សង្គមស៊ីវិល​ចាត់​ទុក​ការ​ចោទប្រកាន់​រឿង​ញុះញង់​កូដករ​ណាហ្គាវើលដ៍​ថា​ជា​ការ​លាបពណ៌​ពួកគេ

កូដករណាហ្គាវើលដ៍​ ប្រមូលផ្ដុំធ្វើកូដកម្មទាមទារដំណោះស្រាយពី​​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី))

មន្ត្រីសង្គមស៊ីវិល និងសហជីព បានលើកឡើងថា ​ការចោទប្រកាន់របស់អាជ្ញាធររាជធានីភ្នំពេញ ជុំវិញរឿងវិវាទកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ថាពួកគេជាអ្នកញុះញង់កូដករឱ្យប្រើអំពើហិង្សា គឺជាការចោទដែលគ្មានភស្តុតាង និងជាការលាបពណ៌ដោយគ្មានការពិត។

ការច្រានចោលនេះធ្វើឡើងក្រោយពេលរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃទី២៣ ខែកក្កដា ដោយបានចោទប្រកាន់ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ និងអ្នកស្រី យ៉ាង សុភ័ណ្ឌ ថាបានញុះញង់ឱ្យកូដករណាហ្គាវើលដ៍បុកទម្លុះបារ៉ាស់របស់សមត្ថកិច្ច រហូតមានអំពើហិង្សាកើតឡើង។ ​ 

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ បានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់នេះ​​។ លោកចាត់ទុកការចោទប្រកាន់នោះថា ​ជារឿងលាបពណ៌ទៅលើ​រូបលោកដែលជា​អ្នកសង្កេ​តការណ៍តែប៉ុណ្ណោះ។ ​

លោកថា៖ «អ៊ីចឹងខ្ញុំគិតថា ការធ្វើបែបនេះ គឺមើលខ្ញុំនៅក្នុងផ្លូវមិនល្អហើយ។ អ៊ីចឹងគួរតែមើលយើងជាអ្នកសង្កេតការណ៍ជាអ្នកស្អាតស្អំ ហើយជាដំណោះស្រាយល្អជាង។ ម្យ៉ាងទៀត ការលាបពណ៌បែបនេះ វាធ្វើឱ្យដំណោះស្រាយ វាធ្វើឱ្យរឿងវែងឆ្ងាយតទៅទៀត។ អ៊ីចឹងខ្ញុំគិតថា គួរតែបញ្ចប់ត្រឹមហ្នឹងទៅ»។

ដូចគ្នានេះដែរ ប្រធានសម្ព័ន្ធ​សហ​ជីព​កម្ពុជា ​អ្នកស្រី យ៉ាង សុភ័ណ្ឌ ​ហួសចិត្តចំពោះការចោទប្រកាន់របស់រដ្ឋបាលរាជធានីភ្នំពេញមកលើអ្នកស្រី​។ អ្នកស្រីអះអាងថា ​អំឡុងពេលមានការប្រើអំពើហិង្សានោះ គាត់គ្រាន់តែជាសង្កេតការណ៍ដោយដើរតាមកម្មករតែប៉ុណ្ណោះ ហើយអ្នកស្រីក៏ទាមទារឱ្យអាជ្ញាធរបង្ហាញភស្តុតាងជុំវិញការចោទប្រកាន់នេះផងដែរ។

អ្នកស្រីថា៖ «ក្នុងនាមខ្ញុំជាអ្នកឃ្លាំមើល​ នៅពេលដែលក្រុមកូដករគាត់ដើរ​ អ៊ីចឹងខ្ញុំក៏ដើរទៅតាមពួកគាត់​ បន្ទាប់មកខ្ញុំក៏ឃើញខាងសមត្ថកិច្ចគាត់កញ្ជ្រោល​ ខាង​កម្មកររបៀបថា ដោយសារតែមានការច្រាន​ខាងកម្មករបងប្អូនកម្មករដួល​។ អ៊ីចឹងខ្ញុំគ្រាន់តែទៅលើកគាត់ឡើងមកទេ»​។​

ប្រធានសហជីពដដែល ខកចិត្តចំពោះអាជ្ញាធរដែលប្រើកម្លាំងហួសដែនសមត្ថកិច្ច ដើម្បីការពារផលប្រយោជន៍ក្រុមហ៊ុនណាហ្គាវើលដ៍ ស្របពេល​កូដករតែងរងអំពើហិង្សាទៅវិញ​។

អ្នកស្រីថា៖ «តើក្រុមសមត្ថកិច្ចមួយណាដែលរងអំពើហិង្សាហ្នឹង​? មួយណា? ខ្ញុំរកអត់ឃើញ!​ ឃើញតែក្រុមកូដករទេ​ [ដែលរងហិង្សា] ប្រាកដណាស់ ខ្ញុំមើលឃើញគាត់ [កូដករ]​ ហើយគាត់ហ្នឹងមកសួរនាំ​ថា ​នរណាប្រើអំពើហិង្សាលើគាត់? ហើយគាត់រកយុត្តិធម៌នៅពេលហ្នឹង មិនអ៊ីចឹង​»។

វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី និងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានទេ នៅថ្ងៃចន្ទនេះ​។

ចំណែកឯ​អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ក៏មិនបានឆ្លើយជុំវិញរឿងនេះដែរ ដោយប្រាប់​ឱ្យទៅសួរ​អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ដែលជាអ្នកចេញសេចក្តីប្រកាសព័ត៌មាននោះវិញ។ ​

យ៉ាងណា ក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានលើកឡើងថា ដូចសព្វមួយដង ការធ្វើកូដកម្មរបស់កូដករក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី២២ ខែកក្កដា ធ្វើឡើងក្នុងគោលបំណងបង្កើតរូបភាពអវិជ្ជមានផ្សេងៗ ដើម្បីទម្លាក់កំហុសមកលើអាជ្ញាធរអនុវត្តច្បាប់។

ប្រភពដដែលបន្តថា ការទម្លាក់កំហុសមកលើអាជ្ញាធរនោះ ដើម្បីយកទៅផ្សព្វផ្សាយតាមរយៈការលូកដៃចូលរួមយ៉ាងចំហនិងសកម្មពីបុគ្គលមួយចំនួន ដែលមិនមែនជាអតីតបុគ្គលិកនិងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ឡើយ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចោទត្រង់ៗទៅកាន់លោក វន់ ពៅ និងអ្នកស្រី យ៉ាង សុភ័ណ្ឌ ថាបានញុះញង់ក្នុងន័យដុតកម្ដៅបញ្ឆេះកំហឹង​ធ្វើឱ្យបាតុករ​ហ៊ានបុកទម្លាយរបាំងឬបារ៉ាស់ និងបង្កហិង្សាលើសមត្ថកិច្ច ក្នុងទ្រង់ទ្រាយធំជាងមុន ដែលសមត្ថកិច្ចចាំបាច់ត្រូវប្រើប្រាស់សិទ្ធិការពារខ្លួន។

សេចក្តីប្រកាសព័ត៌មានបន្តថា៖ «អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់ក្រុមបាតុករជាអតីតបុគ្គលិកនិងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ មួយចំនួនតូចដែលនៅសេសសល់ សូមបញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់ផ្សេងៗ រួមទាំងការប្រមូលផ្ដុំធ្វើបាតុកម្មនៅតាមទីសាធារណៈ ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ហើយងាកមកចូលរួមអនុវត្តយន្តការដោះស្រាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ»។ 

កូដករណាហ្គាវើលដ៍មួយរូបដែលត្រូវបានសមត្ថកិច្ចប្រើអំពើហិង្សារហូតបណ្ដាលឱ្យរបួសលើផ្ទៃមុខ កាលពីថ្ងៃទី២២ កញ្ញា ពៅ រស្មី ​បានលើកឡើងថា​ កាលនោះ ក្រុមកូដករបានចាប់ផ្ដើមដើរចេញពីចំណុចផ្សារអ៊ីអន១ ទៅកាន់ណាហ្គា២។ កញ្ញាបន្តថា ពេលមកដល់ចំណុចសាកលវិទ្យល័យបៀលប្រាយ ​ដែលអាជ្ញាធរបានដាក់របាំងបិទផ្លូវឬបារ៉ាស់ បិទមិនឱ្យពួកគាត់អាចដើរទៅមុខបាននោះ ក្រុមកូដករព្យាយាមដើរវាង តែអាជ្ញាធរបានចាប់ផ្ដើមរុញច្រាន និងប្រើអំពើហិង្សាលើពួកគាត់តែម្តង។

កញ្ញាថា៖ «នៅពេលដែលយើងឈរនៅមុខបារ៉ាស់មួយសន្ទុះ ហើយយើងក៏អត់បានទៅបើកបារ៉ាស់អាជ្ញាធរដែរ ហើយយើងក៏ដើរទៅវាងផ្លូវមួយចំហៀងទៀត ហើយក៏​គាត់ស្ទុះ ខ្លាចយើងទៅដល់ណាហ្គា គឺគាត់ស្ទុះ​មកទាំងកំរោលហ្មង»។​

នាយក​ទទួលបន្ទុក​កិច្ចការទូទៅ នៃអង្គការលីកាដូ លោក អំ សំអាត ​យល់ឃើញថា ​ការចោទប្រកាន់របស់អាជ្ញាធរទៅលើមន្ត្រីសង្គមស៊ីវិលនេះ គឺជាចេតនាមួយដើម្បីបំភិតបំភ័យសហជីពដែលកំពុងសង្កេតការណ៍លើវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍។

តែយ៉ាងណា ​លោកគិតថា ភាគីពាក់ព័ន្ធគួរឈប់លាបពណ៌គ្នា ហើយងាកមកចូលរួម​ដោះស្រាយវិវាទមួយនេះឱ្យឆាប់ចប់​ ចៀសវាងបណ្ដោយឱ្យ​បញ្ហាកាន់តែអូសបន្លាយយូរ។

លោកថា៖ «ខ្ញុំយល់ថា ការចោទប្រកាន់នេះមិនមែនជារឿងត្រឹមត្រូវនោះទេ ព្រោះបើយើងមើលបញ្ហាដែលធ្វើនោះ គឺថាកូដករបានធ្វើកូដកម្មអស់រយៈជាងប្រាំមួយ[ទៅ]ប្រាំពីរខែមកហើយ តែសម្រាប់ដំណោះស្រាយមិនទាន់កើតឡើងសម្រាប់ពួកគាត់។ ហើយខ្ញុំយល់អញ្ចេះវិញទេ ថាការចោទប្រកាន់នេះ ជាការបំភិតបំភ័យគំរាមកំហែងទៅលើមេដឹកនាំសហជីព និងសង្គមស៊ីវិលឃ្លាំមើលកូដករទៅវិញទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ