ព្រឹកនេះរដ្ឋសភា​ប្រជុំពិភាក្សាលើសេចក្តីព្រាងវិសោធនកម្មធម្មនុញ្ញ​និងច្បាប់ធម្មនុញ្ញបន្ថែមដោយមានលោក ហ៊ុន សែន ចូលរួម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ការពារដោយកងអង្គរក្សផ្ទាល់ខ្លួន​ចូលរួមកិច្ចប្រជុំរដ្ឋសភា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

រដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បាន​បើកសម័យ​​ប្រជុំពេញអង្គពិភាក្សា លើសេចក្តីព្រាងវិសោធនកម្មមាត្រាមួយចំនួន​នៃ​រដ្ឋធម្មនុញ្ញ និងមាត្រា​ចំនួន​២នៃ​​ច្បាប់​ធម្មនុញ្ញបន្ថែម។

របៀបវារៈដែលលើកយកមកពិភាក្សា និងអនុម័ត នៅព្រឹកនេះក៏មាន​សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម​មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា​៩៨ថ្មី មាត្រា​១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មីនៃរដ្ឋធម្មនុញ្ញ រួមនិងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃ​ច្បាប់ធម្មនុញ្ញបន្ថែមផងដែរ។

កិច្ចប្រជុំនៅព្រឹកនេះមានសមាជិកសភាចំនួន ១០៦ ចូលរួម ក្នុងនោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានចូលរួមផងដែរ។

រដ្ឋសភា បានទទួល​សេចក្តីព្រាង​វិសោធនកម្ម​​រដ្ឋ​ធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ពីគណៈរដ្ឋមន្ត្រី​ កាលពីថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ២០២២ ហើយគណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ បាន​សម្រេច​ប្រគល់សេចក្តីព្រាងវិសោធន​កម្ម​​ធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ទៅឱ្យ​គណៈកម្មការ​ជំនាញ​ ដើម្បី​ពិនិត្យសិក្សា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។​

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ កាលពីថ្ងៃទី១៤ ខែកក្កដា បានគូសបញ្ជាក់តាម​រយៈសន្និ​សីទ​សារព័ត៌​មា​ន​​មួយ​​ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនូវមាត្រាចំនួន​៨នោះ ក្នុងគោលបំណង​​បំពេញសេចក្តីខ្វះ​ចន្លោះនៃរដ្ឋធ​ម្មនុញ្ញដើម​ ដើម្បីឱ្យស្ថា​ប័នកំ​ពូល​រប​​ស់​​​​ជា​តិដំ​​​ណើ​រការទៅដោយ​រលូន ធានាស្ថិរភាព​នយោបា​យ ​និង​កា​រពា​រ​ប្រយោជ​ន៍ជា​តិ​។

ក៏ប៉ុន្តែសម្រាប់គណបក្សក្រៅរដ្ឋាភិបាល និងអ្នកឃ្លាំមើលមួយចំនួននៅតែយល់ថា ការធ្វើវិសោធ​ន​កម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនេះ នឹងធ្វើឱ្យខាតប្រយោជន៍ជាតិច្រើនជាងផលចំណេញ។  

គិតចាប់តាំងពីការបង្កើតរដ្ឋធម្មនុញ្ញឡើងក្នុងឆ្នាំ១៩៩៣ រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន១០លើកមកហើយ ខណៈច្បាប់ធម្មនុញ្ញបន្ថែម ក៏ត្រូវយកមកធ្វើវិសោធនកម្មជាមួយគ្នាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ