ការស្ទង់មតិ​បង្ហាញ​ថា​ពលរដ្ឋ​ហ្វីលីពីន​មាន​ភាព​តានតឹង​បំផុត ខណៈ​ពលរដ្ឋខ្មែរ​មាន​ទុក្ខព្រួយ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍

ពលរដ្ឋធ្វើដំណើរនៅក្នុងក្រុង Caloocan ប្រទេសហ្វីលីពីន ។ (REUTERS)

ក្រុមហ៊ុនវិភាគ និងប្រឹក្សាសកល ឈ្មោះថា Gallup បានវាស់វែងស្ថានភាពផ្លូវអារម្មណ៍របស់មនុស្សនៅក្នុងប្រទេសជាង១០០ តាមរយៈការស្ទង់មតិស៊ីជម្រៅមួយ។

បណ្ដាញសារព័ត៌មាន yahoo news ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ឱ្យដឹងថា នៅក្នុងការស្ទង់មតិដែលបានធ្វើឡើងពីឆ្នាំ២០២១ ដល់ដើមឆ្នាំ២០២២ ក្រុមហ៊ុនវិភាគសកលបានកត់ត្រាការឆ្លើយតបពីអ្នកត្រូវបានគេសម្ភា​សមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ។

ប្រភពដដែលបន្តថា នៅក្នុងការស្ទង់មតិថ្មីៗនេះ អ្នកឆ្លើយតបត្រូវបានសួរអំពីអារម្មណ៍របស់ពួកគេ រួមទាំងកម្រិតនៃភាពតានតឹង កំហឹង និងភាពទុក្ខព្រួយ មួយថ្ងៃមុនពេលការស្ទង់មតិត្រូវបានធ្វើឡើង។

ក្នុងចំណោមអ្នកឆ្លើយតបទាំងអស់ ជនជាតិហ្វីលីពីន ៤៨% បាននិយាយថា ពួកគេមានភាពតានតឹង ដែលនេះជាភាគរយខ្ពស់បំផុតក្នុងចំណោមប្រទេសទាំងឡាយនៅអាស៊ីអាគ្នេយ៍ ខណៈប្រទេស​ថៃ​មាន ៤៤% ហើយកម្ពុជា​មាន ៤០% ។

ក្នុងការស្ទង់មតិអំពីកំហឹង ប្រទេសឡាវជាប់ចំណាត់ថ្នាក់លេខ១ ដោយមាន ២៩% នៃអ្នកឆ្លើយតបនិយាយថា ពួកគេមានកំហឹងមុនពេលការស្ទង់មតិត្រូវបានធ្វើឡើង។ ហ្វីលីពីន​ជាប់​ចំណាត់​ថ្នាក់​លេខ២ ដែលមាន ២៧% នៃប្រជាជនដែលមានកំហឹង រីឯប្រទេសឥណ្ឌូណេស៊ី កម្ពុជា ថៃ និងមីយ៉ាន់ម៉ាមាន២០%។

ក្រុមហ៊ុន Gallup ក៏បានរកឃើញថា ប្រជាជនកម្ពុជាមានភាពទុក្ខព្រួយបំផុតក្នុងចំណោមប្រទេសទាំងឡាយនៅអាស៊ីអាគ្នេយ៍ ដោយមានអ្នកឆ្លើយចំនួន ៤២% និយាយថា ពួកគេមានភាពទុក្ខព្រួយ។ ប្រទេសហ្វីលីពីន​ជាប់​ចំណាត់​ថ្នាក់​លេខ២ក្នុង​ប្រភេទ​នេះ​ដែរ ដោយ​មាន ៣៥% នៃ​អ្នក​ឆ្លើយតបថាទុក្ខព្រួយ ខណៈប្រទេស​វៀតណាម​ជាប់ចំណាត់ថ្នាក់​លេខ៣ ដោយមាន ២៧%។

ប្រទេសសិង្ហបុរី​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ ប្រជាជនក្នុងប្រទេសនេះ​មានកំហឹង ​និងភាពទុក្ខព្រួយ​តិច​បំផុត​ក្នុង​តំបន់។

ខណៈប្រទេសហ្វីលីពីនជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតទាំងបី ទាក់ទងនឹងអារម្មណ៍តានតឹង កំហឹង និងទុក្ខព្រួយ ប្រទេសនេះក៏បានជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុង «ការរៀនសូត្រពីអ្វីមួយ» និង «ការគោរពអ្នកដទៃ»។ ប្រទេស​ថៃ​ជាប់​ចំណាត់​ថ្នាក់​លេខ​២​ ដោយមាន​៧១% ហើយ​ម៉ាឡេស៊ី​មានចំនួន​៥៦%។

នៅក្នុងការស្ទង់មតិអំពី «ការគោរព» ៩៥% នៃប្រជាជនហ្វីលីពីនបានឆ្លើយថា «បាទ/ចាស» នៅពេលសួរថាតើពួកគេមានអារម្មណ៍ថាពួកគេត្រូវបានគេគោរព និងឱ្យតម្លៃដែរឬទេ។ ប្រទេសឥណ្ឌូនេស៊ីមាន ៩៣% ហើយប្រទេសវៀតណាមមាន ៩២%។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ស្ទង់មតិនេះមិនបានបញ្ជាក់អំពីប្រភព ឬកត្តាដែលបង្កឱ្យពលរដ្ឋនៅក្នុងប្រទេសទាំងអស់នោះមានបញ្ហាផ្លូវអារម្មណ៍ ឬជំងឺផ្លូវចិត្ត ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ