ក្រសួង​​ក្រើន​រម្លឹក​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​និង​​​ការ​ពារ​​ជំងឺ​អុត​ស្វា​ ​ក្រោយ​រក​ឃើញ​​​​ករណី​ដំបូង​​​នៅ​កម្ពុជា​

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល ក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅកម្ពុជាឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងសកម្មក្នុងការចូលរួមបន្តអនុវត្តវិធានការការពារនូវការចម្លងជំងឺអុតស្វា ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រោយ​រកឃើញ​អ្នកឆ្លងជំងឺ​នេះដំបូងនៅកម្ពុជាលើបុរសជនជាតិនីហ្សេរីយ៉ាមួយរូប។

ការក្រើនរម្លឹកនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល បានប្រកាសរកឃើញ​បុរសជនជាតិនីហ្សេរីយ៉ាកើតមានជំងឺអុតស្វា ​ ដែលបានរត់គេចចេញពីប្រទេសថៃមកកម្ពុជាកាលពីថ្ងៃទី២២ ខែកក្កដា និង​បានរកឃើញបុរសរូបនោះនៅរាជធានីភ្នំពេញកាលពីម្សិលមិញ។ ​

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ស្របពេល​កម្ពុជា បានរកឃើញករណីជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលអាជ្ញាធរថៃ បានធ្វើរោគវិនិច្ឆ័យថា មានជំងឺអុតស្វា ហើយបានរត់គេចខ្លួនចូលមកកម្ពុជានោះ អង្គការសុខភាពពិភពលោក (WHO) ក៏បានប្រកាសដាក់ភាពអាសន្ន ផ្នែកសុខភាពសាធារណៈនៃជំងឺរាតត្បាតអុតស្វា នៅលើសាកលលោក​ដែរ។ បញ្ហានេះ កំពុងតែជំរុញឱ្យបណ្តាប្រទេសទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការសុខាភិបាល ឱ្យបានហ្មត់ចត់ រួមទាំងការត្រៀមលក្ខណៈក្នុងការឆ្លើយតបជាបន្ទាន់ ទៅនឹងការរាតត្បាតនៃជំងឺនេះ។

ក្រសួងសុខាភិបាល អំពាវនាវដល់បុគ្គល ដែលបានប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិនីហ្សេរីយ៉ា ត្រូវដាក់ខ្លួននៅដោយឡែកពីក្រុមគ្រួសារ ហើយស្វែងរកការគាំទ្រពិនិត្យសុខភាព ពីក្រុមគ្រូពេទ្យ ឬហៅទៅលេខ ១១៥ ដើម្បីទទួលបានការជួយអន្តរាគមន៍ ផ្នែកសុខភាព​ទាន់ពេលវេលា ចៀសវាងការចម្លងបន្តនូវជំងឺអុតស្វានេះ នៅក្នុងគ្រួសាររបស់ខ្លួន និងក្នុងសហគមន៍ជាដើម។

សេចក្តីជូនដំណឹងមានខ្លឹមសា៖ « ក្រសួងក៏សូមអំពាវនាវក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងសកម្មចូលរួមបន្តអនុវត្តវិធានការការពារនូវការចម្លងជំងឺអុតស្វានេះ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយជារឿយៗកន្លងទៅនេះ  ហើយបុគ្គល គ្រួសារ និងសហគមន៍ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ»។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ជំងឺអុតស្វា ដែលបានរាយការណ៍កន្លងមកភាគច្រើន គឺឆ្លងតាមរយៈការមកប្រើប្រាស់សេវាសុខភាពផ្លូវភេទ ឬសេវាសុខភាពផ្សេងទៀត នៅតាមគ្រឹះស្ថានថែទាំសុខភាពបឋម ឬមន្ទីរពេទ្យ ជាមួយនឹងប្រវត្តិនៃការធ្វើដំណើរជាចម្បង ទៅកាន់ប្រទេសនៅអឺរ៉ុប និងអាមេរិកខាងជើង ឬប្រទេសផ្សេងទៀត ដែលផ្ទុះជំងឺនេះ។

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី  មានប្រសាសន៍ថា ជំងឺអុតស្វា ស្រដៀងនឹងជំងឺរើម ជំងឺអុតស្វាយ ជាដើម ប៉ុន្តែលោកថា ជំងឺនេះអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានតាមរយៈការប្រើប្រាស់សម្ភារៈ និងសំលៀកបំពាក់រួមគ្នា។

ករណីនេះ លោក អ៊ូច វុទ្ធី ស្នើទៅប្រជាពលរដ្ឋទាំងអស់នៅទីប្រជុំជន និងនៅតំបន់ដាច់ស្រយាលត្រូវចេះអនាម័យ  ​ និងឃើញអ្នកណាដែលមានអាការៈក្តៅខ្លួន មានកន្ទួលលើដងខ្លួនចម្លែក ត្រូវរាយការណ៍ទៅគ្រូពេទ្យ ឬមណ្ឌលសុខភាពជិតបំផុត ទើបអាចទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះមានប្រសិទ្ធភាពខ្ពស់ ។

លោកអំពាវនាវដូច្នេះថា៖ «យើងត្រូវរួមគ្នាទប់ស្កាត់ទាំងអស់គ្នាបានទៅរួច។ បើយើងបណ្តែតបណ្តោយ ហើយចេះតែលាក់វាអាចឆ្លងហានិភ័យទៅក្នុងគ្រួសារ និងសហគមន៍របស់គាត់ មិនមែនតែគ្រួសារអ្នកក្រីក្រទេ។ វាអាចឆ្លងដល់អ្នកមានដែរ ព្រោះអ្នកមានត្រូវការដេកអូតែល និងផ្ទះសំណាក់ ជួនកាលកម្រាល ឬពូក   អត់បានយកទៅបោក ឬកម្តៅ វាអាចឆ្លងលឿន ។ អ៊ីចឹងបើយើងដឹងថា មានអ្នកឆ្លងឬសង្ស័យកើតជំងឺ [អុតស្វា] ហ្នឹង ត្រូវរាយការណ៍ទៅសមត្ថកិច្ច គ្រូពេទ្យ  ឬមណ្ឌលសុខភាពជិតបំផុត ទើបទប់ស្កាត់បាន»។

បើតាមក្រសួងសុខាភិបាលបញ្ជាក់ថា រោគសញ្ញានៃជំងឺអុតស្វានេះរួមមាន កន្ទួលរមាស់បែបពងទឹកនៅលើដងខ្លួន បាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្តៅខ្លួនលើសពី ៣៨.៥ អង្សាសេ និងមានឈឺក្បាល ហើមកូនកណ្តុរ ឈឺសាច់ដុំនិងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំងជាដើម។

ចំណែក បុគ្គលណាដែលពាក់ព័ន្ធ ឬធ្លាប់មានប្រវត្តិធ្វើដំណើរ ទៅកន្លែងដែលមានកើតជំងឺអុតស្វា ត្រូវដាក់បុគ្គលនោះឱ្យនៅដាច់ដោយឡែក ដើម្បី​ពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យជាចាំបាច់ភ្លាមៗ ឬអាចបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិត។

រីឯ បុគ្គលសង្ស័យដែលមិនមានរោគសញ្ញា មិនចាំបាច់​ធ្វើចត្តាឡីស័កទេ ហើយអាចធ្វើការងារជាធម្មតា គ្រាន់តែមានការប្រុងប្រយ័ត្ន ដោយមិនត្រូវទៅប៉ះពាល់អ្នកដទៃ ក្នុងអំឡុងពេលធ្វើការតាមដានសុខភាពរយៈពេល ២១ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ជាមួយអ្នកឈឺជំងឺអុតស្វានេះ។

ក្រសួងសុខាភិបាលក៏ប្រាប់ពីវិធីការពារដូចជា ត្រូវបរិភោគចំណីអាហារដែលឆ្អិនល្អ និងរក្សាអនាម័យចំណីអាហារ ចៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ ឬសម្ភារៈប្រើប្រាស់របស់អ្នកជំងឺ ឬបុគ្គលដែលសង្ស័យ ដូចជាសម្លៀកបំពាក់ ពូក ខ្នើយ ចាន ស្លាបព្រា កែវទឹក   ហាមរួមភេទ ជាពិសេសការប៉ះពាល់ស្បែក ឬកន្លែងដែលមានចេញពងទឹកបែកជាដើម។

ក្រសួងថា នៅពេលជំងឺបានជាសះស្បើយ  ត្រូវអនុវត្តអនាម័យខ្លួនប្រាណ រស់នៅស្អាត ​ ដោយលាងសម្អាតដៃជាមួយសាប៊ូ ឬដែលអាល់កុល និងអនុវត្តការការពារការចម្លងតាមផ្លូវដង្ហើម  ចៀសវាងការប៉ះពាល់ជាមួយសត្វ (រស់ ឬស្លាប់) និងរក្សាអនាម័យដៃជានិច្ច។ ប្រសិនបើបានជាជ្រុលប៉ះពាល់ សូមកុំយកដៃទៅប៉ះពាល់សរីរាង្គណាមួយលើដងខ្លួនឱ្យសោះ និងត្រូវលាងសម្អាតជាមួយសាប៊ូ ឬអាល់កុល ភ្លាមៗ។

ប្រសិនបើមានចម្ងល់លើករណីនេះ ឬសំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទ ១១៥ ឬ តាមលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៨៣៦ ៨៦៨ ឬ ០១២ ៩៥៨ ១៧៩។

ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រោយ​ផ្ទុះ​ជំងឺអុតស្វា រហូតមកដល់បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោក (WHO) បានទទួលរបាយការណ៍ថា មានអ្នកជំងឺអុតស្វាសរុបចំនួន ១៥ ៧៣៤ករណី និងស្លាប់សរុបចំនួន៥នាក់ ដែលកើតនៅបណ្តាប្រទេសចំនួន៧៥​ ក្នុងតំបន់ចំនួន៥ នៅលើសកលលោក៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ