ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន២៤ករណីបន្ថែមទៀត កាលពីថ្ងៃម្សិលមិញ ខណៈអ្នកជំងឺចំនួន១០នាក់ បានជាសះស្បើយ។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ថ្មី ដែលបានរកឃើញទាំង២៤នាក់នោះ ជាការឆ្លងវីរុសប្រភេទអូមីក្រុង ក្នុងនោះមាន១៨នាក់ជាករណីដែលស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។
ចំណែកអ្នកជាសះស្បើយវិញ ក្រសួងថាមានចំនួន១០នាក់ ខណៈមិនមានករណីស្លាប់នោះទេ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១៣៦ ៦១២នាក់ ក្នុងនោះជាសះស្បើយ ១៣៣ ៤០៨នាក់ និងស្លាប់ចំនួន៣ ០៥៦នាក់៕












