នគរបាលស្រីលង្កាបាននិយាយថាសកម្មជនពីរនាក់ដែលបានជួយដឹកនាំមហាបាតុកម្មផ្តួលរំលំប្រធានាធិបតីស្រីលង្កាត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ (ថ្ងៃទី២៧ ខែកក្កដា) ខណៈសភាបន្តអនុវត្តច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នដ៏តឹងរ៉ឹងដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែកក្កដា នេះ។
លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីប្រទេស ទៅកាន់ប្រទេសម៉ាលឌីវ រួចបន្តដំណើរទៅកាន់ប្រទេសសិង្ហបុរី ក្រោយការតវ៉ារបស់ពលរដ្ឋស្រីលង្កា ដែលខឹងសម្បារចំពោះវិបត្តិសេដ្ឋកិច្ចក្រោមការដឹកនាំ របស់លោក រ៉ាចាប៉ាកសា។
ក្រោយទៅដល់ប្រទេសសិង្ហបុរី លោក រ៉ាចាប៉ាកសា បានប្រកាសលាលែងពីតំណែង ខណៈអ្នកស្នងតំណែងពីលោក គឺ លោក រ៉ានីល វីក្រេមេស៊ីងហ្កេ (Ranil Wickremesinghe) បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងបានប្តេជ្ញាបង្រ្កាប «អ្នកបង្កបញ្ហា»។
នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកកាលពីថ្ងៃពុធថាពួកគេបានចាប់ខ្លួនសកម្មជនពីរនាក់គឺ គូសាល សាន់ដារូវ៉ាន់ (Kusal Sandaruwan) និង វីរ៉ាន់ហ្កា ពូសភីកា (Weranga Pushpika) ពីបទចោទប្រកាន់ថា បានប្រមូលផ្តុំគ្នាដោយខុសច្បាប់។
បន្ទាប់ពីលោក Rajapaksa បានភៀសខ្លួន គេឃើញសកម្មជនឈ្មោះ Sandaruwan លេចមុខនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈគាត់កំពុងរាប់ក្រដាសប្រាក់ដ៏ច្រើននៅក្នុង លំនៅដ្ឋានប្រធានាធិបតី។ នគរបាលក៏បានបញ្ចេញរូបថតជនសង្ស័យចំនួន ១៤នាក់ផ្សេងទៀតពាក់ព័ន្ធនឹងការលួចដុតលំនៅដ្ឋានរបស់លោក Wickremesinghe នៅក្នុងថ្ងៃតែមួយដែលការិយាល័យ និងលំនៅដ្ឋានរបស់អតីតប្រធានាធិបតីត្រូវបាន លុកលុយ។
ការចាប់ខ្លួនសកម្មជនទាំងពីរនាក់នេះ កើតឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំនិស្សិត ដានីស អាលី(Dhaniz Ali)ត្រូវបានចាប់ខ្លួន ខណៈគាត់កំពុងឡើងយន្តហោះក្នុងគោលបំណងធ្វើដំណើរទៅកាន់ទីក្រុងឌូបៃនៅអាកាសយានដ្ឋានធំមួយក្នុងប្រទេសស្រីលង្កានៅពេលល្ងាច។
នគរបាលបាននិយាយថា មានដីកាចាប់ខ្លួនគាត់ទាក់ទងនឹងសំណុំរឿងរបស់តុលាកាជាន់ទាប ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។
កាលពីថ្ងៃពុធម្សិលមិញ សភាស្រីលង្កាក៏បានបោះឆ្នោត ដាក់ប្រទេសក្នុងគ្រាអាសន្ន រហូតដល់ពាក់កណ្តាលខែសីហា។
បទបញ្ជាគ្រាអាសន្ន ដែលផ្តល់អំណាចដល់កងទ័ពក្នុងការចាប់ខ្លួន និងឃុំខ្លួនជនជាប់សង្ស័យរយៈពេលយូរ នឹងត្រូវលុបចោលនៅថ្ងៃពុធ ប្រសិនបើសភាមិនបានផ្តល់សច្ចាប័ននោះទេ។
កាលពីសប្តាហ៍មុននគរបាលបានវាយបំបែកជំរុំតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ធំមួយនៅក្នុងរដ្ឋធានីកូឡំបូ នៅពេលព្រឹកព្រលឹម ដែលបានបង្កឱ្យមានក្តីបារម្ភពីអ្នកការទូតបរទេស និងក្រុមសិទ្ធិមនុស្ស។
សារធាណជនបានផ្ទះកំហឹងអស់រយៈពេលជាច្រើនខែក្នុងប្រទេសស្រីលង្កា មុនពេលមានបាតុកម្មដ៏ធំនៅថ្ងៃទី០៩ ខែកក្កដា ដើម្បីឱ្យលោក Rajapaksa ចុះចេញពីដំណែង។
លោក Rajapaksa ត្រូវបានស្តីបន្ទោសចំពោះការចាត់ចែងហិរញ្ញវត្ថុរបស់ប្រទេសជាតិមិនត្រឹមត្រូវ និងបានដឹកនាំសេដ្ឋកិច្ចឱ្យធ្លាក់ចូលទៅក្នុងភាពដុនដាបយ៉ាងខ្លាំង បន្ទាប់ពីប្រទេសនេះអស់រូបិយប័ណ្ណបរទេសដែលត្រូវការសម្រាប់ការនាំចូលទំនិញសំខាន់ៗ។
ប្រជាជនចំនួន ២២លាននាក់របស់ប្រទេសស្រីលង្កាបានស៊ូទ្រាំនឹងការខ្វះអគ្គិសនីប្រើប្រាស់
រយៈពេលជាច្រើនខែ បញ្ហាអត្រាអតិផរណា និងកង្វះខាតស្បៀងអាហារ និងប្រេងឥន្ធនៈ។
ក្រុមអ្នកតវ៉ាក៏បានទាមទារឱ្យលោក Wickremesinghe ចុះចេញពីតំណែងផងដែរ និងបានចោទប្រកាន់លោកពីបទការពារត្រកូល Rajapaksa ដែលបានគ្រប់គ្រងនយោបាយស្រីលង្កាអស់រយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ។
យ៉ាងណា ការចាប់ខ្លួនសកម្មជនតវ៉ាទាំងពីរនាក់នេះ គឺផ្ទុយពីអ្វីដែលប្រធានាធិបតីថ្មីលោក លោក រ៉ានីល វីក្រេមេស៊ីងហ្កេ (Ranil Wickremesinghe) បានថ្លែងកាលពីថ្ងៃចន្ទថា «ការតវ៉ាអហិង្សាប្រឆាំងរដ្ឋាភិបាលលោកអាចបន្តធ្វើបាន»៕