មន្ត្រី​សុខាភិបាល​ចិន​ថា ចំនួ​ន​ប្រជាជនចិន​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្លាក់ចុះ​មុន​ឆ្នាំ២០២៥

អ្នក​ចូលទស្សនាដើរកាត់​ពី​មុខ​រូបលោក​ប្រធានាធិបតី​ចិន Xi Jinping ក្នុង​អំឡុង​ពេល​ការ​តាំង​ពិព័រណ៍​សមិទ្ធផល​របស់​ប្រទេស​ចិន ​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី៧០ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន (PRC) នៅ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​ប៉េកាំង ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។ (REUTERS/Jason Lee)

មន្ត្រីសុខាភិបាលជាន់ខ្ពស់ម្នាក់នៃប្រទេសចិន បានលើកឡើង​ថា ចំនួន​ប្រជាជនចិនបានថយចុះ​គួរឱ្យកត់សម្គាល់ ហើយគេរំពឹងថានឹងចាប់ផ្ដើមធ្លាក់ចុះមុនឆ្នាំ២០២៥។

ទិន្នន័យកំណើតដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យបានបង្ហាញថា ចំនួន​កំណើត​ថ្មីក្នុង​ឆ្នាំ​២០២១ គឺ​ទាប​បំផុត ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​នៅក្នុង​ខេត្ត​មួយ​ចំនួន។

ការផ្សព្វផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន Global Times និងត្រូវបាន​បណ្ដាញសារព័ត៌មាន​ Reuters ស្រង់មកចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ ​បាន​លើកឡើងថា ចំនួន​កំណើត​​នៅ​ក្នុង​ខេត្ត​ហ៊ូ​ណាន​​ភាគកណ្ដាល បានធ្លាក់ចុះក្រោម៥០០ ០០០នាក់​ជាលើកដំបូងក្នុងរយៈពេលជិត៦០ឆ្នាំ។ មាន​តែ​ខេត្ត​ក្វាងទុងភាគ​ខាង​ត្បូង​ប្រទេស​ចិនប៉ុណ្ណោះ​ ដែល​មាន​កំណើត​ថ្មី​ជាង​១លាន​​នាក់។

ប្រទេស​ចិន​កំពុង​ទប់ស្កាត់ការ​ធ្លាក់​ចុះ​យ៉ាង​ឆាប់​រហ័ស​នៃ​កំណើន​ប្រជាជន​ ខណៈ​យុវជន​ជា​ច្រើន​ជ្រើស​រើស​មិនយកកូន​ ដោយ​សារ​កត្តាមួយចំនួន ​រួម​មានការចំណាយច្រើន និង​សម្ពាធ​ការងារ។

សារព័ត៌មាន Global Times បាននិយាយដោយដកស្រង់សម្តីលោក យ៉ាង វ៉េនហ្ស័ង (Yang Wenzhuang) ប្រធានផ្នែកកិច្ចការប្រជាជន និងគ្រួសារនៅគណៈកម្មការសុខភាពជាតិ ថាចំនួនប្រជាជនចិនត្រូវបានគេរំពឹងថានឹងចាប់ផ្ដើមធ្លាក់ចុះនៅឆ្នាំ២០២១-២០២៥។

ការផ្លាស់ប្ដូរច្បាប់របស់ប្រទេសចិនកាលពីឆ្នាំមុន ក្នុងការអនុញ្ញាតឱ្យស្ត្រីមានកូន៣នាក់ មិនបាន​រួមចំណែក​ក្នុង​ការ​ទប់​ស្កាត់​ការធ្លាក់ចុះនៃកំណើនប្រជាជនឡើយ ដោយស្ត្រីជាច្រើននិយាយ​ថា ការផ្លាស់ប្តូ​រ​ច្បាប់​នោះ​គឺ​យឺត​ពេល​ទៅ​ហើយ ហើយពួកគេមានសន្តិសុខការងារមិនគ្រប់​គ្រាន់ និងសមភាពយេនឌ័រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ