បុរស​ជន​ជាតិ​នីហ្សេរីយ៉ា​ដែល​កើត​ជំងឺ​អុតស្វា​​ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ​នៅ​រាជធានី​ភ្នំពេញ

ជនជាតិនីហ្សេរីយ៉ា ដែលខាងអាជ្ញាធរថៃបញ្ជាក់ថា មានកើតជំងឺអុតស្វា ហើយបានគេចខ្លួនតាំងពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចកម្ពុជារកឃើញនៅនៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។ (រដ្ឋបាលខណ្ឌដូនពេញ)

ក្រសួងសុខាភិបាលបានឱ្យដឹងថា ​បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា ហើយបានរត់គេចចេញពីប្រទេសថៃមកកម្ពុជានោះ ត្រូវបានរកឃើញហើយនៅល្ងាចថ្ងៃសៅរ៍នេះ។ ​

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីការរកឃើញបុរសជនជាតិនីហ្សេរីយ៉ាដែលមានកើតជំងឺអុតស្វា នៅយប់ថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២២ បានឱ្យដឹង​​​ថា ​បុរសជនជាតិនីហ្សេរីយ៉ា ដែលអាជ្ញាធរថៃបញ្ជាក់ថា មានកើតជំងឺអុតស្វា និងរត់គេចពីប្រទេសថៃ​ ចូលមកប្រទេសកម្ពុជា  ត្រូវបានរកឃើញហើយនៅម៉ោងជាង ៥ល្ងាចថ្ងៃសៅរ៍នេះ។ ​

ក្រសួងបញ្ជាក់ថា បុរសជនជាតិនីហ្សេរីយ៉ានោះ មានឈ្មោះ អូសម៉ុង ស៊ីហាហ្សុរីម(OSMOND CHIHAZIRIM)     ​ត្រូវបានសមត្ថកិច្ច​រកឃើញ​នៅសង្កាត់ទួលទំពូង ម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ​នៅពេលរូបគេកំពុងស្នាក់នៅផ្ទះសំណាក់មួយកន្លែង។

ក្រសួងបានឱ្យដឹងថា ជនបរទេសរូបនេះ អាយុ២៧ឆ្នាំ និងកាន់លិខិតឆ្លងដែន A10414328 ជាអ្នកទេសចរ និងមានប្រវត្តិធ្វើដំណើរចូលប្រទេសថៃ នៅកោះភូកេត នៅថ្ងៃទី២១ ខែកក្កដា។ ក្រសួងបន្តថា បច្ចុប្បន្នអ្នកកើតជំងឺអុតស្វារូបនេះ ត្រូវបានមន្ទីរសុខាភិបាលរាជធានីភ្នំពេញចាត់ចែងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬពេទ្យរុស្ស៊ី និងបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះនៅម៉ោងជាង៧យប់ថ្ងៃទី២៣ ខែកក្កដានេះ។

​ដើម្បីការពារការចម្លងពីជំងឺអុតស្វា  ​ក្រសួងសុខាភិបាល បានអំពាវនាវឱ្យអ្នកដែលប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិនីហ្សេរីយ៉ារូបនេះ ទាំងអស់ត្រូវដាក់ខ្លួននៅដាច់ដោយឡែក ហើយស្វែងរកការពិនិត្យសុខភាព ឬជូនដំណឹងទៅក្រុមគ្រូពេទ្យដែលនៅជិត។ បន្ថែមពីនេះ ត្រូវជូនព័ត៌មានទៅគ្រូពេទ្យជំនាញតាមលេខ ១១៥ ដើម្បីទទួលបានការជួយជ្រោមជ្រែង ពិនិត្យសុខភាព ស្វែងរកការចម្លងបន្ត និងដើម្បីចូលរួមកាត់ផ្តាច់ខ្សែចម្លងវីរុសអុតស្វាឱ្យបានទាន់ពេលវេលា។

ក្រសួងជំនាញដដែល ក៏បានណែនាំឱ្យពលរដ្ឋចូលរួមអនុវត្តវិធានការការពារការចម្លងជំងឺនេះ  ពិសេសមិនត្រូវប៉ះពាល់អ្នកជំងឺនេះ មិនត្រូវប៉ះពាល់ជាមួយសត្វព្រៃ និងត្រូវបរិភោគអាហារឆ្អិនល្អ ព្រមទាំងរក្សាអនាម័យដៃ និងខ្លួនប្រាណឱ្យបានស្អាត ដោយត្រូវឧស្សាហ៍លាងដៃជាមួយសាប៊ូ ឬអាល់កុល ឬជែល។ បន្ថែមពីនេះត្រូវស្វែងរកការពិនិត្យជាបន្ទាន់ ប្រសិនបើមានបញ្ហាសុខភាព ឬសង្ស័យ។

​កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំមួយ​ដោយពន្យល់ថា អ្នកកើតជំងឺអុតស្វា មានសញ្ញា ដូចជា ចេញកន្ទួលរមាស់ដូចពងទឹកលើខ្លួន ហើយក្តៅខ្លួនលើសពី ៣៨,៥អង្សា ឈឺក្បាល ហើមកូនកណ្តុរ ឈឺសាច់ដុំ ឈឺចង្កេះ និង អស់កម្លាំងជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ