សង្គមស៊ីវិល​និង​ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ខេត្តព្រះសីហនុ​ទប់ស្កាត់​បទល្មើស​នានា​ឱ្យ​មាន​ប្រសិទ្ធភាព​និង​តម្លាភាព

អ្នកដំណើរជិះកាត់ស្នងការខេត្តព្រះសីហនុនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។ (រូបថត៖ ហេង វិចិត្រ)

សង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួន បានអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ទប់ស្កាត់បទល្មើសបង្ខាំងមនុស្សខុសច្បាប់ ចាប់ជំរិត អំពើហិង្សា គ្រឿងញៀន និងបទល្មើសផ្សេងៗទៀតឱ្យមានប្រសិទ្ធភាពនិងតម្លាភាព ដើម្បីការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងកម្សាន្តខេត្តជាប់មាត់សមុទ្រមួយនេះ។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីជនជាតិចិនម្នាក់បានដាក់ពាក្យប្ដឹងទៅអាជ្ញាធរខេត្តព្រះសីហនុថា មានករណីបង្ខាំងជនជាតិចិនដូចគ្នាចំនួន១៣នាក់ដោយខុសច្បាប់នៅក្នុងកាស៊ីណូមួយកន្លែង ស្ថិតនៅក្រុងព្រះសីហនុ ប៉ុន្តែព័ត៌មាននេះត្រូវបានសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរខេត្តច្រានចោល ​ដោយថាជារឿងមិនពិត។

យ៉ាងណា មន្ត្រី​សម្របសម្រួល​សមាគមអាដហុកប្រចាំខេត្ត​ព្រះសីហនុ​ អ្នកស្រី ជៀប សុធារី សង្កេតឃើញថា មួយរយៈកាលចុងក្រោយនេះ បទល្មើសព្រហ្មទណ្ឌមួយចំនួននៅក្នុងខេត្តព្រះសីហនុបន្តកើតឡើងជាហូរហែ។

អ្នកស្រីបន្តថា បទល្មើសទាំងនោះ រួមមាន បទល្មើសគ្រឿងញៀន បទល្មើសហិង្សា ការប្រើប្រាស់អាវុធខុសច្បាប់ និងការបង្ខាំងមនុស្សខុសច្បាប់ ដើម្បីជំរិតទារប្រាក់តាមប្រព័ន្ធអនឡាញ ដែលបទល្មើសទាំងនោះភាគច្រើនប្រព្រឹត្តឡើងដោយជនជាតិបរទេស ពិសេសជនជាតិចិន ឬចិនតៃវ៉ាន់ ជាដើម។

ករណីនេះ អ្នកស្រីអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តព្រះសីហនុ ត្រូវ​ស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ ជុំវិញបណ្ដឹងរបស់ជនជាតិចិនដែលប្តឹងថាមានករណីបង្ខាំងមនុស្ស១៣នាក់ខុសច្បាប់។ អ្នកស្រីបន្តថា បើស្រាវជ្រាវរកឃើញថាមានបទល្មើសឬមិនមាន គឺសមត្ថកិច្ចត្រូវធ្វើការផ្សព្វផ្សាយជូនសាធារណជនឱ្យបានដឹងច្បាស់ ដើម្បីកុំឱ្យមានការភ័ន្តច្រឡំ ធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា។

អ្នកស្រីមានប្រសាសន៍ថា៖ «រដ្ឋាភិបាល ព្រមទាំងសមត្ថកិច្ច គួរតែចុះធ្វើការស្រាវជ្រាវមើល ថាតើវាមានករណីជនរងគ្រោះ១៣នាក់ ថាមានការផ្សព្វផ្សាយថាខ្លួនត្រូវបានបង្ខាំងដោយខុសច្បាប់អី! ប៉ុន្តែនៅពេលសមត្ថកិច្ចចុះទៅមើល ឃើញថាពួកគាត់នៅធ្វើការងារដដែល។ ប៉ុន្តែយើងមិនដឹងថាតើពួកគាត់និយាយស្ថិតនៅក្នុងក្រោមសម្ពាធឬយ៉ាងយ៉ាងម៉េច យើងអត់ដឹងដែរ ព្រោះវាពាក់ព័ន្ធនឹងការងារសមត្ថកិច្ចដែលពួកគាត់មានវិធីសាស្ត្រក្នុងការជួយធ្វើយ៉ាងណាឱ្យពួកគាត់និយាយការពិតបាន»។

អ្នកស្រីបន្ថែមថា៖ «បើសិនជាគេរកឃើញថា វាពិតជាមានមែន​ ហើយយើងបង្ក្រាបបាន វាជាកិត្តិយសខ្លាំងណាស់ ដែលសមត្ថកិច្ចយើងបានខិតខំប្រឹងប្រែងបំពេញភារកិច្ចលើការស្ដារមុខមាត់ប្រទេសកម្ពុជាយើង។ ហើយពង្រឹងការអនុវត្តច្បាប់ ចង់បង្ហាញឱ្យជនដែលមានគោលបំណងមកប្រព្រឹត្តបទល្មើសនៅកម្ពុជា មានការរាងចាល មានការខ្លាចរអាដែរ។ ចង់និយាយថា ប្រទេសកម្ពុជាមិនមែនជាប្រទេសមួយដែលងាយស្រួលធ្វើការប្រព្រឹត្តបទល្មើសនៅទីនេះទេ»។

លោក ធឹម ធន ដែលអះអាងថាជាប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ ​និយាយថា បទល្មើសនៅក្នុងខេត្តនេះ ដូចជា បទល្មើសគ្រឿងញៀន ការចាប់ជំរិតទារប្រាក់លើជនជាតិចិន និងជនជាតិចិនដូចគ្នា តែងតែកើតមានជាហូរហែ។ ករណីនេះ លោក​ព្រួយបារម្ភពីសុវត្ថិភាពរស់នៅ ប្រសិនបើ​ជាអាជ្ញាធរមិនចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងលើជនល្មើសទាំងនោះឱ្យបានទាន់ពេល​ទេ។

លោកលើកឡើងថា៖ «បារម្ភថា កុំឱ្យវារាលដាលឡើង ឱ្យវាស្ងប់ស្ងាត់ទៅ ឱ្យសមត្ថកិច្ចយើងជួយបង្ក្រាបឱ្យវាស្ងប់ស្ងាត់ទៅ ដើម្បីឱ្យប្រជាពលរដ្ឋយើងបានសុខសាន្តផង ហើយប្រទេសជាតិយើងក៏បានសុខសាន្តដែរ ទាំងអស់គ្នាហ្នឹង»។

ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ នៅថ្ងៃអង្គារ ទី២៦ ខែកក្កដានេះ បានឱ្យវីអូឌីដឹងថា កាលពីថ្ងៃទី២៥ ខែកក្កដា លោកបានធ្វើសន្និសីទសារព័ត៌មានបកស្រាយ​ជូនសាធារណជនលើ​​សំណើសុំអន្តរាគមន៍ ពាក់ព័ន្ធក្នុងករណីថាមានការចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់លើជនជាតិចិន១៣នាក់នៅក្រុងព្រះសីហនុ។

លោក ជួន ណារិន្ទ បានបញ្ជាក់ថា នៅពេលកម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ឃើញជនជាតិចិនទាំង១៣នាក់កំពុងធ្វើការងារធម្មតា គឺមិនមានការចាប់បង្ខាំងមនុស្សខុសច្បាប់ដូចការចោទប្រកាន់នោះទេ ខណៈដើមបណ្តឹងក៏មិនបានមកបង្ហាញខ្លួន ដើម្បីចូលបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តនោះដែរ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនយល់ថា អ្នកដែលខ្លាច អ្នកដែលគេចវេះពីសមត្ថកិច្ច មានតែជនខិលខូច និងជាជនឧក្រិដ្ឋ ហើយដើមបណ្ដឹងព្យាយាមគេចពីសមត្ថកិច្ច។ ខ្ញុំមិនដឹងគាត់គិតយ៉ាងម៉េច ព្រោះឥលូវនេះ យើងត្រូវការឱ្យគាត់មកឱ្យច្បាស់លាស់ ថាយើងអញ្ជើញគេ [ជនជាតិចិន] មក អត់បានធ្វើការងារ។ តើគាត់ត្រូវមកទទួលខុសត្រូវក្នុងនាមដើមបណ្ដឹងយ៉ាងម៉េច យើងរង់ចាំគាត់ដល់ថ្ងៃនេះ ចំនួន៣ថ្ងៃហើយ»។

ចំណែកអ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍ថា ក្រុមការងារខេត្តនិងសមត្ថកិច្ច ក្រោយពីទទួលបណ្ដឹងពីប្រជាពលរដ្ឋ និងជនជាតិបរទេសរូបណាក៏ដោយ ក៏មន្ត្រីជំនាញមិនដែលទុកបណ្តឹងទាំងនោះចោល​ទេ។ លោកបន្តថា អាជ្ញាធរ​តែង​ចាត់មន្ត្រីជំនាញចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ដើម្បីចាត់វិធានការច្បាប់លើជនល្មើស។ ​

ដោយឡែក ករណីបណ្តឹងផ្សេងៗដែលប្រជាពលរដ្ឋប្តឹងមក អាជ្ញាធ​នៅតែបន្តស្រាវជ្រាវចាប់ជនល្មើសមកអនុវត្តតាមច្បាប់ ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរ​នៅតំបន់នេះ។

លោកមានប្រសាសន៍ថា៖ «បទល្មើសទាំងអស់ គណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ គឺយើងបានចុះដោះស្រាយទាន់ពេលវេលាស្ទើរគ្រប់ករណី។ ដោយឡែក ករណីដែលនៅសេសសល់ សមត្ថកិច្ចរបស់យើង គឺនៅតាមច្បាម [ចាត់វិធានការ] ឱ្យខានតែបាន ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរ​ និងអ្នកវិនិយោគនៅក្នុងខេត្តព្រះសីហនុរបស់យើង»។

ដោយសារក្តីបារម្ភចំពោះបញ្ហាទាសភាព ឧក្រិដ្ឋកម្ម ការចាប់ជំរិតជាដើមនោះ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ អង្គការសង្គមស៊ីវិលចំនួន៣៦ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ​​អំពាវនាវឱ្យរដ្ឋាភិបាល​លុបបំបាត់រាល់ទម្រង់បទល្មើសទាំងនេះ ដើម្បីធានាសន្តិសុខ ស្ថិរភាពសង្គម និងកិត្តិយសកម្ពុជា។ ​

ការស្នើនោះ ក្រោយពេលក្រុមអង្គការសង្គមស៊ីវិលទាំងនោះរកឃើញថា មានមនុស្ស​រាប់ពាន់​នាក់​ដែល​ភាគច្រើន​ជា​ជនបរទេស ត្រូវ​បាន​ជាប់នៅ​ក្នុង​ស្ថានភាព​ទាំងអស់​នេះ។ ពួកគេត្រូវ​បាន​ចាប់ជំរិត ជួញដូរ ឬត្រូវ​បាន​បោកបញ្ឆោត​ឱ្យ​ទទួល​បានការ​ងារ​នៅក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែនៅពេល​មកដល់​កម្ពុជា ពួក​គេ​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​បរិវេណ​អគារ​ធំៗ និង​ត្រូវ​បង្ខំ​ឱ្យធ្វើ​ការ ដែល​ជា​ញឹកញាប់​ជា​ការងារ​ទាក់ទង​នឹង​ប្រតិបត្តិ​ការបោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។

យ៉ាងណា ថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានឱ្យដឹងថា បញ្ហា​បទល្មើសផ្សេងៗដែល​បន្ត​កើត​ឡើង​ឥត​ឈប់ឈរក្នុងខេត្តមួយនេះ ​គឺ​​ទាមទារឱ្យមានការដោះស្រាយជាបន្ទាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ