ប្រជាពលរដ្ឋមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនៅខេត្តព្រះវិហារ គ្រោងដាក់ញត្តិសុំអន្តរាគមន៍ពីអភិបាលខេត្តថ្មីឱ្យជួយដោះស្រាយ ក្រោយជម្លោះនោះអូសបន្លាយជាង១០ឆ្នាំ។
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោក គីម រិទ្ធី ដែលជាកូនប្រុសរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម ត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តព្រះវិហារថ្មី ជំនួសលោក ប្រាក់ សុវណ្ណ។
ពលរដ្ឋរស់នៅភូមិ-ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ លោក ភ្លូ បោន ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថា អ្នកភូមិចំនួន១៣១គ្រួសារ នៅឃុំស្រយ៉ង់ និងឃុំត្បែងពីរ កំពុងបារម្ភពីការបណ្ដេញចេញទាំងបង្ខំ ក្រោយអាជ្ញាធរប្រកាសថា ពួកគាត់រស់នៅនិងអាស្រ័យផលលើដីរបស់ក្រុមហ៊ុន «សិលាដាម៉ិច» ដោយខុសច្បាប់។
ពលរដ្ឋរូបនេះអះអាងថា អ្នកភូមិបានចូលទៅរស់នៅនិងអាស្រ័យផលលើដីកំពុងមានជម្លោះនេះតាំងពីឆ្នាំ២០១២ ដោយបានបង្កបង្កើនផលដាំដំណាំហូបផ្លែ ដូចជា ចេក ស្វាយ ខ្នុរ ដំឡូងមី ធ្វើស្រែ និងដាំដំណាំផ្សេងៗទៀត រហូតមកដល់បច្ចុប្បន្ន។ លោកថា ការអាស្រ័យផលរបស់ពលរដ្ឋកន្លងមក គឺមិនធ្លាប់មានបញ្ហាអ្វីនោះទេ ទើបតែនៅដើមខែមីនា ឆ្នាំ២០២២នេះ អាជ្ញាធរខេត្តព្រះវិហារ និងក្រុមហ៊ុន បានដាក់គ្រឿងចក្រឈូសឆាយផ្ទះពលរដ្ឋអស់ប្រហែល៦០ខ្នង និងផលដំណាំប្រហែល៤៥០ហិកតា។
លើសពីនេះ លោកថា អាជ្ញាធរបានគំរាមកំហែងចាប់និងប្តឹងពលរដ្ឋទៅតុលាការ ប្រសិនបើពលរដ្ឋហ៊ានតវ៉ា និងថតរូបភាពអំពីសកម្មភាពឈូសឆាយនោះ។ លោក ភ្លូ បោន បន្តទៀតថា អ្នកភូមិបានត្រៀមយកញត្តិទៅដាក់នៅរដ្ឋបាលខេត្តព្រះវិហារជាថ្មីទៀត នៅសប្តាហ៍ក្រោយ ដើម្បីសុំឱ្យអភិបាលខេត្តថ្មី លោក គីម រិទ្ធី ជួយដោះស្រាយ ក្រោយគ្មានដំណោះស្រាយពីអភិបាលខេត្តចាស់ លោក ប្រាក់ សុវណ្ណ។
លោកបន្ថែមថា៖ «រយៈពេល៤ទៅ៥ថ្ងៃទៀត ប្រសិនជាអត់មានដំណោះស្រាយណាមួយ ពួកខ្ញុំនឹង[ដាក់]ញត្តិសាថ្មីជូនអភិបាលខេត្តថ្មី ដែលលោកទើបឡើងកាន់តំណែងថ្មី។ ហើយសង្ឃឹមថា អភិបាលខេត្តដែលលោកទើបឡើងថ្មីនេះ គាត់នឹងជួយដោះស្រាយជូនពួកខ្ញុំ ព្រោះអភិបាលខេត្តមុន អត់មានដំណោះស្រាយអ្វីសោះសម្រាប់ពួកខ្ញុំ មានតែចេញបញ្ជាឱ្យកម្លាំងមករុះរើផ្ទះប្រជាពលរដ្ឋ ខណៈខាងក្រុមហ៊ុនបានអុកឡុកប្រជាពលរដ្ឋមិនឱ្យធ្វើអី និងគំរាមចាប់ពលរដ្ឋរាល់តែថ្ងៃ»។
ពលរដ្ឋម្នាក់ទៀតនៅភូមិព្យួរជ្រូក ឃុំគូលែន លោក ផេង ផល មានប្រសាសន៍ថា ពលរដ្ឋប្រមាណ១៣០គ្រួសារ នៅឃុំគូលែន មានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុន «ខេមបូឌា ប៊្លូ ហេវិន លីមីធីត» តាំងពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន នៅមិនទាន់មានដំណោះស្រាយនៅឡើយ។ លោកថា ក្រុមហ៊ុននេះទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកាលពីឆ្នាំ២០១២ ខណៈពលរដ្ឋបានចូលទៅអាស្រ័យផលលើដីនោះតាំងពីឆ្នាំ២០០០ ដោយមួយគ្រួសារមានដីចន្លោះពី៣ទៅ៦ហិកតាប៉ុណ្ណោះ។
ពលរដ្ឋរូបនេះបន្តថា ក្រោយជម្លោះដីធ្លីនេះ ខាងក្រុមហ៊ុនបានដាក់គ្រឿងចក្រឈូសឆាយផលដំណាំពលរដ្ឋ និងបានប្តឹងតំណាងពលរដ្ឋ១០នាក់ទៅតុលាការ ដោយទារសំណងក្នុងម្នាក់១ ៥០០ដុល្លារយ៉ាងអយុត្តិធម៌ថែមទៀត ខណៈពលរដ្ឋនៅទីនោះភាគច្រើនជាពលរដ្ឋក្រីក្រ និងគ្មានមុខរបរអ្វីក្រៅពីធ្វើស្រែចម្ការ។
លោក ផេង ផល ឱ្យដឹងទៀតថា លោកនឹងពិភាក្សាជាមួយអ្នកភូមិ ដើម្បីធ្វើសំណើមួយទៅរដ្ឋបាលខេត្តព្រះវិហារ សុំអន្តរាគមន៍ពីអភិបាលខេត្តថ្មី ឱ្យជួយដោះស្រាយបញ្ចប់វិវាទដីធ្លីនេះជូនពួកគាត់។
លោកបន្ថែមថា៖ «ពួកខ្ញុំអាស្រ័យផលទាំងបារម្ភ មិនដឹងថ្ងៃណាគេទុក មិនដឹងថ្ងៃណាគេដេញ បើយើងមិនដឹងដែរ។ ដំណោះស្រាយ គឺពួកខ្ញុំចង់សុំឱ្យអាជ្ញាធរដែនដីដោះស្រាយ ដោយកាត់ឆ្វៀលដីពលរដ្ឋចេញពីគម្រោងដីរបស់ក្រុមហ៊ុន ហើយចេញបណ្ណកម្មសិទ្ធិជូនពួកខ្ញុំ»។
វីអូឌី មិនអាចសុំការឆ្លើយតបពីលោក គីម រិទ្ធី ដែលនឹងឡើងជាអភិបាលខេត្តព្រះវិហារថ្មី បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
នាយកប្រតិបត្តិនៃអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ្ឌ ឱ្យដឹងថា ជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចនៅក្នុងខេត្តព្រះវិហារ នៅសល់ជាច្រើនករណីទៀតដែលមិនទាន់បានដោះស្រាយចប់នៅឡើយ ដែលធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភ និងរងទុក្ខលំបាក។
តែយ៉ាងណា លោកហាក់មិនមានជំនឿថា អភិបាលខេត្តព្រះវិហារថ្មី អាចនឹងដោះស្រាយបញ្ហាជម្លោះដីធ្លីទាំងអស់នេះចប់ទេ ដោយសារបញ្ហានេះត្រូវការសិក្សាស្រាវជ្រាវរយៈពេលវែងទៀត និងត្រូវការឱ្យមានការចូលរួមដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសង្គមស៊ីវិលផងដែរ។
លោកបន្ថែមថា៖ «ជាទូទៅ ដំណើរដោះស្រាយវិវាទដីធ្លីក្ដី បញ្ហាធនធានធម្មជាតិក្ដី វាលុះណាតែមានការចូលរួមពីក្រុមអង្គការសង្គមស៊ីវិល ឬពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយដោះស្រាយដោយតម្លាភាព នោះឯងបានអាចទទួលយកបាន ហើយដំណើរការដោះស្រាយហ្នឹងនឹងទទួលបានប្រសិទ្ធភាពជោគជ័យ»។
ជុំវិញបញ្ហាជម្លោះដីនេះ មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត ធ្លាប់មានប្រសាសន៍ថា អាជ្ញាធរ និងភាគីក្រុមហ៊ុន ហាក់មិនបានព្យាយាមសម្របសម្រួលដោះស្រាយតាមនីតិវិធីជូនពលរដ្ឋទេ គឺតែងតែប្រើប្រាស់កម្លាំង និងប្រព័ន្ធតុលាការប្តឹងប្រឆាំងពលរដ្ឋ ដើម្បីបង្ក្រាប និងបំបាក់ស្មារតី កុំឱ្យហ៊ានតវ៉ាបន្តទៀត។
លោកថា ទង្វើនេះនឹងមិនអាចដោះស្រាយបញ្ហាចប់បានឡើយ ហើយជាការរំលោភលើសិទ្ធិពលរដ្ឋធ្ងន់ធ្ងរថែមទៀត ជាពិសេសការតវ៉ាដោយសន្តិវិធី និងសិទ្ធិទទួលបានដីធ្លី ដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ៕