រដ្ឋសភាអនុម័តទាំងស្រុង​លើ​សេចក្តី​ព្រាង​​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញបន្ថែម

រដ្ឋសភា ដំណើរការអនុម័តសេចក្តីព្រាងវិសោធនកម្មធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ក្នុងកិច្ចសម័យប្រជុំលើកទី៧ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

រដ្ឋសភា​អនុម័តទាំងស្រុងលើ​​​​សេចក្តីព្រាងវិសោធន​កម្ម​​ធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ដោយសំឡេង១០៥ លើ​ ១០៦សំឡេង។

រដ្ឋសភា នៅព្រឹក​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ បាន​បើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិភាក្សា​ និងអនុម័ត​លើ​របៀបវារៈ​មួយចំនួន ក្នុងនោះមាន​​សេចក្តី​ព្រា​ង​ច្បាប់​ធម្មនុញ្ញ ស្តីពីវិសោធនកម្ម​មាត្រា ១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ មាត្រា១០២ថ្មី មាត្រា​១១៩ថ្មី(មួយ) និងមាត្រា​១២៥ថ្មី នៃរដ្ឋធម្ម​នុញ្ញ និងមាត្រា៣ថ្មី និងមាត្រា​៤ថ្មីនៃ​ច្បាប់ធម្ម​នុញ្ញ​​បន្ថែម​។

កិច្ចប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកនេះ មានការចូលរួម​ពីសមាជិកសមាជិកា​សភាសរុបចំនួន ១០៦រូប ក្នុងនោះក៏មានលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ផងដែរ។

ការសម្រេចអនុម័តទាំងស្រុង​លើសេចក្តីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមទាំង ៨មាត្រា ដោយសំឡេង ១០៥ លើ​ ១០៦​ សំឡេងនេះ មិនត្រូវបានសមាជិករដ្ឋសភាឯកបក្សឆ្លងកាត់ការពិភាក្សាច្រើននោះទេ។​

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានថ្លែង​នៅក្នុងកិច្ចប្រជុំនោះ​ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនូវមាត្រាចំនួន៨នោះ ដើម្បីបំពេញសេចក្តីខ្វះ​ចន្លោះនៃរដ្ឋធ​ម្មនុញ្ញដើម​ ដើម្បីឱ្យស្ថា​ប័នកំ​ពូល​រប​​ស់​​​​ជា​តិដំ​​​ណើ​រការទៅដោយ​រលូន មិនជាប់គាំង និងធានាស្ថិរភាព​នយោបា​យ ​និង​កា​រពា​រ​ប្រយោជ​ន៍ជា​តិ​។

ក៏ប៉ុន្តែសម្រាប់គណបក្សក្រៅរដ្ឋាភិបាល និងអង្គការសង្គម​ស៊ីវិល​​មួយចំនួននៅតែយល់​ថា ការ​ធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនេះ នឹងធ្វើឱ្យខាតប្រយោជន៍ជាតិច្រើនជាងផលចំណេញ។  

កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២២ គណប​ក្ស​នយោ​​បាយចំ​នួ​ន៤ដែលនៅ​ក្រៅ​រដ្ឋា​ភិបាល​បាន​ស្នើ​​​រ​ដ្ឋ​សភា​កុំ​​ឱ្យ​អនុម័តការ​ស្នើកែ​រដ្ឋធម្ម​នុញ្ញ​លើ​​ក​ទី១០ ដែ​​ល​​ស្នើ​ឡើង​ដោយប​ក្សកា​ន់អំ​ណា​ច ​ដោយស​ម្អា​ងថា ​កែ​ស្នើកែ​ច្បា​ប់កំ​ពូលជាថ្មីទៀតនេះ បា​​​​​​ន​កា​​​​​​ត់​ប​ន្ថយ​អំណា​ច​សភា​ រារាំ​ងដ​ល់ដំ​ណើ​រកា​រ​ប្រ​ជា​ធិបតេយ្យ ​សេ​រីព​​ហុប​ក្ស​​ផ្ទុយ​នឹ​ងស្មា​រតី​រ​ដ្ឋ​ធ​ម្ម​​​​នុ​ញ្ញ​ដើម​។

ជាមួយគ្នានេះដែរ កាលពីថ្ងៃម្សិលមិញ ក្រុម​អង្គការសង្គមស៊ីវិលជាង១០០ស្ថាប័នបង្ហាញការព្រួយបារម្ភជុំវិញការធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះដែរ ដោយថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​នេះ អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ស្ថេរ​ភាព​អំណាច​រដ្ឋ និងអំណាចនីតិប្រតិបត្តិ ការ​គោរព​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរ ដែល​បាន​ចារិកនៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

ទោះយ៉ាងណា លោក កើត រិទ្ធ បាន​ច្រាលចោល​នូវការ​លើកឡើង​ និង​កង្វល់​ទាំងនេះ ដោយថាជាការបំភ្លៃការពិត និង​យក​ភាព​ខ្វះ​ចន្លោះ​នៃ​រដ្ឋធម្មនុញ្ញ ទៅតថ្លៃផ្នែកនយោបាយ ដើម្បី​ជាប្រយោជន៍ដែលពួកគេចង់បាន។

បើតាមសេ​ចក្តី​ព្រាងស្នើធ្វើវិ​សោធ​នកម្ម​រដ្ឋ​ធ​ម្មនុញ្ញលើ​កទី​១០ រដ្ឋាភិបាលបានស្នើកែ៨មាត្រា ក្នុងនោះរួមមានមាត្រា៨៩ និង៩៨ ផងដែរ។

មាត្រា៩៨ថ្មី(មួយ)នោះ ចែងថា រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែង ដោយអនុម័តញត្តិប​ន្ទោសតាមសំឡេងឆ្នោតភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ក្នុងករណីរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីមុខតំណែងដោយរដ្ឋសភា រាជរដ្ឋាភិបាលដែលត្រូវចេញពីមុខតំណែងនេះមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មានរាជរដ្ឋាភិបាលថ្មីចូលកាន់តំណែង។

ចំណែកក្នុងវាក្យខណ្ឌទី២នៃមាត្រាដដែល ចែងថា ញត្តិបន្ទោសរាជរដ្ឋាភិបាលត្រូវបានលើកឡើងជូនរដ្ឋសភា ដោយតំណាងរាស្ត្រចំនួនមួយភាគបី ឬស្មើ៤២រូបនៃចំនួនសមាជិកសភា១២៥រូប អាចលើកយកមកពិភាក្សាបាន ខណៈមាត្រា៩៨ចាស់កំណត់ថា ញត្តិបន្ទោសរាជរដ្ឋាភិបាលត្រូវបានលើកឡើងជូនរដ្ឋសភា ដោយតំណាងរាស្ត្រចំនួន៣០នាក់ប៉ុណ្ណោះ។  ​

គិតចាប់តាំងពីការបង្កើតរដ្ឋធម្មនុញ្ញឡើងក្នុងឆ្នាំ១៩៩៣ រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន១០លើកមកហើយ ខណៈច្បាប់ធម្មនុញ្ញបន្ថែម ក៏ត្រូវយកមកធ្វើវិសោធនកម្មជាមួយគ្នាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ