ជនជាតិដើមភាគតិច​ជិត​១០០គ្រួសារ​បារម្ភ​ពី​ការបាត់បង់​ដី​អាស្រ័យផល ក្រោយ​រដ្ឋាភិបាល​លក់​ដី​នោះ​ឱ្យ​ឧកញ៉ា

ពលរដ្ឋជនជាតិដើមភាគតិចពូនង ស្ថិតក្នុងភូមិ​ពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចុះតវ៉ាលើដីដែលអះអាងថាជាកម្មសិទ្ធិសមូសហភាពរបស់ជនជាតិដើមភាគតិច ក្រោយអាជ្ញាធរកាត់ទៅឱ្យឱកញ៉ាម្នាក់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ជនជាតិដើមភាគតិចពូនង នៅខេត្តមណ្ឌលគិរី បារម្ភពីការ​បាត់បង់ដីអាស្រ័យ​ផល​ ក្រោយ​ដីសមូហភាពជាង២៥០ហិកតារបស់ពលរដ្ឋ​​ជិត១០០គ្រួសារ នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌល​គិរី ត្រូវបានរដ្ឋាភិបាលលក់ទៅឱ្យឧកញ៉ា។

កាលពី​ថ្ងៃទី២​៤ ខែមីនា ឆ្នាំ២០២២ រដ្ឋាភិបាលបាន​ចេញអនុក្រឹត្យកាត់ដីរដ្ឋចំនួន២ទីតាំង ដោយ​ទីតាំងទី១ មានដីជាង៧៩​ហិកតា នៅភូមិ​ពូតាំង សង្កាត់រមនា ក្រុង​សែនមនោរម្យ និងទីតាំងទី២​ មានដីទំហំ២៥៥ហិកតា ស្ថិតក្នុងភូមិ​ពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង លក់ផ្ដាច់មុខទៅឱ្យបុគ្គលឈ្មោះ ជឹង ធាងសេង និងចេញបណ្ណកម្មសិទ្ធិ ទៅតាមសំណើរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ប៉ុន្តែអ្នកភូមិជនជាតិដើមភាគតិចពូនង អះអាងថា ករណីរដ្ឋាភិបាលកាត់ដីលក់ទៅឱ្យឈ្មោះ ជឹង ធាងសេង ដែលមានងារជាឧកញ៉ានេះ បានធ្វើឱ្យប៉ះពាល់ដល់ដីអាស្រ័យជាសមូហភាពរបស់ពួកគេ។

អ្នក​ស្រី បើក រើប ជាជនជាតិដើមភាគតិចពូនង ​នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា អ្នកភូមិកំពុងពិបាកចិត្ត និងបារម្ភពីការបាត់បង់ដីអាស្រ័យផលរបស់ពួកគេ ក្រោយ​រដ្ឋាភិបាល​ចេញអនុក្រឹត្យ​កាត់ដីនោះឱ្យ​ទៅ​ឈ្មោះ ជឹង ធាង​សេង​ ដែលមានងារជាឧកញ៉ា។

អ្នកស្រី​បន្តថា ករណីរដ្ឋាភិបាលកាត់ដីធ្លីរបស់ពួកគាត់លក់ទៅឱ្យឯកជននេះ គឺមិនបានជូនដំណឹង ឬសហការជាមួយពលរដ្ឋម្ចាស់ស្រុកនោះទេ។ អ្នក​ស្រីថា​ កាលពីថ្ងៃ​ម្សិលមិញនេះ ពលរដ្ឋប្រមាណជិត​៤០នាក់​បាន​ប្រមូល​ផ្ដុំតវ៉ា​លើដីកំពុងមាន​ជម្លោះ ដើម្បីទាមទារទៅអាជ្ញាធរ​ពាក់ព័ន្ធដោះស្រាយជូនពលរដ្ឋ។

អ្នកស្រីបន្ថែមថា៖ «ប៉ះពាល់​ដូចថាប្រជាពលរដ្ឋអត់មានកន្លែងឃ្វាលគោក្របី អត់​មានកន្លែងអាស្រ័យផលធ្វើចម្ការជាដើមហ្នឹង។ ការដែលរដ្ឋាភិបាលធ្វើអ៊ីចឹង ដូចមិនស្រឡាញ់​ប្រជាពលរដ្ឋ ដូចស្អប់​ប្រជា​ពលរដ្ឋ ហើយយកដីពួកយើងលក់ឱ្យក្រុមហ៊ុន។ គាត់ទុកពលរដ្ឋជាអ្វី? ប្រជាពលរដ្ឋគាត់មានកំណើតកើត​ជានៅហ្នឹងតាំងពីដូនតាមក មិនមែនទើប​​ម​កនៅថ្មីឯណា! ប្រជាពលរដ្ឋនិយាយថា បើយកដីហ្នឹងលក់ឱ្យគេហើយ ម៉េចមិន​សម្លាប់​ប្រជាពលរដ្ឋសិនទៅ?»

លោក ជើស ម្រើង អាយុ៥៩ឆ្នាំ ជាពលរដ្ឋ​រស់​នៅ​ភូមិពូរ៉ាង​ម្នាក់​ទៀត និយាយ​ថា ពួកគាត់ធ្លាប់បានដាក់សំណើទៅក្រសួងមហា​ផ្ទៃ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងពាក់ព័ន្ធផ្សេងទៀត សុំចុះបញ្ជីដីធ្លីជាកម្មសិទ្ធិសមូហភាពដែរ ប៉ុន្តែរហូតពេលនេះ នៅ​មិនទាន់មាន​ការឆ្លើយតបបែបណាមួយ​ពីស្ថាប័​ន​ទាំង​នោះ​ឡើយ។

ជនជាតិដើមភាគតិចពូនងរូបនេះ បន្តថា រូបលោក ក៏ដូចជាអ្នកភូមិផ្សេងទៀត បាន​ទាមទារទៅរដ្ឋាភិបាលឱ្យដោះស្រាយ ដោយ​កាត់​ឆ្វៀល​ដី​អាស្រ័យផល​របស់ពួកគាត់ចេញដីក្រុមហ៊ុនឬ​ដីឯកជន និង​ចេញបណ្ណកម្មសិទ្ធិជាសមូហភាពជូនពួកគាត់​ជាជនជាតិដើមភាគតិចផងដែរ។

លោកបន្ថែមថា៖ «យើងបានបាត់បង់ដីកប់សព ដីអារក្ខ​អ្នកតា ដី​តំណម ដីចម្ការវិលជុំ ដីឃ្វាលគោក្របីជាដើមហ្នឹង។ ឥលូវនេះ​ ពួកខ្ញុំអំពាវនាវ​ដល់​រដ្ឋាភិបាលជួយអន្តរាគមន៍កាត់ឆ្វៀលដីពួក​ខ្ញុំ​ចេញឱ្យពីដីរដ្ឋឬដីកសិកម្ម ដីដែនជម្រក ដើម្បីងាយស្រួលពួកខ្ញុំគ្រប់គ្រងនិងអាស្រ័យផលតាមបែបប្រពៃណីរបស់ពួកខ្ញុំ។ បើបានអ៊ីចឹង ​ពួកខ្ញុំបានសុខហើយ»

យោងតាមញត្តិរបស់ពលរដ្ឋជនជាតិដើមភាគតិច​ពូនង ដែលបានដាក់ទៅក្រសួង​មហាផ្ទៃ កាលពីថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០២២ បញ្ជាក់​ថា ពួក​គាត់​​ជិត​១០០គ្រួសារ បានអាស្រ័យផល​ជាសមូហភាពលើផ្ទៃដីទំហំ៧២៧ហិកតា ស្ថិតភូមិពូរ៉ាង ឃុំសែនមនោ​រម្យ ស្រុកអូររាំង ខេត្ត​មណ្ឌលគិរី តាំងពីឆ្នាំ​១៩៨៦ រហូត​មក​ដល់​បច្ចុប្បន្ននេះ ដោយបានដាំដំណាំចម្រុះតាមបែបប្រពៃណីជាច្រើនប្រភេទ ដូច​ជា ដាំស្រូវ ពោត ម្ចាស់ ដំឡូង ប័រ ខ្នុរ ស្វាយ​ចន្ទី និងជាកន្លែងចិញ្ចឹមសត្វ ជាដើម។

ញត្តិដដែលនេះបញ្ជាក់​ថា ករណីរដ្ឋាភិបាលកាត់ដីចំនួន២ទីតាំងសរុបជាង៣៣៤ហិកតា លក់ទៅឱ្យឧកញ៉ា ជឹង ធាងសេង គឺក្នុងនោះផ្ទៃដី២៥៥ហិកតាបានប៉ះពាល់លើដីអាស្រ័យផលនិងកាន់កាប់ជាក់ស្ដែងរបស់ជនជាតិដើមភាគតិច ដូចជា ចម្ការវិលជុំ និងដីព្រៃតំណម ដីកប់សព និងដីអារក្ខ ជាដើម។

ញត្តិនោះបញ្ជាក់​ថា៖ «ដូច្នេះ ការលើកហេតុផលថា យើងខ្ញុំបានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ហើយប្រឈមនឹងការដកហូត​នោះ គឺស្មើនឹងការផាត់​យើងខ្ញុំជាជនជាតិភាគតិចចេញពីសង្គមយ៉ាងអយុត្តិធម៌បំផុត»

មេឃុំ​សែនមនោរម្យ អ្នកស្រី ថ្វាន់ ត្រែល មានប្រសាសន៍​ថា អ្នកស្រីមិនទាន់បានទទួលព័ត៌មានជុំវិញ​រឿងពលរដ្ឋតវ៉ាករណីរដ្ឋាភិបាល​ចេញអនុក្រឹត្យកាត់ដីលក់ឱ្យឧកញ៉ានេះនៅឡើយទេ ដោយ​ថា អ្នកស្រី​ជាប់រវល់ទៅសិក្ខាសាលា។

វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលស្រុកអូររាំង លោក សៀក មន្នី និងអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានទេ នៅថ្ងៃសុក្រនេះ។

អ្នកសម្របសម្រួលជនជាតិដើមភាគតិចពូនងនៅខេត្តមណ្ឌលគិរី អ្នកស្រី ផ្លឹក ភីរុំ មាន​ប្រសាសន៍ថា នៅខេត្តមណ្ឌលគិរី ករណី​អ្នក​មាន​លុយមានអំណាយរំលោភយ​ក​ដី​របស់ជនជាតិដើមភាគតិច បានកើតមានស្ទើរគ្រប់កន្លែង ខណៈជនជាតិដើម​ភាគ​តិច​មិន​លូវ​យល់​ដឹង​ច្បាស់​អំពី​ផ្លូវ​ច្បាប់ និងនីតិវិធី នៃកា​រ​ចុះ​បញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ និងជាសមូហភាពជាដើមនោះ។

តំណាង​ជនជាតិដើមភាគតិច​រូបនេះ​ បន្ត​ថា បញ្ហានេះកើតឡើងដោយសារតែមានការគប់គិតគ្នា និងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ រវាងអាជ្ញាធរ និងអ្នកមានលុយមានអំណាច។ អ្នក​ស្រី​ថា ប្រសិនបើបញ្ហានេះមិន​ត្រូវបានដោះស្រាយ ហើយ​​ការរំលោភបំពានដីធ្លីរបស់ពលរដ្ឋ​នៅតែបន្តកើត​មាន នឹង​ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិជនជាតិដើមភាគតិច និងវប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់របស់ពួកគេជាដើម ហើយ​ពលរដ្ឋនឹងរងទុក្ខលំបាកដោយការបាត់បង់ដីធ្លីអាស្រ័យផល។

អ្នកស្រីបន្ថែមថា៖ «ប្រសិនជា​រដ្ឋាភិបាលមិនមានចំណាត់ការដោះស្រាយនិងទប់ស្កាត់ទេ វានឹងធ្វើឱ្យប៉ះពាល់និងរំលោភ​ទៅដល់​សិទ្ធិរបស់ជនជាតិដើមភាគតិច ជាពិសេសការអាស្រ័យផលរបស់បងប្អូនជនជាតិដើមភាគតិច ដូចជា​ ដីព្រៃជំនឿ និងកន្លែងផ្សេង​ទៀត ហើយនឹងធ្វើឱ្យមានជម្លោះដីធ្លីមិនចេះចប់»

មាត្រា២​៥ នៃច្បាប់ភូមិបាលឆ្នាំ២០០១ ចែងថា ដីសហគមន៍ជនជាតិដើមភាគតិច មិនមែនមានតែដីដាំដុះជាក់ស្ដែងនោះទេ ប៉ុន្តែ​ពួកគេត្រូវមានដីបម្រុងទុកជាចាំបាច់ក្នុងការដូរវេនដំណាំ និងដីប្រើប្រាស់តាមបែបប្រពៃណីផ្សេងៗទៀត។

កាល​ពី​​ឆ្នាំ​២០០៩ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យមួយ​ ស្តីពី នីតិវិធី​នៃការចុះបញ្ជី​ដី​សហគមន៍ជនជាតិដើមភាគតិច ដោយអនុក្រឹត្យនេះមាន​គោលដៅកំណត់គោលការណ៍នីតិវិធី និងយន្តការសម្រាប់ការ​ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចជា​កម្មសិទ្ធិ​សមូហភាព។

អនុក្រឹត្យនេះក៏​មានគោលបំណងផ្ដល់សិទ្ធិស្របច្បាប់ក្នុងការ​កាន់​កាប់​ដីធ្លី​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ដើម្បីធានាសុវត្ថិភាព​​នៃការកាន់កាប់ដីធ្លី និង​ការពារសិទ្ធិសមូហភាព ដោយ​រក្សានូវអត្តសញ្ញាណ វប្បធម៌ ទំនៀម​ទម្លាប់ និងប្រពៃណីល្អរបស់សហគមន៍ជនជាតិដើមភាគតិចផងដែរ។

មាត្រា៦នៃ​អនុក្រឹត្យ​នេះបាន​បញ្ជាក់​ថា ដី​ដែលត្រូវចុះបញ្ជីជាកម្មសិទ្ធិជាសមូហភាពរបស់​សហគមន៍ជនជាតិដើមភាគតិច រួម​មាន ដី​លំនៅឋាន ដី​ដែល​សហគមន៍ប្រកបរបរធ្វើកសិកម្មតាមប្រពៃណី មានដីដាំដុះជាក់ស្ដែង ដីស្រែចម្ការ ដីបម្រុងទុកចាំបាច់​ក្នុង​ការ​ដូរ​វេន​ដំណាំ ដីព្រៃអារក្ខ និងដីកប់ខ្មោច ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ