ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ច្រាំងទន្លេ​ក្នុង​ខណ្ឌឫស្សីកែវ ចង់​បាន​សំណង​សមរម្យ​មុន​ចាក​ចេញ

លោក នៅ នីម អង្គុយនៅលើផ្ទះរបស់លោកដែលបានរុះរើមួយផ្នែកពីសំណាក់អាជ្ញាធរខណ្ឌឫស្សីកែវ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ (រួន រី)

ពលរដ្ឋជាង២០០គ្រួសារដែលរស់នៅតាមដងទន្លេសាប ក្នុងខណ្ឌឫស្សីកែវ ប្រកែកមិនព្រមចាកចេញពីកន្លែងដែលពួកគេរស់នៅនោះទេ លុះណាតែ អាជ្ញាធរផ្ដល់សំណងសមរម្យ។

ពលរដ្ឋចំនួន២៦១គ្រួសារ នៅក្នុងសង្កាត់ទួលសង្កែ១ បានឱ្យដឹងថា ពួកគេកំពុងប្រឈមនឹងការបណ្ដេញចេញដោយអាជ្ញាធរមូលដ្ឋាន បន្ទាប់ពីផ្ទះមួយចំនួនត្រូវបានរុះរើកាលពីថ្ងៃចន្ទ ដោយគ្មានការឱ្យដំណឹងជាមុន ដែលផ្ទះទាំងនោះបានសង់លើដីរដ្ឋតាមបណ្ដោយផ្លូវជាតិលេខ៥ និងនៅជាប់មាត់ទន្លេ។

គ្រួសារដែលរស់នៅតំបន់នោះបានឱ្យដឹងទៀតថា ពួកគាត់បានទទួលដំណឹងឱ្យរើចេញចំនួន៣ដងនៅក្នុងឆ្នាំនេះ ហើយការផ្ដល់សំណងកើតឡើងចំពេលមានការតវ៉ានិងការចរចា។ សំណងផ្ដល់ឱ្យពលរដ្ឋមានភាពខុសៗគ្នា ប៉ុន្តែមានការកើនឡើងពី២៥០ដុល្លារ ដល់៧៥០ដុល្លារសម្រាប់មួយ គ្រួសារ។ កាលពីថ្ងៃពុធ ពលរដ្ឋចំនួន២០នាក់បានទៅជួបមន្រ្តីខណ្ឌម្តងទៀតដើម្បីចរចា ដោយទាមទារសំណងខ្ពស់ជាងមុន ប៉ុន្តែពួកគេមិនទទួលបានការដោះស្រាយឡើយ។

លោក នៅ នីម មានអាយុ៣៦ឆ្នាំ ជាពលរដ្ឋម្នាក់ក្នុងតំបន់នោះ បាននិយាយថា កាលពីថ្ងៃចន្ទ អំឡុងពេលដែលគាត់កំពុងធ្វើការ គាត់បានទទួលដំណឹងថា អាជ្ញាធរកំពុងរុះរើផ្ទះរបស់គាត់។ គាត់ប្រញាប់ត្រលប់ទៅផ្ទះវិញ ដោយមានប្រជាពលរដ្ឋក្នុងតំបន់នោះជួយ ទើបអាចបញ្ឈប់ការរុះរើ ហើយបន្សល់ទុកផ្នែកខ្លះនៃផ្ទះរបស់គាត់។

លោកនិយាយថា៖ «គេគំរាមខ្ញុំ បើហ៊ានឃាត់ពួកគេ គេនឹងចាប់ខ្ញុំហើយយកទៅខណ្ឌឫស្សីកែវ»។

លោកបន្តថា ពីដំបូង អាជ្ញាធរថាផ្ដល់សំណងចំនួន២៥០ដុល្លារឱ្យគាត់ដើម្បីរើចេញ ក្រោយមកក៏កើនដល់៥០០ដុល្លារ ហើយការផ្ដល់ជូនមួយទៀតចំនួន៧៥០ដុល្លារ ដែលបានលើកឡើងកាលពីការប្រជុំនៅថ្ងៃពុធ។ គាត់បាននិយាយថា ប្រាក់នេះមិនគ្រប់គ្រាន់ដើម្បីយកទៅទូទាត់សូម្បីតែការចំណាយលើការសាងសង់ផ្ទះនោះទេ។

គាត់បានបន្តថា៖ «ខ្ញុំមិនចង់បានលុយច្រើនទេ ខ្ញុំគ្រាន់តែចង់បានលុយខ្លះដើម្បីយកទៅជួលកន្លែងស្នាក់នៅ និងរស់នៅយ៉ាងហោចណាស់មួយឆ្នាំឬពីរឆ្នាំ»។

អ្នកស្រី ឡាង សុខហេង អាយុ៦៦ឆ្នាំ បាននិយាយថា គាត់រស់នៅភូមិនេះអស់រយៈពេល១០ឆ្នាំ ហើយគាត់មិនចង់បានសំណងច្រើននោះទេ គាត់នឹងចាកចេញប្រសិនបើឱ្យសំណងគាត់ចំនួន១ម៉ឺនដុល្លារ។

អ្នកស្រី ម៉ក់ សុខាន់ ដែលនៅក្នុងការប្រជុំកាលពីថ្ងៃពុធ បានឱ្យដឹងថា គាត់រស់នៅទីនេះ៣០ឆ្នាំមកហើយ ហើយសំណងដែលគាត់ចង់បាន គឺមានលទ្ធភាពគ្រប់គ្រាន់ដើម្បីរស់នៅកន្លែងផ្សេងណាមួយ។

លោកស្រីក៏បានលើកឡើងពីប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបាននិយាយថា ប្រជាពលរដ្ឋណាដែលរស់នៅលើដីរយៈពេល៥ឆ្នាំ គឺមានសិទ្ធិជាម្ចាស់ដីនោះ។

«យើងជាខ្មែរដូចគ្នា យើងមិនមែនជាជាតិសាសន៍ដទៃទេ នេះជាខ្មែរគាបសង្កត់ខ្មែរគ្នាឯង អ្នកមានជិះជាន់អ្នកក្រ» នេះជាសម្តីរបស់អ្នកស្រី។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងជាញឹកញាប់ពីច្បាប់ភូមិបាលឆ្នាំ២០០១ ដែលថា បុគ្គលទាំងឡាយដែលបានអាស្រ័យផលនៃភោគៈដោយសន្តិវិធី និងមិនមានការជំទាស់ចាប់ពី៥ឆ្នាំយ៉ាងតិច គិតមកដល់ការបរិច្ឆេទនៃការប្រកាសឱ្យប្រើច្បាប់នេះ មានសិទ្ធិស្នើសុំបណ្ណកម្មសិទ្ធិស្ថាពរ។

អភិបាលរងខណ្ឌឫស្សីកែវ លោក ប្រាជ្ញ សីហា ដែលនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធ បានបដិសេធមិនឆ្លើយសំណួរតាមទូរសព្ទ ដោយប្រាប់ឱ្យអ្នកយកព័ត៌មានទៅជួបមុខសួរផ្ទាល់នៅសាលាខណ្ឌវិញ។

អ្នកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ បានឱ្យដឹងថា ប្រជាពលរដ្ឋប្រហែល៥គ្រួសារបានមកតាំងទីលំនៅនៅទីនោះក្នុងអំឡុងឆ្នាំ១៩៨០ ដោយសហគមន៍នេះបានកើនឡើងដល់ប្រហែល៤០០គ្រួសារនាពេលបច្ចុប្បន្ន។ អ្នកស្រីបានបន្តថា សហគមន៍ត្រូវបានបំបែកជាពីរ ហើយទទួលស្គាល់ដោយសាលារាជធានីភ្នំពេញ ប៉ុន្តែសម្រាប់តែការតាំងទីលំនៅបណ្ដោះអាសន្នប៉ុណ្ណោះ។

អ្នកស្រីបានបន្តថា ដីនេះជារបស់រដ្ឋ​ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍផ្លូវ និងសាងសង់សួនច្បារ។

អ្នកស្រីបញ្ជាក់ថា៖ «ពួកគេរស់នៅទីនេះជាច្រើនឆ្នាំហើយ ដោយមិនមានការបង់ប្រាក់មួយសេនទេ ប៉ុន្តែនៅតែមិនព្រមរកកន្លែងផ្សេងដើម្បីរស់នៅ តែបែរជាយករដ្ឋាភិបាលធ្វើចំណាប់ខ្មាំងដើម្បីសុំដី ហើយតើយើងយកដីពីណាមកឱ្យពួកគាត់?»៕


ប្រែសម្រួលដោយកញ្ញា សារឿន ផល្លីកា ចេញពីអត្ថបទអង់គ្លេស៖ Russei Keo Riverside Families Want Fair Compensation to Leave

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ