រវ័ញ្ចក​ម្លាំង និង​អំពើហិង្សាលើផ្លូវចិត្តមានតិចតួចតែប៉ុណ្ណោះ។

អ្នកស្រីថា៖ «បើធៀបនឹងពេលបច្ចុប្បន្ន ឥលូវលែង​មាន​ទៀត​ហើយ​ ដោយសារឪពុកម្ដាយគាត់បានរៀន គ្រួសារ​​រីក​​រាយ គាត់​បានយល់ដឹងពីផលវិជ្ជមាន ដែលប្រើប្រាស់អំពើហិង្សាហ្នឹង​លើកូនទាំងផ្លូវកាយនិងផ្លូវចិត្តហ្នឹង។ គាត់ដឹងថាផលប៉ះពាល់ហ្នឹងវារបៀបម៉េច គាត់កាត់បន្ថយអស់ហើយ ហើយការកាត់បន្ថយនេះ វានាំឱ្យ​កុមារ​​​សប្បាយ​ចិត្ត»។

តំណាងសហគមន៍​រស់នៅភូមិលូ សង្កាត់​ស្វាយ​​ប៉ាក ខណ្ឌឫស្សីកែវ លោក ឡេង ពៅ បានឱ្យដឹងថា នៅតំបន់ដែល​លោក​រស់​នៅ​​​មាន​ប្រជាជន​ចំនួន​ជិត៥០០​គ្រួសារ និង​មាន​កុមារអាយុក្រោម១៧ឆ្នាំ ជាង២ ០០០នាក់ ក្នុង​នោះ ​កុមារ​មួយ​ចំនួនមានភាពប្រសើរឡើងវិញ ក្រោយពីឪពុកម្ដាយបានទទួលការបណ្ដុះបណ្ដាលពីសិក្ខាសាលា​នេះ។ ទោះជាបែបនេះក្តី លោកបញ្ជាក់ថា បញ្ហាហិង្សានៅតែមានភាពចន្លោះប្រហោងខ្លះ ដោយសារតែនៅតំ​បន់​ស្វាយ​ប៉ាក ជាតំបន់ដែលមានការធ្វើអាជីវកម្មច្រើន គួបផ្សំនឹងកត្តាជីវភាព ធ្វើឱ្យឪពុកម្ដាយមួយចំនួនតូចនៅតែបន្តការកេងប្រវ័ញ្ចលើកម្លាំងពលកម្មលើកុមារ។

លោកមានប្រសាសន៍ថា៖ «នៅតំបន់ស្វាយប៉ាក មានកុមារធ្វើការនៅឡឥដ្ឋ ជួន​កាល​គាត់​ត្រូវម៉ាស៊ីនដាច់ដៃ។ រួច​នៅ​ខាង​ឡ​កំបោរ​៥ ខាងសហគមន៍ស្ទឹងកំបុត គឺគាត់រងអំពើហិង្សាច្រើន ដោយសារមានតំបន់មិនទាន់រៀប​រយ ​មាន​ការប្រើប្រាស់គ្រឿងញៀន។ ជួនកាលយើងចុះអប់រំកុមារនៅតំបន់នោះដែរ ប៉ុន្តែអត់ទទួលបានលទ្ធផលសង្ឃឹមច្រើនទេ ដោយសារអ្នកខ្លះមកទទួលយកបានត្រឹម២០% ទៅ៣០% ដោយឪពុកម្តាយខ្លះចង់ឱ្យកូនផ្លាស់ប្រែ តែកូនគាត់និយាយអត់ស្តាប់»។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង សុំមិនធ្វើការបកស្រាយជុំវិញបញ្ហានេះ ដោយលោកស្រីអះអាងថា អ្នកសារព័ត៌មានសួរសំណួរនេះដដែលៗ។

នាយក​ទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អំពើហិង្សាលើកុមារ រួមមាន ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និង​ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ​ នៅតែជាក្តីបារម្ភ ដោយ​សារសេច​ក្ដីព្រាងច្បាប់ស្ដីពីកិច្ចការពារកុមារ​កម្ពុជា​ មិន​ទាន់ចូល​ជាធរមាននៅឡើយ ខណៈរដ្ឋាភិបាលដាក់ចេញនូវ​គោល​នយោបាយ​បញ្ចប់រាល់ទម្រង់នៃអំពើហិង្សាលើកុមារត្រឹមឆ្នាំ២០៣០។

ករណីនេះ លោកបាន​ជំរុញទៅរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាធ្វើការផ្សព្វផ្សាយអប់រំប្រជា​ពលរដ្ឋឱ្យយល់ដឹងពីអំពើហិង្សាក្នុងគ្រួសារ ដែលបញ្ហានេះ​នាំឱ្យប៉ះពាល់​ដល់ធនធានមនុស្ស សេដ្ឋកិច្ច និង​ការអភិវឌ្ឍ ជាដើម។

លោកថា៖ «យើងមានគោលនយោបាយហើយ សំខាន់ការអនុវត្តជារឿងសំខាន់ អ៊ីចឹង​ទាល់តែអ្នកពាក់ព័ន្ធចូលរួម​ក្នុងការអនុវត្តគោលនយោបាយ អនុវត្តច្បាប់ អនុវត្តផែនការយុទ្ធសាស្ត្រ​ទប់ស្កាត់ទៅលើរាល់ទម្រង់នៃអំពើហិង្សាលើកុមារ ទើបមានប្រសិទ្ធភាព»។

ក្នុងកិច្ចប្រជុំកំពូល​អ្នក​ដឹក​នាំ ស្ដីពី ​«ដំណោះស្រាយ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ» កាល​ពី​ថ្ងៃ​ទី១៤ ខែមិថុនា​ ឆ្នាំ២០២២នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២១ ផ្អែក​តាម​ការ​វាយតម្លៃលើ​ផែន​ការ​សកម្មភាព ដើម្បី​ទប់​ស្កាត់ និង​ឆ្លើយ​តប​ចំពោះ​អំពើហិង្សាលើកុមារ ឆ្នាំ​២០១៧-២០២១ ប្រទេសកម្ពុជាបាន​​ស្ថិតនៅលើ​មាគ៌ា​ដ៏​ត្រឹម​ត្រូវ​ក្នុងការទប់ស្កាត់​អំពើហិង្សាលើកុមារ។

ករណីនេះ លោក​ថា ដើម្បីបញ្ចប់ឱ្យបាននូវអំពើហិង្សាលើកុមារ​គ្រប់​ទម្រង់ កម្ពុជា​នឹង​បន្ត​កិច្ចខិត​ខំ​ប្រឹង​ប្រែង​ឱ្យ​កាន់​​តែ​សកម្ម ក្នុង​ការ​ធានា​ថា កុមារមានសុវត្ថិភាពនៅគ្រប់​ទី​កន្លែង ដូច​ជា នៅ​ផ្ទះ សាលា​រៀន និង​សហគមន៍​ ជាដើម។

លោកថ្លែងថា៖ «រាជរដ្ឋាភិបាលប្ដេជ្ញាយ៉ាងមុតមាំចំពោះការធានាឱ្យបានថា កុមារ​ទាំង​អស់​នឹង​រស់នៅក្នុង​បរិយាកាស​មួយ​ប្រកប​ដោយ​ភាព​អំណោយ​ផល​ដល់​ការ​លូត​លាស់ ព្រមទាំងទទួលបានការ​ចិញ្ចឹម​បី​បាច់ និង​កិច្ចការពារនានា សំដៅបញ្ចប់ឱ្យបានអំពើហិង្សាលើកុមារក្នុងគ្រប់ទម្រង់ និង​សម្រេចឱ្យបាននូវការប្ដេជ្ញារបស់កម្ពុជា ក្នុង​ក្រប​ខណ្ឌតំបន់ និង​សកល តាម​រយៈ​ការ​អនុវត្ត​នូវផែន​ការនិង​គោលនយោបាយ​ជាតិ​នានាដែលបាន​ដាក់​ចេញ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ក៏បានអំពាវនាវទៅគ្រប់ភាគីពាក់​ព័ន្ធ រួមគ្នា​លើក​កម្ពស់​ស្មារតី ពង្រឹង​ និង​ពង្រីក​​កិច្ច​សហប្រតិបត្តិការដែលមានស្រាប់ ទាំង​ទ្វេភាគី និង​ពហុភាគី ដើម្បីលើកស្ទួយសុខុមាលភាព​កុមារនិង​កិច្ច​ការពារ​កុមារ ជាពិសេសពង្រឹងយន្តការសម្រប​សម្រួលក្នុងចំណោមតួអង្គពាក់ព័ន្ធ​ទាំង​អស់ សំដៅចែក​រំលែក​​ទិន្នន័យ រួមទាំងព័ត៌មានសំខាន់ៗ ដើម្បីចាត់វិធានការឱ្យបានទាន់​ពេល និង​តឹង​រ៉ឹង​ដាច់​ខាតចំពោះ​សកម្ម​ភាព​ហិង្សាគ្រប់​ទម្រង់​លើកុមារ។

បន្ថែម​ពី​នេះ លោក​ក៏​បាន​ជំរុញឱ្យមានការប្តេជ្ញាចិត្តជាសកល តាម​រយៈការកៀរគរ​ធន​ធាន ទាំងហិរញ្ញ​វត្ថុ និង​មិន​មែន​ហិរញ្ញ​វត្ថុ រួម​ទាំង​គាំទ្រ​ការ​ធានា​ចីរភាព​នៃចលនា​បញ្ចប់​អំពើ​ហិង្សាលើ​កុមារ ទាំង​ក្នុង​ក្រប​ខណ្ឌអង្គការ​សហប្រជាជាតិ និងអង្គការអន្តរជាតិ ក៏ដូចជាតំបន់ដទៃទៀត ដើម្បីបញ្ចប់​រាល់ទម្រង់ទាំងអស់នៃអំពើហិង្សាលើកុមារនៅត្រឹមឆ្នាំ២០៣០​ខាងមុខនេះ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ