អតីតតំណាងស្ថាបនិកគណបក្សបេះដូងជាតិ បានស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឱ្យជួយអន្តរាគមន៍ទៅតុលាការទម្លាក់បទចោទប្រកាន់ ដោយថាលោកមិនបានក្លែងឯកសារ និងស្នាមមេដៃប្រជាពលរដ្ឋយកទៅកុហកក្រសួងមហាផ្ទៃ ដើម្បីបង្កើតគណបក្សនោះទេ។
ក្នុងពាក្យស្នើសុំរបស់ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ដែលកំពុងជាប់ឃុំនៅពន្ធនាគារ បានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ជូង ជូងី ដែលជាមេធាវីការពារក្តីរបស់ខ្លួន បានឱ្យដឹងថា លិខិតនោះបានដាក់ចូលទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី២២ ខែកក្កដា។
ក្នុងលិខិតនោះបានលើកឡើងថា កាលពីអំឡុងឆ្នាំ២០២១រូបគាត់ និងបញ្ញវន្តខ្មែរមួយចំនួនដែលមានបំណង និងឆន្ទៈបង្កើតគណបក្សបេះដូងជាតិ ដើម្បីចូលរួមកសាងកម្ពុជាឱ្យបានជាប្រទេសប្រជាធិបតេយ្យ សេរី ពហុបក្ស និងជានីតិរដ្ឋ។ លើសពីនេះ ដើម្បីចូលរួមឱ្យមានការគោរពច្បាប់ និងសិទ្ធិមនុស្ស ហើយប្រជាពលរដ្ឋជាម្ចាស់អំណាច អាចប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល សាលាជម្រះក្តី និងចង់ឱ្យអំណាចនីតិប្រតិបត្តិ បញ្ញត្តិ និងអំណាចយុត្តាធិការចែកដាច់ពីគ្នា។
នៅអំឡុងពេលនោះ លោក សៀម ភ្លុក បានរៀបចំលក្ខន្តិកៈ និងស្នាមមេដៃប្រជាពលរដ្ឋដែលគាំទ្រគណបក្សដាក់ជូនក្រសួងមហាផ្ទៃ ដើម្បីចុះបញ្ជីគណបក្សបេះដូងជាតិ។ ប៉ុន្តែក្រោយពីទទួលបានឯកសារ អត្តសញ្ញាណប័ណ្ណ និងស្នាមមេដៃប្រជាពលរដ្ឋហើយ ក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវលើឯកសារទាំងនោះ រកឃើញថា មានអ្នកផ្តិតមេដៃជំនួស មានក្លែងបន្លំអត្តសញ្ញាណ និងការផ្តិតមេដៃខូចគុណភាពជាដើម។
ពាក្យស្នើសុំទៅលោក ស ខេង ដដែល លោក សៀម ភ្លុក អះអាងថា គាត់មិនបានបន្លំ ឬមានចេតនាបន្លំឯកសារ ឬស្នាមេដៃប្រជាពលរដ្ឋទាំងនោះទេ។ ករណីនេះ លោក ស្នើសុំទៅឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឱ្យជួយអន្តរាគមន៍ទៅតុលាការដើម្បីទម្លាក់បទចោទប្រកាន់ទាំងឡាយមកលើលោក ដោយថាលោកមិនបានក្លែងឯកសារ ឬស្នាមមេដៃប្រជាពលរដ្ឋ យកទៅកុហកក្រសួងមហាផ្ទៃ ដើម្បីបង្កើតគណបក្សបេះដូងជាតិនោះទេ។
លិខិតស្នើសុំបន្តថា៖ «ក្នុងករណីមានការក្លែងបន្លំមែន គឺជាកំហុសដោយអចេតនា ខ្ជីខ្ជា មិនមែនជាចេតនាក្នុងការប្រព្រឹត្តបទល្មើសទេ ហើយក៏មិនបានបង្កព្យសនកម្មដល់ស្ថាប័នណាមួយឡើយ។ ក្រសួងមហាផ្ទៃបានបដិសេធក្នុងការចុះបញ្ជីគណបក្សបេះដូងជាតិ គឺជាទណ្ឌកម្មសមល្មមសម្រាប់គណបក្សបេះដូងជាតិហើយ ប៉ុន្តែក្រសួង[មហាផ្ទៃ]ថែមទាំងបានចោទប្រកាន់ខ្ញុំបាទ[លោក សៀម ភ្លុក] មកតុលាការនិងចាប់ឃុំខ្លួនខ្ញុំបាទថែមទៀត គឺជាការផ្តល់ទណ្ឌកម្មធ្ងន់ធ្ងរណាស់សម្រាប់រូបខ្ញុំ»។
លោក ជូង ជូងី ដែលជាមេធាវីការពារក្តីឱ្យលោក សៀម ភ្លុក មានប្រសាសន៍បន្ថែមថា ក្រសួងមហាផ្ទៃបានទទួលពាក្យស្នើសុំរបស់កូនក្តីលោកកាលពីថ្ងៃសុក្រទី២២ ខែកក្កដា ។ ប៉ុន្តែលោកថា ក្រសួងមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេ។
មេធាវីរូបនោះបញ្ជាក់ថា ដើមចមដែលនាំឱ្យកូនក្តីរបស់លោកស្នើទៅលោក ស ខេង ដើម្បីអន្តរាគមន៍ ទម្លាក់ការចោទប្រកាន់មកលើគាត់ ដោយសារតែក្រសួងមហាផ្ទៃជាអ្នកប្តឹងលើសំណុំរឿងនេះ។ មេធាវីរូបនេះបន្តថា ប្រសិនបើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមដកពាក្យបណ្តឹងចេញពីតុលាការវិញ នោះសំណុំរឿងនេះនឹងត្រូវបញ្ចប់មិនខាន។
លោក ជូង ជូងី អះអាងថា កូនក្តីរបស់លោកមិនបានធ្វើខុសដូចការចោទប្រកាន់ទេ និងមិនមានចេតនាក្លែងឯកសារ ឬស្នាមមេដៃដាក់ទៅក្រសួងមហាផ្ទៃ ដើម្បីសុំបង្កើតគណបក្សនោះដែរ។
លោកអះអាងដូច្នេះថា៖ «បើគាត់ដឹងពីដើមទីថា មានឯកសារក្លែងក៏គាត់អត់យកទៅប្រើប្រាស់ ឬយកទៅដាក់នៅក្រសួងមហាផ្ទៃធ្វើអី ព្រោះធម្មតាអ្នកនយោបាយគេត្រូវការអ្នកគាំទ្រពិត មិនមែនត្រូវការអ្នកគាំទ្រក្លែងបន្លំទេ។ អ៊ីចឹងគាត់អត់មានចេតនាប្រព្រឹត្តក្លែង ហើយគាត់ក៏អត់បានក្លែងដែរ។ អ្វីៗគឺតំណាងគណបក្សនៅតាមមូលដ្ឋានជាអ្នករៀបចំបញ្ជូនមកឱ្យគាត់ ហើយគាត់ដាក់ទៅក្រសួងមហាផ្ទៃ»។
វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងលោក ផាត សុផានិត បានទេនៅថ្ងៃអាទិត្យនេះ ។
កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ សភាស៊ើបសួរសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក ឃុន លាងម៉េង បានប្រកាសសាលដីកាដោយមិនអនុញ្ញាតឱ្យលោក សៀម ភ្លុក នៅក្រៅឃុំឡើយ។ លោកបញ្ជាក់ថា ការសម្រេចបែបនេះ ដើម្បីទុកជនត្រូវចោទជូនតុលាការបន្តនីតិវិធីទៀត។
ដើរចេញពីបន្ទប់ប្រកាសសាលដីកាក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំ និងដៃមានជាប់ខ្នោះ លោក សៀម ភ្លុក មានប្រសាសន៍យ៉ាងខ្លីថា ការសម្រេចរបស់តុលាការនេះជារឿងអយុត្តិធម៌។ លោកបន្តថា ការចាប់និងឃុំខ្លួនរូបលោកនេះជាសំណុំរឿងនយោបាយ មិនមែនជាការអនុវត្តតាមច្បាប់ទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ គួរបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយក្រៅរដ្ឋាភិបាល។ បន្ថែមពីនេះ អ្នកនយោបាយគួរតែរួមគ្នាដោះស្រាយបញ្ហាប្រឈមនានារបស់ជាតិ ដើម្បីធ្វើឱ្យបរិយាកាសនយោបាយមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ មានភាពល្អប្រសើរ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ។
លោកមានប្រសាសន៍ថា៖ «យើងជាសង្គមស៊ីវិលនៅតែមានសង្ឃឹមថា អ្នកនយោបាយនិងមានការសម្របសម្រួលគ្នា ដើម្បីបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយ។ ប៉ុន្តែការសម្រេចទម្លាក់បទចោទ ឬយ៉ាងណា អាស្រ័យលើក្រសួងមហាផ្ទៃ និងតុលាការ» ។
កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចបានចាប់ខ្លួន លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ ដោយលោកត្រូវបានតុលាការចោទប្រកាន់ពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង»។
លោក សៀម ភ្លុក ត្រូវបានក្រសួងមហាផ្ទៃរកឃើញថា មានជាប់ពាក់ព័ន្ធនឹងការក្លែងស្នាមមេដៃ ដើម្បីបង្កើតគណបក្សបេះដូងជាតិ កាលពីខែមិថុនា ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ផ្ញើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែវិច្ឆិកា ឆ្នាំ២០២១៕









