មន្ត្រីសាលារាជធានីភ្នំពេញបានឱ្យដឹងថា ពួកគេនឹងចាប់ផ្ដើមសាងសង់ឡើងវិញនូវកំណាត់ផ្លូវមួយខ្សែតាមដងទន្លេសាប ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដែលរងនូវការខូចខាតដោយសារតែករណីបាក់ច្រាំងចូលទន្លេ ក្នុងខណ្ឌជ្រោយចង្វារ កាលពីដើមឆ្នាំនេះ។
ការអះអាងនេះត្រូវបានធ្វើឡើង ខណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចុះទៅពិនិត្យតំបន់នេះដោយផ្ទាល់កាលពីថ្ងៃអង្គារកន្លងទៅ និងសន្យាថានឹងសាងសង់ផ្លូវនេះឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ទាក់ទិននឹងករណីនេះ មន្ត្រីសង្កាត់មួយរូបក៏បានឱ្យដឹងកាលពីថ្ងៃពុធផងដែរថា សម្ភារសម្រាប់ស្ថាបនាផ្លូវនេះឡើងវិញត្រូវបានដឹកជញ្ជូនទៅកាន់តំបន់នោះរួចរាល់ហើយ។
ចៅសង្កាត់ព្រែកតាសេក លោក អឿ ស៊ីផុន បានបញ្ជាក់ថា ខ្សាច់និងថ្មធំៗត្រូវបានដឹកជញ្ជូនទៅកាន់តំបន់នោះរួចរាល់ហើយ ដើម្បីត្រៀមចាប់ផ្ដើមការស្ថាបនាសាងសង់ផ្លូវមួយខ្សែនេះឡើងវិញ។
លោកបន្តថា សម្រាប់ដំណាក់កាលដំបូង សាលាក្រុងនឹងស្ថាបនាគ្រោងផ្លូវជាបណ្ដោះអាសន្នសិន ខណៈកិច្ចការបន្ថែមទៀតនឹងត្រូវសាងសង់នៅពេលដែលរដូវភ្លៀងបញ្ចប់ទៅ។

សម្រាប់ករណីបាក់ច្រាំងចូលទៅក្នុងទន្លេនេះ លោក អឿ ស៊ីផុន មិនអាចបញ្ជាក់ពីហេតុផលច្បាស់លាស់ឡើយ។ ទោះជាយ៉ាងណា លោកថា វាអាចបណ្តាលមកពីដីជ្រាបទឹកចេញពីព្រែកតាគង់ ដែលធ្វើឱ្យដីផ្នែកខាងក្រោមជ្រាយ ទើបឈានទៅដល់ការបាក់ចូលទៅក្នុងទន្លេ ខណៈករណីនេះបានកើតឡើងចំនួន៣ដងរួចមកហើយ។
លោកបន្តថា៖ «នៅពេលដែលព្រែកត្រូវបានចាក់បំពេញ ទឹកបានហូរច្រោះចូលដីក្នុងរយៈពេលពី៤ទៅ៥ឆ្នាំ និងបន្តហូរយឺតៗចូលទន្លេ ដូច្នេះហើយទើបវាអាចឈានដល់ករណីនៃការបាក់ច្រាំងបែបនេះ»។
លោក អឿ ស៊ីផុន បន្ថែមថា ករណីនេះបានធ្វើឱ្យពលរដ្ឋរស់នៅតាមមាត់ទន្លេ ដែលភាគច្រើនមិនសូវជាមានជីវភាពធូរធារ មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយពួកគេមានការភ័យខ្លាចថា វាអាចនឹងបន្តបាក់ទៀតនៅថ្ងៃខាងមុខ។
លោកថា៖ «ចំពោះអ្នកដែលមានផ្ទះសាងសង់នៅតាមដងទន្លេ ពួកគេពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ដោយសារតែករណីបាក់ច្រាំងចូលទឹកទន្លេនេះអាចនឹងកើតមានឡើងគ្រប់ពេល។ មានពេលខ្លះ ពួកគេទាំងអស់នោះមិនហ៊ានសូម្បីតែគេងនៅពេលយប់ ដោយសារតែមានការព្រួយបារម្ភពីការបាក់ដីនេះ»។
កាលពីខែឧសភាកន្លងទៅ ករណីបាក់ច្រាំងទន្លេនេះក៏កើតមានឡើងក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ផងដែរ ដែលក្នុងនោះបានបណ្ដាលឱ្យហេដ្ឋារចនាសម្ពន្ធ រួមនឹងមួយផ្នែកនៃវិហារចិន ដែលត្រូវបានគេស្គាល់ថាជា «វិហារលោកតា សាថៃជឺ» រងនូវការខូចខាតផងដែរ ដោយមន្រ្តីអះអាងថា ករណីនេះកើតឡើងដោយសារតែភ្លៀងធ្លាក់ខ្លាំង។
គួរបញ្ជាក់ថា ករណីបាក់ច្រាំងទន្លេនៅតាមដងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលត្រូវបានរាយការណ៍ជាបន្តបន្ទាប់នេះ ក៏ត្រូវបានសង្កេតឃើញថា កើតមានឡើងបន្ទាប់ពីសកម្មភាពបូមខ្សាច់ចេញពីទន្លេទាំង៣នេះកើនឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។
ត្រលប់មកកាន់ពលរដ្ឋក្នុងសង្កាត់ព្រែកតាសេកវិញ ដែលបច្ចុប្បន្នរស់នៅចម្ងាយពីមាត់ទន្លេមិនដល់មួយម៉ែត្រផងដែរនោះ បានឱ្យដឹងថា ពួកគាត់ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាទឹកហូរច្រោះដីបន្ថែមទៀតនេះ ដែលអាចនឹងលេបត្របាក់ផ្ទះសម្បែងរបស់ពួកគេនៅពេលអនាគត ខណៈមួយចំនួនទៀតព្រួយបារម្ភអំពីបញ្ហាផ្លូវធ្វើដំណើរទៅកាន់ភូមិ ប្រសិនបើផ្លូវដែលរងនូវការខូចខាតមិនត្រូវបានសាងសង់ឡើងវិញ។
អ្នកស្រី រស់ បូរ៉ានី អាយុ៣៤ឆ្នាំ ដែលបច្ចុប្បន្នមានផ្ទះចម្ងាយមិនដល់១ម៉ែត្រពីមាត់ទន្លេ បានលើកឡើងថា អ្នកស្រីក៏មានការព្រួយបារម្ភថា ផ្ទះរបស់ខ្លួននៅថ្ងៃណាមួយក៏អាចនឹងបាក់ចូលទៅក្នុងទឹកទន្លេផងដែរ។
ជាការឆ្លើយតប អ្នកស្រីបានចាត់វិធានការបង្ការទុកមុនមួយចំនួន ដែលរួមមានដូចជាការច្រៀកគ្រឹះផ្ទះបង្ការកុំឱ្យផ្ទះរអិលធ្លាក់ចូលទៅក្នុងទន្លេទាំងមូល។

អ្នកស្រីបន្ថែមថា នេះគឺជាលើកទីមួយហើយសម្រាប់អ្នកស្រីដែលឃើញច្រាំងទន្លេក្បែរផ្ទះធ្លាក់ចូលក្នុងទន្លេបែបនេះ។
អ្នកស្រី រស់ បូរ៉ានី បន្តថា៖ «ខ្ញុំបារម្ភថា ផ្ទះរបស់ខ្ញុំនៅពេលខាងមុខនេះក៏អាចនឹងធ្លាក់ចូលទៅក្នុងទឹកទន្លេផងដែរ។ ទោះជាយ៉ាងណា អារម្មណ៍ភ័យខ្លាចរបស់ខ្ញុំហាក់មានភាពធូរស្រាលបន្តិច ខណៈអភិបាលរាជធានីភ្នំពេញបានចុះមកពិនិត្យទីតាំង ដោយលោកសន្យាថានឹងចាប់ផ្តើមស្ថាបនាសាងសង់ផ្លូវឡើងវិញ»។
ពលរដ្ឋក្នុងតំបន់មួយរូបទៀត អ្នកស្រី កែម លឹម អាយុ៧៣ឆ្នាំ ដែលមានផ្ទះហាក់នៅឆ្ងាយពីច្រាំងទន្លេជាងអ្នកស្រី រស់ បូរ៉ានី បន្តិច បានលើកឡើងថា អ្នកស្រីក៏បានសង្កេតឃើញពីករណីបាក់ច្រាំងចូលទន្លេនេះបន្តិចម្ដងៗដែរ ខណៈអ្នកស្រីមានការព្រួយបារម្ភថា ផ្ទះរបស់ខ្លួនក៏អាចនឹងរងនូវផលប៉ះពាល់នៅថ្ងៃខាងមុខ។
ទាក់ទិននឹងករណីនេះ អ្នកស្រីចង់ស្នើឱ្យរដ្ឋាភិបាលសាងសង់ផ្លូវនេះឡើងវិញ និងពង្រឹងតាមច្រាំងទន្លេ ដើម្បីការពារកុំឱ្យមានឧបទ្ទវហេតុនេះកើតឡើងនៅពេលអនាគត។
អ្នកស្រីបន្ថែមថា៖ «ករណីបាក់ដីនេះបានកើតមានឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែវាមិនដែលធ្ងន់ធ្ងរដូចឆ្នាំនេះឡើយ»៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ City Hall Starts Rebuilding Road After Chroy Changva Riverbank Collapse