សកម្មជន​​​បក្ស​ភ្លើង​ទៀន​​ខេត្ត​ពោធិ៍សាត់​ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​ប្តេជ្ញា​រួម​រស់​ជា​មួយ​បក្ស​ប្រឆាំង​នេះ​បន្ត​ទៀត​  

មន្ត្រីគណបក្សភ្លើងទៀននៅឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ លោក ហែម ឆិល (រូបកណ្ដាល) ក្រោយពេលលោកចេញពីពន្ធនាគារ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ (ហ្វេសប៊ុក គណបក្សភ្លើងទៀនខេត្តពោធិ៍សាត់)

សកម្មជនគណបក្សភ្លើងទៀន និងកូនប្រុស ដែលទើបចេញពីពន្ធនាគារ ប្តេជ្ញាថា នៅតែបន្តចូលរួមជីវភាពនយោបាយជាមួយបក្សប្រឆាំងមួយនេះដដែល ដោយថា អ្វីដែលសមត្ថកិច្ចចាប់ពួកគាត់បញ្ជូនទៅតុលាការកន្លងមកពាក់ព័ន្ធរឿងនយោបាយច្រើនជាង និងធ្វើដោយបំពានច្បាប់។

សកម្មជន​គណបក្ស​ភ្លើង​ទៀននៅខេត្តពោធិ៍សាត់​ លោក ហែម ឆិល ត្រូវបានសាលាឧទ្ធរណ៍បាត់ដំបងដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃទី២១ ខែកក្កដានេះ  ខណៈកូនប្រុសរបស់គាត់​ឈ្មោះ​ ពឹម ដារ៉ាន់ ​អាយុ​​​១៥​​ឆ្នាំ ត្រូវ​បានសាលាដំបូងខេត្តពោធិ៍សាត់ ​ដោះលែងកាលពីថ្ងៃទី​​​​៤ ខែឧសភា។ ការចាប់និងឃុំខ្លួនពួកគេទាំង២នាក់ ពាក់ព័ន្ធ​​បទចោទ​ «ប្រើ​ប្រាស់​ឧបករណ៍​​ឆក់​ត្រី​​ខុស​ច្បាប់»​ ​ប៉ុន្តែ​គ្រួសារ​​អះអាង​ថា ​​​ការ​ចាប់​ខ្លួន​នោះ ធ្វើឡើង​​ក្នុង​​ពេល​​ដែល​ពួកគេ​បូម​ទឹក​ចាប់​ត្រី​ក្នុង​ស្រះ​របស់​ខ្លួន ​កាល​ពី​ថ្ងៃ​ទី​១២ ​ខែមេសា ឆ្នាំ​២០២២ តែប៉ុណ្ណោះ។

​លោក ហែម ឆិល ដែល​ជាអតីត​បេក្ខជនឈរ​ឈ្មោះ​លេខ​រៀង​ទី​​២ ​នៃគណបក្ស​ភ្លើងទៀន​ នៅ​​ឃុំ​ស្យា ស្រុក​កណ្ដៀង ក្នុងការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ-សង្កាត់​ឆ្នាំ​២០២២នេះ​ បានប្រាប់វីអូឌីនៅថ្ងៃសៅរិ៍នេះថា រូបគាត់និងកូនប្រុស កំពុង​បូម​ទឹក​ចាប់​ត្រី​ក្នុង​ស្រះ​របស់​ខ្លួន ​កាល​ពី​ថ្ងៃ​ទី​១២ ​ខែមេសា ឆ្នាំ​២០២២ ស្រាប់តែសមត្ថកិច្ច​មកចាប់ខ្លួនបញ្ជូនទៅតុលាការ ដោយចោទប្រកាន់ថា «ប្រើ​ប្រាស់​ឧបករណ៍​​ឆក់​ត្រី​​ខុស​ច្បាប់»​  ទៅវិញ។​

លោកចាត់ទុកការចាប់ខ្លួនពួកគាត់ជាការបំបាក់ស្មារតី បំភិតបំភ័យ និងជាសារគំរាមកំហែងផ្នែកនយោបាយតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា លោកអះអាងថា លោកនៅតែប្តេជ្ញាបន្តចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀនដដែល។

លោកមានប្រសាសន៍ថា៖ «ខ្ញុំនៅតែព្រួយបារម្ភដដែលខ្លាចតុលាការឱ្យសមត្ថកិច្ចចាប់ខ្ញុំដាក់គុកវិញ ប៉ុន្តែខ្ញុំនៅតែចូលរួមសកម្មភាពនយោបាយដដែល ព្រោះខ្ញុំជាប់គុកនេះ ដោយសាររឿងនយោបាយ ពីព្រោះគេធ្វើស៊ីខ្ញុំ។ ខ្ញុំអត់មានធ្វើអីខុសដូចគេចោទប្រកាន់ខ្ញុំផងហ្នឹង»។

យ៉ាងណា សកម្មជនគណបក្សភ្លើងទៀនរូបនោះអំពាវនាវទៅសកម្មជនផ្សេងៗទៀត ដែលគាំទ្រគណបក្សភ្លើងទៀន ត្រូវ​ប្រុងប្រយ័ត្ន ដើម្បីកុំឱ្យគេចាប់ចំណុចខ្សោយនិងទម្លាក់កំហុសទៅជារឿងនយោបាយ រួចចាប់ឃុំខ្លួនដោយអយុត្តិធម៌ដូចរូបគាត់​។

លោក សំ សុគង់ ជាមេធាវីការពារក្តីឱ្យសកម្មជនបក្សភ្លើងទៀន លោក​ ហែម ឆិល លើកឡើងថា ការចោទប្រកាន់ និងចាប់ខ្លួនកូនក្តីរបស់គាត់ដាក់ពន្ធនាគារកន្លងមក មិនស្របតាមនីតិវិធីច្បាប់នោះទេ ពីព្រោះកូនក្តីគាត់មិនបានធ្វើខុសដូចការចោទប្រកាន់ឡើយ។

ទោះជាយ៉ាងណាលោកថា ចំពោះការសម្រេចរបស់តុលាការអនុញ្ញាតឱ្យកូនក្តីគាត់បាននៅក្រៅឃុំបណ្តោះអាសន្នជារឿងល្អមួយដែរ។ ប៉ុន្តែលោកស្នើឱ្យតុលាការគួរតែទម្លាក់ការចោទប្រកាន់មកលើកូនក្តីទាំងស្រុង ដោយសារពួកគាត់មិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។

លោកស្នើដូច្នេះថា៖ «បញ្ហាគឺការចោទប្រកាន់នៅតែបន្ត។ អ៊ីចឹងខ្ញុំយល់ថា ទាក់ទងនិងសំណុំរឿងនេះ តុលាការគួរតែទម្លាក់ចោលបទចោទចំពោះពួកគាត់ ដោយសារតែអង្គហេតុមិនបានធ្វើខុសដូចការចោទប្រកាន់ទេ»។

​​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ​​លោក ហេង ដូនីន មានប្រសាសន៍ថា សំណុំរឿង សកម្មជន​គណបក្ស​ភ្លើង​ទៀននោះកំពុងស្ថិតនៅក្នុងដៃចៅក្រមស៊ើបសួរ។ ប៉ុន្តែលោកថា រាល់ការសម្រេចចោទប្រកាន់ ឬទម្លាក់បទចោទ អាស្រ័យលើភស្តុតាងដែលចៅក្រមប្រមូលបានជាក់ស្តែង។

លោកមានប្រសាសន៍ថា៖ «រឿងហ្នឹងតុលាការកំពុងដំណើរការនីតិវិធី។ បើបិទការស៊ើបសួរ បើសិនជាត្រូវលើកលែងចោទប្រកាន់គាត់នឹងលើក។ បើអត់លើកលែងចោទប្រកាន់ គាត់[ចៅក្រមស៊ើបសួរ] បញ្ជូនទៅជំនុំជម្រះហើយ»។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក​ ស៊ឹង សែនករុណា​ សង្កេតឃើញថា កន្លងមកតុលាការតែងតែធ្វើការចោទប្រកាន់ទៅលើបុគ្គលម្នាក់ ដោយផ្អែកលើភស្តុតាងរបស់មន្ត្រីនគរបាលយុត្តិធម៌ ដោយមិនសូវចុះស៊ើបអង្កេតដល់កន្លែងកើតហេតុផ្ទាល់នោះទេ។ ករណីនេះ លោកជំរុញទៅស្ថាប័នតុលាការគួរតែស្រាវជ្រាវនិងប្រមូលភស្តុតាងដល់កន្លែងកើតហេតុ ដើម្បីផ្តល់យុត្តិធម៌ដល់សកម្មជនបក្សប្រឆាំងទាំងនោះ។

លោកមានប្រសាសន៍ថា៖ «តុលាការភាគច្រើនផ្អែកតែទៅលើរបាយការណ៍នគរបាលយុត្តិធម៌តែប៉ុណ្ណោះ         អញ្ចឹងដើម្បីឱ្យមានភាពច្បាស់លាស់ទៅលើការអនុវត្តច្បាប់គួរគប្បីកុំទុកចិត្តទៅលើរបាយការណ៍នគរបាលយុត្តិធម៌នៅមូលដ្ឋានហ្នឹងពេក គួរតែចុះស្រាវជ្រាវសំណុំរឿងដែលមិនប្រក្រតីបន្ថែមទៀត ជៀសវាសការសម្រេចឃុំខ្លួន ការដកហូតសិទ្ធិសេរីភាពប្រជាពលរដ្ឋធ្វើឱ្យរំលោភសិទ្ធិសេរីភាពរបស់ពួកគេ»។

​កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ​ក៏បានជួបមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានស្នើក្រសួងសាមីមួយនេះជួយអន្តរាគមន៍ទៅស្ថាប័នតុលាការពន្យារពេលការអនុវត្តនីតិវិធីតុលាការលើសកម្មជនរបស់ខ្លួននៅក្នុងអំឡុងពេលបោះឆ្នោតឃុំ-សង្កាត់ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ឆ្លើយតបថា ក្រសួងមិនអាចលូកដៃបានឡើយ។

បើតាមបញ្ជីឈ្មោះ និងករណីដែលគណបក្សភ្លើងទៀន បានស្នើសុំឱ្យក្រសួងយុត្តិធម៌អន្តរាគមន៍មាន៣ប្រភេទ ដោយទីមួយ គឺពិរុទ្ធជនដែលកំពុងអនុវត្តទោសជាប់ពន្ធនាគារព្រៃស និងពន្ធនាគាររាជធានីភ្នំពេញ (PJ) ចំនួន១៦នាក់។ ប្រភេទទីពីរ គឺសមាជិកដែលកំពុងចាប់ខ្លួនថ្មីៗចំនួន៧នាក់ និងប្រភេទទីបី គឺករណីចាប់ខ្លួននិងចោទប្រកាន់នៅតាមខេត្ត ដូចជា ខេត្តពោធិ៍សាត់ ៥ករណីកំពុងឃុំខ្លួននៅក្នុងពន្ធនាគារ។ ដោយឡែក ១ករណីទៀតកំពុងឃុំខ្លួននៅក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង ២ករណីនៅខេត្តកំពង់ចាម​១ករណីនៅខេត្តកំពង់ស្ពឺ ៣ករណីនៅខេត្តព្រៃវែង​ ១ករណីនៅខេត្តបន្ទាយមានជ័យ និង១ករណីទៀតនៅខេត្តប៉ៃលិន ដែលតុលាការបានចេញដីកាកោះហៅ លោក ខឹម មុនីកុសល ប្រធានក្រុមការងារគណបក្សភ្លើងទៀននៅខេត្តប៉ៃលិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ