សង្គមស៊ីវិល​កម្ពុជា​ថ្កោលទោស​ចំពោះ​ការ​ប្រហារជីវិត​សកម្មជន​នយោបាយ​បក្សប្រឆាំង​នៅ​មីយ៉ាន់ម៉ា

(ឆ្វេង) លោក Kyaw Min Yu ដែលគេស្គាល់ថា Ko Jimmy និង (ស្ដាំ) លោក Phyo Zeyar Thaw ដែលជាសកម្មជនប្រជាធិបតេយ្យពីរនាក់ក្នុងចំណោមសកម្មជនប្រជាធិបតេយ្យ ៤ នាក់ ត្រូវបានប្រហារជីវិតដោយអាជ្ញាធរយោធាមីយ៉ាន់ម៉ា ដែលត្រូវបានចោទប្រកាន់ថាបានពាក់ព័ន្ធ “អំពើភេរវកម្ម” ក្នុងប្រទេស។ (REUTUERS)

អង្គការសមាគមមិនមែនរដ្ឋាភិបាល​នៅកម្ពុជា បានចេញមុខថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រហារជីវិតសកម្មជននយោបាយបក្សប្រឆាំងចំនួន៤រូប ដោយរបបយោធាមីយ៉ាន់ម៉ា ឬភូមា ដោយពួកគេចាត់ទុកទង្វើនេះ ថាជាអំពើអមនុស្សធម៌ រំលោភលើសិទ្ធិមនុស្ស និងសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ។

សេចក្ដីថ្លែងការណ៍រួមដែលចេញនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ ​រួមមាន សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រុមខ្មែរថាវរៈ ចលនាមាតាធម្មជាតិ សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា និងសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ។

ការថ្កោលទោសរបបយោធាមីយ៉ាន់ម៉ានេះ ធ្វើឡើងក្រោយមានការប្រហារជីវិតលើសកម្មជននយោបាយ៤រូបរបស់គណបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យ (National League for Democracy) ដែលក្នុងនោះរួមមាន សកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោម្នាក់ លោក ក្យរ មីនយូ (Kyaw Min Yu) ឬត្រូវបានគេស្គាល់ថា ជីមី (Jimmy) អតីតសមាជិកសភានៃគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី លោក ភ្យូ ហ្សេយ៉ា ថរ (Phyo Zeya Thaw) លោក ឡា មីយូ អោង (Hla Myo Aung) និងលោក អោង ធូរ៉ា ហ្ស (Aung Thura Zaw)។ ពួកគេទាំង៤រូបនេះ ត្រូវបានរបបសឹកភូមាប្រហារជីវិត កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២

​អង្គការសង្គមស៊ីវិលកម្ពុជាទាំងនេះ បានហៅការប្រហារជីវិតអ្នកនយោបាយបក្សប្រឆាំងមីយ៉ាន់ម៉ានេះ គឺជាអំពើអមនុស្សធម៌ រំលោភលើសិទ្ធិមនុស្ស និងសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ។

ជាមួយគ្នានេះ អង្គការ សមាគមមិនមែនរដ្ឋាភិបាល សម្តែង​ការសោកស្តាយ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រហារជីវិតសកម្មជននយោបាយ ដែលបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស សិទ្ធិចូលរួមក្នុងវិស័យនយោបាយ និងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋភូមា។

សេចក្ដីថ្លែងការណ៍បញ្ជាក់ថា៖ «អំពើឃោរឃៅ ព្រៃផ្សៃ និងហិង្សារបស់របបយោធាភូមា មកលើសកម្មជននយោបាយ ធ្វើឡើងក្នុងបរិបទឧក្រិដ្ឋកម្ម មនុស្សជាតិលើលទ្ធភាពរបស់ពលរដ្ឋខ្លួន ក្នុងការអនុវត្តសិទ្ធិនយោបាយ និងសេរីភាពបញ្ចេញមតិ»។

ប្រភពដដែលនេះ បន្ថែមថា៖ «ការបង្ក្រាបជាប្រព័ន្ធលើសំឡេងស៊ីវិល ព្រមទាំងការយាយីអ្នកស្រឡាញ់សេរីភាព អ្នកការពារសិទ្ធិមនុស្ស និងអ្នកស្រឡាញ់ប្រជាធិបតេយ្យ ជាពិសេស ពលរដ្ឋស្លូតត្រង់របស់ខ្លួន»។

អង្គការសមាគមមិនមែនរដ្ឋាភិបាល ក៏បានស្នើរដល់ប្រធានអាស៊ានប្តូរវេន សហគមន៍អន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិ នឹងចាត់វិធានការឆ្លើយតបជាបន្ទាន់ ដើម្បីធានាដល់ការរស់នៅប្រកបដោយសុខដុមរមនា ក្នុងនាមជាមនុស្សជាតិ របស់ពលរដ្ឋមីយ៉ាន់ម៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ