ពលរដ្ឋ​រង​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក ជំរុញ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ​រឿង​ដីធ្លី

ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ពលរដ្ឋតំណាង​ឱ្យ​​​៣០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវ​ដែក​នៅសង្កាត់​បឹង​កក់២ និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក បានយកញត្តិទៅដាក់នៅរដ្ឋបាល​រាជធានីភ្នំពេញ ដោយស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ពន្លឿន​ការ​ដោះស្រាយ​​បញ្ហា​ដីធ្លី ខណៈ​ពួកគេ​បារម្ភខ្លាច​​អាជ្ញាធរចុះរុះរើផ្ទះសម្បែងដោយមិនមានដំណោះស្រាយ។ (ជន ចាន់រ៉ែន)

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោង​អភិវឌ្ឍន៍ផ្លូវដែក ​មកពី​សង្កាត់ចំនួន​៣ ក្នុង​​ខណ្ឌទួលគោក និង​ខណ្ឌដូនពេញ បាននាំគ្នាទៅប្រមូល​ផ្ដុំនៅមុខរដ្ឋបាលរាជធានីភ្នំពេញ ទាមទារឱ្យ​អាជ្ញាធរ​ពន្លឿនការ​ដោះស្រាយ​រឿង​ដីធ្លី ដោយ​​ដោះស្រាយ​ផ្ដល់​សំណងដី​​នៅ​​​ទីតាំង​​​​​ថ្មី​ ​នៅក្នុងខណ្ឌ​ដែល​ពួកគាត់រស់នៅ។

សេចក្ដីជូនដំណឹងរបស់ពលរដ្ឋ កាលពីថ្ងៃម្សិលមិញ ឱ្យដឹងថា ​កាលពីថ្ងៃទី៨ និងទី១៣ ខែ​កក្កដា ឆ្នាំ​២០២២ តំណាង​​ប្រជាពលរដ្ឋ​​នៅភូមិ១៦ ភូមិ​១៧ ភូមិ២ និងភូមិ​២៣​ ស្ថិតក្នុងសង្កាត់​បឹង​កក់២ សង្កាត់ស្រះចក និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងខណ្ឌដូនពេញ បាន​ជួប​ប្រជុំ​ជាមួយ​​អាជ្ញាធរខណ្ឌនិងសង្កាត់ ក្នុងនោះ អាជ្ញាធរ​បាន​ជំរុញ​ឱ្យ​គ្រួសារ​ពួកគាត់​ដែល​រង​ផល​ប៉ះ​ពាល់​ទាំង​ស្រុង ទៅយកដីនៅតំបន់ 7NG ខេត្តកណ្តាល និងនៅ​សង្កាត់គោកខ្សាច់ ខណ្ឌ​កំបូល ជំនួស​ឱ្យ​ការបាត់បង់ផ្ទះដែលពួកគេកំពុងរស់នៅបច្ចុប្បន្ន​។ ករណីនេះ ពលរដ្ឋទាំងនោះបញ្ជាក់ថា ពួកគាត់​មិនអាចទទួលយកបានទេចំពោះការ​ដោះដូរដីនេះ ដោយ​សារ​តំបន់ទាំងនោះនៅឆ្ងាយពី​ទីតាំងដែលពួកគាត់ធ្លាប់រស់នៅ។

ក្រុមពលរដ្ឋបានស្នើសុំអាជ្ញាធរ​អភិវឌ្ឍ​នៅនឹងកន្លែង ឬស្នើសុំដីនៅក្រោយវត្តទួលអស់​លោក ក្នុងខណ្ឌទួលគោក ដូចពលរដ្ឋផ្សេងទៀត​ក្នុងខណ្ឌឫស្សីកែវ​ ដែល​អាជ្ញាធរបាន​ផ្ដល់​ដីឡូត៍ដល់​ពួកគេ​ក្នុងខណ្ឌដែលពួកគេរស់នៅ។

ក្នុងការ​ប្រមូល​ផ្ដុំនៅមុខរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹក​ថ្ងៃសុក្រនេះ អ្នកស្រី មាស ស្រីភាព រស់នៅភូមិ​១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក មាន​ប្រសាសន៍ថា ពលរដ្ឋ​ជាង៤០គ្រួសារបានរងផល​ប៉ះពាល់​ទាំងស្រុង​ ដោយ​សារ​គម្រោង​អភិវឌ្ឍន៍ផ្លូវដែកទៅជាផ្លូវបេតុងរបស់រដ្ឋនេះ។

អ្នកស្រីបន្តថា ពួកគាត់​មិន​អាច​ទទួលយកដំណោះស្រាយ​របស់អាជ្ញាធរ ​ដែលដោះដូរដីនៅតំបន់ឆ្ងាយ​ពីទីតាំងដែលពួក​គាត់​ធ្លាប់រស់នៅនោះឡើយ ព្រោះនឹងធ្វើឱ្យ​ប៉ះពាល់​ដល់ជីវ​ភាព​ និងឆ្ងាយពីទីតាំងប្រកបរបររបស់ពួកគាត់។

អ្នកស្រីនិយាយថា៖ «ពួកខ្ញុំសុំឱ្យពួកគាត់ [អាជ្ញាធររាជធានីភ្នំពេញ​] ហ្នឹងជួយពន្លឿនការ​ដោះស្រាយ​ឱ្យ​ខ្ញុំ ឱ្យដូច[ពលរដ្ឋ​]នៅខាងខណ្ឌឫស្សីកែវ។ ហើយ​ខ្ញុំចង់បានដីនៅក្រោយ​វត្ត​ទួល នៅក្នុងខណ្ឌទួលគោក ដូចគេ​ដែរ គេបានដីក្នុងខណ្ឌគេ ខ្ញុំ​ក៏ចង់បានដីក្នុងខណ្ឌខ្ញុំដែរ»។

បើតាមអ្នកស្រី មាស ស្រីភាព ការដែលពលរដ្ឋនាំគ្នាទៅប្រមូលផ្ដុំនៅមុខរដ្ឋបាលរាជធានីភ្នំ​ពេញនេះ ដោយសារតែ​ពួកគាត់បារម្ភពីការ​បណ្ដេញចេញដោយបង្ខំ ខណៈគម្រោង​អភិវ​ឌ្ឍន៍ផ្លូវរថភ្លើង​នោះនឹងចាប់ផ្ដើមនាពេលឆាប់ៗនេះ ហើយ​ពួកគាត់នៅពុំទាន់ទទួលបានដំណោះ​ស្រាយជាក់លាក់នៅឡើយ។

វីអូឌី មិនអាចសុំការបញ្ជាក់​ពីអ្នកនាំពាក្យរដ្ឋបាល​​រាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានទេ នៅថ្ងៃនេះ។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច​ និងសិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត ដែលតាមដានករណីនេះ ធ្លាប់​អះអាងថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអភិបាលរាជធានីភ្នំពេញ ត្រូវពន្លឿនដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋទាំងនោះឱ្យ​បានឆាប់ និងទទួលបានសំណងសមរម្យ ដើម្បីបញ្ចៀសនូវអំពើហិង្សាកើតឡើងជាយថាហេតុ។

ប៉ុន្តែលោកថា បើរដ្ឋបាលរាជធានីភ្នំពេញមិនពន្លឿនដោះស្រាយបញ្ហាដីធ្លី​ជូនពលរដ្ឋ​ឱ្យបានឆាប់ទេ ហើយធ្វើការអភិវឌ្ឍដោយបណ្ដេញ​ពលរដ្ឋទាំងបង្ខំនោះ​ អាច​នឹងធ្វើឱ្យមានអំពើហិង្សារវាង​ពលរដ្ឋនិងសមត្ថកិច្ច ហើយអ្នកដែលរងគ្រោះកាន់តែធ្ងន់ធ្ងរគឺជា​ប្រជាពល​រដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ