សកម្មជន​បរិស្ថាន​ម្នាក់​ស្នើ​តុលាការ​ខេត្តរតនគិរី​ទម្លាក់​ចោល​ការ​ចោទប្រកាន់ ក្រោយ​រង​បណ្ដឹង​របស់​មន្ត្រី​មូលដ្ឋាន

បុរសម្នាក់ធ្វើដំណើរកាត់សាលាដំបូងខេត្តរតនគិរីកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨។ (រូបភាព៖ជន ចាន់រ៉ែន)

សកម្មជនការពារព្រៃឈើ និងបរិស្ថានម្នាក់ នៅខេត្តរតនគិរី បានស្នើ​ដល់​តុលាការ​ទម្លាក់​ចោល​​បទចោទប្រកាន់ ក្រោយពីលោក​រងបណ្ដឹងរបស់អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធនឹង​បទ ​​«កាប់​គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីជាកម្មសិទ្ធិ»

ការស្នើនេះបានធ្វើឡើង​ក្រោយពី​តុលាការខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​​ទី២៧ ខែកក្កដា ម្សិលមិញ បាន​បើក​​សវនាការ​​ជំនុំជម្រះ​​លើសំណុំ​រឿង​របស់លោក ខាំ និន សកម្មជនបរិស្ថាន និងជាជនជាតិដើមភាគតិចទំពូន រស់​នៅ​ភូមិ​កែវសាន់ ឃុំសេដា ស្រុកលំផាត់ ដែលមាន​ដើម​​បណ្ដឹងជាអាជ្ញាធរ​មូលដ្ឋាន​។ លោក ខាំ និន បាន​រង​បណ្ដឹងនៅតុលាការ បន្ទាប់​ពីរូបលោក និងតំណាងជនជាតិ​ដើម​ភាគតិចចំនួន៣នាក់ទៀត បានដាក់ពាក្យបណ្ដឹង​​ទៅតុលា​ការ ដោយ​ប្ដឹង​​អាជ្ញាធរ​មូល​ដ្ឋានថាបានលក់ដីព្រៃឱ្យ​ឈ្មួញ និងបង្កឱ្យមានការកាប់បំផ្លាញព្រៃ​ឈើ​ ជាដើម ប៉ុន្តែលោក​ត្រូវបាន​មន្ត្រីទាំងនោះប្ដឹងបកវិញ។​​  

សកម្មជន​ព្រៃឈើនិងបរិស្ថាន​ លោក ខាំ និន មាន​ប្រសាសន៍នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២​​ ថា ក្នុង​សវនា​ការកាលពីថ្ងៃម្សិលមិញ លោក​​បានស្នើ​ដល់តុលាការ​ទម្លាក់ចោលបទចោទប្រកាន់ទៅលើ​រូបលោក ខណៈលោកអះអាងថាពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយ​​សកម្មភាពដែលលោកធ្វើកន្លងមក ដើម្បីការ​ពារ​ព្រៃឈើ​ក្នុងសហគមន៍ឱ្យបានគង់វង្សប៉ុណ្ណោះ។​

លោកថា៖ «តាមខ្ញុំយល់ហ្នឹង គាត់ចោទខ្ញុំហ្នឹង អត់មានយកអីមកសម្អាងទេ។ គាត់យកមាត់ប្រើ ដើម្បីដោះបន្ទុក​ថា​​ខ្លួន​គាត់​ស្អាត​ស្អំ ពេល​ខ្ញុំ​ប្ដឹង​គាត់​ហ្នឹង គាត់សារភាពទាំងអស់តើ! ទាំងប្រជាពលរដ្ឋផង ទាំងអាជ្ញាធរហ្នឹងផង ថាគាត់បានធ្វើលិខិតផ្ទេរសិទ្ធិឱ្យឈ្មោះនេះឈ្មោះនោះអ៊ីចឹង»។

លោក​បន្ថែមថា៖ «ខ្ញុំសំណូមពរឱ្យគាត់ [តុលាការ​] ឈប់ចោទប្រកាន់លើរូបខ្ញុំទៅ គ្រាន់តែខ្ញុំជាពលរដ្ឋសាមញ្ញទេ! ក្នុង​រដ្ឋធម្មនុញ្ញ​​ចែងថា​ ប្រជាពលរដ្ឋមានសិទ្ធិផ្ដល់ព័ត៌មាន ឬដាក់ពាក្យ​ ដើម្បីឱ្យអាជ្ញាធរចុះទប់ស្កាត់ ព្រោះទ្រព្យសម្បត្តិរដ្ឋ។ អ៊ីចឹងគាត់​គួរទម្លាក់ការចោទប្រកាន់លើរូបខ្ញុំទៅ ព្រោះធ្វើមិនមែនផលប្រយោជន៍ខ្ញុំទេ»។

លោក ខាំ និន បានគូសបញ្ជាក់ទៀតថា លោក​បាន​ចូលរួម​ការ​​ពារ​ព្រៃ​​សហគមន៍​​​នៅ​​តំបន់​ដែល​គាត់​រស់​នៅតាំង​​ពី​ឆ្នាំ២០១៤មក ដែល​ពេល​នោះ ​មេភូ​មិ និង​មេឃុំ ក៏​ជាអ្នក​ចូល​រួម​ដែរ តែ​ក្រោយ​មក ​បែរ​ជា​អាជ្ញាធរ​មូលដ្ឋាន​​ទាំង​​នោះគប់គិត​គ្នា​ប្រគល់​​ដីព្រៃទៅឱ្យ​ឈ្មួញ បង្កើតឱ្យ​មានឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​ទៅវិញ។

អ្នក​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​​ អាដហុក ​ប្រចាំ​​ខេត្ត​​រតនគិរី លោក ឌិន ខន្នី ដែលបានតាមដានសវនាការ​នេះ បានឱ្យ​ដឹង​ដែរថា ក្នុង​សវនាការ​នាថ្ងៃម្សិលមិញនេះ តុលា​ការបានលើកយកសំណុំរឿងដែលសកម្មជន​បរិស្ថាន​ទាំង​៤រូប ក្នុងនោះមានលោក ខាំ និន ប្ដឹង​​​​មេឃុំ និង​មនុស្ស៧នាក់ផ្សេង​ទៀត កាលពីឆ្នាំ២០១៧ និង​ករណី​ដែល​មេឃុំ និង​មនុស្ស​​៧នាក់​​នោះ ​ប្ដឹង​​បក​​ទៅ​លោក ខាំ និន វិញ​ កាលពីឆ្នាំ២០១៩ មក​ជំនុំជម្រះ។

លោកបន្តថា៖ «តាមរយៈការសួរដេញដោល ​វាអត់មានភស្តុតាងណាដាក់បន្ទុក​លើ​​ជន​រង​គ្រោះ​របស់​អាដហុក ​[លោក ខាំ និន​] ហ្នឹង​ទេ​ ពីព្រោះ​ការចោទប្រកាន់បទល្មើសទាំងអស់នោះ​ផ្អែកលើ​​ចម្លើយភាគី​​ដែល​ត្រូវបាន​ជន​រងគ្រោះ​អាដហុកប្ដឹងទេ។​​ អ៊ីចឹង​វា​អត់មានភស្តុតាង គ្រាន់តែជាចម្លើយ​ ហើយការឆ្លើយចោទនោះ​ ​គ្រាន់តែជាការឆ្លើយតបតាមកំហឹង​​របស់​​ជន​ត្រូវ​ចោទ [មេឃុំ និង​មនុស្ស​៧នាក់ទៀត​]»។

អ្នកនាំ​ពាក្យសាលាដំបូងខេត្តរតនគិរី លោក កែវ ពិសុទ្ធ បានឱ្យដឹងថា​ ចៅក្រម​​សាលាដំបូងខេត្តរតនគិរី គ្រោង​នឹង​ប្រកាស​សាលក្រម​លើសំណុំរឿង​នេះ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០២២ ខាង​មុខនេះ។

វីអូឌី មិនអាចសុំការបញ្ជាក់ពីមេឃុំសេដា លោក អង់ អង់ប៉ុនធៀង ដែលរងការចោទប្រកាន់ និង​ជាដើមបណ្ដឹងដែលប្ដឹងបកទៅសកម្មជនបរិស្ថាន​នោះ​បា​ន​ទេ​ នៅថ្ងៃព្រហស្បតិ៍នេះ។

បើតាម​តំណាង​ប្រជា​សហគមន៍​ភូមិ​កែងសាន់ លោក ខាំ និន កន្លង​​ទៅ ពួកគាត់ធ្លាប់​បាន​ដាក់​​ភស្តុ​តាងនិង​​ឯកសារ​ជាច្រើនទៅតុលាការ​ ពាក់ព័ន្ធនឹង​ករណីដែល​អាជ្ញាធរ​ភូមិនិង​ឃុំ លក់​​ដី​ព្រៃ​​អភិរក្ស​​របស់សហគមន៍​ទៅឱ្យ​ឈ្មួញដោយ​ខុស​ច្បាប់ ប៉ុន្តែករណីនេះ​ ​តុលាការ​មិនមានចំណាត់ការ​ណា​មួយ​​ទៅ​លើ​អាជ្ញាធរមូលដ្ឋានទាំងនោះទេ​។ តែ​ផ្ទុយ​ទៅវិញ លោកថា អាជ្ញាធរ​ភូមិ​-​ឃុំបែរ​ជា​​​ប្ដឹង​បក​មក​លើ​​ក្រុម​ប្រជា​​ពលរដ្ឋ​វិញ និង​បាន​ចាប់ខ្លួន​សកម្មជន​​ការពារ​ព្រៃឈើ​ម្នាក់ ​គឺ​​លោក ឆន ផល្លា។

កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា សាលាដំបូង​ខេត្ត​រតនគិរី ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​​សកម្មជន​​ការ​ពារ​​ព្រៃ​ឈើ លោក ឆន ផល្លា ដាក់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ ពី​បទ «​កាប់​គាស់ រុករាន ដី​​ព្រៃ ធ្វើជា​កម្ម​សិទ្ធិ» ហើយ​លោក ឆន ផល្លា បាន​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​។

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ត្បូង​ឃ្មុំ បាន​ប្រកាស​​សាល​ដីកា​ដោយ​​ច្រាន​ចោល​សេចក្ដី​សម្រេច​នេះ ហើយ​សម្រេច​ឱ្យ​លោក ឆន ផល្លា រួច​​ទោស​ក្នុង​សំណុំ​រឿង​នេះ ប៉ុន្តែ​សកម្មជន​ព្រៃឈើ​រូប​នេះនៅ​ជាប់​បណ្ដឹង​​មួយ​​ករណី​ទៀត ពីបទ «​ផ្ដើមគំនិត​កាប់​គាស់ រុករាន​ដី​ព្រៃ ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ