ក្រុម​ជួញដូរ​គ្រឿងញៀន​ជនជាតិចិន​ជាង​២០នាក់​ត្រូវ​តុលាការ​កាត់ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត

ជនជាតិចិនដែលត្រូវចោទប្រកាន់បទចោទពាក់ព័ន្ធគ្រឿងញៀន ចូលសវនាការនៅសលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ (អ៊ូច សូនី)

បុរសជនជាតិចិនជាប់ឃុំចំនួនប្រាំបួននាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទជួញដូរគ្រឿងញៀនឆ្លងដែនទៅកាន់ប្រទេសអូស្ត្រាលី (Australia) និងនូវែលសេឡង់ (New Zealand) រួមទាំងកាត់ទោសកំបាំងមុខជាង១០នាក់ផ្សេងទៀត។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ញឹម ពិសាល បាន​សម្រេច​ផ្ដន្ទាទោស​បុរសជនជាតិចិនទាំង៩​នាក់​​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ៨០​លាន​រៀល (ប្រហែល២​០ ០០០​ដុល្លារ) ពី​បទ​ «សម្អាតប្រាក់ និងជួញដូរ​គ្រឿង​ញៀន»។ លោកចៅក្រម ពិសាល ក៏​បាន​កាត់ទោស​កំបាំង​មុខ​មនុស្សជាង១០​នាក់​ផ្សេង​ទៀត​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ៥០​លាន​រៀល។

លោកចៅក្រមបានរៀបរាប់ឈ្មោះជនជាប់ចោទដែលជាប់ឃុំទាំងនោះមានដូចតទៅ លូ វៃឆេង (Liu Wei Cheng), ឆេង ហ្ស៊ីឃ័ន (Chen Zhiquan), វ៉ាង លី (Wang Lei), ស៊ុន លាង (Sun Liang), ហ័ង រូមីង (Huang Rui Ming)​, ស៊ុន ហៃតៅ (Sun Hai Tao), លី យីណាំ (Li Yi Nam), វ៉ាង យូ (Wang Yue), និង ហ៊្សូ ហ្សៅហ្វី (Zhu Xiao Fei)។ លោកបន្ថែមថា អ្នកទាំងនេះមានសិទ្ធិប្ដឹងឧទ្ធរណ៍។

កាលពីថ្ងៃទី២៤ ខែធ្នូ នគរបាលកម្ពុជាសហការជាមួយនគរបាលចិន និងស្ថានទូតចិនប្រចាំនៅកម្ពុជា បានឆ្មក់ចូលទីតាំង២កន្លែងក្នុងបុរីប៉េងហួតបឹងស្នោ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ និងនៅភោជនីយដ្ឋានមួយកន្លែងក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

ក្នុងពេលដំណាលគ្នានោះ អាជ្ញាធរចិនក៏បានបើកប្រតិបត្តិការចាប់ខ្លួនជនសង្ស័យនៅក្នុងប្រទេសចិន។

ក្នុងប្រតិបត្តិការវាយឆ្មក់ អាជ្ញាធរកម្ពុជារឹបអូសបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន៣៤៧គីឡូក្រាម ព្រមទាំងជញ្ជីងចំនួន២ និងឧបករណ៍ប្រើប្រាស់សម្រាប់វេចខ្ចប់គ្រឿងញៀនដាក់ក្នុងបំពង់ដែក ដែលអាជ្ញាធរអះអាងថា ពួកគេដឹកជញ្ជូនទៅកាន់ប្រទេសអូស្ត្រាលី (Australia) និងនូវែលសេឡង់ (New Zealand)។

ក្នុងអំឡុងពេលជំនុំជម្រះ ជនជាប់ចោទទាំងនេះ កាលពីសប្តាហ៍មុន បានបដិសេធថា ពួកគេមិនបានដឹងថា ការងារដែលពួកគេទទួលបានប្រាក់ខែសមរម្យពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ។

បុរស​ម្នាក់​បាន​និយាយ​ថា គាត់នៅក្នុងប្រទេសកម្ពុជាទើប​តែបាន១០ថ្ងៃ​ប៉ុណ្ណោះ​ នៅ​ពេលនគរបាល​ឃាត់ខ្លួនគាត់នៅកន្លែង​ធ្វើ​ការ ​ដែលគាត់ជាបុគ្គលិកផ្នែកអនាម័យ ទទួលបានប្រាក់ខែពី២ ០០០ ទៅ២ ៥០០ដុល្លារក្នុងមួយខែ៕


បកប្រែនិងសម្រួលដោយលោក លី សេងហន ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ More Than 20 Sentenced to Life for Drug Trafficking

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ