ប្រធានាធិបតី​ស្រីលង្កា​ថ្មី​និយាយថា ការ​តវ៉ា​អហិង្សា​ប្រឆាំង​រដ្ឋាភិបាល​លោក​អាច​បន្ត​ធ្វើបាន ខណៈ​ក្រុមសិទ្ធិមនុស្ស​ទាមទារ​ការ​ចាប់​ខ្លួន​អតីត​ប្រធានាធិបតី​នៅ​ប្រទេសសិង្ហបុរី

លោក Ranil Wickremesinghe​ និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ពេល​លោកចាក​ចេញ​ពី​ព្រះវិហារ​ពុទ្ធសាសនា ​ក្នុង​ទីក្រុង Colombo ប្រទេស​ស្រីលង្កា ថ្ងៃទី២០ ខែ​កក្កដា ឆ្នាំ២០២២។ (REUTERS/ Dinuka Liyanawatte)

ប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា (Sri Lanka) លោក រ៉ានីល វីក្រេមេស៊ីងហ្កេ (Ranil Wickremesinghe) បានប្រាប់អ្នកការទូតក្នុងសប្ដាហ៍នេះថា ការតវ៉ាអហិង្សាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនឹងត្រូវបានអនុញ្ញាត ទោះជាធ្វើក្នុងរដ្ឋធានីកូឡុំបូ (Colombo) ក៏ដោយ។

ការិយាល័យរបស់ប្រធានាធិបតីស្រីលង្កាបានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដោយពិពណ៌នាអំពីកិច្ចប្រជុំជាមួយប្រេសិតដែលមានមូលដ្ឋាននៅទីក្រុងកូឡុំបូ ថា «លោកប្រធានាធិបតី រ៉ានីល វីក្រេមេស៊ីងហ្កេ (Ranil Wickremesinghe) បានអះអាងជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ប្រទេសស្រីលង្កា ក្នុងការគោរពសិទ្ធិប្រមូលផ្ដុំដោយសន្តិវិធី និងអហិង្សា»។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែកក្កដា នេះ។

ការប្រកាសរបស់ការិយាល័យប្រធានាធិបតីថ្មីស្រីលង្កានេះ ក្រោយពីក្រុមអ្នកការពារសិទ្ធិមនុស្សដែលចងក្រងឯកសារអំពីការរំលោភបំពាននៅក្នុងប្រទេសស្រីលង្កា បានដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌទៅកាន់អគ្គមេធាវីរបស់ប្រទេសសិង្ហបុរី ដើម្បីស្វែងរកការចាប់ខ្លួនអតីតប្រធានាធិបតី លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ចំពោះការទទួលខុសត្រូវរបស់លោកនៅក្នុងសង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងទៅនេះ។

នៅក្នុងពាក្យបណ្ដឹងចំនួន៦៣ទំព័រដែលបានដាក់ទៅកាន់អគ្គមេធាវីប្រទេសសិង្ហបុរី កាលពីថ្ងៃសៅរ៍ គម្រោងការពិត និងយុត្តិធម៌អន្តរជាតិ (ITJP) បាននិយាយថា លោក Rajapaksa បានរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ជាពិសេសនៅក្នុងអំឡុងថ្ងៃចុងក្រោយនៃសង្រ្គាមស៊ីវិលរយៈពេល២៥ឆ្នាំ ដែលនៅពេលនោះ លោកបានកាន់តំណែងជារដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសដែនកោះមួយនេះ។

ទាក់ទិនបញ្ហានេះ នាយិកាប្រតិបត្តិ ITJP លោកស្រី Yasmin Sooka មានប្រសា​សន៍ថា អ្នកស្រីត្រូវឆ្លើយតបចំពោះករណីនេះ។ លោកស្រីបន្ថែមថា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ច្បាប់មនុស្ស ធម៌អន្តរជាតិ និងច្បាប់ព្រហ្មទណ្ឌអន្តរជាតិ នៅក្នុងអំឡុងពេលនៃសង្រ្គាមស៊ីវិលនៅក្នុងប្រទេសស្រីលង្កា។ ការរំលោភបំពានទាំងនោះ រួមមាន អំពើឃាតកម្ម ការប្រហារជីវិត ការធ្វើទារុណកម្ម អំពើអមនុស្សធម៌ ការចាប់រំលោភ និងទម្រង់ផ្សេងទៀតនៃអំពើហិង្សាផ្លូវភេទ ការដកហូតសិទ្ធិសេរីភាព ការធ្វើទុក្ខទោសធ្ងន់ធ្ងរដល់រាងកាយនិងផ្លូវចិត្ត និងការបង្អត់អាហារ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ