ក្រសួង​ថា អ្នកប៉ះពាល់​ជាមួយ​អ្នក​ជំងឺអុតស្វា​ជនជាតិ​នីហ្សេរីយ៉ា​នៅ​មិន​ទាន់​ចេញ​រោគសញ្ញា​ឡើយ

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនៅក្នុងថ្ងៃចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដែលជាជំនួយពីចិន ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ (ហ៊ី ឆាយ)

អ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា មកទល់ពេលនេះ កម្ពុជាបានរកឃើញមនុស្សចំនួន៥នាក់ដែលបានប៉ះពាល់ជាមួយ​អ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ា ប៉ុន្តែរហូតមកដល់ថ្ងៃទី២៦ ខែកក្កដា ម្សិលមិញនេះ ពួកគេនៅមិនទាន់លេចឡើងនូវរោគសញ្ញា​អ្វីនោះឡើយ។

ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា ស្ដីពីស្ថានភាពបច្ចុប្បន្ននៃជំងឺអុតស្វា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ឱ្យដឹងថា ក្រោមកិច្ចសហការរវាងក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់នៃនាយកដ្ឋានប្រយុទ្ធជំងឺឆ្លងរបស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងកម្លាំងអាជ្ញាធរ ក្រសួងបានរកឃើញអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអុតស្វាជាជនជាតិនីហ្សេរីយ៉ា មានចំនួន៥នាក់។ ​ក្នុងនោះ៣នាក់ជាអ្នកបោសសម្អាតផ្ទះសំណាក់ និង២នាក់ទៀតគឺអ្នកដែលបាននាំអ្នកជំងឺមករកផ្ទះសំណាក់។

​អ្នកស្រីឱ្យដឹងបន្ថែមថា មកទល់ពេលនេះ អ្នកដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអុតស្វា​ នៅមិនទាន់ចេញជាអាការណាមួយគួរឱ្យកត់សម្គាល់នោះឡើយ។ ប៉ុន្តែអ្នកទាំងនោះចាំបាច់ត្រូវគោរពតាមវិធានការរបស់ក្រសួងភិបាល ដោយត្រូវនៅដាច់ដោយឡែក និងមិនត្រូវប៉ះពាល់ជាមួយក្រុមគ្រួសារ ឬអ្នកដទៃឡើយ ដើម្បីតាមដានសុខភាពរបស់ពួកគេឱ្យបានហ្មត់ចត់។

តាមរយៈបច្ចេកទេស ការសង្កេត និងការណែនាំរបស់អង្គការសុខភាពពិភពលោក ឱ្យដឹងថា រយៈពេលនៃការឆ្លង​ជំងឺអុតស្វានេះ គឺមានចាប់ពី៥ថ្ងៃ ទៅ២១ថ្ងៃ។ ក្នុងនោះ ចំណុចចាប់ផ្ដើមនៃការឆ្លងដំបូងដែលអាចឱ្យ​ដឹងបាននោះ គឺចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ឬថ្ងៃទី១៣។

អ្នកស្រី​ ឱ វណ្ណឌីន ឱ្យដឹងទៀតថា ទោះបីជារហូតដល់ពេលនេះ អ្នកប៉ះពាល់ទាំងនោះពុំទាន់លេចឡើងនូវអាការនៃជំងឺអុតស្វាក៏ដោយ ប៉ុន្តែតាមគោលការណ៍ ពួកគេត្រូវនៅតាមដានសុខភាពរយៈពេល២១ថ្ងៃ។

យ៉ាងណាមិញ ក្រសួងក៏បានឱ្យដឹងដែរថា​ ជំងឺអុតស្វានេះមិនឆ្លងលឿនដូចវីរុសកូវីដ-១៩នោះទេ​ ដោយថា វីរុសកូវីដ-១៩ វាឆ្លងលឿនដោយសារតាមផ្លូវដង្ហើម ក្អក កណ្ដាស់ ពេលនៅជិតគ្នា ឬតាមតំណក់ទឹកមាត់តូចៗ។ ប៉ុន្តែសម្រាប់វីរុសអុតស្វា គឺឆ្លងនៅពេលដែលបុគ្គលនិងបុគ្គលប៉ះពាល់គ្នាផ្ទាល់ ដូចជាតាមសរីរាង្គ ស្បែក កន្លែងដែលចេញពងទឹកឬដំបៅដែលមិនទាន់ជាសះស្បើយ និងការរួមភេទ ជាដើម។

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក គិតត្រឹមថ្ងៃទី២២​ ខែកក្កដា ឆ្នាំ២០២២នេះ ​មានបណ្ដាប្រទេសលើសកលលោកចំនួន៧៥ប្រទេស មកពី៦តំបន់ ដោយក្នុងនោះមានចំនួន១៦ ០១៦ករណី ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ថាមានជំងឺអុតស្វា ដោយក្នុងនោះករណីអាចមានចំនួន៧៣ករណី និងស្លាប់បាត់បង់ជីវិតចំនួន៥នាក់។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលដដែលឱ្យដឹងថា តាមរយៈការសង្កេតរបស់អង្គការសុខភាពពិភពលោក​ ការកើនឡើងនៃករណីជំងឺអុតស្វា ក្នុងរយៈពេល៧ថ្ងៃចុងក្រោយនេះ បានឃើញថា បណ្ដាប្រទេសចំនួន៣៧ (ដែលពីមុនមិនធ្លាប់រាយការណ៍) បានរាយការណ៍ជូនអង្គការសុខភាពពិភពលោក អំពីការរកឃើញនៃករណីជំងឺអុតស្វានៅតាមបណ្ដាប្រទេសទាំងនោះ។

កត្តាគួរឱ្យកត់សម្គាល់បន្ថែមនោះ អ្នកស្រី វណ្ណឌីន អះអាងថា គិតត្រឹមថ្ងៃទី១៨ មកទល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ ការកើនឡើងនៃករណីថ្មីនៃជំងឺអុតស្វាក្នុងសកលលោក បានកើនដល់ ៤៨%។ ក្នុងចំណោមករណីដែលរកឃើញសរុបគឺ តំបន់អឺរ៉ុប ៧២%​ និងតំបន់អាមេរិក ២៦%។ មួយវិញទៀត ៧៣% ត្រូវបានរកឃើញលើអ្នកដែលប្រព្រឹត្តផ្លូវភេទ ដូចជា អ្នករកស៊ីផ្លូវភេទ ឬអ្នកដែលចូលចិត្តទៅកន្លែងផ្លូវភេទ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ