កម្ពុជា​នឹង​មាន​ភ្លៀងធ្លាក់​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម​រយៈពេល​៧ថ្ងៃ​បន្ថែមទៀត

ភ្លៀងធ្លាក់នៅតំបន់មួយក្នុងក្រុងភ្នំពេញកាលពីពេលកន្លងទៅ។

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាអាកាសធាតុ ដោយថាកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ហើយបណ្ដារាជធានី-ខេត្តនឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ រយៈពេល៧ថ្ងៃបន្ថែមទៀត។

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឱ្យដឹងថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែកក្កដា កម្ពុជានឹងទទួលរងឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ។ ដោយឡែក ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែសីហា កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប ប្រព័ន្ធសម្ពាធទាប (ITZC) និងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ។

ជាមួយគ្នានេះ ក្រសួងឱ្យដឹងថា កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ដោយលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ថែមទៀតផង។

ក្រសួងបន្តថា ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្ដាល​មានសីតុណ្ហភាពអប្បបរមាពី២៣ដល់២៥អង្សាសេ និងអតិបរមាពី៣៤ដល់៣៦អង្សាសេ។ សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមាពី២៣ដល់២៥អង្សាសេ និងអតិបរមាពី៣៤ដល់៣៦អង្សាសេ។ ចំណែកឯតំបន់សមុទ្រ នឹងមានសីតុណ្ហភាពអប្បបរមាពី២៣ដល់២៥អង្សាសេ និងអតិបរមាពី៣៣ដល់៣៥អង្សាសេ។

បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា រយៈពេល៦ខែដើមឆ្នាំ២០២២នេះ ពោលគឺពីខែមករា ដល់ខែមិថុនា គ្រោះមហន្តរាយដោយធម្មជាតិទាក់ទងនឹងអាកាសធាតុនេះ បានបណ្ដាលឱ្យមនុស្សចំនួន៣៤​នាក់ស្លាប់ និង​៥៤នាក់​រងរបួសនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ