អ្នកកាន់​សាសនា​ចំនួន​៤ផ្សេងៗគ្នា​បង្ហាញ​ឆន្ទៈ​តែមួយ​ក្នុង​ការ​ការពារ​ព្រៃឈើ

ព្រះសង្ឃ និងអ្នកចូលរួមក្នុងពិធីដាំកូនឈើ​ នៅ​​សហគមន៍សង្ឃរុក្ខាវ័ន ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។ (ណារ៉ា)

អ្នកកាន់​​ជំនឿ​សាសនា​ផ្សេងៗ​គ្នាចំ​នួន​៤នៅកម្ពុជា បង្ហាញ​ឆន្ទៈ​រួម​គ្នាក្នុងការ​​អភិរក្ស​ព្រៃ​ឈើ ដោយ​មិន​ប្រកាន់​និន្នាការសាសនា ខណៈ​ពួកគេ​ដាំដើមឈើរួមគ្នា​ចំនួន៦ ៥០០ដើម​ នៅព្រៃ​សហគមន៍សង្ឃរុក្ខាវ័ន ខេត្តឧត្ដរមានជ័យ។

ព្រះតេជ​​គុណ​ ថូ ធូរស់​​ ប្រធានព្រៃសហគមន៍សង្ឃរុក្ខាវ័ន មាន​សង្ឃដីកា​​​​​ក្នុងពិធីដាំកូនឈើ​ នៅ​​សហគមន៍សង្ឃរុក្ខាវ័ន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ​ថា ពិធី​​​​ដាំ​កូន​ឈើនេះ​មាន​​ការ​ចូលរួ​ម​ពីអ្នកមានជំនឿ​លើ​សាសនា​​​ព្រះពុទ្ធ​ គ្រិស្តសាសនា ឥស្លាម​សាសនា ​និង​ជន​ជាតិ​ដើម​ភាគ​តិច ក្នុងគោល​បំណង​​ស្ដារព្រៃឈើដែល​បាន​បាត់​បង់​ទៅ និងចូលរួមកាត់បន្ថយកម្ដៅលើភពផែនដី​ និងការប្រែប្រួលអាកាសធាតុ ព្រម​ទាំង​ជា​ការបណ្ដុះស្មារតីសាធារណជនឱ្យចេះស្រឡាញ់ធនធានធម្មជាតិ។ 

ព្រះតេជគុណ​ បន្ត​ថា កិច្ចការពារព្រៃឈើនេះមិន​សំដៅ​ទៅ​លើ​សាសនាណាមួយនោះ​ទេ ប៉ុន្ដែ​ជា​កាតព្វកិច្ច​របស់​ពលរដ្ឋគ្រប់គ្នា។

ព្រះតេជគុណ ថូ ធូរស់ មានសង្ឃដីកាបញ្ជាក់ថា៖ «តួនាទីនៃការថែរក្សាការពារធនធានធម្មជាតិ ជាពិសេសព្រៃឈើនេះ គឺមិនសំដៅទៅលើសាសនាណាមួយទេ មិនមែនសំដៅទៅលើតែព្រះពុទ្ធសាសនា​ ឬក៏សាសនាណាដទៃ ​គឺមិន​មែន​ទេ! វា​ជាកាតព្វកិច្ចរបស់សាសនា ឬក៏ប្រជាពលរដ្ឋ សាធារណជនគ្រប់ៗរូប […]​ សាសនាណាក៏ដោយដែលមានឆន្ទៈក្នុងការចូលរួមក្នុងការថែរក្សាការពារធនធានធម្មជាតិ គឺអាចចូលរួមសកម្មភាពជាមួយខ្ញុំករុណាបាន»។

ព្រះតេជព្រះគុណ​ ថូ ធូរស់ បន្ថែមថា ការចូលរួមពីអន្តរសាសនាក្នុងការថែរក្សាព្រៃឈើនេះ ជាការឆ្លុះបញ្ចាំងពីសាមគ្គីភាពដ៏សំខាន់មួយ បើសិនជាមិនមានការសាមគ្គីពីសាសនាដទៃចូលរួម​​ក្នុងការអភិរក្សទេ​ ព្រៃឈើ សត្វព្រៃ ក៏ដូចជា​ជីវចម្រុះ ជាដើម​ នឹងបាត់បង់។

ពិធីដាំកូនឈើចំនួន៦​ ៥០០​​ដើម លើផ្ទៃដីរេចរឹលចំនួន៥ហិកតានៅ​សហគមន៍​សង្ឃរុក្ខាវ័ន ស្ថិតក្នុង​សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យនេះ ធ្វើឡើង​ក្រោម​ប្រធានបទ «រួម​គ្នាដាំកូន​ឈើ ដើម្បីជីវិតនិងភពផែនដី»។ ក្នុងពិធី​នេះមាន​ការ​ចូលរួម​ពីសំណាក់​ព្រះសង្ឃ ពុទ្ធ​បរិស័ទ គ្រិស្ដសាសនា ឥស្លាម​សាសនា ជនជាតិ​ដើមភាគតិចកួយ យុវជន សិស្ស-និស្សិត សហគមន៍​មូលដ្ឋាន ​និង​អាជ្ញាធរ ព្រមទាំងអង្គការសង្គម​ស៊ីវិល​ ប្រមាណជាង១ ០០០អង្គ​/នាក់​។ ភ្ជាប់​ជាមួយការដាំកូនឈើនេះ ក៏មានការចែករំលែកពីជំនឿ​ បទពិសោធន៍ ចំណេះដឹង និង​ពីតួនាទីអន្តរសាសនាក្នុងកិច្ចការពារធនធានធម្មជាតិផងដែរ។

ប្រធាននិកាយ​ហ្វ្រីមេតូឌីស្ទនៃគ្រិស្ដសាសនា​នៅរាជធានី​ភ្នំពេញ លោក សរ សុខៈពង្សដានីញែល ដែលបានចូលរួមក្នុងកម្មវិធីដាំដើមឈើ​នេះ​ដែរ បាន​លើកឡើ​ងថា ការចូលរួមសហការដាំកូនឈើពីសំណាក់អ្នកកាន់ជំនឿសាសនាផ្សេងៗគ្នានេះ បង្ហាញពីសាមគ្គីភាពក្នុងបរិកាសមួយ​ដែលមិនមានការរើសអើងផ្នែកសាសនា​។

លោកថា៖ «យើងមានការសហការគ្នាបានល្អ ហើយយើងបំផុសឱ្យមានការចូលរួមពីបរិស័ទរៀងៗខ្លួន ដើម្បីចូលរួមចំណែកដាំកូនឈើ ដើម្បីជីវិតនិងភពផែនដីរបស់យើង […] ទោះបីយើងមានសេចក្ដីជំនឿផ្សេងៗពីគ្នា ប៉ុន្ដែយើងមានផែនដីតែមួយជាមួយគ្នា»។

លោកថា៖ «ហាក់បីដូចជាគ្រួសារដែលនៅក្នុងផ្ទះមួយ ដែលយើងត្រូវសហការគ្នា រួបរួមគ្នា ដើម្បីថែរក្សាជម្រករបស់យើង​ឱ្យនៅគង់វង្សហើយនិរន្ដរភាព»។

ក្នុងនាមជា​​គ្រិស្ដបរិស័ទមួយ​រូប លោក សរ សុខៈពង្សដានីញែល បានថ្លែងបន្តថា៖ «ព្រះជាម្ចាស់ជាអ្នកបង្កើតធម្មជាតិ បង្កើតអ្វីៗទាំងអស់នៅលើផែនដី បើខ្ញុំស្រឡាញ់ព្រះជាម្ចាស់ ខ្ញុំត្រូវតែស្រឡាញ់នូវអ្វីដែល​ជា​ស្នាព្រះហស្ថរបស់​ព្រះជាម្ចាស់ដែរ អ៊ីចឹងបានខ្ញុំមកចូលរួមព្រឹត្តិការណ៍ដាំកូនឈើនេះ»។

បន្ទាប់ពីដាំកូនឈើរួច រៀបទៅទទួលទានអាហារថ្ងៃត្រង់ លោក សា រ៉ាហ្វីន ជាពលរដ្ឋ​ខ្មែរឥស្លាមរស់នៅ​ខេត្តឧត្ដរ​មានជ័យ បាន​បង្ហាញ​ពី​ភាព​សប្បាយរីករាយ ចំពោះការសាមគ្គី​រវាងសាសនា​ផ្សេងគ្នា​ជាធ្លុងមួយ ក្នុងការ​ថែរក្សានិងអភិរក្ស​ធនធានធម្មជាតិ។​ បុរសវ័យ៤៤ឆ្នាំ​រូប​នេះបាន​លើកឡើង​ថា ពលរដ្ឋ​ខ្មែរឥស្លាម​ភាគ​ច្រើនបានចូលរួមថែរក្សា​ព្រៃ​ឈើ និងដាំ​កូន​ឈើ​នៅតាម​​សហគមន៍នានាដូចគ្នា​ទៅនឹង​កម្មវិធីដាំដើមឈើនៅសង្ឃរុក្ខាវ័ន​នេះ​ដែរ។

លោកថា៖ «​ខ្ញុំនឹងផ្សព្វផ្សាយឱ្យបានចូលរួម​ច្រើនជាង​នេះ​បន្ថែមទៀត ដោយសារយើងមកសប្បាយ ភាព​កុះករ អត់មានការរើសអើងគ្នា ចេះស្រឡាញ់គ្នា ចេះសាមគ្គីគ្នាអ៊ីចឹង​ អាហារសាមគ្គីរួមគ្នា យើងធ្វើការរួមគ្នា ពិតប្រាកដណាស់ដែលយើងគោរពសាសនាប្រពៃណីខុសៗគ្នាមែន​ ប៉ុន្ដែយើងមានចិត្តមួយ ធ្លុងមួយ យើងសាមគ្គីគ្នា»។

ចំណែក​តំណាង​ជនជាតិដើមភាគតិច​កួយ រស់នៅខេត្តឧត្ដរមានជ័យ​ លោក ស៊ុត សាវ៉ន ថ្លែងថា ជំនឿ​ជន​ជាតិ​ដើម​ភាគ​តិច ហាម​ឃាត់មិនឱ្យមានការកាប់ព្រៃឈើធំៗ​ទេ ពី​ព្រោះដើម​ឈើទាំង​នោះ​ជាជម្រកនៃអារក្ខ​អ្នកតា ហើ​យបើតាមជំនឿ ប្រសិន​បើ​មាន​ការ​កាប់ឈើធំៗ អាចនឹង​មា​ន​គ្រោះថ្នាក់ឬជំងឺឈឺថ្កាត់ផ្សេងៗ។

លោកថា៖ «ការកាប់បំផ្លាញនូវព្រៃឈើ វាជាការបំផ្លាញនូវជំនឿរបស់ជនជាតិដើមភាគតិច បំផ្លាញនូវសក្ការៈបូជារបស់​សហគមន៍ជនជាតិដើមភាគតិចរបស់ខ្លួនឯងផងដែរ»។

លោក ស៊ុត សាវ៉ន ឱ្យដឹង​ថា កន្លងមក ជនជាតិដើមភាគតិចនេះមាន​ការ​បំបួស​ព្រៃ​ឈើ ការសែន​ព្រេន ការ​បញ្ចូល​អារក្ខ តាមជំនឿសាសនានេះ ហើយ​នៅពេលខាងមុខ ​នឹងរៀបចំឱ្យមានការដាំកូនឈើឡើងវិញផងដែរ ដើម្បីបំផុសឱ្យមានការចូលរួមថែរក្សាព្រៃឈើ។

នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក​ស្រី ចក់ សុភាព ដែលបាន​​ចូលរួមក្នុង​កម្មវិធីដាំកូនឈើនេះដែរ មាន​ប្រសាសន៍ថា អ្នកកាន់​ជំនឿ​សាសនា​ផ្សេងៗ​គ្នាអាចធ្វើ​ការសហ​ការ​​គ្នាជាធ្លុង​មួយ​​ផ្ដល់​ភាព​បៃតង​ដល់​​ភ​ព​ផែន​ដី ហើយពលរដ្ឋគ្រប់រូ​បក៏​ត្រូវចូលរួមទាំងអស់​គ្នា។

លោកស្រីយល់ថា ការចូលរូមពីគ្រប់ជំនឿសាសនាក្នុងការ​​ដាំដើមឈើរួមគ្នានេះ បាន​​បង្កើត​នូវ​ទំនាក់​ទំនង​ល្អរវាង​អ្នកមានជំនឿនីមួយៗ និងជាការ​​ឈ្វេងយល់ពីវប្បធម៌ជំនឿសាសនាផ្សេងៗ​គ្នា ហើយ​ក៏​អាច​បង្កើន​ការ​យោគយល់​គ្នា​បាន​ច្រើន​ជាង​មុន​ផង​ដែរ។ បើតាមការអង្កេត​របស់​លោកស្រី កន្លងទៅ មិន​​មាន​​ការរឹតត្បិតផ្នែកជំនឿសាសនា​ក្នុងការចូលរួម​ការ​ពារ​ព្រៃឈើ​នោះ​ទេ ប៉ុន្ដែ​មាន​ការ​រឹត​ប​ន្ដឹង​ផ្នែកច្បាប់ ដែលធ្វើឱ្យសហគមន៍មានការ​ពិបាក​ក្នុង​ការ​អភិរក្ស​ព្រៃឈើ។

លោកស្រី ចក់ សុភាព ថ្លែង​ថា៖ «ខ្ញុំគិតថាមិនមានឧបសគ្គផ្នែកជំនឿសាសនា ប៉ុន្ដែអ្វីដែលជាឧបសគ្គហ្នឹង គឺការ​អនុវត្តច្បាប់ ឬក៏ពេលខ្លះការតាក់តែងច្បាប់ថ្មីៗមួយចំនួន​ចុងក្រោយ គឺអាចមានការរឹតត្បិតទៅវិញ»។

ព្រៃសហគមន៍សង្ឃរុក្ខាវ័ន មានទំហំសរុប៣០ ២៥៦ហិកតា លាតសន្ធឹងក្នុងក្រុង-ស្រុក​ចំនួន៣ រួម​មាន ក្រុងសំរោង ស្រុកចុងកាល់ និងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ​កាលពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានសម្រេចរក្សាដីព្រៃជាង៣០ ០០០​ហិកតានេះ ទុក​ជា​ដែន​ជម្រកសត្វ​ព្រៃ ឬជាតំបន់ព្រៃការពារ ដែលមានឈ្មោះថា «សង្ឃរុក្ខាវ័នដែនជម្រកសត្វព្រៃ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ