រដ្ឋសភា​គ្រោងប្រជុំ​ពិភាក្សាលើ​សេចក្ដីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់ធម្មនុញ្ញបន្ថែម ក្នុងសប្ដាហ៍នេះ

លោក ហេង សំរិន ប្រធានរដ្ឋសភា លើកដៃក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ National Assembly Of Cambodia)

រដ្ឋសភាគ្រោងបើកសម័យ​​ប្រជុំពេញអង្គពិភាក្សាលើសេចក្ដីព្រាងវិសោធនកម្មមាត្រាមួយចំនួន​នៃ​រដ្ឋធម្មនុញ្ញ និងមាត្រា​ចំនួន​២នៃ​​ច្បាប់​ធម្មនុញ្ញបន្ថែម នៅថ្ងៃព្រហស្បតិ៍ក្នុងសប្ដាហ៍នេះ។ 

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភា​​​ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ បានឱ្យដឹងថា អង្គប្រជុំនៃ​គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បាន​សម្រេចយកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ សម្រាប់បន្តសម័យ​ប្រជុំ​រដ្ឋសភា លើកទី៧ នីតិកាលទី៦ ដោយ​លើកយករបៀបវារៈមួយចំនួនមក​ពិភាក្សា។

បើតាមសេចក្ដីប្រកាសព័ត៌មាន របៀបវារៈដែលនឹងលើកយកមកពិភាក្សានោះ ក៏មាន​សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្ម​មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា​៩៨ថ្មី មាត្រា​១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ រួមនឹងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃ​ច្បាប់ធម្មនុញ្ញបន្ថែមផងដែរ។

រដ្ឋសភាបានទទួល​សេចក្ដីព្រាង​វិសោធនកម្ម​​រដ្ឋ​ធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ពីគណៈរដ្ឋមន្ត្រី​ កាលពីថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ២០២២ ហើយគណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ បាន​សម្រេច​ប្រគល់សេចក្ដីព្រាងវិសោធន​កម្ម​​រដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ទៅឱ្យ​គណៈកម្មការ​ជំនាញ​ ដើម្បី​ពិនិត្យសិក្សា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។​

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ កាលពីថ្ងៃទី១៤ ខែកក្កដា បានគូសបញ្ជាក់តាម​រយៈសន្និ​សីទ​សារព័ត៌​មា​ន​​មួយ​​ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម នូវមាត្រាចំនួន​៨នោះ ក្នុងគោលបំណង​​បំពេញសេចក្តីខ្វះ​ចន្លោះនៃរដ្ឋធ​ម្មនុញ្ញដើម​ ដើម្បីឱ្យស្ថា​ប័នកំ​ពូល​រប​​ស់​​​​ជា​តិដំ​​​ណើ​រការទៅដោយ​រលូន ធានាស្ថិរភាព​នយោបា​យ ​និង​កា​រពា​រ​ប្រយោជ​ន៍ជា​តិ​។

ក៏ប៉ុន្តែសម្រាប់គណបក្សក្រៅរដ្ឋាភិបាល និងអ្នកឃ្លាំមើលមួយចំនួន នៅតែយល់ថា ការធ្វើវិសោធ​ន​កម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនេះ នឹងធ្វើឱ្យខាតប្រយោជន៍ជាតិច្រើនជាងផលចំណេញ។  

កាលពីថ្ងៃទី២១ ខែកក្កដា គណបក្សក្រៅរដ្ឋាភិបាលចំនួន ៤ រួមមាន គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា បានដាក់ញត្តិទៅកាន់រដ្ឋសភាស្នើកុំឱ្យអនុម័តលើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ដែលស្នើឡើងដោយបក្សកាន់អំណាច ដោយសម្អាងថា ការស្នើកែច្បាប់កំពូលជាថ្មីទៀតនេះ នឹងកាត់បន្ថយអំណាចសភា រារាំងដល់ដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស ផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញដើម។

គិតចាប់តាំងពីការបង្កើតរដ្ឋធម្មនុញ្ញឡើងក្នុងឆ្នាំ១៩៩៣ រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន១០លើកមកហើយ ខណៈច្បាប់ធម្មនុញ្ញបន្ថែម ក៏ត្រូវយកមកធ្វើវិសោធនកម្មជាមួយគ្នាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ