របបយោធា​មីយ៉ាន់ម៉ា​ថា​ការ​ប្រហារ​ជីវិត​សកម្មជន​បក្សប្រឆាំង គឺ​ដើម្បី​រក​យុត្តិធម៌​ជូន​ប្រជាជន

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ថ្លែងសុន្ទរកថានៅក្នុងសន្និសីទ IX Moscow ស្ដីពីសន្តិសុខអន្តរជាតិ នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ (Alexander Zemlianichenko/Pool via REUTERS)

យោធាដែលកំពុងកាន់អំណាចនៅ​ប្រទេសមីយ៉ាន់ម៉ា អះអាង​​ថា ការ​កាត់​ទោស​ប្រហារ​ជីវិតសកម្ម​ជន​បក្ស​ប្រឆាំង​ចំនួន​៤នាក់ជាទង្វើ​ស្រប​ច្បាប់ និង​ធ្វើ​ឡើង​ដើម្បី​រក​ភាពយុត្តិធម៌ជូនប្រជា​ជន។ នេះបើយោងតាមបណ្ដាញសារព័ត៌មាន Reuters ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ។

អ្នកនាំពាក្យរបស់របបយោធាមីយ៉ាន់ម៉ា លោក ហ្ស័រ មីន ទុន (Zaw Min Tun) បាននិយាយថា ការ​ប្រហារ​ជីវិត​នេះមិនមែនជារឿងផ្ទាល់ខ្លួននោះទេ ប៉ុន្តែ​ធ្វើឡើង​ដោយ​ស្រប​ច្បាប់ ហើយបុរស​ទាំង​នោះត្រូវបានផ្ដល់ឱកាសដើម្បីការពារខ្លួន។ លោក​បន្ត​​ថា រដ្ឋាភិបាល​យោធា​​ដឹង​​ថា ​ការ​​ប្រហារ​​ជីវិត​​នេះនឹងនាំឱ្យមាន​ការ​រិះគន់​​ជា​លើក​ដំបូង ​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍កន្លងមកនេះ​ ក្នុង​ប្រទេសមីម៉ាន់ម៉ា។

ការ​លើកឡើងរបស់​របបយោធាមីយ៉ាន់ម៉ាបានធ្វើឡើង ក្រោយពី​អង្គកា​រ​សហប្រ​ជាជា​តិ និង​បណ្តាប្រ​ទេស​​មួយចំនួន​នៅលើពិភពលោក បាន​ថ្កោលទោសជាបន្តបន្ទាប់ការដែល​​រប​ប​យោធា​មួយ​នេះប្រហារជីវិត​សកម្មជន​បក្សប្រឆាំងចំនួន៤រូប ដោយ​ពួកគេចាត់ទុក​ករណីនេះ​ថា​ជាការ​រំលោភ​សិទ្ធិមនុស្សធ្ងន់ធ្ងរ និង​ជា​អំពើដ៏ឃោរឃៅមួយ។

គួរបញ្ជាក់ថា អាជ្ញាធរ​យោធារបស់​ប្រទេសមីយ៉ាន់ម៉ាបាន​ប្រហារ​ជីវិត​សកម្មជន​ប្រជាធិបតេយ្យចំនួន៤នាក់ ដែលត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ចូល​រួម​អនុវត្ត «អំពើភេរវកម្ម» នៅក្នុងប្រទេស។ បុគ្គលទាំង៤នាក់​នេះត្រូវ​បាន​តុលាការ​​ចោទ​ប្រកាន់កាលពីខែមករាកន្លងទៅ ​ថាបាន​​ចូល​រួម​ចំណែក​ជួយ​ដល់​កង​ជីវពល​ ក្នុងការប្រយុទ្ធ​ដោយបង្ហូរឈាមតទល់នឹងកងទ័ព​ដែល​ទទួលបានអំណាចតាមរយៈរដ្ឋប្រហារ កាលពី​ឆ្នាំ​មុន។

យោង​តាម​​សារព័ត៌មាន​របស់​មីយ៉ាន់​ម៉ា Global New Light ក្នុងចំណោមអ្នកដែលត្រូវបានប្រហារជីវិតដោយ​ព្យួរកទាំងនោះ រួម​មាន សកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោម្នាក់ លោក ក្យរ មីនយូ (Kyaw Min Yu) ឬត្រូវបានគេស្គាល់ថា ជីមី (Jimmy) អតីតសមាជិកគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី លោក ភ្យូ ហ្សេយ៉ា ថរ (Phyo Zeya Thaw) លោក ឡា មីយូ អោង (Hla Myo Aung) និងលោក អោង ធូរ៉ា ហ្ស (Aung Thura Zaw)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ