សង្គមស៊ីវិល​ជំរុញ​អាជ្ញាធរ​បើក​លំហ​សិទ្ធិសេរីភាព​ដល់​យុវជន​ក្នុង​ការ​ចូលរួម​ការពារ​ព្រៃឈើ

ក្រុមយុវជន និងអ្នកចូលរួមផ្សេងទៀត ក្នុងពិធីដាំកូនឈើ​ នៅ​​សហគមន៍សង្ឃរុក្ខាវ័ន ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។ (ឌុច ឧត្ដម)

ក្រុមអង្គការ​​​សង្គម​ស៊ីវិល ជំរុញ​អាជ្ញាធរ​បើក​លំហសិទ្ធិសេរីភាពពេញលេញដល់យុវជន ដោយមិនមានការលាបពណ៌ផ្នែកនយោបាយ ដើម្បីបង្កបរិយាកាសអំណោយផល​ដល់​ការ​ការ​ពា​រព្រៃឈើ ខណៈ​​យុវជនជាអ្នករួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារនេះ។

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង មានប្រសាសន៍ថា យុវជន​ដើរ​តួនាទី​ជា​អ្នក​បន្ដវេន និងជាអ្នកផ្លាស់ប្ដូរផ្នត់គំនិត ជាពិសេស​ពាក់ព័ន្ធ​នឹងការ​ការពារ​ធនធានធម្មជាតិ។ ក្នុងន័យនេះ លោកថា នៅពេលយុវជនយល់​ពី​ផលប៉ះពាល់នៃការបំផ្លិចបំផ្លាញព្រៃឈើ នោះ​ពួកគាត់នឹងចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនឯង ដោយមិនឱ្យពាក់ព័ន្ធបទល្មើសព្រៃឈើនោះឡើយ។

ដោយ​មើលឃើញពីសក្ដានុពលរបស់យុវជន​ក្នុងការ​ចូលរួម​ការ​ពារធនធានធម្មជាតិ លោក​បាន​​ជំរុញ​ឱ្យ​រដ្ឋាភិបាល ជាពិសេស​អាជ្ញាធរពាក់ព័ន្ធ អនុវត្តគោលនយោបាយដែលមានស្រាប់ និងបើកលំហសិទ្ធិសេរីភាពដល់គ្រប់ភាគីទាំងអស់ រួមទាំងយុវជន ក្នុងការ​ចូលរួម​ការ​ពារ​ព្រៃឈើ​ ដោយមិនមានការលាបពណ៌ផ្នែកនយោបាយ។

លោកថា៖ «ជារឿងសំខាន់ណាស់ ដែលតម្រូវឱ្យគ្រប់ភាគីចូលរួមទាំងអស់គ្នា ដោយមិនមានការលាបពណ៌គ្នាផ្នែកនយោបាយ។ មែនទែនទៅ​ សង្គមស៊ីវិលក៏ដោយ ក្រសួងក៏ដោយ សហគមន៍មូលដ្ឋានក៏ដោយ ឱ្យតែជាអ្នកការពារធនធានធម្មជាតិពិតប្រាកដ យើងរួមគ្នាទៅ កុំឱ្យមានការលាបពណ៌គ្នា […] ការលាបពណ៌​ មិនត្រឹមតែមិនអាចការពារធនធានធម្មជាតិឱ្យមាននិរន្តរភាពបានទេ តែផ្ទុយទៅវិញ ធ្វើឱ្យកាន់តែមានភាពបាត់បង់ ហើយនិងបាត់បង់សាមគ្គីភាពសង្គមទៀត»។

បើតាមលោក ហេង គឹមហុង កន្លងមក លោកសង្កេតឃើញមានការ​រឹតត្បិត​មួយ​ចំនួនពីសំណាក់​​​​​អាជ្ញាធរ ដោយ​​អាជ្ញាធរ​​តម្រូវ​​ឱ្យ​​​ពលរដ្ឋ​​​សុំការ​​អនុញ្ញាត​​ជាមុន មុន​​នឹង​​​ចុះល្បាត​ព្រៃ​ ជាដើម។

លោកបន្ដថា៖ «យើងឃើញថា កន្លែងមួយចំនួន​ដែលមិនសូវជាមានការចូលរួមពីសហគមន៍មូលដ្ឋាន ឬកន្លែងដែលមាន​ការរឹតត្បិត មិន​ឱ្យមានការចូលរួមពីមូលដ្ឋាន ដូចជា ដែនជម្រកសត្វព្រៃ ព្រៃឡង់ ជាដើម យើងឃើញថានៅតែមានការកាប់បំផ្លាញ»។

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មាន​ប្រសាសន៍ថា ​រដ្ឋាភិបាល​​គួរ​តែលើកទឹកចិត្ត​ និង​​​បង្ក​បរិយាកាស​អំណោយផលដល់​យុវជនដែលមានឆន្ទៈចូលរួមកិច្ចការពារធន​ធាន​ធម្មជាតិឬ​​​ព្រៃឈើ ខណៈលោកស្រីសង្កេត​ឃើញថា នៅតំបន់ខ្លះ យុវជនត្រូវប្រឈមការរឹតត្បិតសេរីភាព​ក្នុងការចូលរួមអភិរក្ស។

លោកស្រីថា៖ «យើងទាំងអស់គ្នាគួរតែបង្កបរិយាកាសមួយអំណោយផលសម្រាប់គាត់ចូលរួម។ ផ្ទុយទៅវិញ យើងឃើញថា ការចូលរួមរបស់គាត់បែរជាទទួលបានការរឹតត្បិត ការគំរាមកំហែង ឬការចោទប្រកាន់ ដែលនេះផ្ទុយអំពីច្បាប់ដែលយើងមាន»។

លោកស្រី ចក់ សុភាព បន្តថា កម្ពុជា​មាន​ច្បាប់​និងគោលនយោបាយនានាក្នុង​ការ​​លើកទឹ​ក​ចិត្ត​​ពលរដ្ឋឱ្យចូលរួមការពារព្រៃឈើ តែ​ការ​អនុវត្តច្បាប់របស់​មន្ត្រីមួយចំនួន​ហាក់​​​មាន​ការ​រឹត​បន្ដឹង ដែលផ្ទុយពីស្មារតីដើមនៃរដ្ឋធម្មនុញ្ញ។

លោកស្រីបន្ថែមថា៖ «ខ្ញុំគិតថា អាជ្ញាធរលោកគួរតែពិនិត្យមើលអំពីទិដ្ឋភាពច្បាប់ឡើងវិញ ហើយច្បាប់ទាំងឡាយណាដែលមានលក្ខណៈរឹត​ត្បិត ដែល​ផ្ទុយពីស្មារតីដើមនៃរដ្ឋធម្មនុញ្ញ ហើយស្មារតីនៃច្បាប់បរិស្ថានជាដើមហ្នឹង គួរតែធ្វើការ​កែប្រែ ដើម្បីបង្កបរិយាកាសអំណោយផល»។ 

លោកស្រីបន្ថែមថា៖ «នៅក្នុងច្បាប់ការពារព្រៃឈើហ្នឹង គឺមានចែងច្បាស់ថា ពលរដ្ឋគ្រប់រូបត្រូវមានកាតព្វកិច្ច ហើយអាជ្ញាធរត្រូវបង្កបរិយាកាសអំណោចផលសម្រាប់ពលរដ្ឋចូលរួម»។

ការជំរុញរបស់សង្គមស៊ីវិលបានធ្វើឡើងស្របពេលដែលពួកគេ​បានចូលរួមកម្មវិធីដាំកូនឈើ​ចំនួន៦ ៥០០ដើម​ នៅព្រៃ​សហគមន៍សង្ឃរុក្ខាវ័ន ក្នុងខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។

លោក រស់ ឥស្សរ ជាពលរដ្ឋ​រស់​នៅ​តំបន់អរិយក្សត្រ​ ខេត្ត​កណ្ដាល​ និងជាអ្នកធ្លាប់​ចូលរួមយ៉ាង​សកម្ម​ក្នុងកិច្ច​ការ​ពារ​ធនធាន​ធម្មជាតិនាពេលកន្លងមក និង​បាន​ចូលរួមក្នុង​​កម្ម​វិ​ធី​ដាំ​កូនឈើ​​នេះ​ដែរ យល់ស្របថា យុវជ​​ន​ជាកម្លាំងស្នូលដ៏សំខាន់​មួយក្នុងការការ​ពារនិងអភិរក្ស​​ធន​ធាន​​ធម្មជាតិ ដោយសារពួកគាត់មានថាមពល​ជាងមនុស្សចាស់ មាន​ចំណេះដឹង​ទូលំទូលាយថ្មីៗ​ក្នុង​សម័យបច្ចេកវិទ្យា។

តែយ៉ាងណា លោក​សង្កេត​ឃើញថា យុវជនមួយ​ចំនួនហាក់​មានការភ័យខ្លាច​​នៅ​ពេល​ពួក​​គេ​​​បាន​​ឃើញ​​​សហគមន៍មូលដ្ឋានដែល​​​ចុះល្បាត និង​បាន​ចូលរួមសកម្ម​ភាព​នានាក្នុងកា​​រ​ការ​ពារ​​ព្រៃ​ឈើ បែរជារង​នូវការ​គំរាម​កំហែង​តាម​រូប​ភាព​​​ផ្សេងៗ​ពីសំណាក់​​អាជ្ញាធរ​មូល​ដ្ឋាន ព្រម​​ទាំង​មាន​ការសួរនាំ​ពីជនមិនស្គាល់មុខ ជាដើម។

លោកថា៖ «គាត់ភ័យខ្លាច ដោយ​គាត់​មើល​តាម​បណ្ដាញ​សង្គម មានបញ្ហាច្រើនទាក់​ទង​​ទៅនឹង​ការរឹតត្បិតសិទ្ធិសេរីភាពមួយចំនួន​ពីសំណាក់អាជ្ញាធរហ្នឹង ធ្វើឱ្យគាត់មានការខ្លាចរអាមួយចំនួន»។

អ្នកធ្លាប់​សិក្សា​ផ្នែក​ច្បាប់​រូប​​នេះបន្ត​​ថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិចូលរួមក្នុងកិច្ចការ​ពារ​ព្រៃ​ឈើ ហើយលោកស្នើឱ្យមានការសហការពីអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើ​កិច្ច​ការ​នេះ​ទាំងអស់​គ្នា។

ចំណែកកញ្ញា​ រឿន ស្រីនាង ដែលបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងអភិវឌ្ឍន៍​ធន​ធាន​ធម្ម​ជាតិ នៅសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ យល់ឃើញដែរថា​ យុវជន​ជា​កត្តា​ជំរុ​ញ​ដ៏​សំខាន់​មួយ​ក្នុងការអភិរក្សព្រៃឈើ និងការពារព្រៃឈើឱ្យមាននិរន្តរភាព។  

កញ្ញាបន្តថា បើទោះបីជា​កិច្ច​ការ​ពារ​ព្រៃ​ឈើ​ភាគ​ច្រើន សហគមន៍មូលដ្ឋានផ្ទាល់ជាអ្នកការពារក៏ដោយ ប៉ុន្ដែយ៉ាងណា ក៏ត្រូវតែមានការចូលរួ​មពីយុវជន ប​ន្ដផ្សព្វផ្សាយពីសកម្មភាពសហគមន៍ទៅកាន់អ្នកផ្សេងទៀត។

តែយ៉ាងណា ​យុវតីរូបនេះសង្កេតឃើញថា យុវជន​​មិន​ទាន់​មាន​សិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការការពារព្រៃឈើនោះទេ ហើយ​កញ្ញា​ស្នើដល់​​ស្ថាប័នពាក់ព័ន្ធផ្ដល់ឱកាស​ដល់​យុវជនឱ្យបាន​ធ្វើសកម្ម​ភាព​ពេញ​លេញ​ក្នុង​ការ​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ។

កញ្ញា រឿន ស្រី​នាង និយាយ​ថា៖ «ក្នុងនាមខ្ញុំជាយុវជនម្នាក់ ខ្ញុំចង់ស្នើសុំដល់ស្ថាប័នពាក់ព័ន្ធ ទាំងស្ថាប័នឯកជន ស្ថាប័ន​រដ្ឋ ឱ្យពួកគាត់គិតគូរ​អំពីការផ្ដល់សិទ្ធិសេរីភាព និងសកម្មភាពពេញលេញដល់យុវជន ក្នុងការចូលរួមក្នុងការការពារធន​ធាន​ធម្មជាតិ និងផ្ដល់នូវភាពត្រឹមត្រូវ ផ្ដល់ឱកាសឱ្យយុវជនជំនាន់ក្រោយ គាត់បានចូលរួមឈ្វេងយល់ សិក្សា ក៏ដូចជាធ្វើការផ្សព្វផ្សាយអំពីធនធានធម្មជាតិទាំងអស់ហ្នឹង»។

យុវជន​មកពី​សហគមន៍​ព្រៃឡង់​​ ខេត្តកំពង់ធំ លោក​ ស ឃីន ដែល​ចូលរួ​មក្នុងកម្មវិធី​​ដាំកូន​ឈើ និង​​ដើរល្បាត​នៅ​ព្រៃ​សហគមន៍សង្ឃរុក្ខាវ័ននេះដែរ សង្កេតឃើញថា នៅសហគមន៍សង្ឃរុក្ខាវ័ននេះ ហាក់មិនមានការ​រឹតត្បិត​ការ​ចុះល្បាតព្រៃ ដូចនៅសហគមន៍របស់​លោក​នៅតំបន់ព្រៃឡង់នោះទេ។

លោក​បន្ត​ថា ចាប់តាំងពីមានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក នៅតំប​ន់​ព្រៃឡង់ អាជ្ញាធរ​​​មាន​ការរឹតត្បិតខ្លាំងក្នុងការអនុញ្ញាតឱ្យសហគមន៍មូលដ្ឋាន និងយុវជន ចុះល្បាតព្រៃ​។ លោក​ថា នៅពេលខ្លះ ក្រុមរបស់​​លោក​ចូល​ទៅឃើញបទល្មើសជាក់ស្ដែង ហើយចង់ថតផ្សព្វផ្សាយ ត្រូវ​បាន​គេចោទថា​ជាបក្ស​ប្រឆាំង ​ជាដើម។

ក្នុងនាម​ជា​យុវជនម្នាក់ លោកស្នើដល់អាជ្ញាធរផ្ដល់សិទ្ធិសេរីភាព និងសកម្មភាពពេញលេញដល់យុវជនក្នុងការចូលរួម និង​ឈប់លាបពណ៌អ្នកការពារព្រៃឈើថាជាបក្សប្រឆាំង។

លោក​លើក​ឡើង​ថា៖ «ចង់ឱ្យ​អាជ្ញាធរឬរដ្ឋាភិបាលជួយបើកសិទ្ធិសេរីភាពឱ្យ​ មិនថាយុវជន និយាយទៅពលរដ្ឋទាំងមូល គាត់មានសិទ្ធិពេញលេញក្នុ្ងងការចូលរួមក្នុងការការពារព្រៃឈើ ឬក៏ការពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជា។ ហើយមួយទៀត ក៏សុំឱ្យគិតឡើងវិញ កុំគិតថាឱ្យតែអ្នកការពារព្រៃឈើ គឺជាបក្សប្រឆាំងអី»។

លោកបន្ថែមថា៖ «ក្នុងនាមជាយុវជន ហើយជា​ប្រជាពលរដ្ឋខ្មែរទាំងមូល ត្រូវតែចូលរួមការពារព្រៃរបស់យើងទាំងអស់គ្នា ព្រោះព្រៃឈើមានសារៈសំខាន់ណាស់ វាអាចជាជម្រក​ដល់​មនុស្ស​និង​សត្វ​គ្រប់​គ្នា។ ដឹង​ស្រាប់​ហើយ ព្រៃឈើ​អាច​អត់​មនុស្ស​បាន ប៉ុន្ដែ​មនុស្សមិនអាចអត់ព្រៃឈើបានឡើយ»។

ចាប់តាំងពីដើមឆ្នាំ២០២០ បណ្ដាញសហគមន៍ព្រៃឡង់ យុវជន និងអង្គការសង្គមស៊ីវិល ត្រូវបានមន្ត្រីក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ហាមឃាត់ទាំងស្រុង មិនឱ្យចូលល្បាតព្រៃក្នុងតំបន់ការពារ​មួយនេះបន្តទៀត ក្រោមហេតុផលសហគមន៍មួយនេះមិនបានចុះបញ្ជីនៅក្រសួង​មហា​ផ្ទៃ។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក​ នេត្រ ភក្ត្រា មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះបានទេ។

តែយ៉ាងណា អភិបាលរងខេត្តឧត្ដរមានជ័យ លោក ហួន វ៉ាន់និត បាន​លើក​ឡើង​ថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិ ក្នុងនោះក៏មាន​ការ​​ទប់ស្កាត់ការ​កាប់​បំផ្លាញ ​រុក​រានដី​​ព្រៃយក​ធ្វើ​ជា​កម្ម​សិទ្ធិដោយ​ខុសច្បាប់ពីសំណាក់ជនខិលខូចផងដែរ។ លោក​បន្តថា រដ្ឋាភិបាលក៏បាន​ផ្ដល់ឱកាសនិង​បើកទូលាយ​ដល់​ប្រជាពលរដ្ឋ​ ក្នុងការ​ចូលរួមការ​ពារនិងថែរក្សាធនធាន​ធម្មជាតិ ព្រមទាំងសហការគ្នា​ក្នុងការ​ដាំដើមឈើ​ឡើង​វិញដែរ​។

លោក ហួន វ៉ាន់និត គូសបញ្ជាក់​ថា៖ «ការបង្កើតឡើងនូវសហគមន៍ព្រៃឈើ បានផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋមូលដ្ឋានមានភារកិច្ចចូលរួម ការពារ ថែរក្សាធនធានធម្មជាតិ និងរួមសហការគ្នាដាំដុះព្រៃឈើឡើងវិញ ឱ្យបានជាអតិបរមា ដើម្បីកាត់បន្ថយកត្តាប្រែប្រួលអាកាសធាតុនៃភពផែនដី សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសេចក្ដីសុខ សុភមង្គល សម្បូរសប្បាយ និងគ្មានជំងឺបៀតបៀន»។

ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ មាត្រា២៩ ចែងថា៖ «ប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន មានករណីយកិច្ចចូលរួមការពារ អភិរក្ស និងស្តារធនធានធម្មជាតិឡើងវិញ ក្នុងតំបន់ការពារធម្មជាតិ»។

គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយុវជន ដែលរៀបចំដោយក្រសួង​អប់រំ យុវជន និងកីឡា ចែង​ថា៖​ «យុវជន ជាធនធានគន្លឹះ និងមានតម្លៃបំផុត​សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្ដិភាព ទាំងបច្ចុប្បន្ននិងអនាគត»។

ឯកសារដដែលក៏បានលើកឡើងអំពីយុទ្ធសាស្រ្ដក្នុងការលើកកម្ពស់ការយល់ដឹងពីបរិស្ថាន​ដល់​​យុវជនផងដែរ ដោយក្នុងនោះរួមមាន ការលើកកម្ពស់ការយល់ដឹងរបស់យុវជនស្ដីពីបរិស្ថាន ក្នុងការយកចិត្តទុកដាក់​អភិវឌ្ឍនិងថែរក្សាបរិស្ថានប្រកបដោយចីរភាពជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ