រដ្ឋាភិបាល​កាត់​ដីបឹងជើងឯក​ជាង​១២ហិកតាឱ្យ​ក្រសួង​មហាផ្ទៃ និង​ឧកញ៉ាម្នាក់

រថយន្តដឹកដី ចាក់បំពេញផ្ទៃបឹង ក្បែរផ្ទះពលរដ្ឋ ដើម្បីបង្កើតផ្លូវឆ្លងកាត់តំបន់ដីសើមក្បែរបឹងជើងឯក ក្នុងឆ្នាំ២០២០។ (រូបថត៖ អង្គការសមាគមធាងត្នោត)

រដ្ឋាភិបាលបានកាត់ផ្ទៃដី «បឹងជើងឯក» ទំហំជាង១២ហិកតា ស្ថិតក្នុងខណ្ឌមានជ័យ និង​ខណ្ឌ​ដង្កោ រាជធានីក្នំពេញ និង​ក្រុងតាខ្មៅ ខេត្តកណ្ដាល ទៅឱ្យឧកញ៉ា ឡោក ហ៊ួរ និងក្រសួងមហាផ្ទៃ។

យោង​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ២០២២ ដែលវីអូឌី​ទើប​ទទួល​បាន​ថ្ងៃនេះ បានឱ្យដឹងថា ផ្ទៃ​ដី​បឹង​ជើង​ឯក​ទំហំ១៨ ១២៦ម៉ែត្រក្រឡា ស្ថិតនៅភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាលធ្វើអនុបយោគទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងបានប្រទានកម្មជាកម្មសិទ្ធិជូនក្រសួងមហាផ្ទៃ។

ចំណែកអនុក្រឹត្យចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ផ្ទៃដីបឹងជើងឯកចំនួន២ទីតាំង សរុបទំហំ១០៦ ៤២៩ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវបានរាជរដ្ឋាភិបាលធ្វើអនុបយោគទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងបានប្រទានកម្មជាកម្មសិទ្ធិជូនទៅលោកឧកញ៉ា ឡោក ហ៊ួរ ផងដែរ។

វីអូឌី មិនអាចសុំការឆ្លើយតបពាក់ព័ន្ធនឹងករណីនេះពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអ្នកនាំពាក្យ លោក ម៉េត មាសភក្តី បាន​ទេ​ នៅថ្ងៃអង្គារនេះ។

ប្រធានគម្រោង​សិទ្ធិ​លំនៅ​ឋាន និង​ស្រាវ​ជ្រាវ នៃ​អង្គការ​សមាគម​ធាង​ត្នោត​ លោក ស៊ាង មួយឡៃ មានប្រសាសន៍​ថា ករណី​រដ្ឋាភិបាល​បន្ត​កាត់​ដី​ផ្ទៃ​បឹង​ជើងឯក ទៅឱ្យឯកជន និងស្ថាប័នរដ្ឋ ដើម្បីអភិវឌ្ឍន៍នេះ បាន​បង្កឱ្យ​មានការ​បារម្ភ​ពីផល​ប៉ះពាល់​បរិស្ថាន ដូចជា ប្រព័ន្ធ​ស្តុក​ទឹក និង​រំដោះទឹក​ចេញ​ពី​រាជធានី​ភ្នំពេញ ខណៈ​​ដីផ្ទៃបឹងធម្មជាតិមួយនេះកំពុងតែរួមតូច។

មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា កន្លងមក រដ្ឋាភិបាល​បានកាត់ដីផ្ទៃបឹងនានាជាច្រើន​នៅក្នុងរាជធានីភ្នំពេញ ឱ្យ​ទៅ​​ក្រុម​ហ៊ុន​ឯកជន ស្ថាប័នរដ្ឋ និងបុគ្គលឯកជនមានលុយមានអំណាចមួយចំនួន សម្រាប់ធ្វើការអភិវឌ្ឍ។ លោក​ថា ការកាត់ផ្ទៃដីបឹងនេះបាន​ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាននិងសង្គមផងដែរ។

លោកបន្ថែមថា៖ «ដោយសារតែទីតាំងដែលកាត់នោះជាទីតាំងមួយដែលភ្ជាប់ពីតំបន់បូមទឹក​បឹង​ត្របែក​ ចាក់ទៅ​ក្នុង​បឹងទំពុន ​ឬបឹង​ជើងឯក អ៊ីចឹងចង់មិនចង់ វានឹងធ្វើឱ្យប្រឡាយនៅក្នុងនោះ វាកាន់តែតូចជាងមុន! ហើយ​កាល​ណាតូ​ច​ជាង​មុន​ ចង់មិនចង់ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ​ ធ្វើទឹកមិនអាចហូរទាន់ វាប្រាកដ​​ជា​ស្ទះ ហើយជាលទ្ធផលបញ្ហាទឹកជំនន់ជន់លិចរាជធានីភ្នំពេញ វាកាន់តែអាក្រក់នៅពេលខាងមុខៗ នេះ​ជា​ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ»។

បើតាមការចុះផ្សាយរបស់អង្គការសមាគមធាងត្នោត បឹងទំពុន និង​បឹងជើងឯក​ នៅជាប់គ្នា ​ដែល​មាន​ផ្ទៃ​ដី​សរុប​ប្រមាណ២ ៦០០ហិកតា ស្ថិតក្នុង​ខណ្ឌមាន​ជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុង​តាខ្មៅ ខេត្តកណ្ដាល។

អង្គការមួយនេះឱ្យដឹងទៀតថា កាលពីឆ្នាំ២០០៨ រដ្ឋាភិបាលកម្ពុជា​បាន​ចេញ​អនុក្រឹត្យមួយកំណត់យកដីផ្ទៃបឹងនេះត្រឹម៥២០ហិកតាប៉ុណ្ណោះ ជាផ្ទៃបឹងរក្សាទុក និងកំណត់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។

អង្គការធាងត្នោត បន្តថា បឹងនេះមានមុខងារប្រើប្រាស់ច្រើនយ៉ាង ដូចជា អាងស្ដុកទឹក និងរំដោះទឹកភ្លៀងដ៏សំខាន់មួយ​ពីការជន់លិចរាជធានីភ្នំពេញ ដោយរំដោះទឹកបានប្រមាណ​៧០ភាគរយ និងជាអាងបន្សុទ្ធទឹកកខ្វក់​ក្នុងក្រុង​បែបធម្មជាតិ ហើយក៏ជាតំបន់​ផ្តល់​នូវ​បរិយា​កាស​ត្រជាក់ដល់ទីក្រុង តំបន់កសិកម្ម ជម្រកពពួកត្រី និងបក្សាបក្សីជាច្រើនប្រភេទកំពុងរស់នៅផងដែរ។

កាលពីអំឡុងឆ្នាំ២០១៩ រដ្ឋាភិបាលក៏បានចេញអនុក្រឹត្យមួយកាត់ផ្ទៃដីបឹងជើងឯកទំហំ១០ហិកតា ឱ្យទៅក្រសួងមហា​ផ្ទៃ សម្រាប់​សាង​សង់​អគ្គ​ស្នង​ការដ្ឋាននគរបាល​ជាតិ ចំនួន៥ហិកតា, អគ្គស្នងការដ្ឋាន​អត្តសញ្ញាណកម្ម ទំហំ១ហិកតា, សាលារដ្ឋបាលមូលដ្ឋាន ទំហំ២ហិកតា និងមន្ទីរពេទ្យនគរបាលជាតិ​ ទំហំ២ហិកតា និងកាត់ជូនក្រសួងរៀបចំដែនដី​ ទំហំ៣២ ១២៣ម៉ែត្រក្រឡា សម្រាប់សាងសង់មន្ទីររៀបចំ​ដែនដី និង​កាត់​ជូន​ពលរដ្ឋ​៦នាក់​ ទំហំ​១៦១ ៣៥៧ម៉ែត្រក្រឡា។

ក្នុងឆ្នាំ២០១៩ដែរ រដ្ឋាភិបាល​បាន​កាត់ដីផ្ទៃដីបឹងជើងឯកទំហំ១៩០៤ ២១១ម៉ែត្រក្រឡា ស្ថិតក្នុងសង្កាត់ជើងឯក សង្កាត់ខណ្ឌដង្កោ និងសង្កាត់ចាក់អង្រែក្រោម​ ឱ្យ​ទៅ​ឧកញ៉ា លាង ឃុន និងឧកញ៉ា ថៃ ជាហួត ធ្វើជាកម្មសិទ្ធិផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ