កម្មវិធី​ទូរសព្ទដៃ​សម្រាប់​ពលរដ្ឋ​រិះគន់​កែលម្អ​សេវា​សាធារណៈ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ

ពលរដ្ឋម្នាក់មកទទួលសេវាសាធារណៈនៅសាលាឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ក្រសួងមហាផ្ទៃ និងអង្គការ​សង្គម​ស៊ីវិល នៅថ្ងៃព្រហស្បតិ៍នេះ បាន​សម្ពោធដាក់ឱ្យ​ប្រើ​ប្រាស់​​កម្មវិធីទូរសព្ទ​ដៃ ឬ App ដែលមានឈ្មោះថា «មតិយើង» សម្រាប់ឱ្យ​ពលរដ្ឋ​រិះគន់​កែលម្អ​សេវាសាធារណៈ​នៅ​​ថ្នាក់ក្រោមជាតិ និង​អាកប្បកិរិយាខ្វះខាតរបស់មន្ត្រីមូលដ្ឋាន ជាពិសេស​អំពើ​ពុករលួយ ដោយរក្សា​ការសម្ងាត់ និងលាក់អត្តសញ្ញាណអ្នករាយការណ៍។

សេចក្ដីថ្លែងការណ៍របស់អង្គការតម្លាភាពកម្ពុជា បញ្ជាក់ថា កម្មវិធីទូរសព្ទដៃ «មតិយើង» ត្រូវបានសហការ​ផលិតឡើងដោយក្រសួងមហាផ្ទៃ អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា ដែលផ្ដល់មូលនិធិដោយសហភាពអឺរ៉ុប និងរដ្ឋាភិបាលប្រទេសស៊ុយអែត សម្រាប់ឱ្យ​​សាធារណជន​ ដាក់បណ្ដឹង ស្វែងរកជំនួយ សាកសួរព័ត៌មាន និងវាយតម្លៃសេវាសាធារណៈ​នៅតាមមូល​ដ្ឋាន​របស់​ខ្លួន​ ដោយឥតគិតថ្លៃ និងដោយសម្ងាត់។

ប្រភពដដែលបន្ត​ថា គោលបំណងនៃការផលិតកម្មវិធីទូរសព្ទដៃនេះ គឺដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យសេវា​សាធារណៈនៅកម្ពុជាកាន់តែមានតម្លាភាព បរិយាបន្ន និង​គណនេយ្យ​ភាព​បន្ថែម​ទៀត ជា​ពិសេសសេវា​សាធារណៈ​ដែលឆ្លើយតបនឹងតម្រូវការយេនឌ័រ។

នាយក​ប្រតិបត្តិ​អង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ថ្លែងថា ការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីទូរសព្ទដៃ «មតិយើង» នេះ ជាការបោះជំហានដ៏សំខាន់មួយទៀតឆ្ពោះទៅរកសេវាសាធារណៈប្រកប​​ដោយប្រសិទ្ធភាព ខណៈការប្រើប្រាស់ទូរសព្ទឆ្លាតវៃ និងអ៊ីនធឺណិតនៅក្នុងប្រទេសមានអត្រាខ្ពស់។

លោកថា៖ «កម្មវិធីទូរសព្ទដៃនេះនឹងផ្ដល់ជូនប្រជាពលរដ្ឋ ជាពិសេសយុវជន នូវវេទិកាដ៏ទំនើប ប៉ុន្តែសាមញ្ញ ងាយស្រួលប្រើក្នុងការប្រាស្រ័យទាក់ទងនូវកង្វល់និងតម្រូវការរបស់ពួកគាត់ជាមួយ​នឹង​អ្នកផ្ដល់សេវាសាធារណៈ ដែលនឹងនាំឱ្យមានភាពប្រសើរឡើងនៃអភិបាលកិច្ចល្អ និងការផ្តល់សេវាសាធារណៈកាន់តែឆាប់រហ័ស និងប្រកបដោយគណនេយ្យភាពនៅក្នុងប្រទេស»។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ងី ច័ន្ទ្រផល បង្ហាញសុទិដ្ឋិនិយមថា កម្មវិធីទូរសព្ទដៃនេះនឹងអាចរួមចំណែកក្នុងការបង្កើនការចូលរួមរបស់ពលរដ្ឋក្នុងការលើកកម្ពស់ការផ្ដល់សេវាសាធារណៈឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត ជាពិសេសជួយដល់នាយកដ្ឋានមុខងារ និងធនធាន នៃក្រសួងមហាផ្ទៃ មានភាពងាយស្រួលក្នុងការគ្រប់គ្រងប្រព័ន្ធទិន្នន័យ ដូចជា សំណើ សំណួរ សំណូមពរ ឬបណ្តឹងផ្សេងៗ បានល្អប្រសើរ។

លោកជំរុញឱ្យពលរដ្ឋចូលរួមផ្តល់មតិ​យោបល់ ដើម្បីទទួលបាននូវសេវាប្រកបដោយគុណភាព តម្លាភាព គណនេយ្យភាព និងចំណេញពេលវេលា ដែលជាការរួមចំណែកដល់សិទ្ធិទទួលបានព័ត៌មាន និងឈានទៅលើកស្ទួយជីវភាពរស់នៅ និងការអភិវឌ្ឍប្រកបដោយសមភាព សមធម៌ និងបរិយាប័ន្ន។

លោកថា៖ «ខ្ញុំសូមឱ្យថ្នាក់ដឹកនាំរាជធានី-ខេត្តនៃតំបន់គោលដៅទាំងអស់ យកចិត្តទុកដាក់ធ្វើការគាំទ្រ និងបន្តផ្ដល់កិច្ចសហការដ៏ល្អ និងជិតស្និទ្ធថែមទៀត​ក្នុងការជួយសម្របសម្រួល ដើម្បីឱ្យការអនុវត្តកម្មវិធីទូរសព្ទដៃថ្មីនេះប្រព្រឹត្តទៅបានល្អ មានភាពរលូន និងទទួលបានជោគជ័យខ្ពស់»។

បើតាមអង្គការតម្លាភាពកម្ពុជា គិតត្រឹមដើមឆ្នាំ២០២២ កំណែចុងក្រោយនៃកម្មវិធីទូរសព្ទដៃ «មតិយើង» ត្រូវបានផលិតឡើង និងដាក់ឱ្យប្រើប្រាស់សាកល្បងនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងតំបន់គោលដៅនៃគម្រោង​ រួមមាន អង្គភាពច្រកចេញចូលតែមួយ, ការិយាល័យប្រជាពលរដ្ឋថ្នាក់រាជធានី-ខេត្តចំនួន៣, ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋថ្នាក់ក្រុង-ស្រុកចំនួន៨ និងរដ្ឋបាលឃុំ-សង្កាត់ចំនួន៣០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ