សិង្ហបុរី​អនុញ្ញាត​ឱ្យ​អតីត​ប្រធានាធិបតី​ស្រីលង្កា​ចុះ​ពី​តំណែង​ស្នាក់នៅ​បន្ត

លោកប្រធានាធិបតីស្រីលង្កា ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)។ (ហ្វេសប៊ុក៖ Gotabaya Rajapaksa)

ប្រទេសសិង្ហបុរីបានអនុញ្ញាតឱ្យអតីតប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ស្នាក់នៅក្នុងប្រទេសរបស់ខ្លួនរយៈពេល១៤ថ្ងៃបន្តទៀត។ នេះបើយោងតាមបណ្ដាញសារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃពុធនេះ។

ប្រភពពីរផ្សេងគ្នានៅទីក្រុងកូឡុំបូ (Colombo) និងនៅប្រទេសសិង្ហបុរីដែលដឹងអំពីបញ្ហានេះ បានប្រាប់ Reuters ថា ឥលូវនេះ លោក Rajapaksa អាចស្នាក់នៅក្នុងប្រទេសសិង្ហបុរី រហូតដល់ថ្ងៃទី១១ ខែសីហា។

​ទោះជាយ៉ាងណា គេនៅមិនទាន់អាចសុំការបញ្ជាក់ពីអាជ្ញាធរអន្តោប្រវេសន៍ និងត្រួតពិនិត្យនៅក្នុង​ប្រទេស​សិង្ហបុរី អំពីការ​ពន្យារ​ការ​ស្នាក់​នៅរបស់អតីតប្រធានាធិបតីស្រីលង្កានេះនៅឡើយទេ។

គួរបញ្ជាក់ថា លោក Rajapaksa បានមកដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤ ខែកក្កដា មួយថ្ងៃបន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេសដែលកំពុងមានវិបត្តិ តាមប្រទេសម៉ាល់ឌីវ និងបន្ទាប់ពីការបះបោរទ្រង់ទ្រាយធំដែលបានបង្ខំឱ្យលោកលាលែងពីតំណែងជាប្រធានាធិបតីនៃប្រទេសដែនកោះមួយនេះ។

នៅ​ពេល​នោះ រដ្ឋាភិបាល​សិង្ហបុរី​បាន​និយាយ​ថា លោក​មិន​បាន​ទទួល​សិទ្ធិ​ជ្រកកោន​ទេ ហើយលោក​កំពុង​នៅ​ក្នុង​ប្រទេសសិង្ហបុរី​ ក្នុង​ដំណើរ​ទស្សនកិច្ច​ឯកជនប៉ុណ្ណោះ។

អ្នកនាំពាក្យរដ្ឋាភិបាលស្រីលង្កា លោក បាន់ឌូឡា ហ្គុនវ៉ាឌិនណា (Bandula Gunwardena) បានថ្លែងកាលពីថ្ងៃអង្គារថា៖ «ខ្ញុំជឿថា គាត់អាចពិចារណាត្រលប់មកប្រទេសស្រីលង្កាវិញ ប៉ុន្តែមិនមានគោលជំហរនយោបាយ ឬគោលជំហរណាមួយច្បាស់លាស់ឡើយ»។

នាយករដ្ឋមន្ត្រី ៦អាណត្តិ លោក រ៉ានីល វីក្រេមេស៊ីងហ្កេ (Ranil Wickremesinghe) បានឡើងកាន់តំណែងជាប្រធានាធិបតី បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសភា ដែលប្រព្រឹត្តទៅក្រោយពីលោក Rajapaksa បានភៀសខ្លួនចេញពីប្រទេស ហើយបានលាលែងពីតំណែង។

ប្រទេសស្រីលង្កាដែលមានប្រជាជនចំនួន២២លាននាក់បានធ្លាក់ដុនដាបដោយសារវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរអស់រយៈពេលជាច្រើនខែ ដោយខ្វះប្រេងឥន្ធនៈ ស្បៀងអាហារ និងសម្ភារចាំបាច់ផ្សេងទៀត ខណៈទុនបម្រុងដែលត្រូវការសម្រាប់ការនាំចូលសំខាន់ៗបានធ្លាក់ចុះដល់កម្រិតទាបបំផុត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ