អាមេរិក​ជំរុញ​ឱ្យ​ចិន​ថ្កោលទោស​លើ​មីយ៉ាន់ម៉ា​ទាក់ទង​នឹង​ការប្រហារ​ជីវិត​សកម្មជន​បក្សប្រឆាំង

លោក Phyo Zeyar Thaw ដែលជាសកម្មជនប្រជាធិបតេយ្យម្នាក់ក្នុងចំណោមសកម្មជនប្រជាធិបតេយ្យបួននាក់ ត្រូវបានប្រហារជីវិតដោយអាជ្ញាធរយោធាមីយ៉ាន់ម៉ា ក្រោមការចោទប្រកាន់ថាបានចូលរួម “អំពើភេរវកម្ម”ក្នុងប្រទេស។ (REUTERS)

សហរដ្ឋអាមេរិក​បាន​ជំរុញប្រទេស​ចិន​​ឱ្យ​បង្កើន​​សម្ពាធ​​​លើ​ប្រទេស​មី​យ៉ាន់​ម៉ា បន្ទាប់ពី​របប​យោធា​​មួយនេះបាន​​ប្រហារ​ជីវិត​​សកម្មជន​​ប្រជាធិបតេយ្យ​ចំនួន៤នាក់​។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណិត ប្រាយស៍ (Ned Price) ត្រូវ​បាន​បណ្ដាញសារព័ត៌មាន​ BBC ស្រង់សម្តីមកចុះផ្សាយនៅថ្ងៃអង្គារនេះថា ប្រទេសចិនអាចមានឥទ្ធិពលលើ​ប្រទេសមីយ៉ាន់ម៉ាច្រើនជាងប្រទេសដទៃទៀត។

លោកបន្ថែមថា៖ «យើងកំពុងអំពាវនាវឱ្យប្រទេសនានាជុំវិញពិភពលោកដាក់សម្ពាធបន្ថែមទៀតលើប្រទេសមីយ៉ាន់ម៉ា។ យើងក៏នឹងដាក់សម្ពាធបន្ថែមផងដែរ»។

យ៉ាងណា ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ​បាន​និយាយថា ប្រទេសចិន​មិន​លូកដៃ​ចូល​​កិច្ចការ​​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​ឡើយ​។

នៅពេល​សួរ​អំពី​ការ​ប្រហារ​ជីវិត​សកម្មជននៅមីយ៉ាន់ម៉ា លោក ហ្សៅ លីជៀន (Zhao Lijian) បាននិយាយថា ប្រទេសមីយ៉ាន់ម៉ាគួរតែប្រើប្រាស់ច្បាប់ និងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា។

លោក Price បាននិយាយថា អាចនឹងមិនមានការធ្វើអាជីវកម្មដូចធម្មតាឡើយជាមួយ​របប​យោធាក្នុង​ប្រទេសមីយ៉ាន់ម៉ា ហើយលោកបានអំពាវនាវឱ្យប្រទេសទាំងអស់ហាមឃាត់ការលក់សម្ភារយោធា​ដល់​ប្រទេស​នេះ និងហាមឃាត់សហគមន៍អន្តរជាតិមិនឱ្យផ្ដល់ទំនុកចិត្តដល់របបនេះ ទោះក្នុងកម្រិតណាក៏ដោយ។

លោកបន្តថា សហរដ្ឋអាមេរិកកំពុងពិចារណាលើការកាត់ផ្ដាច់ប្រាក់ចំណូលរបស់របបនេះ។

អង្គការសិទ្ធិមនុស្ស Amnesty ព្រមានថា មនុស្សជាង១០០​នាក់​ទៀតនៅក្នុងប្រទេសនេះអាចនឹងប្រឈម​ការ​​​កាត់​ទោស​ប្រហារ​ជីវិត បន្ទាប់​ពី​ត្រូវបានកាត់ទោសក្នុងដំណើរការស្រដៀងគ្នានេះ។ ការ​​ប្រហារ​ជីវិត​នេះ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​រិះគន់​ជា​ខ្លាំង។

សហគមន៍អន្តរជាតិអំពាវនាវឱ្យរបបយោធាបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការស្វែងរកសន្តិភាព​តាម​រយៈការសន្ទនា ក្រោមកិច្ចព្រមព្រៀងដែលបានចរចាជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ទោះបីជាយ៉ាងណា អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសមីយ៉ាន់ម៉ា លោក ស្កុត ម៉ាសែល (Scott Marciel) បានប្រាប់ BBC ថា ផែនការអាស៊ានបាន [រលត់បាត់ទៅហើយ] កាលពីឆ្នាំទៅ ហើយប្រទេសទាំងឡាយណាដែលអាណិតអាសូរ​ដល់​ចលនា​ប្រជាធិប
តេយ្យ​របស់​មីយ៉ាន់ម៉ា គួរតែបន្តទៀតចុះ។

ប្រធានផ្នែក​សិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោក​ស្រី មីឆែល បាឆេលែត (Michelle Bachelet) និងក្រុមសិទ្ធិមនុស្ស សុទ្ធតែបានថ្កោលទោសការប្រហារជីវិតនេះ។

អ្នកស្រី Bachelet បាននិយាយថា៖ «វិធានការដ៏ឃោរឃៅ និងកំពុងដើរថយក្រោយនេះ គឺជាការបង្កើនការគាបសង្កត់ ដែលរបបយោធាកំពុងធ្វើចំពោះប្រជាជនរបស់ខ្លួន»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ