ក្រសួងសុខាភិបាលបានឱ្យដឹងថា មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២០នាក់បន្ថែមទៀត ដែលជាប្រភេទអូមីក្រុង និងជាករណីឆ្លងក្នុងសហគមន៍ទាំងអស់ ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន២៦នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញ អ្នកឆ្លងកូវីដ-១៩ ចំនួន ២០នាក់បន្ថែមទៀតកាលពីម្សិលមិញ ដែលជាការឆ្លងក្នុងសហគមន៍ ហើយ១០នាក់ក្នុងចំណោមនោះ ជាករណីស្នើសុំវិញ្ញាបនបត្របញ្ជាក់ពីជំងឺនេះដើម្បីចេញទៅក្រៅប្រទេស។
ក្រសួងបន្តថា សម្រាប់អ្នកជាសះស្បើយថ្មី គឺមានចំនួន៨នាក់ ស្របពេលអ្នកស្លាប់ថ្មីដោយសារជំងឺនេះគឺមិនមាននោះឡើយ។
គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៦ ៥៦៥នាក់ ហើយអ្នកជាសះស្បើយសរុបចំនួន ១៣៣ ៣៨៩នាក់ និងស្លាប់សរុបចំនួន ៣ ០៥៦នាក់។
ជាមួយការរកឃើញអ្នកឆ្លងថ្មីក្នុងសហគមន៍ជាបន្តបន្ទាប់ រាជរដ្ឋាភិបាល ពិសេសតាមរយៈក្រសួងសុខាភិបាលបានអំពាវនាវទៅកាន់ពលរដ្ឋឱ្យនាំគ្នាទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងទៅទទួលវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ចំនួន ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍បន្ថែមទៀត៕









