តុលាការកំពូលឱ្យអតីតមេ PM ក្រុងក្រចេះដែលធ្វើទារុណកម្មលើកុមារី២នាក់បាននៅក្រៅឃុំ

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះលោក ទេព ហ៊ុយ អង្គុយក្នុងបន្ទប់នៃបញ្ជាការដ្ឋានកាលពីខែកក្កដា ឆ្នាំ២០២១។(មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងក្រចេះ)។

តុលាការកំពូលសម្រេចឱ្យអតីតមេបញ្ជាការកងរាជអាវុធ​​ហត្ថក្រុ​ងក្រចេះ ​លោក ទេព ហ៊ុយ ដែលជាប់ចោទពីបទ «ធ្វើទារុ​ណក​ម្ម​កុ​​មារី២នាក់ដោយបង្ខំឱ្យស៊ីអាចម៍ឆ្កែ» បាននៅក្រៅឃុំ បណ្ដោះអាសន្ន ដោយសម្អាងហេតុថា«​មិ​នមានបទល្មើសផ្សេង» ក្រោយពីជនជាប់ចោទរូបនោះ បានជាប់ពន្ធនាគារ៩ខែរួចមក។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក និល ណុន នៅព្រឹកថ្ងៃសុក្រនេះ បានបដិសេធសាលដីកាសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។

លោក និល ណុន សម្រេចឱ្យជនជាប់ចោទឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ បាននៅក្រៅឃុំបណ្ដោះ​អាសន្ន តែមិនអនុញ្ញតឱ្យជនជាប់ចោទចេញទៅក្រៅប្រទេស ដោយសម្អាងហេតុថា ជនជាប់ចោទរូ​បនេះមិនមានបទល្មើសផ្សេង។

ការសម្រេចរបស់ប្រធានចៅក្រមជំនុំជម្រះតុលាការកំពូលនេះបានធ្វើឡើងក្រោយពីមេធាវីលោក ទេព ហ៊ុយ បានចូលការពារបណ្ដឹងសាទុក្ខរបស់កូនក្ដីនៅតុលាការកំពូល កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

ក្នុងសវនាការប្រឆាំងនឹងការចោទប្រកាន់កូនក្ដី មេធាវីបានសម្អាងថា កូនក្ដី លោក ទេព ហ៊ុយ មានជំងឺប្រចាំកាយ ហើយថាការចោទប្រកាន់របស់តុលាការជាន់ទាបស្ដាប់តែភាគីម្ខាង ហើយថា ពេលនេះភាគីដើមបណ្ដឹងក៏បានដកពាក្យបណ្ដឹងវិញផងដែរ ក្រោយពីកូនក្ដីបានផ្ដល់សំណងទៅជនរងគ្រោះ។

អតីមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះរូបនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ពាក់ព័ន្ធទៅនឹងការធ្វើទារុណកម្មក្មេងស្រី២នាក់ជាអ្នកបម្រើ ដែលម្នាក់ឈ្មោះ ត្រែក ធារ៉ា អាយុ១២ឆ្នាំ និងម្នាក់ទៀត ឈ្មោះ វ៉ន ពិសី អាយុ១២ឆ្នាំ ឱ្យសំពះសពឆ្កែខ្លួនដែលងាប់ ដោយចោទថា ក្មេងទាំងពីរនោះធ្វើឱ្យងាប់ និងបង្ខំឱ្យក្មេងស្រីជាអ្នកបម្រើនោះស៊ីអាចម៍ឆ្កែទៀតផង។

បន្ទាប់មក ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ តាមរយៈដីកាចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្គាប់ឱ្យឃុំខ្លួនលោក ទេព ហ៊ុយ ចោទពីបទ «ប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទគំរាមកំហែងថានឹងសម្លាប់» តាមមាត្រា២១១ -២១៩ និង២៣៨ នៃក្រមព្រហ្មទណ្ឌ។

បើតាមដីកាដដែល បទល្មើសនេះប្រព្រឹត្តនៅហាងលក់រថយន្តមួយកន្លែងក្នុងក្រុងក្រចេះយីហោ «លាង ហ៊ុយ» ស្ថិតនៅភូមិត្រពាំងព្រីង ស​ង្កា​​ត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ