កម្ពុជាសម្រេចអនុវត្តព្យួរទោសសាកល្បងនិងទោសសហគមន៍ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ

ពន្ធនាគារបញ្ជូនអ្នកជាប់ឃុំមកចូលសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា កម្ពុជាសម្រេចជាលើកដំបូងក្នុងការអនុវត្តព្យួរទោសសាកល្បង និងទោសការងារសហគមន៍ទៅលើទណ្ឌិត ដើម្បីកាត់បន្ថយភាពចង្អៀត​ណែនក្នុងពន្ធនាគារ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាសាលាបឋមសិក្សា «ហ៊ុន សែន ថ្នល់ទទឹង» ​និងសមិទ្ធផលនានា ​នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ​បានថ្លែងថា តាមគោលការណ៍ ការបន្ធូរបន្ថយ និងលើកលែងទោសនៅក្នុងមួយឆ្នាំ មានចំនួន៥ដង រួមមាន ថ្ងៃ៧មករា ថ្ងៃចូលឆ្នាំខ្មែរ ពិសាខបូជា ពិធីបុណ្យអុំទូក និងថ្ងៃបុណ្យឯករាជ្យ។

បន្ថែមពីនេះ លោកថា ក្រោយពីលោកបានជជែកជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នាពេលថ្មីៗនេះ បានសម្រេចអនុវត្តព្យួរទោសសាកល្បង និងទោសការងារសហគមន៍ទៅលើទណ្ឌិតដែលមានអាកប្បកិរិយា សីលធម៌ល្អ បានត្រលប់ទៅជួបជុំគ្រួសារវិញ ដើម្បីកាត់បន្ថយការចង្អៀតណែនក្នុងពន្ធនាគារ។

លោកមានប្រសាសន៍ថា៖ «ការដោះលែងមានលក្ខខណ្ឌ គឺអ្នកហ្នឹងគាត់មានការកែប្រែខ្លួនល្អ ហើយជាប់ឃុំនៅសល់ និងមិនឱ្យលើសពី៦ខែ យើងអាចដោះលែងបាន។ ប៉ុន្តែលក្ខខណ្ឌនោះយ៉ាងម៉េច គឺលក្ខខណ្ឌនោះត្រង់ថា គាត់ទៅ[ផ្ទះ]វិញ ត្រូវធ្វើអំពើល្អ កែប្រែខ្លួនបន្តទៀត។ ប៉ុន្តែបើប្រព្រឹត្តបទល្មើសតទៅទៀត ចាប់យកមកវិញ។ យើងបានអនុវត្តសាកល្បងចំនួន១៧នាក់។ អ៊ីចឹងអគ្គនាយកដ្ឋានពន្ធនាគារ ត្រូវតាមដានរឿងនេះ។ បើល្អ យើងធ្វើបន្តទៀត ដើម្បីបន្ធូរបន្ថយ[ភាព]តានតឹងនៅក្នុងពន្ធនាគារ»។

លោកបន្ថែមថា៖ «មានករណីមួយទៀត មាននៅក្នុងច្បាប់របស់យើង និយាយពីទោសការងារសហគមន៍។ ទោសសហគមន៍នេះចង់និយាយអញ្ចេះ អ្នកដែលប្រព្រឹត្តបទល្មើសមជ្ឈិមដែលស្រាល ហើយស្រាលនេះ តុលាការកាត់[ទោស]ហើយ អត់យកទៅដាក់ឃុំខ្លួននៅពន្ធនាគារទេ គឺយកមកដាក់នៅផ្ទះវិញ យកមកដាក់នៅក្នុងភូមិហ្នឹងវិញ តែយើងអត់ហ៊ានធ្វើ។ តែឥលូវនេះ ខ្ញុំសុំយោបល់ចាប់ពីហ្នឹងទៅ សុំឱ្យយោគយល់បញ្ហាហ្នឹង ប្រជាពលរដ្ឋសហគមន៍របស់យើង បើអាចធ្វើបានជាការល្អដែរ គឺថាវាបន្ធូរបន្ថយនៅ[ភាពចង្អៀតណែន]ក្នុងពន្ធនាគារដែរ»។

មាត្រា១១៧ និងមាត្រា១១៨ នៃក្រមព្រហ្មទណ្ឌ បានចែងថា លក្ខខណ្ឌនៃការព្យួរទោសសាកល្បងនូវទោសដែលបានសម្រេច​ដាក់ពន្ធនាគារ ​មានរយៈពេលពី៦ខែទៅ៥ឆ្នាំ។ ការព្យួរទោសសាកល្បង មានអានុភាពដាក់ឱ្យជនជាប់ចោទនិងទណ្ឌិតស្ថិតនៅក្រោមវិធានការត្រួតពិនិត្យ និងការគោរពនូវកាតព្វកិច្ចដោយឡែកមួយឬច្រើនក្នុងរយៈពេលសាកល្បង។ តុលាការកំណត់រយៈពេលនៃការសាកល្បងមិនអាចតិចជាង១ឆ្នាំ ឬមិនលើសពី៣ឆ្នាំទេ។

ចំណែកមាត្រា១០១ និងមាត្រា១០២ នៃក្រមព្រហ្មទណ្ឌដដែលចែងថា ទោសការងារសហគមន៍នឹងអាចប្រកាសបាន លុះត្រាតែជនជាប់ចោទមានវត្តមាននៅពេលសវនាការ ហើយយល់ព្រមធ្វើការងារនះ។ តុលាការមុនពេលប្រកាសសាលក្រមឬសាលដីកា ត្រូវប្រាប់ជនជាប់ចោទថា សាម៉ីខ្លួនមានសិទ្ធិប្រកែកមិនព្រមធ្វើការងារនេះ។ ចម្លើយរបស់ជនជាប់ចោទត្រូវតែមានចុះនៅក្នុងសាលក្រមឬសាលដីកា។ ទោសការងារសហគមន៍នេះត្រូវកំណត់អំពីថេរវេលានៃការងារ និងរយៈពេលដែលត្រូវបំពេញ មិនអាចលើសពី១ឆ្នាំបានទេ។

ទោះជាយ៉ាងណា លោក ស ខេង ស្នើទៅប្រជាពលរដ្ឋកុំឱ្យមានការគុំកួន ឬប្រើហិង្សាសងសឹកលើទណ្ឌិតនិងជាប់ចោទទាំងនោះ​ នៅពេលដែលពួកគេត្រូវដាក់ឱ្យអនុវត្តទោសសាកល្បង និងទោសការងារសហគមន៍​។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការបន្ធូរបន្ថយទោស គឺលុះត្រាទណ្ឌិតអនុវត្តទោសបាន ១ភាគ៣ នៃកម្រិតទោស។ ចំណែកទណ្ឌិតដែលត្រូវលើកលែងទោស គឺលុះត្រាអនុវត្តទោសបាន ២ភាគ៣ និងម្យ៉ាងទៀតត្រូវបានពិចារណាតាមរយៈការសង្កេតលើអត្តចរិតរបស់ទណ្ឌិតផ្ទាល់ផងដែរ។

ដោយឡែក ការព្យួរទោសសាកល្បង និងទោសការងារសហគមន៍ឯណោះវិញ លោក អំ សំអាត ស្នើទៅស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តឱ្យមានតម្លាភាព ដោយមិនប្រកាន់បក្ខពួកឬនិន្នាការនយោបាយណាមួយឡើយ ទើបជាផ្នែកមួយជួយកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ និងមិនប៉ះពាល់ដល់ការរំលោភសិទ្ធិមនុស្ស ជាដើម ។

លោកមានប្រសាសន៍ថា៖ «យើងមានច្បាប់ អ៊ីចឹងការអនុវត្តច្បាប់មិនមានការរើសអើង ឬការស្រឡាញ់ ឬការស្អប់ទៅលើអ្នកណា ឬក៏និន្នាការនយោបាយអ្វីទេ គឺត្រូវអនុវត្ត អនុវត្តឱ្យស្មើភាពគ្នា។ អ៊ីចឹងបើសិនជាមានការរើសអើង វាផ្ទុយពីច្បាប់ វានាំឱ្យប៉ះពាល់ទៅដល់សិទ្ធិ ទៅដល់អ្នកដែលត្រូវអនុវត្តទោសការងារសហគមន៍ដូចគ្នា។ អ៊ីចឹងបានច្បាប់គេមិនឱ្យមានការរើសអើង ឬក៏អនុវត្តចំពោះទេ»។

កាលពីខែសីហា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ​បានបង្ហាញក្ដីកង្វល់​ចំពោះ​ភាព​ចង្អៀត​ណែនក្នុងពន្ធនាគារ ដែលមាន​អ្នក​ជាប់​ឃុំ​ទូទាំង​ប្រទេសប្រមាណ​៤​០ ០០០​នាក់​​។ លោក​អះអាង​ពេលនោះថា​ ចំនួន​អ្នក​ជាប់​ឃុំ​កើន​យ៉ាង​គំហុក​ ភាគ​ច្រើន​បណ្ដាល​មក​ពី​ករណី​គ្រឿងញៀន​ ហើយកំណើនអ្នកជាប់ឃុំនោះមិន​សមស្រប​​តាម​ស្ដង់ដារ​មន្ទីរ​ឃុំឃាំង​ ឬមណ្ឌលអប់រំកែប្រែឡើយ។

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយកាលពីខែឧសភា ឆ្នាំ២០២១ ដោយទទូចឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកជាប់ឃុំក្នុងបទល្មើសស្រាលៗ ឬអ្នកជាប់ឃុំដែលកំពុងរង់ចាំការកាត់ទោស ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នសិន ខណៈជំងឺកូវីដ-១៩បានឆ្លងរាលដាលចូលទៅក្នុងពន្ធនាគារ។

បើតាមរបាយការណ៍របស់អង្គការអន្តរជាតិទាំងពីរ យ៉ាងហោចណាស់ មានអ្នកជាប់ឃុំប្រមាណ ៣៥% នៃចំនួនអ្នកជាប់ឃុំសរុបជិត៤ម៉ឺននាក់ ​នៅក្នុងពន្ធនាគារទូទាំងប្រទេស គឺជាអ្នកជាប់ឃុំបណ្តោះអាសន្នដើម្បីរង់ចាំសវនាការកាត់ទោស ហើយពួកគេគួរត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នដោយភ្ជាប់ជាមួយ​លក្ខខណ្ឌ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ