UPDATED៖ ពលរដ្ឋ​ជាង​៣០០នាក់​ប្រមូលផ្ដុំ​មុខ​សាលាស្រុក​ស្រែអំបិល ជំរុញ​ឱ្យ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ​ដីធ្លី

ពលរដ្ឋជាង៣០០នាក់ តំណាងឱ្យអ្នកភូមិជិត១ ០០០គ្រួសារ មកពីឃុំចំនួន៤ នៃស្រុកស្រែអំបិល ខេត្តកោះកុង បានប្រមូលផ្ដុំគ្នាមុខសាលាស្រុក ដើម្បីជំរុញទៅអាជ្ញាធរពន្លឿនការដោះស្រាយដីសម្បទានសង្គមកិច្ចដល់ពួកគាត់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ពលរដ្ឋ​អះ​អាង​​​ថា ពួកគេជាង៣០០នាក់ មកពីសហគមន៍ចំនួន៣ នៃស្រុកស្រែអំបិល ខេត្តកោះកុង ប្រមូលផ្ដុំគ្នាមុខ​សាលាស្រុក​ នៅ​ថ្ងៃ​នេះ ដើម្បីជំរុញទៅអាជ្ញាធរពន្លឿនការដោះស្រាយដីធ្លីជូនពួកគាត់ ខណៈពលរដ្ឋខ្លះកំពុងខ្វះដីសម្រាប់​បង្កបង្កើន​ផល។

សហគមន៍ទាំង៣នោះ រួមមាន សហគមន៍១៩៧ សហគមន៍៧៦៦ និងសហគមន៍១៧៥។

ពលរដ្ឋសហគមន៍៧៦៦​ នៅឃុំដងពែង លោក ឡាំង ចៀវ ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​២៥ ខែ​កក្កដា​នេះ​ថា ពួក​គាត់​ចំនួន៩៥៥គ្រួសារ រស់នៅឃុំដង​ពែង ឃុំជី​ខលើ ឃុំជី​ខ​ក្រោម និងឃុំបឹងព្រាវ ស្រុកស្រែអំបិល បានដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ច​ទៅ​អាជ្ញាធរ​ស្រុក និងខេត្ត រយៈពេល៤ឆ្នាំមកហើយ ប៉ុន្តែរហូតពេលនេះ អាជ្ញាធរទាំងនោះមិនទាន់មានការដោះស្រាយណាមួយសម្រាប់ពលរដ្ឋឡើយ។

លោកបន្ថែមថា៖ «ដោយសារ​ប្រជាពលរដ្ឋយើងកំពុងខ្វះខាតដី​សម្រាប់បង្កបង្កើនផលធ្វើស្រែចម្ការ ហើយកូនចៅរបស់ពួកគាត់​ក៏ច្រើន អ្នកខ្លះគាត់អត់មានដីសម្រាប់ធ្វើលំនៅឋាន អ្នកខ្លះទៀតកំពុងរស់នៅលើ[ដី]ចំណីព្រែករបស់រដ្ឋ ដោយ​ពួក​គាត់គ្មាន​ដី​សម្រាប់ការរស់នៅ»

ពលរដ្ឋនៅឃុំដងពែង​ម្នាក់​ទៀត លោក ចី រឿន និយាយ​ថា គ្រួសាររបស់គាត់​មានដី​សម្រាប់​ធ្វើ​ស្រែតិ​ច​តួច​ប៉ុណ្ណោះ ខណៈសមាជិក​គ្រួសារ​មាន​ចំនួន​ច្រើន និងកំពុងមានជីវភាពខ្វះខាត។ លោកថា នៅខេត្តកោះកុង មានដីទំនេរជាច្រើនកន្លែង​ ដែល​រដ្ឋគួរ​បែងចែកជាដីសម្បទានសង្គមកិច្ច​ចែក​ជូនពលរដ្ឋកំពុងខ្វះខាតដីអាស្រ័យផល ដើម្បីឱ្យពួកគាត់បានបង្កបង្កើនផលធ្វើស្រែចម្ការផ្គត់ផ្គង់ជីវភាពគ្រួសារ។ ​

លោកបន្ថែមថា៖ «ខ្ញុំរាល់ថ្ងៃនេះ ប្រកបមុខរបរធ្វើស្រែបន្តិចបន្តួច ខ្វះមុខ​ខ្វះក្រោយ ហើយប្រជាពលរដ្ឋយើងដែលស្នើដីសម្បទានសង្គមកិច្ចហ្នឹង ព្រោះយើងវាអត់ អត់មានដីធ្លីសម្រាប់កសិកម្មបង្កបង្កើនផល។ អ៊ីចឹងខ្ញុំសូមអំពាវនាវដល់អាជ្ញាធរ​ពាក់​ព័ន្ធ​ជួយ​ដោះ​ស្រាយ​ដីធ្លី​ជូន​ពួកខ្ញុំ​បាន​បង្ក​បង្កើន​ផល​ផង»។

តំណាងពលរដ្ឋសហគមន៍១៩៧ នៅឃុំជីខលើ អ្នកស្រី អិប តឹង បានឱ្យដឹងថា ក្រុមពួកគាត់ទាំង១៩៧គ្រួសារ ​ត្រូវ​បានក្រុម​ហ៊ុន​របស់​លោក​ ហេង ហ៊ុយ រំលោភ​យក​ដី​ធ្លីអស់តាំងពីឆ្នាំ២០០៧ ដោយ​មិន​បាន​ផ្តល់សំណងណាមួយជូនពលរដ្ឋឡើយ។ អ្នកស្រីថា ក្រោយ​មាន​ជម្លោះដីធ្លី​នេះ បានធ្វើឱ្យពលរ​ដ្ឋ​រង​ការ​ឈឺចាប់ និងរងទុក្ខលំបាក ដោយសារគ្មានដីសម្រាប់បង្ក​បង្កើន​ផល និងតំណាងពលរដ្ឋចំនួន៩នាក់ត្រូវ​ជាប់បណ្ដឹងនៅតុលាការដោយសារបញ្ហាជម្លោះដីធ្លីនេះថែមទៀត។

លោកបន្ថែមថា៖ «ពួកខ្ញុំប្រឈមជាមួយតុលាការ ដោយគេបានកោះហៅឱ្យឆ្លើយបំភ្លឺជា​បន្ត​បន្ទាប់​ ធ្វើឱ្យពួកខ្ញុំ​ឈឺ​ចាប់! ឈឺចាប់​ត្រង់​ថា​ គេ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការម​ក​គំរាម​កំហែង​ ហើយ​អាជ្ញាធរ​ខេត្ត និងក្រសួងរៀបចំដែនដី គេមិនដោះស្រាយដីធ្លីឱ្យពួកយើងទៀត»

តំណាងពលរដ្ឋ១៧៥ ​នៅឃុំជីខក្រោម អ្នកស្រី ផាវ ញ៉ឺង មាន​ប្រសាសន៍​ថា ក្រុមរបស់ពួកគាត់ក៏ត្រូវបានក្រុមហ៊ុនរបស់លោក ហេង ហ៊ុយ រំលោភ​យក​ដីធ្លី​ផង​ដែរ។ អ្នក​ស្រីថា​ ពួក​គាត់​មក​សាលាស្រុកស្រែអំបិលនេះ ដើម្បីជំរុញទៅអាជ្ញាធរស្រុក និង​អាជ្ញាធរ​ខេត្តកោះកុង ពន្លឿន​ការដោះស្រាយបញ្ចប់ជម្លោះដីធ្លី​ជាមួយ​លោក​ ហេង ហ៊ុយ និង​ស្នើសុំឱ្យអាជ្ញាធរធ្វើផ្លូវលំក្នុង​សហគមន៍ជូនពួកគាត់ឱ្យបានឆាប់ផងដែរ។

អ្នកស្រីបន្ថែមថា៖ «គោលបំណងទី១ គឺស្នើសុំឱ្យដោះស្រាយរឿងដីផ្ទះរបស់ពួកខ្ញុំជាមួយលោកឧកញ៉ា ហេង ហ៊ុយ ដោយបញ្ចប់ មិន​មែន​ទៅ​វាស់​វែង​ដី​របស់ពួកខ្ញុំទៅឱ្យលោក ហេង ហ៊ុយ ហើយ​ធ្វើប្លង់ឱ្យគេ ហើយ​ពួកខ្ញុំគ្មានប្លង់អ៊ីចឹងទេ ពួកខ្ញុំរស់នៅម៉េច​កើត? មួយទៀត យើងស្នើសុំផ្លូវសម្រាប់សហគមន៍១៧៥​ ដែលធ្លាប់បានដោះស្រាយចប់កន្លងទៅ តើឱ្យពួកខ្ញុំដើរតាម​ណា ឱ្យខ្ញុំហែលភក់​ទៅ ឬ​ឱ្យខ្ញុំដើរតាមផ្លូវក្រុមហ៊ុន?»

វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលស្រុកស្រែអំបិល លោក ជា ច័ន្ទកញ្ញា និងអភិបាលរងស្រុក លោក ហុង ប្រុស រួមនឹងអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង លោក សុខ​ សុទ្ធី បានទេ នៅថ្ងៃចន្ទនេះ។

មន្ត្រីសម្រប​សម្រួល​សហគម​ន៍​នៅសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា​ប្រចាំខេត្តកោះកុង និង​កំពង់ស្ពឺ លោក ញ៉ិល ភាព បានជំរុញទៅអាជ្ញាធរពាក់ព័ន្ធត្រូវពន្លឿនការដោះស្រាយជូនពលរដ្ឋឱ្យបានឆាប់ និងចៀសវាងការច្រានចោលសំណើរបស់​​ពលរដ្ឋ ដែលធ្វើឱ្យពួកគេបន្តរងទុក្ខលំបាកខ្វះដីធ្លីសម្រាប់​បង្កបង្កើនផល។

មន្ត្រីសង្គមស៊ីវិលរូប​នេះក៏ស្នើដល់អាជ្ញាធរឱ្យបញ្ចប់​​ការ​គំរាម​កំហែង និងប្រើប្រាស់ប្រព័ន្ធតុលាការប្តឹងប្រឆាំងពលរដ្ឋតវ៉ាដីធ្លី​ផង​ដែរ ដែល​ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋក្នុងការទទួលបានសិទ្ធិដីធ្លី ដែលធានាដោយច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិផ្សេងទៀត។ លោក​ថា កន្លងមក អាជ្ញាធរ និងអ្នក​មានលុយមានអំណាច តែង​ប្រើប្រាស់ប្រព័ន្ធតុលាការប្តឹង​ប្រឆាំងពលរដ្ឋ​កុំឱ្យពួកគេ​ហ៊ាន​ចេញ​តវ៉ា ដោយលោក​ថា ការធ្វើបែបនេះមិនអាចដោះស្រាយបញ្ចប់បញ្ហា និងធ្វើឱ្យពលរដ្ឋឈប់តវ៉ានោះ​ឡើយ។

លោកបន្ថែមថា៖ «ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីគាបសង្កត់​ ចោទប្រកាន់ ការចាប់ខ្លួន​ទៅលើសកម្មជនដីធ្លី​ មិនថានៅខេត្ត​កោះកុង ឬនៅខេត្តណាៗទេ គឺមិនមែនជាដំណោះស្រាយមួយល្អ ធ្វើឱ្យប្រជាពលរដ្ឋបាក់ស្បាត ឬ​ក៏ទទួលយក ឬស្ងប់ចិត្ត​ក្នុងការតស៊ូមតិនោះទេ។ យើង​ឃើញ​ថា ការប្រើប្រាស់ប្រព័ន្ធតុលាការនេះទៀត​សោត គឺមិនស្រប​ទៅតាមនីតិវិធីនៃច្បាប់​ ព្រោះពលរដ្ឋមានសិទ្ធិតវ៉ា ឬតស៊ូមតិ ដើម្បីទាមទារផលប្រយោជន៍ស្របច្បាប់ដែល​ពួកគាត់ត្រូវទទួលបាន»

កាលពីថ្ងៃទី​៨ ខែ​កុម្ភៈ​​ ឆ្នាំ២០២២ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយ​ការណ៍​មួយដោយរកឃើញ​ថា ​ក្នុងឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួនជិត២ម៉ឺនគ្រួសារ (១៧ ០៣៣គ្រួសារ​​) បាន​រង​ផល​ប៉ះ​ពាល់ដោយ​សារ​វិវាទ​ដីធ្លី​ ដែល​​មាន​ទំហំជាង៥០ ០០០​ហិកតា (៥២ ៦០១,៨៧ហិកតា)។

អាដហុក​ ឱ្យដឹងទៀតថា មានពលរដ្ឋរងគ្រោះដីធ្លីចំនួន១៥៧​នាក់កំពុងជាប់បណ្ដឹងអាជ្ញា និង​ដាក់​ឱ្យស្ថិតក្រោម​ការត្រួត​ពិនិត្យ​​​ពីតុ​លាការ ខណៈជនរងគ្រោះ១៧នាក់ទៀតកំពុងឃុំ​ខ្លួន​បណ្ដោះអាសន្នក្នុងពន្ធនាគារ ដោយសារការតវ៉ាទាម​ទារដីធ្លី​របស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ