បណ្ដាញ​តេឡេក្រាម​ងងឹត Dark Channel ជា​កន្លែង​ផ្សាយ​ពាណិជ្ជកម្ម​អំពី​ការ​ជួញដូរមនុស្ស

បណ្ដាញតេឡេក្រាមឈ្មោះ White Shark Channel បើកចំហសម្រាប់តែអ្នកដែលមានបំណងចង់ចូលក្នុងបណ្ដាញនេះប៉ុណ្ណោះ ប៉ុន្តែជាធម្មតា ការងារដែលបានចែករំលែក ត្រូវបានរក្សាទុកជាការសម្ងាត់។

នោះគឺដោយសារតែ White Shark ហាក់ដូចជាប្រភេទនៃព្រឹត្តិបត្រជាភាសាចិន សម្រាប់សហគ្រាសឧក្រិដ្ឋកម្មជុំវិញពិភពលោក ជាកន្លែងដែលអង្គការនានានៅក្នុងឧស្សាហកម្មឆបោកតាមអ៊ីនធឺណិតអាចចរចាអំពីការជួញដូរមនុស្ស និងពាណិជ្ជកម្មខុសច្បាប់។ ជារៀងរាល់ថ្ងៃ អ្នកបង្ហោះនៅក្នុងបណ្ដាញនេះផ្សព្វផ្សាយអំពីសេវារបស់ពួកគេ ឬស្វែងរកអ្នករត់ពន្ធមនុស្ស អ្នកស្វែងរកចាប់ឧក្រិដ្ឋជន សូម្បីតែជនឆបោកដែលកំពុងស្វែងរកការងារថ្មី ក៏មាននៅក្នុងបណ្ដាញសង្គម White Shark នេះដែរ។

ដោយមានអ្នកជាវច្រើនជាង៥ ០០០នាក់ បណ្ដាញសង្គមនេះគឺជាមជ្ឈមណ្ឌលដ៏មមាញឹកសម្រាប់អ្វីដែលហាក់ដូចជាសកម្មភាពខុសច្បាប់។ ទោះជាយ៉ាងណា បុគ្គលិកប្រឆាំងការឆបោកម្នាក់បានប្រាប់ វីអូឌី ថា បណ្ដាញនេះគឺជាបណ្ដាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដ៏ធំមួយ។ ទីផ្សារងងឹតបែបឌីជីថលនិងបើកចំហនេះ ជួយបង្ហាញឱ្យឃើញពីរបៀបដែលឧស្សាហកម្មឆបោកបានចាក់ឫសយ៉ាងជ្រៅ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងទីតាំងផ្សេងៗគ្នាជុំវិញពិភពលោក។

អ្នកតំណាងនៃអង្គការប្រឆាំងករ​ណីឆបោកសកលដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលបានបដិសេធមិនបញ្ចេញឈ្មោះដោយសារតែការស៊ើបអង្កេតនៅតែបន្ត បាននិយាយថា៖ «ខ្ញុំងាយស្រួលក្នុងការតាមដានពួកគេដែលមានចំនួនរាប់រយនាក់ ប៉ុន្តែការស៊ើបអង្កេតជាលក្ខណៈបុគ្គលរាងពិបាកបន្តិច»។

ក្រុមនេះបញ្ចុះបញ្ចូលជនរងគ្រោះករណីឆបោក «pig-butchering» ឱ្យចូលរួមកាន់តែច្រើន ដើម្បីរកប្រាក់ចំណូលបានកាន់តែច្រើនដែរ។

អ្នកតំណាងរូបនេះបាននិយាយថា ពួកគេត្រួតពិនិត្យការជជែកជាក្រុមតាមតេឡេក្រាមដែលគ្របដណ្ដប់សកម្មភាពឧក្រិដ្ឋកម្មយ៉ាងទូលំទូលាយ។ បណ្តាញសង្គមទាំងនេះភាគច្រើនត្រូវការតំណភ្ជាប់អញ្ជើញឱ្យចូលក្នុងក្រុម ហើយជាទូទៅ ជនរងគ្រោះមិនដឹងថា វាជាការឆបោកឡើយ រហូតដល់ពួកគេយល់កាន់តែស៊ីជម្រៅអំពីឧស្សាហកម្មឆបោកនេះ។

ពួកគេបាននិយាយថា៖ «យើងនឹងចូលរួមរាល់ការជជែកជាក្រុមតាមដែលអាចធ្វើទៅបាន»។

ករណីមួយ​ក្នុង​ចំណោម​ករណីទាំងនេះគឺ «ការសម្អាតប្រាក់ ការផ្ទេរសាច់ប្រាក់» ហើយករណី​មួយ​ទៀត​ គឺទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាន។ ពួកគេថែមទាំងមានការជជែកជាក្រុមតាមតេឡេក្រាម ដែលជនឆបោកអាចទិញប្រវត្តិរូបក្លែងក្លាយ (fake profiles) សូម្បីតែស៊ីមកាត [ក្លែងក្លាយ] ក៏មានការជជែកជាក្រុមជាច្រើនដែលលក្ខណៈជាការឆបោកជាច្រើនផងដែរ។

វីអូឌី បានតាមដានសកម្មភាពរបស់បណ្ដញសង្គម White Shark ក្នុងរយៈពេលមួយខែកន្លងមកនេះ ដើម្បីយកធ្វើជាសេចក្ដីយោងចំពោះការស៊ើបអង្កេតពីមុននៃឧស្សាហកម្មឆបោកនេះ។ ការបង្ហោះទាំងឡាយបានបើកផ្លូវចំពោះអាជីវកម្មឆបោកក្នុងទីផ្សារងងឹត ដែលបង្ហាញដោយរូបភាពក្រាហ្វិកនិងវីដេអូអំពីការធ្វើទារុណកម្ម ការរំលោភបំពាន និងរូបភាពអាសអាភាស ជាថ្នូរនឹងអ្វីមួយ។

អ្នករាយការណ៍ព័ត៌មានបានទទួលដំណឹងអំពីឱកាសការងារ យ៉ាងហោចណាស់៦៥ក្នុងរយៈពេលមួយម៉ោង បន្ទាប់ពីមានការបង្ហោះដោយបុរសជនជាតិចិនវ័យក្មេងម្នាក់ដែលកំពុងស្វែងរកការងារនៅក្នុងឧស្សាហកម្មឆបោកនៅកម្ពុជា។ អ្នកស្វែងរកការងារ គឺជាបេក្ខជនដែលមានលក្ខណៈសម្បត្តិសម្រាប់អាជីវកម្មឆបោកតាមអ៊ីនធឺណិត មានបទពិសោធន៍ មានលិខិតឆ្លងដែនផ្ទាល់ខ្លួន និងមិនមែនធ្វើការដើម្បីទូទាត់សងថៅកែនៃអាជីវកម្មឆបោកណាពីមុនឡើយដើម្បីប្តូរការងារថ្មី។

ការផ្ដល់ការងារបានបំពេញតម្រូវការសម្រាប់អ្នកដែលស្វែងរកការងារក្នុងឧស្សាហកម្មនេះ ដែលកំពុងហូរចូលមកក្នុងប្រទេសកម្ពុជា តាមរយៈទំនាក់ទំនងទៅនឹងអំពើឆបោកនិងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ ការងារទាំងនោះរួមមាន ការចុចលើតំណភ្ជាប់ farm-based scams ទៅកាន់ការលក់រូបិយបណ្ណឌីជីថល ដែលផ្តោតលើជនជាតិចិននិងជនជាតិផ្សេងទៀតជុំវិញពិភពលោក។

ការងារផ្សេងទៀតមានដូចជា ផ្សព្វផ្សាយបណ្ដាញសម្រាប់មនុស្សពេញវ័យ វេទិកាកីឡាអេឡិចត្រូនិច ល្បែងស៊ីសង និងការភ្នាល់តាមអ៊ីនធឺណិតគ្រប់ប្រភេទ ប៉ុន្តែជាពិសេសទាក់ទងនឹងការប្រកួតបាល់ទាត់ពិភពលោកនាពេលខាងមុខ។

វីអូឌី ក៏បានធ្វើការវិភាគតាមវិធីសាស្រ្ដបន្ថែមទៀតលើការបង្ហោះប្រហែល៣៥៣ផ្សេងទៀត នៅលើបណ្ដាញសង្គម White Shark ក្នុងរយៈពេលប្រាំមួយថ្ងៃ។ ទាំងនេះបានបង្ហាញពីទីផ្សារការងារដែលសម្បូរទៅដោយថៅកែនិងកម្មករដែលចង់ចូលក្នុងបណ្ដាញនេះ។ បទវិភាគនេះក៏បានជួយបង្ហាញអំពីមាត្រដ្ឋានសកលនៃឧស្សាហកម្មនេះផងដែរ ខណៈប្រព័ន្ធផ្សព្វផ្សាយនិងការ​ស៊ើបអង្កេតរបស់សង្គមស៊ីវិលថ្មីៗនេះបានបង្ហាញថា ប្រទេសកម្ពុជាមានទីផ្សារបើកចំហសម្រាប់ជនឆបោកដែលមានទំនាក់ទំនងជាមួយឥស្សរជននយោបាយនិងសង្គម។ ប្រទេសនេះគឺជាមជ្ឈមណ្ឌលសម្រាប់ឧស្សាហកម្មសកលភាវូបនីយកម្ម។

ការវិភាគលើការបង្ហោះបានរកឃើញការផ្សាយពាណិជ្ជកម្មចំនួន១២៥ ដែលទំនងជាករណីជួញដូរមនុស្ស ហើយជនដែលត្រូវបានគេជួញដូរមួយចំនួនមានតម្លៃទាបប្រហែល២ ០០០ដុល្លារ។ ក្នុងពេលជាមួយគ្នានេះ មិនមានភាពច្បាស់ថាតើបុគ្គលទាំងនេះមួយចំនួនបានយល់ព្រមដោយស្ម័គ្រចិត្ដ ឬសុំឱ្យគេរត់ពន្ធឆ្លងព្រំដែនដើម្បីស្វែងរកការងារនៅអង្គការឆបោក។ អង្គការទាំងនេះប្រើពាក្យពេចន៍ផ្សេងៗគ្នា ដើម្បីសំដៅលើសកម្មភាពខុសច្បាប់របស់ខ្លួន។

ក្នុង​ចំណោម​ការ​ផ្សាយ​ពាណិជ្ជកម្មអំពី​ការ​ជួញ​ដូរ​មនុស្ស​សរុប​ចំនួន១២៥ករណី មាន២៤ករណីត្រូវ​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ថា​កំពុង​មាន​នៅក្នុងប្រទេស​កម្ពុជា។ ទីក្រុងឌូបៃមាន២៨ករណី និងហ្វីលីពីនមាន២៧ករណី ខណៈ១០ករណីទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ការផ្សាយពាណិជ្ជកម្មចំនួន ២៨ មិនបានបញ្ជាក់ពីទីតាំងណាមួយច្បាស់ឡើយ។

លោក យេរេមី ឌូក្លាស (Jeremy Douglas) ប្រធានតំបន់នៃការិយាល័យគ្រឿងញៀន និងឧក្រិដ្ឋកម្មនៃអង្គការសហប្រជាជាតិ បានថ្លែងថាការិយាល័យរបស់លោកក៏កំពុងតាមដានបណ្ដាញ [ជាច្រើន] ដែលពាក់ព័ន្ធនឹងប្រតិបត្តិការឆបោក ដែលគេសង្ស័យនៅតំបន់អាស៊ី
អាគ្នេយ៍ ពោលគឺ «នៅក្នុងតំបន់ពិសេសទី១ និងតំបន់ពិសេសទី៤ នៃប្រទេសមីយ៉ាន់ម៉ា ខេត្តបូកែវ (Bokeo) ប្រទេសឡាវ ប្រទេសហ្វីលីពីន និងនៅកន្លែងផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា»។

ខេត្តបូកែវ (Bokeo) ​ប្រទេស​ឡាវ​ ជា​ទីតាំងរបស់កាស៊ីណូ Kings Roman នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ Golden Triangle ជា​កន្លែងមួយ​ដែល​គេដឹងថា​​ជាប់​ពាក់ព័ន្ធ​នឹង​សហគ្រាស​ឧក្រិដ្ឋកម្ម​ជា​ច្រើន។

លោក Douglas បានមានប្រសាសន៍ថា បណ្ដាញតេឡេក្រាមដែលត្រូវបានត្រួតពិនិត្យដោយអង្គការ​សហប្រជាជាតិ ​ស្តីពី​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម (UNODC) ផ្ដោតជាចម្បងទៅលើកម្មករដែលនិយាយភាសាចិន និងជនរងគ្រោះពីការជួញដូរដែលអាចកើតមាន ហើយវាមិនខុសច្បាប់ដូច White Shark នោះទេ។

លោកបានសរសេរនៅក្នុងអ៊ីមែលថា៖ «មិនដូច White Shark HR ដែលហាក់ដូចជាកំពុងជួញដូរកម្មករនិងជនរងគ្រោះពីការជួញដូរយ៉ាងច្បាស់ ភាគច្រើនវាហាក់ដូចជាទំព័រជ្រើសរើសបុគ្គលិកដែលត្រូវបានប្រើ ដើម្បីទាក់ទាញកម្លាំងពលកម្មដែលនិយាយភាសាចិន។ ការសម្ដែងជាជ្រើសរើសបុគ្គលិកស្របច្បាប់ ធ្វើឱ្យមានការលំបាកសម្រាប់ការអនុវត្តច្បាប់ក្នុងកិច្ចអន្តរាគមន៍»។

មកពីអង្គការប្រឆាំងការឆបោកជាសកល អ្នកតំណាងរូបនេះបាននិយាយថា ជារឿយៗ ជនរងគ្រោះពីការជួញដូរ ព្យាយាមបង្កើតភស្តុតាងជាក់ស្តែងដែលបង្ហាញថា ពួកគាត់ចាញ់បោកគេ និងត្រូវបានគេផ្ដាច់ទំនាក់ទំនងទាំងឡាយ និងផ្ដល់អត្តសញ្ញាណក្លែងក្លាយ។

ពួកគេបាននិយាយថា៖ «នោះជាបញ្ហាដ៏ធំមួយសម្រាប់រឿងរ៉ាវដែលស្ថិតនៅក្រោមឆ័ត្រនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត»។

លោកបន្ថែមថា តំបន់ពណ៌ប្រផេះបែបនេះបានធ្វើឱ្យមានការលំបាកក្នុងការអំពាវនាវដល់អង្គភាពពាក់ព័ន្ធនិងទំនាក់ទំនងរវាងពួកគេ។

ភាគច្រើននៃមនុស្សដែលត្រូវបានផ្សាយពាណិជ្ជកម្មសម្រាប់លក់ក្នុងអំឡុងពេលនៃការវិភាគរយៈពេលប្រាំមួយថ្ងៃ មានជនជាតិថៃច្រើនជាងជនជាតិផ្សេងទៀត ក្នុងចំណោមជាតិសាសន៍ជាច្រើនដែលគេ​អាចទិញបាន។ ទោះជាយ៉ាងណា ក្នុងអំឡុងពេលវិភាគប៉ុន្មានសប្ដាហ៍ក្រោយមក បានបង្ហាញថា មានជនជាតិថៃតិចតួច ហើយជនជាតិវៀតណាម ឬជនជាតិចិនច្រើននាក់ ត្រូវបានជួញដូរនៅក្នុងទីក្រុងឌូបៃ ឬហ្វីលីពីន។

ឃ្លាដែលប្រើនៅក្នុងការប្រកាសទាំងនេះ គឺមិនច្បាស់លាស់។ ជារឿយៗ មានព័ត៌មានលម្អិតតិចតួច។ អ្នកផ្សព្វផ្សាយពាណិជ្ជកម្មនឹងនិយាយថា ពួកគេមានមនុស្ស [ប្រហែលជាបញ្ជាក់សញ្ជាតិរបស់អ្នកទាំងនោះ] ដែលមានជំនាញភាសា អាចវាយកុំព្យូទ័របានល្អ ឬមានបទពិសោធន៍ពីមុនទាក់ទងនឹងការឆបោក។

វីអូឌី បានទាក់ទងអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម ដោយធ្វើជាសុំព័ត៌មានបន្ថែមអំពីការជួញដូរមនុស្សដែលត្រូវបានជួញដូរ។ បើយោងតាមព័ត៌មានដែលទទួលបាន វាហាក់ដូចជាគ្មានបញ្ហាអ្វីឡើយក្នុងការដឹកជញ្ជូនឬពាក្យដែលពួកគេប្រើគឺ «លក់» អ្នកដែលពួកគេបានចុះឈ្មោះក្នុងបញ្ជីសម្រាប់លក់។

អ្នក​បង្ហោះម្នាក់បាន​សរសេរ​ថា៖​ «​លក់ជនជាតិ​វៀតណាម​ពីរ​នាក់​។ បច្ចុប្បន្ន​នេះ ពួកគេនៅ​ម៉ុក​បៃ [Moc Bai]។ ស្ត្រី​ទាំងពីរនាក់​នោះគ្មានបញ្ហាអ្វីឡើយក្នុងការវាយអត្ថបទ។ អ្នក​ណា​ត្រូវ​ការការងារ មក​ឱ្យ​លឿន​»។

ថ្វីត្បិតតែ​ម៉ុក​បៃ (Moc Bai) មានទីតាំងស្ថិតនៅប្រទេសវៀតណាម ជាប់ព្រំដែនជាមួយនឹងក្រុងបាវិតនៃប្រទេសកម្ពុជាក៏ដោយ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាភាសាចិន តែងតែប្រើឈ្មោះជាភាសាវៀតណាម ដើម្បីសំដៅទៅលើក្រុងបាវិត។

អ្នកផ្សព្វផ្សាយពាណិជ្ជកម្មបាននិយាយថា៖ «លក់អស់ហើយ! បើ​ខ្ញុំ​មាន​ទៀត ខ្ញុំ​នឹង​ប្រាប់​អ្នកឱ្យដឹង។ ប្រសិន​បើ​អ្នក​មាន​មនុស្សដើម្បីជួញដូរ អ្នកក៏​អាច​ទាក់ទង​​ខ្ញុំ​បានដែរ។ ចូររក្សាទំនាក់ទំនងជាមួយគ្នាជានិច្ច​។ យើងអាចផ្ដល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក»។

ក្រោយ​មក អ្នក​ផ្សព្វ​ផ្សាយពាណិជ្ជកម្ម​ផ្សេង​បាន​ផ្ញើឱ្យ វីអូឌី នូវទីតាំង​ដែល​អ្នក​ទិញ​អាច​សម្ភាសមនុស្ស​ដែលនឹង​ត្រូវ​លក់។

ការផ្សាយពាណិជ្ជកម្មរបស់អ្នកបង្ហោះម្នាក់នៅលើបណ្ដាញ White Shark បាននិយាយថា៖ «បានលក់ជនជាតិឥណ្ឌាម្នាក់នៅខេត្តព្រះសីហនុ។ គាត់អាចវាយអត្ថបទជាភាសាអង់គ្លេស និងមានតម្លៃសមរម្យ។ អ្នកអាចផ្ញើសារមកខ្ញុំដោយផ្ទាល់ ប្រសិនបើអាចទទួលយកបាន»។

អ្នកបង្ហោះបានប្រាប់ វីអូឌី ថាបុរសនោះអាចមានតម្លៃ ២ ៥០០ដុល្លារ ហើយជា[អ្នកចាប់ផ្ដើម]ពាក់ព័ន្ធនឹងបទពិសោធន៍ការងាររបស់គាត់។ ពួកគេបានផ្ញើរូបភាពលិខិតឆ្លងដែនរបស់បុរសនោះ ដែលបង្ហាញថា គាត់ពិតជាមកពីប្រទេសបង់ក្លាដែស ហើយគាត់កើតក្នុងឆ្នាំ១៩៩៤។

អ្នក​បង្ហោះ​​បាន​បន្ថែមទៀតថា ពួកគេ​និង​បុរស​នោះ​នៅ​កន្លែង​មួយ​ឈ្មោះ​សណ្ឋាគារ ហ្ស៊ីង យូ ថៃ (Xing Yue Tai) ហើយ​ថែមទាំងបាន​ផ្ញើ​ទីតាំង​ក្បែរ​កាស៊ីណូជីនប៉ី១ (Jin Bei 1) និង​រង្វង់​មូល​តោ​មាស ក្នុង​ខេត្ត​ព្រះសីហនុ។ ពេលដែលអ្នក​ទិញ​​មក​ដល់ អ្នក​បង្ហោះ​បាន​និយាយ​ថា ពួកគេ​នឹង​នាំ​បុរស​នោះ​ទៅ​បន្ទប់​ទទួល​ភ្ញៀវ​ដើម្បី​ជជែក​គ្នា។

លោក Douglas មកពី UNODC បាននិយាយថា ប្រតិបត្តិការឆបោកមួយចំនួនហាក់ដូចជាមានការលាក់បាំង ឬពាក់ព័ន្ធនឹងកាស៊ីណូអនឡាញ។

លោកបានសរសេរថា៖ «ប្រទេសកម្ពុជា គឺជាតួអង្គដ៏សំខាន់មួយ ហើយគ្មានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយសារតែប្រទេសនេះមានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបច្ចេកវិទ្យាព័ត៌មានសំខាន់ៗសម្រាប់ប្រតិបត្តិការល្បែងស៊ីសង ហើយឧស្សាហកម្មកាស៊ីណូបានរងផលប៉ះពាល់បន្ទាប់ពីការហាមប្រាមមិនឱ្យចេញអាជ្ញាបណ្ណអនឡាញថ្មី។ គេត្រូវការប្រាក់ចំណូលជាចាំបាច់ ហើយវាជា​មូលហេតុចម្បង​។»

ថ្លែងទៅកាន់ឧស្សាហកម្មឆបោកនៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាងរបស់ខ្លួន លោក Douglas ក៏បានចង្អុលបង្ហាញពីកត្តាមួយចំនួន ដូចជា ភាពខ្វះចន្លោះក្នុងអភិបាលកិច្ច និងការទទួលបានកម្មករនិយាយភាសាចិននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលជួយជំរុញការផ្លាស់ប្តូរ ប៉ុន្តែលោកនៅតែបន្តសង្កត់ធ្ងន់លើតួនាទីរបស់កាស៊ីណូ និងល្បែងអនឡាញ។

លោកបន្ថែមទៀតថា៖ «យើងមិនអាចនិយាយឱ្យច្បាស់ថា អ្នកណានៅពីក្រោយរឿងទាំងអស់នោះឡើយ ប៉ុន្តែមានការពាក់ព័ន្ធនឹងប្រតិបត្តិការកាស៊ីណូសំខាន់ៗមួយចំនួន។ មជ្ឈមណ្ឌលល្បីឈ្មោះ ដូចជា សណ្ឋាគារ KB មានការពាក់ព័ន្ធច្រើននៅក្នុងកាស៊ីណូខេត្តព្រះសីហនុ ដែលមានយ៉ាងហោចណាស់កាស៊ីណូចំនួន៥ ហើយនៅក្នុងតំបន់ពិសេសទី១ [Special Region 1] និងមីយ៉ាវ៉ាឌី [Myawaddy] ក្នុងប្រទេសមីយ៉ាន់ម៉ា។»

និយាយអំពីបណ្ដាញ White Shark វិញ ខ្លឹមសារផ្សេងទៀតដែលវិភាគដោយវីអូឌី រួមបញ្ចូលទាំងប្រធានបទចម្រុះ។ អ្នករាយការណ៍ព័ត៌មានបានឃើញការបង្ហោះចំនួន៩៤ អំពីអ្នកស្វែងរកការងារសម្រាប់តួនាទីប្រសើរជាងមុននៅក្នុងអង្គការឆបោកដែលមានការប្រកួតប្រជែង និងមានការប្រកាសចំនួន៩២ ពីមនុស្សដែលចង់បញ្ចេញមតិយោបល់របស់ពួកគេ អំពីអ្នករត់ពន្ធ អ្នកជួញដូរ និងអាជីវកម្មខុសច្បាប់ផ្សេងទៀតដែលពួកគេគិតថាមិនបានបំពេញតាមកិច្ចព្រមព្រៀង។

ឈ្មោះពេញរបស់ក្រុមនេះគឺ «White Shark Channel/HR/Tossing people/Job hunting/Hiring/Exposure/Complaints»។

ក្នុង​ចំណោម​អ្នក​រក​ការងារ​ធ្វើ​ទាំងនោះ គឺ​ជា​មនុស្ស​មក​ពី​ប្រទេស​ផ្សេងៗគ្នា ​រួម​មាន ចិន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​រុស្ស៊ី។ អ្នកបង្ហោះមួយចំនួន ជាពិសេសអ្នកដែលនៅក្នុងប្រទេសចិន កំពុងស្វែងរកការងារធ្វើពីចម្ងាយ ជំនាញផ្សព្វផ្សាយពាណិជ្ជកម្ម ដូចជា ការលួចចូល (Hacking) និងវិស្វកម្មគេហទំព័រ ជាដើម។ ប្រហែល ៥% នៃអ្នកស្វែងរកការងារបាននិយាយថា ពួកគេកំពុងស្វែងរកការងារ [ធម្មតា] បន្ថែមទៀត ដូចជា ធ្វើជាចុងភៅឯកជន គណនេយ្យករ ឬអ្នកគ្រប់គ្រងអាជីវកម្ម។

ក៏មានការបង្ហោះចំនួន៣១ ដែលផ្សាយពាណិជ្ជកម្មអំពីការផ្ដល់ប្រាក់រង្វាន់ចំពោះការចាប់ខ្លួនជនល្មើស ឬផ្តល់ព័ត៌មានអំពីកន្លែងលាក់ខ្លួនរបស់ពួកគេ។ ការបង្ហោះទាំងនេះមួយចំនួនបានផ្ដល់ព័ត៌មានលម្អិតតិចតួចអំពីគោលដៅក្រៅពីឈ្មោះនិងព័ត៌មានរបស់ពួកគេ ខណៈព័ត៌មានផ្សេងទៀត រួមបញ្ចូលទាំងព័ត៌មានអំពីមូលហេតុដែលអ្នកបង្ហោះចង់បានពួកគេ។

បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​បង្ហោះ​នោះ ​បាន​ធ្វើ​ការ​ជា​អ្នក​ដឹកជញ្ជូន ប៉ុន្តែ​បាន​លួច​កញ្ចប់​ថ្នាំ​ញៀន​ខុស​ច្បាប់​ពី​ថៅកែរបស់ខ្លួន ដែល​ឥឡូវ​នេះ​គេកំពុងតែ​តាម​ចាប់ខ្លួនគាត់។ ថៅកែផ្សេងទៀតផ្ដល់ប្រាក់រង្វាន់សម្រាប់ការចាប់ខ្លួនកម្មករធ្វើការក្នុងវិស័យឆបោក ដែលរត់ចេញពីក្រុមហ៊ុនដែលត្រូវបានគេឃុំឃាំងនិងបង្ខំឱ្យធ្វើការ។

ការបង្ហោះមួយចំនួនផ្សេងទៀត រួមមាន រូបថតអេក្រង់អំពីការសន្ទនារវាងថៅកែនិងកម្មកររបស់ពួកគេដែលបានភៀសខ្លួន។

ការបង្ហោះទាំងនេះ ដែលជាធម្មតាត្រូវបានធ្វើឡើងដោយថៅកែ ជាទូទៅមានចំណងជើងរិះគន់កម្មករ ចំពោះអ្វីដែលអ្នកបង្ហោះបានចាត់ទុកថាជាអាកប្បកិរិយាមិនសមរម្យ ជាពិសេសក្នុងករណីដែលអង្គការឆបោកបានជួយក្នុងការរត់ពន្ធមនុស្សចេញពីប្រទេសចិនដើម្បីរកការងារធ្វើ។

ការបង្ហោះផ្សេងទៀតដែលវិភាគដោយវីអូឌី រួមមាន អត្ថបទសារព័ត៌មានចំនួនប្រាំ អំពីករណីឧក្រិដ្ឋកម្មនៅអាស៊ីអាគ្នេយ៍ ដែលពីរករណីជាករណីស្វែងរកអ្នករត់ពន្ធសម្រាប់ជួល និងពីរករណីទៀតស្វែងរកព័ត៌មានអំពីសមាជិកគ្រួសារដែលបាត់ខ្លួន។

ក៏មានអ្នកបង្ហោះម្នាក់ទៀតនិយាយថា «ពួកគេអាចផ្គត់ផ្គង់[ជនជាតិ]ថៃជាប្រចាំ» ហើយកំពុងស្វែងរកជនឆបោកដែលមានបទពិសោធន៍ដើម្បីជួយពួកគេបង្កើតអាជីវកម្ម។

ការបង្ហោះចុងក្រោយ គឺមកពីមេខ្យល់ដែលបង្ហោះផ្សាយពាណិជ្ជកម្មរយៈពេលបីថ្ងៃ ដែលមានស្ត្រីស្លៀកពាក់សិចស៊ី។

ទោះជាយ៉ាងណា ខណៈមានការបង្ហោះជាច្រើននៅក្នុងបណ្ដាញសង្គមមួយនេះ មានព័ត៌មានលម្អិតតិចតួច មានការផ្តល់ជូនជាច្រើនពីប្រតិបត្តិករកម្ពុជា ចំពោះការផ្សាយពាណិជ្ជកម្មស្វែងរកការងារក្លែងក្លាយ។ ការផ្ដល់ជូនទាំងនោះ គឺមកពីប្រតិបត្តិករក្នុងរាជធានីភ្នំពេញ ក្រុងព្រះសីហនុ ក្រុងបាវិត ក្រុងប៉ោយប៉ែត ខេត្តពោធិ៍សាត់ និងតំបន់ជ្រៃធំ ក្នុងស្រុកកោះធំ ខេត្តកណ្តាល ជាប់ព្រំដែនប្រទេសវៀតណាម។

ជាធម្មតា ពួកគេចាប់ផ្ដើមដោយស្វែងរកព័ត៌មានផ្ទាល់ខ្លួនមួយចំនួនពីអ្នកស្នើសុំ ដូចជា ទីតាំងរបស់ពួកគេ តួនាទីដែលពួកគេចង់បាន និងថាតើពួកគេមានលិខិតឆ្លងដែនឬទេ។ ការងារមួយត្រូវធ្វើការ១២ម៉ោងក្នុងមួយថ្ងៃ ចាប់ផ្តើមនៅម៉ោង១១ព្រឹក និងឈប់សម្រាកពី២ទៅ៤ថ្ងៃក្នុងមួយខែ។

ប្រាក់ខែគោលមានចាប់ពីប្រហែល៨៩០ដុល្លារ ទៅ១ ៤៨៦ដុល្លារក្នុងមួយខែ សម្រាប់កម្មករអាជីវកម្មឆបោកម្នាក់ និង១៨ ០០០ដុល្លារសម្រាប់ប្រធានក្រុម។ គេសន្យាផងដែរថា កម្មករនឹងទទួលបានកម្រៃជើងសានៅក្នុងក្រុមការងាររបស់ពួកគេ ដែលជារឿយៗផ្តោតលើការងារឆបោកជាក្រុម។ អ្នកជ្រើសរើសកម្មករប្រាប់ វីអូឌី ថា បើក្រុមណាមួយរកចំណូលបានកាន់តែច្រើន ពួកគេនឹងទទួលបានកម្រៃជើងសាកាន់តែច្រើនដែរ។

កម្រៃជើងសា អាចកាត់ចេញពីប្រាក់ចំណូល ពេលខ្លះអាចជាសម្ភារ។ ករណីឆបោកមួយផ្នែកលើការលួចកាបូបប្រាក់អេឡិចត្រូនិច cryptocurrency wallet theft ដែលត្រូវបានផ្សព្វផ្សាយអំពីការផ្ដល់ប្រាក់រង្វាន់ ដូចជា​ ខ្សែក្រវាត់ស្បែកម៉ាក Gucci, ទូរសព្ទ iPhone 13 Pro Max, ចិញ្ចៀនម៉ាក Cartier, នាឡិកាម៉ាក Rolex, រថយន្ត BMW 3 series និងរថយន្តម៉ាក Porsche Cayenne។

ការផ្ដល់ជូនជាច្រើនក៏ត្រូវមានលក្ខខណ្ឌតម្រូវជាអតិបរមាអំពីការអនុវត្តការងារផងដែរ។ ប្រសិនបើកម្មករមិនអាចបំពេញតាមលក្ខខណ្ឌតម្រូវនោះ ក្រុមហ៊ុនអាចបញ្ឈប់ពួកគេពីការងារ។​ ភាគច្រើនទាក់ទងនឹងចំនួនមនុស្សដែលគេលក់ទៅឱ្យប្រតិបត្តិការផ្សេងទៀត។

យ៉ាងណាក៏ដោយ មានការបង្ហោះមួយចំនួននៅក្នុងបណ្ដាញនេះ ដែលព្រមានអំពីឧស្សាហកម្មឆបោកនេះផងដែរ។ ការបង្ហោះនោះមានដូចជា វីដេអូ និងរូបថត ដែលបង្ហាញពីជនឆបោកដែលត្រូវបានធ្វើទារុណកម្មនិងវាយដំដោយអ្នកចាប់បង្ខាំង ក៏ដូចជារូបភាពនិងវីដេអូដែលបង្ហាញពីទម្រង់នៃការរំលោភបំពានផ្សេងទៀត។

ការបង្ហោះមួយដែលមានពីរផ្នែក យកចេញពីបណ្ដាញសង្គម WeChat មានវីដេអូនិងរូបថតបង្ហាញពីបុរសម្នាក់ត្រូវបានគេធ្វើទារុណកម្មដោយចាក់ទឹកឱ្យឈ្លក់ ដែលពិពណ៌នាអំពីលក្ខណៈនៃការឆបោកនៅកម្ពុជាយ៉ាងក្រៀមក្រំ។

វីដេអូបង្ហាញពីបុរសម្នាក់កំពុងអង្គុយនៅលើកៅអីនៅក្នុងបន្ទប់ដ៏ធំមួយ ដោយដៃនិងជើងជាប់ចំណង។ បុរស​ម្នាក់​ទៀត​អង្គុយ​បែរ​មុខទៅរក​គាត់​ ដោយខ្នងបែរទៅ​កាន់​កាមេរ៉ាចំកោង​ទៅ​មុខ និងកាន់បារី ហើយ​​និយាយ​ខ្សឹបៗដែល​បន្ទរ​ដោយ​ស្ត្រី​ម្នាក់​ដែល​ហាក់​ដូច​ជា​កំពុង​កាន់​កាមេរ៉ា។

បន្ទាប់មកទៀត គេយកបុរសដែលដៃនិងជើងជាប់ចំណងនោះដាក់ឱ្យដេកផ្ងារទៅលើឥដ្ឋ និងយកកន្សែងមកគ្របមុខគាត់។ បុរស​ដែលបានរៀបរាប់ពីខាងដើម​ ដែលអង្គុយបែរ​ខ្នង​ដាក់​កាមេរ៉ា ចាក់​ទឹក​លើ​កន្សែងដែលគ្របលើ​មុខ​គាត់​ ដើម្បីធ្វើ​ឱ្យ​គាត់​ថប់​ដង្ហើម។

កថាខណ្ឌ​មួយ​ចំនួន​នៃ​អត្ថបទ​ជា​ភាសា​ចិនដែល​បាន​ចែករំលែក​នៅលើ​រូបភាព​ និយាយ​ថា​ ហេតុការណ៍នេះ​​កើតឡើង​នៅរាជធានី​ភ្នំពេញ។ ចំណងជើងមួយទៀតនៅលើវីដេអូបង្ហាញពីលក្ខខណ្ឌនៃឧស្សាហកម្មឆបោកដូចដែលមាននៅក្នុងប្រទេសកម្ពុជាដែរ។

ចំណងជើងនោះបាន​និយាយទៀត​​ថា​៖ «ពួកគេ​គិត​ថា ​នេះ​ជា​ប្រទេស​កម្ពុជា ដូច្នេះ​ពួកគេ​អាច​ធ្វើ​អ្វី​បាន​តាម​ចិត្ត​។ តាមពិតទៅ វាជារឿងពិត ពួកគេមានលុយច្រើន ហើយថែមទាំងអាចសម្លាប់មនុស្សទាំងដៃប្រលាក់ឈាម។ ពួកគេមិនខ្លាចឡើយ ព្រោះនៅទីនេះ គេអាចប្រើលុយដើម្បីដោះស្រាយបញ្ហាទាំងអស់។ ប្រសិនបើបុរសម្នាក់នៅក្នុងវីដេអូនេះឈ្លក់ទឹកស្លាប់ ពួកគេគ្រាន់តែនិយាយថា វាជាឧបទ្ទវហេតុ ហើយពួកគេឱ្យប្រាក់បន្តិចបន្តួចដល់នគរបាល ហើយគ្មាននរណាម្នាក់ខ្វល់ពីមូលហេតុនៃការស្លាប់នោះឡើយ បើទោះបីជាមានស្លាកស្នាមនៅលើដៃជើងរបស់គាត់ បង្ហាញថាគាត់​ត្រូវបានធ្វើទារុណកម្មក៏ដោយ»។

អ្នក​បង្ហោះ​រូប​នេះ​បាន​បន្ត​ថា នគរបាលមូលដ្ឋានឃើញ​តែ​លុយប៉ុណ្ណោះ ពួកគេមិន​ឃើញ​ពីរបួសឡើយ។

អ្នក​បង្ហោះ​រូប​នេះ​បន្ថែមទៀត​ថា៖ «​ក្នុង​អាជីវកម្ម​ឆបោក​នៅ​កម្ពុជា ជីវិត​មនុស្ស​មាន​តម្លៃ​ថោក​ជាង​សត្វ​ទៅ​ទៀត។ កម្មករត្រូវបានបង្ខាំងទុកយ៉ាងឃោរឃៅបំផុត។ ប្រសិនបើធ្វើការមិនបានសម្រេចតាមផែនការ ពួកគេនឹងត្រូវបានវាយដំ និងធ្វើទារុណកម្ម ហើយបន្ទាប់មកលក់ទៅឱ្យអាជីវកម្មបន្ទាប់ ដែលពួកគេនឹងចាប់ផ្តើមការងារជាថ្មី»។

អង្គការសង្គមស៊ីវិលជាច្រើនបានទទូចឱ្យអាជ្ញាធរកម្ពុជាចាត់វិធានការតឹងរ៉ឹង ដើម្បីបង្រ្កាបក្រុមជនឆបោកដែលភាគច្រើនពួកគេធ្វើប្រតិបត្តិការនៅតាមទីតាំងដែលមានឈ្មោះល្បី។

ខណៈនគរបាលរំដោះកម្មករចេញពីកន្លែងទាំងនេះ មិនទាន់មានការពិន័យជាក់លាក់ណាមួយចំពោះអ្នកគ្រប់គ្រងរបស់ពួកគេនៅឡើយ។ ការស៊ើបអង្កេតថ្មីៗនេះ បានរកឃើញទំនាក់ទំនងមួយចំនួនរវាងទីតាំងនានាជាមួយនឹងឥស្សរជនខ្មែរមួយចំនួន។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បានអះអាង​ថា វា​មិន​អាចទេ ​​ដែល​នគរបាលមិន​ស៊ើប​អង្កេត​លើ​ការ​ស្លាប់​គួរ​ឱ្យ​សង្ស័យ។

លោកបន្ថែមថា៖ «​ពលរដ្ឋ​ណា​ដែល​ស្លាប់​ខុសប្រក្រតី តែងតែ​មាន​ការ​ស៊ើបអង្កេត ហើយ​នគរបាល​ធ្វើ​កោសលវិច័យ​។ គ្រួសារ​របស់​ពួក​គេ​នឹង​មិន​នៅ​ស្ងៀម​ទេ ប្រសិន​បើ​មាន​រឿង​បែប​នេះ​កើត​ឡើង។ ហេតុអ្វីបានជាពួកគេចេះដឹងច្រើនជាងគ្រួសារគេម៉្លេះ? អ្នកទាំងនោះជាមនុស្សល្ងីល្ងើ និងខ្វាក់ភ្នែក។ អាជ្ញាធរ​យើង​មិន​ខ្វាក់​ភ្នែក​ដូច​ពួកគេ​ទេ ហើយ​ពួកគេទេ​ជា​មនុស្សដែល​ខ្វាក់ភ្នែក»។

លោកបន្តថា៖ «វា​មិន​អាច​ទេ​ដែល​ពេល​មនុស្ស​ស្លាប់ យើង​​បោះ​បង់ចោល​ដូច​​ខ្មោចឆ្កែ។ ពេលនរ​ណា​ម្នាក់​ស្លាប់​ មាន​មន្ត្រី​មក​ពិនិត្យ​និង​ស៊ើប​អង្កេត»។

លោក​ថា​ មិនមានការធ្វើទារុណកម្ម​​ទេ ហើយ​លោកបានលើកឡើងថា ​ប្រទេស​ណាក៏មាន​បញ្ហានេះដែរ។

លោកថា៖ «គ្មានប្រទេសណាដែលល្អឥតខ្ចោះ ឬជាឋានសួគ៌ទេ ហើយសូម្បីតែប្រទេសមហាអំណាចក៏មានរឿងមិនល្អកើតឡើងដែរ»។


* អ្នករាយការណ៍ព័ត៌មានដែលនិយាយភាសាចិនបានចូលរួមចំណែកក្នុងការសរសេរអត្ថបទនេះ ប៉ុន្តែសុំមិនបញ្ចេញឈ្មោះ ដោយសារព្រួយបារម្ភអំពីសុវត្ថិភាព៕

បកប្រែនិងសម្រួលដោយលោក លី សេងហន ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Underground Group Chat Teems With Human Trafficking Ads

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ