ប្រធាន​គណបក្សភ្លើងទៀន​ខេត្តត្បូងឃ្មុំ ស្នើតុលាការ​លើក​ពេល​ចូល​បំភ្លឺ​ដោយសារ​មិន​ទាន់​មាន​មេធាវី

ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនបណ្តោះអាសន្នប្រចាំខេត្តត្បូងឃ្មុំ និងជាគ្រូនគរបាលជាតិមធ្យមកម្រិត៤ នៃអង្គភាពក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាល លោក អេង ស្រូយ កាលអំឡុងឃោសនារកសំឡេងឆ្នោតឃុំ-សង្កាត់ នៅខេត្តត្បូងឃ្មុំ កាលពីខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុក គណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ)

ប្រធានស្ដីទីគណបក្សភ្លើងទៀនប្រចាំខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ខ្លួនបានស្នើសុំពន្យារពេល​​ពី​សា​​លា​​​ដំបូងរាជធានីភ្នំពេញ ដើម្បី​​ចូល​​ឆ្លើយបំភ្លឺទៅតាមដីកាកោះរួចហើយ ក្រោមបទចោទក្នុងរឿងក្ដី​​ព្រ​​​ហ្ម​​ទណ្ឌចំនួន៤សំណុំរឿង ដែលបទចោទនេះត្រូវបានភាគីចុងចោទចាត់ទុកថា កើតចេញពី​​ទំ​​នាស់​​​​​ខាងនយោបាយ។

ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនបណ្ដោះអាសន្នប្រចាំខេត្តត្បូងឃ្មុំរូបនេះ បានប្រាប់ វីអូឌី ថាលោក​​បាន​​ស្នើសុំទៅតុលាការជាន់ទាបនេះរួចហើយ កាលពីព្រឹកថ្ងៃសុក្រនេះ។ លោកបន្តថា ការស្នើសុំ​​លើក​​​ពេលនេះ ដោយសាររូបលោកមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីត្រៀមខ្លួនក្នុងការចូល​​ឆ្លើ​​យ​​​​​បំ​​ភ្លឺដោះបន្ទុកទៅលើសំណុំរឿងទាំង៤បទចោទនេះ។ ប៉ុន្តែក្នុងនាមជាភាគីចុងចម្លើយ លោក​​​សន្យាថានឹងនៅតែចូលរួមតតាំងចំពោះរឿងក្តីនេះ ក្នុងពេលសមស្របណាមួយឆាប់ៗនេះ។

លោកបន្តថា៖ «ខ្ញុំមិនទាន់មានមេធាវី។ ខ្ញុំកំពុងស្វះស្វែងរកមេធាវី។ ហើយទី២ទៀត ដោយសារខ្ញុំមាន​​ការងារមមាញឹកពេកហ្នឹងណា។ ខ្ញុំដាក់សុំពន្យារហ្នឹងរួចអស់ហើយ។ ខ្ញុំដាក់ព្រឹកមិញ ប្រហែលម៉ោងខ្ទង់៨ជាងហ្នឹង។ ជាទូទៅ យើងមានហេតុផលគ្រប់គ្រាន់ក្នុងការពន្យារ អ៊ីចឹងតុលាការគាត់​​អាចព្រ​ម​​ហើយ»។

លោក អេង ស្រូយ ត្រូវរងការចោទប្រកាន់ចំនួន៤បទល្មើស រួមមាន បរិហារកេរ្តិ៍ជាសាធារណៈ បរិហារកេរ្តិ៍តាមសារព័ត៌មាន ប្តឹងបរិហារបង្កាច់កេរ្តិ៍ ក្លែងព័ត៌មាន និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបណ្តឹងរបស់ឈ្មោះ ប្រាក់ ណារ៉ុង។ លោក ប្រាក់ ណារ៉ុង ដែលជាដើមបណ្តឹង​​ក្នុងរឿង​​ក្ដីព្រ​ហ្ម​ទណ្ឌនេះ គឺជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

ជាអតីតគ្រូនគរបាលជាតិ មធ្យមកម្រិត៤ នៃអង្គភាពក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ នៃ​​ប​ណ្ឌិ​​​​​ត្យ​សភានគរបាលកម្ពុជា លោក អេង ស្រូយ បញ្ជាក់ថា ម្ចាស់ដើមបណ្ដឹង​​ក្នុងសំ​ណុំ​​រឿង​​ព្រ​ហ្ម​​​ទណ្ឌ​មួយនេះ គឺជាអតីតគ្រូរបស់ខ្លួន ហើយលោក ប្រាក់ ណារ៉ុង នេះក៏ជាប្រធានក្រុមប្រឹក្សា​​​អ​ភិវឌ្ឍន៍​គ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជាថែមទៀតផង។

បើតាមលោក អេង ស្រូយ ដើមហេតុដែលឈានទៅដល់ការប្ដឹងផ្ដល់ចូលតុលាការនេះ ផ្ដើមឡើង​​ដោយ​ទំនាស់ពាក្យសម្ដីរឿងនយោបាយ។ នៅពេលប្រកែកគ្នារឿងនយោបាយនេះ រូបលោកក៏ត្រូវ​​បាន​​ម្ចាស់ដើមបណ្ដឹង ហើយក៏ជាអតីតគ្រូរបស់ខ្លួនផងនោះ បានទះកំផ្លៀងលោកនៅពេលនោះ​ថែម​ទៀត។

ប្រភពបន្តថា ដើម្បីសម្របសម្រួលកុំឱ្យមានបញ្ហា ម្យ៉ាងទៀត លោកមិនមែនជា​​មនុស្ស​​ចូល​​ចិត្ត​​បង្ក​ជម្លោះ​ផងនោះ ក៏មិនដែលខ្វល់ខ្វាយនឹងការប្រើប្រាស់ហិង្សាពីសំណាក់លោក ប្រាក់ ណារ៉ុង នេះ​ម្ដង​​ណានោះទេ។ ផ្ទុយទៅវិញ ទើបតែថ្ងៃទី១៥ ខែកក្កដា កន្លងទៅនេះ ស្រាប់តែ​​លោក​​ទទួល​បាន​​ដី​កា​​កោះពីតុលាការក្រុងភ្នំពេញ ឱ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី២២ ខែកក្កដានេះទៅវិញ តប​​តាម​​បណ្តឹងរបស់លោក ប្រាក់ ណារ៉ុង ដែលធ្លាប់ជាគ្រូរបស់ខ្លួន។

វីអូឌី មិនទាន់​អាចស្នើសុំការបំភ្លឺបានភ្លាមៗទេ ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំ​​បូងរាជ​​ធានី​​ភ្នំ​ពេញ នៅថ្ងៃសុក្រនេះ ខណៈលោក ប្រាក់ ណារ៉ុង ដែលជាម្ចាស់បណ្ដឹង ក៏ពុំអាចស្វែងរក​​ប្រភពដើម្បី​​ស្នើសុំ​​ការបំភ្លឺ​​បាន​​នៅ​​ឡើយដែរ។

បើទោះជាបែបណា តំណាងអយ្យការ លោក ទី មុនិន្ទ ដែលកាន់​​សំ​​ណុំ​​រឿងនេះ បានចេញដីកា​​កោះ​​​ហៅ​​ប្រធានប្រតិបត្តិបណ្តោះអាសន្នគណបក្សភ្លើងទៀនប្រចាំ​ខេត្ត​​ត្បូងឃ្មុំរូបនេះ តាំងពី​​ចុង​ខែមិថុនា ឆ្នាំ២០២២មកម៉្លេះ ដែលតម្រូវឱ្យជនសង្ស័យ​​រូបនេះចូលខ្លួន ដើម្បី​​ឆ្លើយ​​​​បំភ្លឺ​​នៅថ្ងៃទី២២ ខែកក្ក​​ដា តាមបណ្តឹងឈ្មោះ ប្រាក់ ណារ៉ុង។

ដោយឡែក នាយកចាត់ការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត សង្កេតឃើញថា ការ​​ចោ​ទ​​​​​​ប្រកាន់​​ប្រ​​ឆាំងអតីតគ្រូនគរបាលរូបនេះ អាចជារឿងនយោបាយច្រើនជាងទំនាស់បុគ្គលនិង​​បុ​គ្គល​​​​។ ​​បើ​តាម​លោក អំ សំអាត គេពិតជាពិបាកនឹងប្រកែកបានណាស់ថា សំណុំរឿងនេះ​​វាមិន​​មែន​​ជារឿង​ន​យោបាយ។ លោកបន្តថា ការប្តឹងអតីតគ្រូនគរបាលជាតិរូបនេះទៅតុលាការ ស្របពេល​​រក​​​​​ឃើ​ញ​​ថា លោក អេង ស្រូយ ចូលរួមយ៉ាងសកម្មជាមួយគណបក្សភ្លើងទៀន និងជាមន្រ្តី​​ជាន់​​ខ្ពស់​​​​ថែ​​ម​​​​ទៀតផង។

លោកបន្តថា៖ «អ៊ីចឹងខ្ញុំថា យន្តការនេះ វាមិនល្អទេ ទី១ វានាំឱ្យមានការរិះ​​គន់ធ្ងន់ធ្ងរថា រឿង​​ហ្នឹង​​វា​​អាច​​ពាក់ព័ន្ធនឹងរឿងនយោបាយ ហើយករណីនេះ វាអាចជាការរើសអើង ឬក៏ធ្វើទុក្ខបុកម្នេញ​​ទៅ​លើ​ការចូលរួមក្នុងជីវភាពនយោបាយនោះ»។

មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមាន​​សិទ្ធិ​​ចូល​​​​រួម​​យ៉ាង​សកម្ម​​ក្នុង​​ជី​​វ​​​​ភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌​​របស់​​ប្រ​​ទេសជាតិ។

លោក អេង ស្រូយ ជាអតីតគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលជាតិកម្ពុជា ត្រូវបាន​​ដក​ចេ​ញនិងបញ្ចប់ពីក្របខណ្ឌជាមន្រ្តីនគរបាលជាតិ ដែលមានឋានៈជាវរសេនីយ៍ឯក (សក្តិប្រាំ) កា​ល​​​​​​ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។ ការបញ្ចប់តួនាទីពីក្របខណ្ឌមន្រ្តីនគរបាលជាតិនេះ ក្រោយពីរកឃើញថា រូបលោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន ជា​​ប្រ​​ធាន​​​​ប្រតិបត្តិបណ្តោះអាសន្នប្រចាំខេត្តត្បូងឃ្មុំ។

ការបណ្តេញចេញពីក្របខណ្ឌមន្រ្តីរាជការនេះ មិនមែនមានតែអតីតគ្រូនគរបាលជាតិ​​នេះ​ម្នាក់​ទេ លោក ខឹម មុនីកុសល ដែលជាអតីតគ្រូពេទ្យនៅខេត្តប៉ៃលិន កាលពីខែមីនា ឆ្នាំ២០២២ ក៏​​ត្រូវ​បាន​​ក្រ​​សួង​​​មុខងារសាធារណៈលុបឈ្មោះចេញពីក្របខណ្ឌរដ្ឋ ដោយមូលហេតុចូល​​រួម​​ន​យោ​​បាយជា​​មួយ​​​​​បក្ស​​ភ្លើងទៀន។ ស្រដៀងគ្នានឹងករណីទាំងពីរនេះដែរ លោក កែវ សុមុនី ជាអតី​​ត​​មន្រ្តី​​ជំនាញ​​ផ្នែក​​​​សុខ​​ភាពផ្លូវចិត្ត នៃក្រសួងសុខាភិបាល ក៏ត្រូវបានលុបឈ្មោះចេញពីក្រប​​ខណ្ឌ​​រដ្ឋដូចគ្នា។

ការ​បញ្ចប់តួនាទី និងបណ្តេញចេញពីក្របខណ្ឌ ទាំងមិនមានហេតុផលសមរម្យ និងស្ថិតក្រោម​​កា​រ​​​ទាមទារដ៏ចម្រូងចម្រាសពីសាម៉ីខ្លួននេះ នៅពេលរកឃើញថា លោក កែវ សុមុនី បានទៅ​ឈរ​​ឈ្មោះ​​​​ជាចៅសង្កាត់នៅ​​​សង្កាត់ច្បារអំពៅ ឱ្យ​គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើស​​រើស​​ក្រុម​​ប្រឹ​​ក្សា​​​​​ឃុំសង្កាត់ នីតិកាលទី៥ កន្លងទៅនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ