ADB ផ្ដល់​ប្រាក់កម្ចី​១៥លានដុល្លារ​សម្រាប់​ជំរុញ​វិស័យ​ចំណីសត្វ​នៅ​កម្ពុជា

ជ្រូកនៅក្នុងទ្រុង ដែលកសិករចិញ្ចឹម​ជាលក្ខណៈគ្រួសារ​ នៅភូមិជ្រៃគ្រហ៊ឹម ឃុំកំពង់ឫស្សី ស្រុកពោធិរៀង ខេត្តព្រៃវែង។ (សូត សុខប្រាថ្នា/១៦ មករា ២០២០)

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុន De Heus TMH Company Limited (DH-TMH) បាន​ចុះហត្ថលេខា​លើប្រាក់កម្ចីចំនួន១៥លានដុល្លារ ដើម្បីជំរុញវិស័យចំណីសត្វនៅកម្ពុជា តាម​រយៈការពង្រីកសមត្ថភាពផ្ទុក និងកែច្នៃចំណីសត្វរបស់ក្រុមហ៊ុនឯកជននេះ​នៅខេត្ត​កំពង់ស្ពឺ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​​ធនាគារ​អភិវឌ្ឍន៍​​​​អាស៊ី បាន​ឱ្យដឹង​ថា គម្រោង​នេះ​​នឹង​​អនុ​ញ្ញាតឱ្យ​​ក្រុម​​ហ៊ុន​​អាច​ទិញ​វត្ថុ​ធាតុ​ដើម​បាន​កាន់​តែ​ច្រើន​ពី​ម្ចាស់​កសិដ្ឋាន​ខ្នាត​តូចក្នុងស្រុក ដែល​អាច​​ពង្រីកទំហំឃ្លាំង និងលទ្ធកម្មនៃម៉ាស៊ីនកែច្នៃបន្ថែម ដែលនឹង​​ជំរុញការផលិតចំណីសត្វ​ប្រកប​​ដោយ​ប្រសិទ្ធ​ភាព។​ វត្ថុធាតុដើមទាំងនោះមានដូចជា ដំណាំពោត ស្រូវ ដំឡូងមី ដែលអាច​បង្ក​លក្ខណៈ​ដល់​ការ​ផ្គត់​ផ្គង់ការ​ផលិត​ចំណី​ប្រកប​ដោយ​គុណ​ភាព​សម្រាប់​កសិករ​ចិញ្ចឹមបសុ​សត្វ និងត្រី ខណៈគម្រោងនេះក៏គាំទ្រដល់ការដំឡើងម៉ាស៊ីនសម្រាប់សម្ងួតផលិត​ផល​ពោត ដើម្បីរក្សាទុកបានយូរ និងកាត់បន្ថយហានិភ័យដែលបណ្ដាលមកពីការប្រែប្រួល​អាកាស​ធាតុផងដែរ។

នាយិកានៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោក​ស្រី Jyotsana Varma ឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះថា តាមរយៈការគាំទ្រនេះ នឹងធ្វើឱ្យមានភាពប្រសើរឡើងនៃជីវភាព​​របស់ប្រជាកសិករកម្ពុជា ក៏ដូចជាការកាត់បន្ថយការពឹងផ្អែកលើការនាំចូលនៃចំណីសត្វពីក្រៅប្រទេសផងដែរ។

លោកស្រីថា៖ «តាមរយៈការគាំទ្រដល់ DH-TMH យើងកំពុងជួយពង្រឹងខ្សែចង្វាក់តម្លៃចំណី ធ្វើឱ្យប្រសើរ​ឡើង​នូវជីវភាពរស់នៅរបស់កសិករ ដំណាំចំណី បសុសត្វ និង​ត្រី ហើយ​គាំ​ទ្រសកម្ម​ភាព​កសិកម្ម ដែលមាននិរន្តរភាព និងភាពធន់។ ការអភិវឌ្ឍការផ្គត់ផ្គង់ចំណីសត្វដែលមានប្រភពក្នុងស្រុក គុណ​ភាព​ខ្ពស់ និងតម្លៃ​សមរម្យ គឺជាកត្តាសំខាន់ក្នុងការការពារសន្ដិសុខស្បៀងរបស់កម្ពុជា និងកាត់បន្ថយការពឹងផ្អែកលើ​ការនាំចូលចំណីសត្វ»។

ជាមួយគ្នានេះ នាយកប្រតិបត្តិ De Heus នៅ​អាស៊ី លោក Gabor Fluit បានឱ្យដឹងដែរថា De Heus-TMH បានបេ្ដជ្ញាផ្ដល់អំណាចដល់កសិករឯករាជ្យនៅកម្ពុជា​ តាមរយៈការផ្តោតការយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាល និងការចែករំលែកចំណេះដឹងផងដែរ។

លោកថា៖ «កិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយ ADB រួមជាមួយនឹងការផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង​លើ​ការ​បណ្ដុះ​បណ្ដាល និង​ការ​ចែក​រំលែក​ចំណេះដឹងជាមួយ​បាវចនា “ចំណេះដឹងសកល-ផលជះក្នុងតំបន់” នឹងគាំទ្រនិង​ពន្លឿនការអភិវឌ្ឍប្រកប​ដោយ​ចីរភាព​នៃ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ប្រូតេអ៊ីនសម្រាប់សត្វនៅកម្ពុជា»។

គួរបញ្ជាក់ថា DH-TMH គឺជាអ្នកផលិតចំណីសត្វធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដោយមានសមត្ថភាពផលិតចំណីសត្វ១៨០ ០០០តោន និងជាក្រុមហ៊ុនដែលបណ្ដាក់ទុនរួមគ្នារវាង De Hues នៃប្រទេសហូឡង់ (ដែលជាអ្នកផ្គត់ផ្គង់ចំណីសត្វគ្រប់គ្រងដោយគ្រួសារពិភពលោក ហើយបានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនតាំងពីឆ្នាំ១៩១១) និងក្រុមហ៊ុន TMH Company Limited នៅប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ