តួកគី​ថា​កំពង់ផែ​អ៊ុយក្រែន​នឹង​បើក​ឡើង​វិញ​នៅ​ថ្ងៃសុក្រនេះ

កំពង់ផែសមុទ្រខ្មៅនៃ Odessa ប្រទេសអ៊ុយក្រែន ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។ (REUTERS/Valentyn Ogirenko)

ការិយាល័យប្រធានាធិបតីតួកគី ឱ្យដឹងថា រុស្ស៊ី និងអ៊ុយក្រែន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅ​ថ្ងៃសុក្រនេះ ដើម្បី​បើក​កំពង់​ផែ​សមុទ្រ​ខ្មៅរបស់​អ៊ុយ​ក្រែន​ឡើងវិញ សម្រាប់ការនាំចេញគ្រាប់ធញ្ញ​ជាតិ ខណៈ​ករណីនេះត្រូវបានរំពឹងថានឹងធ្វើឱ្យវិបត្តិស្បៀងអាហារអន្តរជាតិ ដែលបណ្ដាលមកពីការឈ្លានពានរបស់រុស្ស៊ី អាចនឹងមានភាពធូរស្រាលមួយកម្រិត។

ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចទទួល​បាន​ព័ត៌​មាន​លម្អិតពេញ​លេញ​នៃ​កិច្ច​ព្រមព្រៀង​នេះ ឬ​សុំ​​ការបញ្ជាក់ជាផ្លូវការណាមួយ​ពីខាងភាគីអ៊ុយក្រែន និងរុស្ស៊ី បាននៅឡើយ ទាក់ទងនឹងសេចក្តីប្រកាស​កាល​ពីថ្ងៃព្រហស្បតិ៍ ដោយការិយាល័យប្រធានាធិបតីតួកគីនេះ។

ទោះជាយ៉ាងណា តាមរយៈការថ្លែងក្នុងសុន្ទរកថាមួយ​តាម​ប្រព័ន្ធវីដេអូ កាល​ពីយប់​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានលើកឡើងថា កំពង់​ផែ​​សមុទ្រ​​ខ្មៅ​​របស់​ប្រទេស​លោក ​អាច​នឹង​ត្រូវ​បាន​បើកឡើងវិញ​ក្នុង​ពេល​ឆាប់ៗ។

គួរបញ្ជាក់​ថា អ៊ុយក្រែន កាលពីពេលកន្លងទៅ ធ្លាប់នាំ​ចេញ​គ្រាប់​ធញ្ញជាតិរហូតដល់៦លាន​តោន​ក្នុងមួយ​ខែ មុនពេលដែលរុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំកាលពីខែកុម្ភៈ ខណៈបរិមាណនេះ​បានធ្លាក់​ចុះមក​នៅ​ត្រឹម​ប្រមាណជា១លានតោនប៉ុណ្ណោះនាពេលបច្ចុប្បន្ន។

ទាក់ទិន​នឹងករណីនេះ ប្រធានាធិបតីអ៊ុយក្រែន កាលពីពេលកន្លងទៅ ធ្លាប់បានព្រមានថា មនុស្ស​រាប់លាន​នាក់​អាចនឹងធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន ដោយសារតែការបិទកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន​ដោយរុស្ស៊ី។

លោកបន្តថា ពិភពលោក​កាន់តែកៀកចូលទៅកាន់វិបត្តិស្បៀងអាហារ​ដ៏គួរឱ្យភ័យខ្លាចមួយ ខណៈអ៊ុយ​ក្រែន​មិនអាចនាំចេញស្រូវសាលី ពោត ប្រេង និងផលិតផលផ្សេងទៀតក្នុងបរិមាណដ៏ធំទៅកាន់ទីផ្សារពិភពលោក។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គិតរហូតមកដល់ពេលនេះបានឈានចូលមកដល់សប្តាហ៍ទី២១ហើយ ដែល​បាន​បង្ក​ឱ្យ​ជន​ស៊ីវិលរាប់ពាន់នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត តំបន់ទីក្រុងជាច្រើនប្រែក្លាយ​ទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ខណៈមនុស្ស​រាប់​លាននាក់​ ក៏បានភៀសខ្លួនចេញពីប្រទេសផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ