តុលាការ​កំពូល​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅឃុំ​បណ្ដោះ​អាសន្ន​របស់​លោក សៀម ភ្លុក

លោក សៀម ភ្លុក ជិះរថយន្តពន្ធនាគារមកចូលរួមសវនាការនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ ​«ក្លែងបន្លំ និងប្រើប្រាស់​លិខិត​ក្លែង» ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

តុលាការកំពូល នៅថ្ងៃពុធនេះ បាន​បដិសេធបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់​លោក សៀម ភ្លុក ស្ថាបនិក​គណបក្សបេះដូងជាតិ ដោយ​សម្អាង​ថា ការអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះ​​អាសន្ន​ ប៉ះពាល់​ដល់ដំណើរការ​នីតិវិធីតុលាការ។

លោក សៀម ភ្លុក ត្រូវបានតុលាការចោទ​​​ប្រកាន់​​​ពី​​បទ ​«ក្លែងបន្លំ និងប្រើប្រាស់​លិខិត​ក្លែង» កាលពីថ្ងៃទី២៧ ខែ​មេសា ឆ្នាំ២០២២ និង​ត្រូវបានសមត្ថកិច្ច​​ចាប់​ខ្លួននិងបញ្ជូនទៅឃុំខ្លួននៅ​ពន្ធនាគារ​ព្រៃស​ភ្លាមៗ​នៅ​ថ្ងៃដដែល​នោះ។

លោក ជូង ជូងី មេធាវីការពារក្ដីឱ្យលោក សៀម ភ្លុក​ បានឱ្យ​ដឹងថា តុលាការកំពូល នៅ​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ២០២២ បាន​សម្រេចមិនដោះលែងកូនក្ដីលោក​ឱ្យ​នៅក្រៅឃុំបណ្ដោះអាសន្ន​ទេ ដោយ​សម្អាងហេតុ​ផល​ថា ការវិនិច្ឆយរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ​ មានភាពត្រឹមត្រូវហើយ។

លោកថា៖ «តុលាការ​​កំពូល​សម្រេច​មិន​ដោះលែង​លោក សៀម ភ្លុក ទេ! សម្អាងថា ការវិនិច្ឆយរបស់សាលាឧទ្ធរណ៍ត្រឹម​ត្រូវហើយ ដោយត្រូវរក្សាទុកជូនតុលារការចាត់ការតាមនីតិវិធី»។

លោក ជូង ជូងី យល់ឃើញថា ការសម្រេចរបស់តុលាការកំពូលនេះ បាន​ប៉ះពាល់ខ្លាំង​​ដល់​សិទ្ធិ​​កូន​ក្ដី​របស់លោក ដោយ​​អះអាង​ថា លោក សៀម ភ្លុក​ មិនបាន​ក្លែង​ឯកសារ ហើយក៏មិនបានដឹងថាឯកសារដែលបានដាក់ទៅក្រសួងមហាផ្ទៃ នាពេលកន្លងមក​នោះ ជាឯកសារ​ក្លែងដែរ។

កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ បដិសេធ​សំណើសុំនៅក្រៅឃុំជាបណ្តោះអាសន្នរបស់​លោក សៀម ភ្លុក ដោយលើកហេតុផល​ថា ដើម្បីរក្សាជនត្រូវចោទជូន​តុលាការ​បន្តនីតិវិធី​ទៀត។ ​

នាយកទទួលបន្ទុកកិច្ចការទូទៅ​ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បង្ហាញកា​រ​សោក​​ស្ដាយដែល​តុលាការ​មិន​អនុញ្ញាត​ឱ្យ​លោក សៀម ភ្លុក នៅក្រៅឃុំ។ លោកបន្ត​ថា​ ស្ថាប​​និ​​ក​​គណបក្ស​បេះដូងជាតិ​ ដែលជាជនត្រូវ​ចោទរូបនេះ មិន​មាន​ចេត​នា​ក្នុងការក្លែងស្នាមមេដៃ​នោះ​ទេ តែ​ជា​កំហុស​ខ្វះខាត​មួយ​ចំនួន​ប៉ុណ្ណោះ ហើយករណីនេះក៏​មិនបាន​បង្ក​ការ​ប៉ះពាល់​ដល់​សង្គមជាតិ ឬនរណាម្នាក់នោះដែរ។

លោកថា៖ «យើងជាអង្គការសង្គមស៊ីវិល យើងមានការសោកស្ដាយដែលថាលោក សៀម ភ្លុក នេះ គួរតែអនុញ្ញាតឱ្យនៅក្រៅឃុំ ហើយដែលគាត់មានបំណងចង់បង្កើតគណបក្សនយោបាយ គួរតែធ្វើតាមផ្លូវច្បាប់ ហើយប្រកួតប្រជែងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។

ដោយឡែក កាលពីថ្ងៃទី​២២ ខែកក្កដា​ ឆ្នាំ២០២២នេះ តុលាការ​កំពូល​បាន​សម្រេច​​​ឱ្យ​លោក ទេព ហ៊ុយ អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថក្រុងក្រចេះ ដែលជាប់ចោទពីបទ «ធ្វើទារុ​ណក​ម្ម​កុ​​មារី២នាក់ដោយបង្ខំឱ្យស៊ីអាចម៍ឆ្កែ» បាននៅក្រៅឃុំ​បណ្ដោះអាសន្ន ដោយ​សម្អាង​ហេតុ​ថា «​មិ​ន​មាន​​បទ​ល្មើសផ្សេង» ក្រោយពីជនជាប់ចោទរូបនោះបានជាប់ពន្ធនាគារ៩ខែរួចមក។

ជុំវិញ​ករណីនេះ លោក អំ សំអាត មើលឃើញ​​ថា ចំពោះ​​ករណី​​អតីត​​មេ​បញ្ជាការកង​រាជ​អាវុធ​ហត្ថក្រុង​ក្រចេះ ដែល​ធ្វើទារុ​ណក​ម្ម​លើកុ​​មារី២នាក់ដោយបង្ខំឱ្យស៊ីអាចម៍ឆ្កែ ដែល​ជា​ការ​ប្រើប្រាស់ទារុណ​កម្ម​ឃោរឃៅ ហើយ​ត្រូវបានសាធារណជន​ថ្កោលទោស​យ៉ាងខ្លាំងនោះ បែរ​ជា​តុលាការ​​​កំពូល​សម្រេចដោះលែងឱ្យ​នៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែ​ករណីលោក សៀម ភ្លុក ដែលមិនបានបង្កការប៉ះពាល់​ដល់សង្គមជាតិ ឬនរណាម្នាក់ បែរ​ជា​​តុលាការ​មិនអនុញ្ញាតឱ្យនៅក្រៅឃុំបណ្តោះអាសន្នទៅវិញ។

លោក ​អំ សំអាត បានលើកឡើងថា៖ «ករណីទាំង២នេះមាន​ភាព​ខុ​ស​គ្នា បើយើង​និយាយ​ពីព្យសនកម្ម អតីតមេបញ្ជាការប៉េអឹមខេត្តក្រចេះ មាន​ការ​ប្រើប្រាស់​នូវ​ទារុណកម្ម​ឃោរឃៅ ដែល​ធ្វើឱ្យសាធារណជនមិនអាចទទួលយកបាន ហើយមានការកាត់ទោស ប៉ុន្ដែទីបញ្ចប់​ត្រូវបាន​តុលាការសម្រេចឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ តែករណី​លោក សៀម ភ្លុក យើង​ឃើញ​ហើយ​ថា ​សូម្បីតែក្នុងលិខិតរបស់លោកក៏បញ្ជាក់អំពីគ្មានចេតនាក្នុងការក្លែងមេដៃទេ តែជា​កំហុស ជា​ការខ្វះខាតមួយចំនួន ហើយក៏មិនបង្កឱ្យមានព្យសនកម្មដល់សង្គមជាតិ ដល់នរណាម្នាក់ដែរ ដែលយើងឃើញ​មានការខុសគ្នាដែរ»។

លោក សៀម ភ្លុក ត្រូវបានក្រសួងមហាផ្ទៃ​​ រកឃើញថា មានជាប់ពាក់ព័ន្ធនឹងការក្លែងស្នាម​មេដៃ ដើម្បី​​បង្កើត​​​គណ​​​បក្ស​​​បេះដូងជាតិ កាលពីខែ​មិថុនា ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ ​លោក ស ខេង ផ្ញើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែ​​វិច្ឆិកា ឆ្នាំ​២០២១។

ចំណែក​លោក សៀម ភ្លុក ធ្លាប់​ប្រាប់​​វីអូឌី​​ថា បើស្ថិតក្នុងមន្ទិលសង្ស័យ​​ស្នាម​​មេ​​​​ដៃ​​ក្លែង​​ក្លាយ និងស្នាមមេដៃខូច​​គុណ​​​ភាព ឬមានស្នាម​មេដៃ​​ស្ទួនមែន ក្រសួងមហាផ្ទៃ អាច​​មាន​​សិទ្ធិ​​​​បដិ​សេធ​​ឬ​​​ទាត់​​​​​​ចោលបាន ដោយ​មិនត្រូវចាត់​​ទុកស្នាម​​មេ​ដៃទាំងនោះ​ ​ប្រែក្លាយ​​ទៅ​​​​ជាបទល្មើស​​​ព្រហ្ម​​ទណ្ឌ​នោះ​​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ