អំពើពុករលួយ កម្សោយនៃការអនុវត្តច្បាប់ វិធានការវះកាត់មន្ត្រីខិលខូច នៅពីក្រោយក្រុមហ៊ុនដើម្បីធ្វើជាមុខរបរជួញក្ដី ត្រូវបានគេមើលឃើញថា ជាឧបសគ្គចម្បងរារាំងដល់យន្តការស្វែងរកដំណោះស្រាយនៃវិវាទការងារនៅក្រុមហ៊ុនល្បែងណាហ្គាវើលដ៍ រហូតរកច្រកចេញមិនរួចអស់រយៈពេលជាង១ឆ្នាំមកនេះ។
បញ្ហានេះជំរុញឱ្យមានការព្រួយបារម្ភថា ភាពអយុត្តិធម៌នឹងបង្កជាហានិភ័យសង្គម បើរដ្ឋាភិបាលមិនអាចទប់ស្កាត់បាន។
ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលមានទីតាំងនៅជាប់របងរដ្ឋសភា ក្នុងរាជធានីភ្នំពេញ បានកម្រើកការតវ៉ា ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ក្រោយពីក្រុមហ៊ុននេះបានជូនដំណឹងពីគម្រោងបញ្ឈប់បុគ្គលិក ១ ៣២៩នាក់ ជាទ្រង់ទ្រាយធំ ក្រោមហេតុផលជួបវិបត្តិហិរញ្ញវត្ថុ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។
ក៏ប៉ុន្តែសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ បានសម្អាងហេតុផ្ទុយពីនេះ ពួកគេចាត់ទុកការបញ្ឈប់នេះជាចេតនាថៅកែចង់លុបបំបាត់សហជីពឯករាជ្យ ផ្ទុយពីច្បាប់ការងារ និងអនុសញ្ញារួមរបស់អង្គការពលកម្មអន្តរជាតិ (ILO) ដែលកម្ពុជាបានផ្តដល់សច្ចាប័ន ខណៈអ្នកដែលត្រូវបញ្ឈប់ទាំងនោះភាគច្រើនជាមេដឹកនាំសហជីព សកម្មជនសហជីព និងប្រតិភូបុគ្គលិក។
ភាពចម្រូងចម្រាសនេះជំរុញឱ្យលេចចេញនូវកូដកម្មកើតឡើងជាលើកដំបូង អំឡុងខែធ្នូ ឆ្នាំ២០២១។
ក៏ប៉ុន្តែ ប្រមាណកន្លះខែក្រោយការធ្វើកូដកម្មថ្ងៃដំបូងមក មេដឹកនាំសហជីពចំនួន៨នាក់ ដែល៧នាក់ជាស្ត្រី ត្រូវចាប់ខ្លួនដាក់ពន្ធនាគារ ដែលតុលាការចោទពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។
យ៉ាងណា ជាង២ខែក្រោយមក ពោលគឺនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ថ្នាក់ដឹកនាំសហជីពទាំងនោះ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយភ្ជាប់នឹងកិច្ចសន្យាបញ្ឈប់ការតវ៉ា តែនៅរក្សាបទចោទប្រកាន់។
ជាការកត់សម្គាល់ មុនការដោះលែងនេះ ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យការងារ និងសិទ្ធិមនុស្ស បានរួមគ្នាដើរដាក់ញត្តិទៅក្រសួងពាក់ព័ន្ធ ក្នុងនោះមានទាំងរដ្ឋសភា ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃផង ទាមទារឱ្យដោះលែងនិងទម្លាក់បទចោទលើមេដឹកនាំសហជីពទាំងនោះដោយគ្មានលក្ខខណ្ឌ។
តាមញត្តិរួមគ្នាមួយដាក់ទៅក្រសួងមហាផ្ទៃ អំឡុងខែកុម្ភៈ ឆ្នាំ២០២២ ក្រុមអង្គការសមាគមចំនួន១៣៤បានចាត់ទុកការចោទប្រកាន់មេដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ទាំងនោះ ថាបានធ្វើឡើងដោយរំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារធ្ងន់ធ្ងរ។
ជ្រុងមួយនៃបញ្ហានេះ បើទោះបីជាមេដឹកនាំសហជីពទាំង៨នាក់បាននៅក្រៅពន្ធនាគារក្តី តែវិវាទមិនទាន់ត្រូវបានដោះស្រាយទេ ដែលធ្វើឱ្យកូដករនៅតែបន្តស្ថិតនៅខ្សែត្រៀមជួរមុខ ប្រឈមជាមួយអាជ្ញាធរ រហូតបច្ចុប្បន្ន នៅពេលពួកគេព្យាយាមប្រមូលផ្ដុំគ្នានៅជិតក្រុមហ៊ុនល្បែងណាហ្គាវើលដ៍ ជាប់មន្ទីររដ្ឋសភា ដើម្បីជំរុញដំណោះស្រាយនេះ។
សំណួរនៅត្រង់ថា ហេតុអ្វីយន្តការស្វែងរកដំណោះស្រាយវិវាទនេះត្រូវជាប់គាំងរយៈពេលជាង១ឆ្នាំមកនេះ?
ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា យល់ថា មូលហេតុចម្បងនៃបញ្ហានេះមកពីឆន្ទៈនយោបាយ ខ្វះទំនួលខុសត្រូវរបស់រដ្ឋចំពោះមុខម្ចាស់ឆ្នោត។
លោកគិតថា បើវិវាទនេះនៅតែបន្តអូសបន្លាយ បក្សកាន់អំណាចនឹងបាត់បង់ប្រជាប្រិយភាពនៅថ្ងៃបោះឆ្នោតជាតិ ឆ្នាំ២០២៣ ខាងមុខ ដូចឆ្នាំ២០១៣ និង២០១៧ដែរ បើការបោះឆ្នោតខាងមុខដំណើរការទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋនោះ។
លោកថា៖ «ការឈឺចាប់របស់ប្រជាពលរដ្ឋទាំងវិស័យការងារ ទាំងវិស័យដីធ្លី ធនធានធម្មជាតិអីជាដើមហ្នឹង ខ្ញុំថាបើសិនជាមានការបោះឆ្នោតមួយមានការប្រកួតប្រជែងពិតប្រាកដ ប្រកបដោយតម្លាភាពត្រឹមត្រូវសេរីយុត្តិធម៌ អាហ្នឹងខ្ញុំថាប្រហែលជាគណបក្សកាន់អំណាចបាត់សំឡេងឆ្នោតច្រើន»។
តែយ៉ាងណា លោកមើលឃើញថា ការអូសបន្លាយរកដំណោះស្រាយវិវាទការងារនេះ បានបន្សល់ទុកនូវការឈឺចាប់ដល់ពលរដ្ឋ និងឆ្លុះបញ្ចាំងថាប្រព័ន្ធច្បាប់នៅកម្ពុជាមិនអាចចាប់បង្ខំប្រធានក្រុមហ៊ុនល្បែងមួយនេះឱ្យគោរពរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិស្តីពីសិទ្ធិសេរីភាពសហជីពដែលមានចែងក្នុងអនុសញ្ញាស្នូលរបស់អង្គការពលកម្មអន្តរជាតិ (ILO) លេខ៨៧៩៨។
លោកកត់សម្គាល់ថា បញ្ហានេះក៏ជាម៉ែត្រវាស់ពីសមត្ថភាពរដ្ឋាភិបាលពាក់ព័ន្ធនឹងការធ្វើសច្ចាប្រណិធាន មុនចូលកាន់មុខតំណែង ដើម្បីប្រឆាំងនឹងអំពើអយុត្តិធម៌ រួមទាំងការប្តេជ្ញាចិត្តលើយន្តការការពារបូរណភាពទឹកដី។
លោកថា៖ «ព្រោះរឿងនេះ [វិវាទការងារ] ជារឿងតូចតាចទេ ជារឿងសិទ្ធិចរចាជាសមូហភាពអីហ្នឹង ជាវិវាទការងារតូចមួយ ទម្រាំយើងមានវិវាទព្រំដែន សង្គ្រាម រវាងប្រទេសមួយទៅប្រទេសមួយទៀត រឹតតែអត់សមត្ថភាពទៀតហើយ»។
ឃ្លាមួយនៃការធ្វើសច្ចាប្រណិធានបានសរសេរថា «ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាតស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្តិធម៌ ហើយតស៊ូ ដើម្បីផ្សះផ្សាជាតិ ដើម្បីឯកភាពជាតិ ដើម្បីភាពសម្បូរសប្បាយនៃប្រជារាស្ត្រកម្ពុជា»។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ឃើញប្រហាក់ប្រហែលនេះដែរ ដោយថា ភាពជាប់គាំងនៃការរកដំណោះស្រាយវិវាទការងារក្រុមហ៊ុនល្បែងមួយនេះ មកពីភាគីក្រុមហ៊ុនគ្មានចេតនាចង់ដោះស្រាយ ដើម្បីយកមេដឹកនាំសហជីពចូលធ្វើការងារវិញតាមលក្ខខណ្ឌច្បាប់។
មួយវិញទៀត លោកថា អាជ្ញាធររដ្ឋវិញហាក់នៅខាងភាគីក្រុមហ៊ុន មិនលើកទឹកចិត្តឱ្យបុគ្គលិកណាហ្គាវើលដ៍ដែលរងភាពអយុត្តិធម៌ បានប្រើប្រាស់សិទ្ធិដើម្បីតវ៉ាទាមទារលក្ខខណ្ឌនេះទេ។ បញ្ហានេះ លោកថា វានឹងបង្កការឈឺចាប់ដល់កម្មករ ហើយក្រុមហ៊ុននិងរដ្ឋាភិបាលមានកេរ្តិ៍ឈ្មោះមិនល្អដូចគ្នា ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។
លោកថា៖ «បើនិយាយពីគោលការណ៍ច្បាប់ រដ្ឋមានតែជួយ គេអត់បង្អាក់ទេ តែគេទប់ស្កាត់អំពើទាំងឡាយដែលមានការយាយីមកលើកម្មករហ្នឹង»។
នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ យល់ថា បញ្ហានេះអាចជាប់អន្ទាក់នៃអំពើពុករលួយរបស់មន្ត្រីខិលខូច ដែលរដ្ឋាភិបាលមិនហ៊ានវះកាត់ ដើម្បីបើកផ្លូវឱ្យមានការអនុវត្តច្បាប់ និងអសមត្ថភាពរបស់មន្ត្រីក្រសួងការងារ។
លោកថា៖ «ការបន្សល់ទុកនូវបញ្ហានេះ វាហាក់ដូចជារឿងមួយដែលយើងមើលឃើញថា គាត់ចិញ្ចឹមផលប្រយោជន៍ ដើម្បីបណ្តុះផលប្រយោជន៍ជាបន្តបន្ទាប់ទៅសម្រាប់ការងាររបស់មន្ត្រី ក៏ដូចជាដើម្បីទាក់ទាញការចាប់អារម្មណ៍របស់អ្នកវិនិយោគធំៗដែលគាត់បានជាប់អន្ទាក់អំពើពុករលួយហ្នឹងរួចហើយ»។
តែយ៉ាងណា លោកគិតថា បើមើលពីការវាយតម្លៃរបស់ស្ថាប័នអន្តរជាតិមួយចំនួនពីកម្រិតពុករលួយរបស់កម្ពុជា ក្រុមហ៊ុនណាហ្គាវើលដ៍ក៏អាចជាជនរងគ្រោះក្នុងអន្ទាក់នៃអំពើពុករលួយនេះដែរ។
ទោះបីជាយ៉ាងនេះក្តី លោកផ្តល់ជាយោបល់ថា ជាដំណោះស្រាយ ដើម្បីបញ្ចប់វិវាទនេះ រដ្ឋាភិបាលត្រូវហ៊ានវះកាត់មន្ត្រីខិលខូច ហើយបើកផ្លូវឱ្យមានចំណាត់ការច្បាប់ដោយតម្លាភាព។
តែយ៉ាងណា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរសម្អាងហេតុផ្សេងពីនេះ ដោយលោកថា បញ្ហាគឺមកពីភាគីពាក់ព័ន្ធមិនព្រមអនុវត្តតាមនីតិវិធី ដែលមានចែងក្នុងច្បាប់។
អ្នកនាំពាក្យក្រសួងការងាររូបនេះបានគូសបញ្ជាក់ថា យោងតាមនីតិវិធី គឺភាគីអតីតបុគ្គលិកត្រូវប្តឹងទៅតុលាការ ដើម្បីបញ្ចប់ករណីតវ៉ានេះ ក្រោយពេលដែលភាគីអតីតបុគ្គលិកបដិសេធការផ្សះផ្សារបស់មន្ត្រីផ្សះផ្សាវិវាទការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្តាល។
មួយវិញទៀត លោកថា ក្រសួងនឹងបន្តសម្របសម្រួលជូនភាគីពាក់ព័ន្ធនឹងការតវ៉ាមួយនេះ ប្រសិនជាភាគីពាក់ព័ន្ធនៅត្រូវការក្រសួង។
លោកថា៖ «យើងមិនគួរយកផ្លូវសាធារណៈធ្វើជាកន្លែងបកស្រាយច្បាប់នោះទេ។ ការយកផ្លូវសាធារណៈធ្វើជាកន្លែងបកស្រាយច្បាប់តែឯកឯង មិនត្រឹមតែខុសនីតិវិធីទេ ថែមទាំងបង្កការលំបាកដល់ប្រជាពលរដ្ឋដទៃ ហើយប៉ះពាល់ដល់កិត្តិយសប្រទេសជាតិផងដែរ។ ការតវ៉ាណាមួយដែលកំណត់ថា ទាល់តែអ្វីដែលខ្លួនចង់បាន បានដូចចិត្ត ទើបហៅថាយុត្តិធម៌ ឬអាចទទួលយកបាន គឺមិនមានចែងក្នុងលិខិតបទដ្ឋានអន្តរជាតិ ឬជាតិណាមួយទេ»។
មួយវិញទៀត ការដោះលែងថ្នាក់ដឹកនាំសហជីពទាំង៨រូបឱ្យនៅក្រៅឃុំនាខែមីនានោះ បានធ្វើឡើងប្រមាណជាមួយសប្តាហ៍ ក្រោយពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បើកកិច្ចប្រជុំបន្ទាន់មួយជាមួយភាគីពាក់ព័ន្ធ ក្នុងនោះមានទាំងតំណាងក្រសួងការងារផងដែរ។
យ៉ាងណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ថា ក្រសួងការងារបានជួយអន្តរាគមន៍ច្រើន ប៉ុន្តែថា កិច្ចអន្តរាគមន៍នោះហាក់មិនចំបញ្ហា ជាមូលហេតុធ្វើឱ្យវិវាទចេះតែអូសបន្លាយ ។
លោកថា៖ «អ្វីដែលជាបញ្ហាសំខាន់ហ្នឹង គឺការបង្ហាញឱ្យឃើញពីកម្សោយនៃការអនុវត្តច្បាប់របស់រដ្ឋាភិបាល ជាមួយក្រុមហ៊ុនដែលមិនគោរពច្បាប់ […] ជាក់ស្តែងការបញ្ឈប់សហជីពជាស្ថាប័នឯករាជ្យមួយក្នុងស្ថាប័នរបស់ខ្លួន រំលោភទៅលើច្បាប់ជាតិ និងអន្តរជាតិ»។
លោក ស៊ឹង សែនករុណា ផ្តល់ជាយោបល់ថា ដើម្បីបញ្ចប់វិវាទនេះ ក្រសួងការងារ ដែលជាសេនាធិការរបស់រដ្ឋាភិបាល ត្រូវដើរតួនាទីសំខាន់ ឈរលើគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ ធ្វើយ៉ាងណាជំរុញថៅកែណាហ្គាវើលដ៍ឱ្យទទួលខុសត្រូវចំពោះច្បាប់។
លោកបារម្ភថា បើមិនដូច្នេះទេ ចំណាត់ការដែលអាជ្ញាធរកំពុងធ្វើនេះ នឹងបង្កើតជាមរតកជំរុញឱ្យថៅកែខិលខូចជាច្រើនផ្សេងទៀតនៅកម្ពុជាយកគំរូតាម ដែលបញ្ហានេះនឹងជំរុញឱ្យមានអ្នករងគ្រោះកាន់តែច្រើនក្នុងវិស័យការងារ ហើយអាចនឹងបង្កជាហានិភ័យសង្គមទៅថ្ងៃអនាគត៕