លោក Joe Biden ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩

លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន (Joe Biden) ធ្វើទស្សនកិច្ចនៅ Houston Food Bank ក្នុងទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។ (REUTERS/Jonathan Ernst)

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) បានជាសះស្បើយពីជំងឺកូវីដ-១៩ កាលពីថ្ងៃពុធ និងបានអំពាវនាវឱ្យពលរដ្ឋអាមេរិកទៅចាក់វ៉ាក់សាំង​។ លោកបាននិយាយថា ជំងឺរបស់លោកគឺស្រាលជាងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលធ្លាប់ឆ្លងជំងឺកូវីដ-១៩ដែរ ។

លោក ចូ បៃឌិន (Joe Biden) បច្ចុប្បន្នមាន​អាយុ៧៩ឆ្នាំ បាន​បញ្ចប់​ការធ្វើចត្តាឡីស័ក ​បន្ទាប់​ពីលោកបាន​ធ្វើ​តេស្ត​អវិជ្ជមាន​នៅ​ល្ងាច​ថ្ងៃ​អង្គារ និងបានធ្វើតេស្តអវិជ្ជមាន​ម្តង​ទៀត​នៅ​ព្រឹក​ថ្ងៃ​ពុធម្សិលមិញនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃពុធម្សិលមិញនេះ។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់បុគ្គលិក និងអ្នកសារព័ត៌មាននៅឯសេតវិមាន លោក បៃឌិន បានថ្លែងថា លោកបានជាសះស្បើយ ដោយមិនមានការភ័យខ្លាច ដោយសារមានសេវាថែទាំល្អ និងថ្នាំព្យាបាលដែលត្រៀមទុកជាស្រេច។

លោក ចូ បៃឌិន (Joe Biden) បានមានប្រសាសន៍ថា៖ «ខ្ញុំមានរោគសញ្ញាស្រាល ឆាប់ជា ហើយខ្ញុំមានអារម្មណ៍ល្អណាស់។ ក្នុងអំឡុងពេលដែលខ្ញុំធ្វើចត្តាឡីស័ក ខ្ញុំនៅតែអាចធ្វើការបានដោយគ្មានបញ្ហាអ្វីឡើយ។ វាបង្ហាញពីជំហររបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»។

លោកបន្តថា៖ «នៅពេលដែលប្រធានាធិបតីមុន [សំដៅលើលោក ដូណាល់ ត្រាំ] មានជំងឺកូវីដ-១៩ គាត់ត្រូវបានគេដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Walter Reed។ គាត់ឈឺធ្ងន់»។

លោកបន្ថែមទៀតថា៖ «នៅពេលខ្ញុំមានជំងឺកូវីដ-១៩ ខ្ញុំធ្វើការនៅការិយាល័យជាន់លើ ក្នុងសេតវិមាន រយៈពេលប្រាំថ្ងៃ។ អ្វីដែលខុសគ្នានោះ គឺការចាក់វ៉ាក់សាំង។»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) បាន​ធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន តែស្ថិតក្នុងកម្រិតស្រាល និងអាចបន្តធ្វើការងារបានជាធម្មតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ